ជប៉ុន​​គ្រោង​​ពិភាក្សា​​បញ្ហា​ប្រជុំ​កោះ​​ជម្លោះ​​ជាមួយ​​រុស្ស៊ី​

08-02-2015 4:34 pm 1792

​ជប៉ុន​​នៅ​តែ​​ប៉ុនប៉ង​​និង​​ទាមទារ​​ប្រជុំ​កោះ​​ចំនួន​​បួន ដែល​​គ្រប់គ្រង​​ដោយ​​រុស្ស៊ី​តាំង​ពី​​ខ្លួន​បាន​ចាញ់​​សង្គ្រាម​លោក​លើក​ទីពីរ​​។ ប្រជុំ​កោះ​​នោះ​​មាន​ដូចជា​​កោះ​​Etorofu, Kunashiri, Habomai, និង​កោះ​Shikotan​​។ កោះ​​ទាំង​បួន​​ត្រូវ​បាន​​គេ​ស្គាល់​​ថា​​ជា​ទឹកដី​​ភាគ​ខាងជើង​​របស់​ប្រទេស​ជប៉ុន និង​ប្រទេស​អតីត​សូ​វៀត​ហៅថា​Southern Kurils​។​

កាលពី​ថ្ងៃ​សៅរិ៍​ទី​០៧​កុម្ភៈ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​ក្នុង​អង្គពិធី​មួយ​ថា តំបន់​ជម្លោះ​ជាច្រើន​ទសរត្សរ៍​មក​ហើយ​នេះ​និង​ឆាប់​ដោះស្រាយ​បាន​។ ក្នុងនាម​ជា​អតីត​ម្ចាស់​កោះ​លោក​អាបេ​ប្តេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហា​ទឹកដី​ភាគ​ខាងជើង​ប្រទេស​ខ្លូន ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ជប៉ុន​រូបនេះ បាន​ធ្វើ​ឡើងខណៈ​លោក​វ៉ា​ល្លាឌី​មៀ​ពូទី​ន​ប្រធានាធិបតី​រុស្ស៊ី​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១៥​នេះ​។

ជា​ការកត់សំគាល់​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​ប្រទេស​ដែល​កំពុង​រង​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច​មួយ​នេះ ត្រូវ​ចាប់ផ្តើម​តាំងពី​ចុង​ឆ្នាំ​២០១៤ ប៉ុន្តែ​ដោយសារ​រុស្ស៊ី​មាន​បញ្ហា​ក្នុងប្រទេស គឺ​រង​ការចោទប្រកាន់​ពី​អន្តរជាតិ ពាក់ព័ន្ធ​និង​ការផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ទើប​ធ្វើឲ្យ​លើក​ពេល​។ ទាក់ទង​និង​បញ្ហា​នេះ គម្រោង​ទស្សនកិច្ច​របស់​លោក​ពូ​ទីន​មកកាន់​ប្រទេស​ជប៉ុន​ជា​ថ្មី គេ​ពុំ​សូវ​មាន​សុទិដ្ឋិនិយម​ប៉ុន្មាន​ទេ​។

 

បើ​តាម​លោក​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ សម្រាប់​សន្តិភាព​និង​សន្តិសុខ​ជប៉ុន​បាន​និយាយថា ឆ្នាំ​នេះ​បរិយាកាស​មិន​ល្អ​សម្រាប់​ការចរចារ​ទេ ព្រោះ​រុស្ស៊ី​នៅតែ​មាន​ភាពស្មុគស្មាញ​ក្នុង​ប្រទេស​ពាក់ព័ន្ធ​ជាមួយ​អ៊ុយ​ក្រែន​នៅឡើយ​។ ដូច្នេះ​លោក​គិតថា លោក​នឹង​មិន​អាច​ឃើញ​ការ​រី​ចំរើន​ណាមួយ​នៃ​ការវិល​មក​វិញ​នូវ​ទឹកដី​ភាគ​ខាងជើង​នោះទេ​។​

 

​គួរ​រម្លឹក​ដែរ​ថា ប្រជាជន​ជប៉ុន​រាប់​ម៉ឺន​នាក់​ត្រូវ​សូ​វៀត​បណ្តេញចេញ​ពី​ទឹកដី​ភាគ​ខាងជើង​ជប៉ុន ក្រោយ​ពី​សហភាពសូវៀត​បាន​កាន់កាប់​តំបន់​នេះ​កាលពី​សង្គ្រាមលោកលើកទី​ពីរ​ឆ្នាំ​១៩៤៥​។ ជប៉ុន​បាន​ចោទ​សកម្មភាព​នេះ​ថា​ជា​ទង្វើ​ខុសច្បាប់ និង​នៅ​តែ​អះអាង​ប្រជុំ​កោះ​ទាំង​បួន​ដែល​សព្វថ្ងៃ​គ្រប់គ្រង​ដោយ​រុស្ស៊ី​ថា​ជា​របស់​ខ្លួន​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត