កូរ៉េ​ខាងត្បូង​​-​ចិន​​ប្ដេជ្ញា​​រឹត​ចំណង​​មិត្ដភាព​​ជា​មួយគ្នា​

05-02-2015 3:43 pm 1599
លោកស្រី​ប៉ាក់ គុន​ហេនិងលោកឆាង វ៉ាន់​ឈន់​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក់ គុន​ហេ​(Park Geun-hye) និង​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​ចិន​លោក ឆាង វ៉ាន់​ឈន់​(Chang Wanquan) បាន​ប្ដេជ្ញា​ជាមួយគ្នា​ក្នុង​ការ​រឹតចំណង​មិត្ដភាពរ​វាង​ចិន​-​កូរ៉េខាងត្បូង ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។ ការប្រកាស​ប្ដេជ្ញា​បែបនេះ បានធ្វើ​ឡើង​បន្ទាប់ពី​លោក​ឆាង វ៉ាន់​ឈន់ ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​។​


​នៅក្នុង​កិច្ចប្រជុំ​លោកស្រី​ប៉ា​ក់បាន​ថ្លែងថា កូរ៉េ​ខាងត្បូង​និង​ចិន​បាន​ពង្រីក​ភាពស្មោះត្រង់​និង​ភាពជឿ​ទុកចិត្ដ​គ្នា​ទៅវិញទៅមក ដើម្បី​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា​។ លោកស្រី​បាន​បញ្ជាក់ថា “​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង​និង​ខ្ញុំ បាន​សម្រេច​ចិត្ដ​នៅ​ក្នុង​កិច្ចប្រជុំ​របស់​យើង ដើម្បី​បង្កើន​យុទ្ធសាស្ដ្រ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​”​។ លោកស្រី​បន្ដ​ថា លោកស្រី​ក៏​ដូចជា​ប្រទេស​កូរ៉េខាងត្បូង គឺ​កំពុង​មាន​បំណង​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន ហើយក៏​ចង់​ការពារ​សន្ដិភាព​ស្ថេរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ផង​ដែរ តាមរយៈ​ការផ្ដួចផ្ដើម​អនុវត្ដ​កិច្ចសហប្រតិបត្ដិការ និង​ពង្រឹង​បញ្ហា​សន្ដិភាព​នៅ​តំបន់​អាស៊ី​ឦសាន​មួយ​នេះ​។​


​ចំពោះ​លោក​ឆាង​វិញ​បាន​និយាយ​ដែរ​ថា លោកស្រី​ប៉ាក់ គុន​ហេ​និង​លោក​ស៊ី ជីន​ពីង បាន​ផ្លាស់ប្ដូរ​ការធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​ក្នុង​ពេល​ថ្មីៗ​នេះ​។ ដូច្នេះ​វា​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការបង្កើន​យុទ្ធសាស្ដ្រ​ទំនាក់ទំនង​គ្នា និង​ភាពជឿ​ទុកចិត្ដ​គ្នា​ផង​ដែរ​។ លោក​បន្ដថា ប្រទេស​ចិន​ព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​ស្ថានភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ហើយ​ចិន​មាន​បំណង​ឱ្យ​គ្រប់​ភាគី​ដែល​ព្រួយបារម្ភ ត្រូវ​ចូលរួម​យ៉ាង​សកម្ម​ចាប់ផ្ដើម​កិច្ចចរចា​៦​ភាគី​ឱ្យបាន​ឆាប់​បំផុត​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត