ព្រះ​បាទ​​ជ័យ​វរ្ម័ន​​ទី​​៧​​ជា​​ស្តេច​​មាន​​កិ​ត្តិនាម​​ល្បី​ល្បាញ​​ក្នុង​​ប្រ​វត្ថិ​សា​ស្ត្រ​​កម្ពុជា

25-01-2015 4:40 pm 7201

​​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ គឺជា​ស្តេច​មួយ​អង្គ​ដែល​មាន​កិតិ្ត​នាម​ល្បីល្បាញ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។​ព្រះអង្គ​គឺជា​ព្រះរាជា​មួយអង្គ​ដែល​មាន​ចិត្ត​ស្ងៀម​មិន​បណ្តែតបណ្តោយ​ចិត្តគំនិត​អារម្មណ៍ឲ្យ​ផ្លាស់ប្តូរ ហក់​លោត​ទៅតាម​មនោសញ្ចេតនា ភ្លើងកំហឹង ការ​ប្រ​មាថ​​ឆេវ​ឆាវ​​និង​​ការ​លោភលន់​ខ្វះ​ពិចារណា​ឡើយ​។​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ព្រឹត្តិការណ៍​នគរ​ចាម្ប៉ា​វាយប្រហារ​ចូលលុក​ប្រទេស​កម្ពុជា​និង​ការ​អស់​​ព្រះជន្ម​របស់​មហាក្សត្រ​ជ្រែករាជ្យ​បាន​ជំរុញ​អោយ​ព្រះអង្គ​ចេញមុខ​បង្កបង្កើត​ចលនា​តស៊ូ​រំដោះជាតិ​។​ព្រះអង្គ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង​នឹង​អាណានិគម​ចាម្ប៉ា​​អស់​​​រយៈ​​ពេល​​​៤​​​ឆ្នាំ​​​ទើប​​​ទទួល​​បាន​​​ជោគ​ជ័យ​​។​​ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​រឿង​រាវ​នេះ គួន សំបូរ និង​ចូលខ្លួន​មក​រៀបរាប​ដូចតទៅ​៖

 

​ព្រះ​រាជវង្ស​និង​ជីវប្រវត្តិ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​យើង​ស្គាល់​បាន​មួយ​ភាគ​ធំ​ដោយសារ​សិលាចារឹក​នៅ​ប្រាសាទ​ជ្រុង ក្នុង​រង្វង់​នគរធំ​សិលាចារឹក​នៅ​ប្រាសាទបន្ទាយឆ្មារ​ក្នុង​ខេត្ត​បាត់ដំបង សិលាចារឹក​នៅ​ប្រាសាទ​បាយ័ន​ប្រាសាទតាព្រហ្ម​និង​ជាពិសេស​ដោយសារ​សិលាចារឹក​នៅ​ប្រាសាទភិមានអាកាស​ដែល​ចងក្រង​តាក់តែង​ឡើង​ជា​កំណាព្យកាព្យឃ្លោង ដោយ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​គឺ​ព្រះ​នាង​ឥន្ទ្រ​ទេវី​។​

 

​ព្រះ​រាជវង្ស​បើ​តាម​ការស្រាវជ្រាវ​របស់លោក ហ្ស​ក សឺ​ដេស (George COEDES) ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រហែល​ជា​ប្រសូត​យ៉ាង​យូរ​ណាស់ ក្នុង​គ​.​ស​១១២៥​។​ព្រះ​មាតា​ព្រះអង្គ​ព្រះនាម​ជ័យ​រាជា​ចូឌាមណី​ព្រះ​បិតា​ព្រះអង្គ​ព្រះនាម​ធរណិន្ទ្រ​វរ្ម័នទី​២​ដែល​សោយរាជ្យ​បន្ទាប់​ពី​ព្រះបាទ​សុរិយ​វរ្ម័នទី​២​។ ព្រះអង្គ​ត្រូវ​ជា​ចៅ​មីង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៦​។ ដូច្នេះ​យើង​ឃើញ​ថា​តាមរយៈ​មាតា​ព្រះអង្គ​ជាប់​ចុះ​មក​ពី​ព្រះរាជ​វង្ស​មហាក្សត្រ​ខ្មែរ​ជំនាន់​មុន​អង្គរ​(​ឬ​ក្នុង​សម័យ​នគរ​ហ្វូណន់​-​ចេនឡា​)​។​ចំណែក​ខ្សែស្រឡាយ​ព្រះ​រាជវង្ស​ឪពុក​ព្រះអង្គ​ចុះ​មក​ពី​ព្រះ​សន្នគិវង្ស​មហិធ​របុរៈ​។​

