ប្រទេសក្រិកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត។ការធ្លាក់សេដ្ឋកិច្ច គឺដោយសារតែប្រទេសនេះ ជំពាក់បំណុលសហភាពអ៊ឺរ៉ុប និងបណ្ដាប្រទេសអន្តរជាតិកាន់តែច្រើនទៅៗ។ គោលនយោបាយសេដ្ឋកិច្ចក្នុងប្រទេសក្រិកនាពេលកន្លងមក គឺមានការដំឡើងប្រាក់ខែមន្ត្រីរាជការទៅតាមស្ដង់ដាអ៊ឺរ៉ុប ការសាងសង់ស្ពានទំនើបទៅតាមការស្នើសុំពីប្រជាពលរដ្ឋ។
ការផ្ដល់ប្រាក់ខែបុគ្គលិកមន្ត្រីរាជការ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ អាចធ្វើទៅបានដោយការខ្ចីលុយពីអន្តរជាតិទាំងអស់។ តែបច្ចុប្បន្នសហភាពអ៊ឺរ៉ុបនិងបណ្ដាប្រទេសអន្តរជាតិ លែងអនុញ្ញាតឱ្យប្រទេសក្រិកខ្ចីថវិកាទៀតហើយ ព្រោះវាដល់ព្រំដែននៃប្រាក់ដែលត្រូវខ្ចី។ ដូច្នេះទើបក្រិកគ្មានប្រាក់ដោះស្រាយបញ្ហា ធ្វើឱ្យសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីក្រិកដែលទើបឡើងកាន់តំណែងលោក Alexis Tsipras បានថ្លែងសន្ទកថាលើកដំបូងក្នុងសភាកាលពីថ្ងៃទី០៨ខែកុម្ភៈថា លោកចង់ឱ្យប្រទេសក្រិកជៀសផុតពីវិបត្តិសេដ្ឋកិច្ច។ ដូច្នេះក្នុងនាមលោកជានាយករដ្ឋមន្ត្រី លោកនឹងដោះស្រាយបញ្ហាឱ្យបាន។គម្រោងដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់លោកតាមវិធីសាស្ដ្រណានោះ នៅមិនបានបញ្ជាក់លម្អិតទេ។ លោកAlexis Tsipras គ្រាន់តែបញ្ជាក់ថាលោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចលើចំណុចខ្លះ ។
គួរបញ្ជាក់ថា សហភាពអ៊ឺរ៉ុបនិងបណ្ដាប្រទេសអន្តរជាតិ តែងតែទារបំណុលពីប្រទេសក្រិកស្ទើរតែរាល់ឆ្នាំ ប៉ុន្តែប្រទេសមួយនេះគ្មានសមត្ថភាពបង់ឡើយទាំងការប្រាក់និងដើមបំណុល៕(ដោយ៖លាង ធីតា)