 

​តាមរយៈ​សិលាចារឹក​ដដែល​យើង​បានដឹងថា កាលបី​តា​ព្រះអង្គ​ព្រះបាទ​ធរណិន្ទ្រ​វរ្ម័នទី​២​នៅ​សោយរាជ្យ​ជា​មហាក្សត្រ​កម្ពុជា​ព្រះបាទ​ជ័យ​រ្ម័នទី​៧​បាន​ទទួ​តំណែង​ជា​មេទ័ព​ធំ​កំពូល​ដឹកនាំ​កងពល​សេនា​ខ្មែរ​ទៅ​ធ្វើ​សង្គ្រាម​ត​ទល់​នឹង​នគរ​ចាម្ប៉ា​។​កាល​នោះ​ព្រះអង្គ​បាន​ព្រះជន្ម​២៥ ព្រះវស្សា​។​បើ​តាម​សិលាចារឹក យើង​អាច​ស្មាន​បាន​ថា កាល​នោះ​ព្រះអង្គ​មាន​មហេសី​រួចស្រេច​ទៅ​ហើយ​គឺ​ព្រះ​នាង​ជ័យ​រាជ​ទេវី ប្រ​ហែល​ជា​ក្នុង​គ​.​ស​១១៤៥​ហើយ​ព្រះអង្គ​បាន​មាន​ព្រះរាជបុត្រ​មួយ​ព្រះអង្គ ព្រះនាម​ស្រី​ឥន្ទ្រ​កុមារ​។​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បែក​ព្រាត់ប្រាស់​ពី​ប្រពន្ធ កូន ដោយ​ក្តិវិយោគ​អួលណែន​ចុកចាប់​រៀង​រាល់ថែ្ង​ពុំ​ដែល​មាន​ល្ហែ​ល្ហើយ​​ឡើយ​​។​​ទុក្ខ​​សោក​សង្រេង​​ឈឺ​ខ្លោចផ្សា​រីងរៃ​ដោយ​ការព្រាត់ប្រាស់​នេះ ត្រូវបាន​ព្រះ​នាង​ឥន្ទ្រ​ទេវី​ជា​បងស្រី​បង្កើត​របស់​មហេសី​ព្រះអង្គ​សរសេរ​វិញ​ជា​ភួង​កំនាព្យ​លើ​ផ្ទាំងសិលា​ប្រា​សាទ​ភិមានអាកាស​។

​ព្រះ​​​នាង​ឥន្ទ្រ​ទេវី​បាន​រៀបរាប់​អធិប្បាយ​ថា​៖ ព្រះ​មហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះ​នាង​ជ័យ​រាជទេវី​ប្រៀប​បាន​ទៅ​ជា​ព្រះ​នាង​សិតា ដែល​កំពុង​ព្រាត់​ពី​ស្វាមី​គឺ​ព្រះរាម​។​ព្រះរាម​គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ឯ​ស្តេច​​​ចាម​ប្រៀបបាន​នឹងក្រុ​រាពណ៍​។​នៅពេល​ដែល​ព្រះ​ស្វាមី​យាង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ខ្មាំង​ព្រះ​នាង​ជ័យ​រាជទេវី​បាន​ចូល​ទៅ​កាន់សីល កាន់​ត្រណម​គោរព​ទៅតាម​ក្បួន​ប្រពៃណី​មិន​ហ៊ាន​ធ្វេសប្រហែស​សោះឡើយ​។​

 

​ព្រះ​នាង​តែងតែ​ខិតខំ​សិក្សា​ស្វាធ្យាយ​ធ៌ម បួងសួង​បន់ស្រន់​សុំ​ឲ​ព្រះ​ស្វាមី​បាន​ជួប​តែ​សេចក្តីសុខ និង​ជ័យជំនះ​ឈ្នះ​អស់​លើ​សត្រូវ​។​ព្រះ​នាង​មាន​រូប​កាយ​ស្គាំងស្គម ហើយ​មិន​យក​ព្រះទ័យ​ទុកដាក់​នឹង​ព្រះកេសា​ព្រះ​នាង​ឡើយ​។​កាលណា​បើ​នឹកឃើញ​ដល់​ព្រះ​ស្វាមី​ម្តងៗ ព្រះ​នាង​តែងតែ​ឈឺ​ចុកចាប់​ពើត​ក្នុង​ទ្រូង​។​តែ​ការឈឺ​ចុកចាប់​នេះ បាន​ធ្វើ​អោយ​ព្រះ​នាង​សប្បាយ​រំសាយ​ទុក្ខ​ទៅវិញ​។​ព្រះ​នាង​ជ័យ​រាជទេវី​នៅតែ​ស្មោះត្រង់​រង់ចាំ​ការវិលត្រឡប់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ជានិច្ច​។​

 

​តស៊ូ​ព្យាយាម​រង់ចាំ​នៅ​គ​.​ស​១១៦០​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​កំពុង​ធ្វើ​ចំបាំង​ប្រយុទ្ធ​ជាមួយ​កងទ័ព​ចាម​នៅ​មុខ​ក្រុម​ពិជ័យ​។​គ្រា​នោះ​ព្រះអង្គ​បាន​ទទួលដំណឹង​ថា​បិតា​ព្រះអង្គ​ចូល​ទីវង្គត​ហើយ​ព្រះបាទយ​សោ​វរ្ម័នទី​២ បាន​ឡើង​សោយរាជ្យ​ជំនួស​។​នៅ​ចំពោះមុខ​ស្ថានការណ៍​ផ្លាស់ប្តូរ​នេះ​ព្រះអង្គ​ពុំ​បាន​ផ្លាស់ប្តូរ​ចិត្តគំនិត​អ្វី​ទាំងអស់​។​ព្រះ​នៅតែ​បន្ត​ធ្វើ​សង្គ្រាម​វាយ​ប​ប្រហារ​នគរ​ចាម​ហើយ​គោរព​ស្មោះស្ម័គ្រ​បំរើ​មហា​ក្សត្រ​ថ្មី ដោយ​គ្មាន​វៀច​វេរ​។​នៅពេលដែល​ព្រះអង្គ​ទទួលដំណឹង​ថា​នៅ​ព្រះ​រាជធានី​មាន​មន្ត្រី​ក្បត់​ចង់​ធ្វើឃាត​ព្រះមហាក្សត្រ​ព្រះអង្គ​បាន​ធ្វើ​ដំណើរ​យាង​ត្រលប់​ចូល​មក​នគរ​វិញ ដើម្បី​ជួយ​ជ្រោមជ្រែង​ព្រះ​រាជា​។​តែ​ព្រះអង្គ​មក​ដល់​យឺត​ពេល ហើយ​សោកនាដកម្ម​កន្លង​ហួស​ផុត​រួចជាស្រេច​បាត់ទៅហើយ​។​ព្រះបាទ​យ​សោ​វរ្ម័ន​ត្រូវគេ​ធ្វើឃាត ហើយ​ព្រះ​រាជ​បុត្រ​​ព្រះ​អង្គ​​ព្រះ​​ស្រី​​ឥន្ទ្រ​​កុ​មារ​ ក៏​ប្រហែលជា​អស់​សង្ខារ​ក្នុងសម័យ​ជាមួយគ្នា​នោះ​ដែរ​។​

 

​ក្នុង​គ​.​ស​១១៦៥ បើ​តាម​សិលាចារឹក​បន្ទា​យ​ឆ្មារ ស្តេច​ថ្មី​ព្រះបាទ​ត្រី​ភុវ័​ន​អាទិត្យ​បានរៀបចំ​ធ្វើ​ពិធី​រាជាភិសេក ហើយ​ប្រកាស​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរ​កម្ពុជា​។​កាល​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​មិន​បាន​កេណ្ឌ​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​តាំង​រាំងជល់​នឹង​ស្តេច​ជ្រែករាជ្យ​ដើម្បី​ដណ្តើម​រាជ្យ​បល្ល័ង្គ​មក​វិញ​ទេ​។​ព្រះ​នឹង​នៅ​ស្ងៀម​មិន​បណ្តែតបណ្តោយ​ចិត្តគំនិត​អារម្មណ៍ឲ​ផ្លាស់ប្តូរ ហក់​លោត​​ទៅ​តាម​​ម​នោ​ស​ញ្ចេត​នា​ ភ្លើងកំហឹង ការប្រមាថ​ឆេវឆាវ​និង​ការ​លោភលន់​ខ្វះ​ពិចារណា​ឡើយ​។​ព្រះអង្គ​បាន​សម្ងំ​រស់នៅ​ប្រាសាទ​ព្រះខ័​ន្ធក្នុង​ខេត្ត​កំពង់ស្វាយ យក​ពេល​ស្មឹង​ស្មា​ធ​ត្រិះរិះ​ស្រាវជ្រាវ​សិក្សា​ពិចារណា​ផ្លូវ​ចំរើន​រង់ចាំ​ឳ​កាស​ល្អ​ដើម្បី​ដាក់ខ្លួន​ចូល​បំរើ​ជាតិ​។​

 

​លទ្ធផល​នៃ​ការតស៊ូ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​រង់ចាំ​អស់​រយៈពេល​១៧​ឆ្នាំ (​គ​.​ស​១១៦០-១១៧៧)​ទើប​ឳ​កាស​ល្អ​បាន​មក​ដល់​​។​​ព្រឹត្តិ​ការណ៍​​នគរ​​ចាម្ប៉ា​វាយប្រហារ​ចូលលុក​ប្រទេស​កម្ពុជា​និង​ការ​អស់​ព្រះជន្ម​របស់​មហាក្សត្រ​ជ្រែករាជ្យ​បាន​ជំរុញ​អោយ​ព្រះអង្គ​ចេញមុខ​បង្កបង្កើត​ចលនា​តស៊ូ​រំដោះជាតិ​។​ព្រះអង្គ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង​នឹង​អាណានិគម​ចាម្ប៉ា​អស់​​រយៈ​ពេល​​៤​​ឆ្នាំ​​ទើប​​ទ​ទួល​បាន​​លទ្ធ​​ផល​​​ល្អ​។ នៅ​គ​.​ស​១១៨១​ព្រះអង្គ​បាន​តស៊ូ​រំដោះជាតិ​មាតុភូមិ​ពី​កណ្តាប់ដៃ​ចាម​ហើយ​ព្រះអង្គ​បាន​ប្រកាស​ជា​មហាក្សត្រ​នគរ​កម្ពុជា​ហើយ​ទទួល​រាជាភិសេក​ក្នុង​ឆ្នាំ​ដដែល​។​កាល​នោះ​តាម​ការ​ប៉ាន់​ស្មាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​ព្រះជន្ម​ប្រហែលជា​ជាង​៥០​ព្រះវស្សា​។​ចំណែក​ខាង​អគ្គមហេសី​ជ័យ​រាជទេវី​ព្រះអង្គ​វិញ ដើម្បី​ជា​ការអបអរ អរគុណ​ដល់​គុណបុណ្យ​បារមី​ព្រះ​រតនត្រ័យ​ដែល​បាន​ជ័យ​ព្រះ​នាង​តាម​ការ​បន់ស្រន់​បួងសួង ព្រះរាជា​ទេពី​បាន​ធ្វើ​បុណ្យ​ចែកទាន​អំណោយ​គ្រប់បែបយ៉ាង​ដល់​វត្ត​អារាម និង​ប្រជានុរាស្ត្រ​។​ក្រោយ​ពី​ព្រះរាជ​អគ្គមហេសី ជ័យ​ទេវី​ចូល​ទីវង្គត​ព្រះនាង​ឥន្ទ្រ​ទេវី​ជាបង​ត្រូវបាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​អភិសេក​តែងតាំង​ជា​ព្រះ​អគ្គមហេសី​។​ព្រះ​នាង​ជា​ស្ត្រី​ម្នាក់​ដែល​មាន​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ប្រាជ្ញា​ភឺ្ល​ថ្លា​មោះមុត​ឈ្លាសវៃ​ពូកែ​ល្បីល្បាញ​ខាង​វិជ្ជា​អក្សរសាស្ត្រ មាន​ធ៌ម​មេត្តាស​ន្តោ​ស​ហើយ​គោរព​បូជា​ព្រះពុទ្ធសាសនា​។ ព្រះ​នាង​ជ័យ​រាជទេវី និង​ព្រះ​នាង​ឥន្ទ្រ​ទេវី​ដែល​ជា​មហេសី​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​សុទ្ធតែ​ធ្លាប់​ជួយ​ផ្តល់​យោបល់​តូច​ធំ​ដល់​ព្រះ​ស្វាមី តាម​ព្រះពុទ្ធ​ឳ​វាទ​។​

 

​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះមហាក្សត្រ​ខ្មែរ​ព្រះអង្គ​គោរព​បូជា​និង​មាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា​មហាយាន​។​ព្រះ​រាជ​បុត្រ​​ព្រះ​អង្គ​​ជា​​ច្រើន​ សុទ្ធតែ​មាន​ជំនឿ ជឿ​និង​ធ្វើ​សក្ការៈបូជា​ថ្វាយ​ចំពោះ​ព្ឬះពុទ្ធ​សា​ស​នា​​។​បុត្រ​ព្រះអង្គ​ព្រះនាម​តម​លិ​ន្ទបាន​បួស​ជា​សង្ឃ ហើយ​បាន​ទៅ​បន្ត​ការសិក្សា​នៅ​កោះ​សិរី​លង្កា​។​បុត្រ​មួយ​ព្រះ​អង្គ​ទៀត​ព្រះអង្គ​វីរ​កុមារ ដែល​បាន​និពន្ធ​ចារ​អត្ថបទ​មួយ​យ៉ាង​ល្អ​វែកញែក​អធិប្បាយ​ពី​ព្រះពុទ្ធសាសនា​លើ​ផ្ទាំង​ថ្ម​នៅ​ប្រាសាទ​ព្រះខ័ណ្ឌ​។​កិត្យានុភាព​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយសា​ការតស៊ូ​ព្យាយាម​ព្រះអង្គ​បាន​ទទួល​ជោគជ័យ​ដែល​គេ​អាច​ចាត់ទុកថា ជា​ជោគជ័យ​ផ្ទាល់ខ្លួន​។​តែ​ព្រះអង្គ​បាន​យក​ជោគជ័យ​នេះ ព្រមទាំង​ឥទ្ធិពល​អំនាច ការចេះដឹង បទពិសោធន៍​និង​ប្រាជ្ញា​ភ្លឺ​ថ្លា​ឈ្លាសវៃ​របស់​ព្រះអង្គ មក​កសាង​ប្រទេសជាតិ​ផ្តល់​នូវ​​សេច​ក្តី​សុខ​ក្សេម​ក្សាន្ត ​សន្តិ​ភាព​ វឌ្ឍន​ភាព​ ដល់​​ប្រ​ជានុ​​រាស្ត្រ​ដោយ​គ្មាន​រើសអើង​វណ្ណៈ​។​ការកសាង​របស់​ព្រះអង្គ​មិនមែន​តែ​ប្រា​ង​​ប្រា​សាទ​​ដ៏​​​ធំ​​​ស្កឹម​​ស្កៃ​​​នោះ​​ទេ​​​ព្រះ​អង្គ​​បាន​​កសាង​ទំនុកបំរុង​សាសនា​ក៏​ដូចជា​ក្នុង​ផ្នែក​សង្គម​ជាតិ​ដែរ​។​ក្នុង​រជ្ជកាល​ព្រះអង្គ​នគរ​ចា​ម្ប៉ា​បាន​ក្លាយជា​អាណាខេត្តខ័​ណ្ឌ​ខ្មែរ​។​ទឹកដី​ខ្មេរ​ក៏​បាន​លាតសន្ធឹង​វែងឆ្ងាយ​ជា​មហាអំណាច​មួយ​យ៉ាង​ធំ​ដែរ​នៅក្នុង​អាស៊ី​អា​គ្នេ​យ៍​​។​​ចក្រភព​ខ្មែរ​ក្នុង​រាជ្យ​ជ័យវរ្ម័ន​ទី​៧ មាន​ចាម្ប៉ា បច្ចុប្បន្ន​លាវ សៀម​និង​ទឹក​ដី​មួយ​ភាគ​ធំ​នៃ​ប្រទេស​ភូមា និង​ម៉ាឡេស៊ី​។ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ព្រះអង្គ​បាន​ចូល​ទីវង្គត​ក្នុងគ​.​ស​១២០២៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត