ជប៉ុន​​គួរ​មាន​​ឥរិយាបថ​​ទន់ភ្លន់​​ជាមួយ​​ក្រុម​​ISIS​​ខណៈ​​ចំណាប់​ខ្មាំង​​កំពុង​​ស្ថិត​ក្នុង​ដៃ​​ពួកគេ​

22-01-2015 12:34 pm 2535

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​ជម្រាបជូន​លោកអ្នក​ទាក់ទង​នឹង​ការ​គំរាម​របស់​ក្រុម​អ៊ីស្លាម​ISIS ទាមទារ​យក​ប្រាក់​២០០​លាន​ដុល្លារ ដូរ​ជា​មួយជីវិត​ចំណាប់ខ្មាំង​ពីរ​នាក់​ដែល​ពួកគេ​ចាប់ខ្លួនបាន​។ បន្ទាប់​ពី​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក ស៊ីន​ហ្ស៊ូ​អាបេ​ប្រកាស​ថា​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​ការប្រឆាំង​ក្រុម​អ៊ីស្លាម​ISIS សម្ដី​នេះ​បាន​ធ្វើឱ្យ​ក្រុម​អ៊ីស្លាម​ISIS​ខឹង​យ៉ាង​ខ្លាំង​។ ឆ្លើយតប​នឹង​ការប្រកាស​របស់​លោក​អាបេ ពួកគេ​ក៏​បាន​ចាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់​គំរាម​ដល់​ជប៉ុន ដោយ​ដូរ​យកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​។ តើ​ជប៉ុន​នឹង​ធ្វើ​យ៉ាងណា​ចំពោះ​ការ​គំរាម​នេះ​? តើ​ជប៉ុន​គួរតែមាន​ឥរិយាបទ​ទន់ភ្លន់ ឬក៏​រឹងទទឹង​ដើម្បី​ដូរ​យក​អាយុជីវិត​ចំណាប់ខ្មាំង​មកវិញ​?


​ដើម្បី​ច្បាស់​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖


​សំឡេង​៖


​ក្រុម​សកម្មប្រយុទ្ធ​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ឬ​ក៏​ក្រុម​អ៊ីស្លាម​ISIS ដែល​កំពុងតែ​ធ្វើឱ្យ​ពិភពលោក​ក្រឡាប់ចាក់ បាន​លេចមុខ​ជា​ថ្មី​ទៀត​ហើយ ចំពោះ​សកម្ម​ភាពឃោឃៅរ​បស់​គេ​។ សកម្មភាព​ឃោ​ឃៅ គឺ​ពួកគេ​បាន​គំរាម​សម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ពីរ​នាក់ បន្ទាប់ពី​ពួកគេ​បានសម្លាប់​ចំណាប់ខ្មាំង​៥​នាក់​ដោយ​កាត់​ក្បាល រួច​បង្ហោះ​វីដេអូ​តាម​អ៊ី​ន​ធឺ​ណេត​កន្លងមក​។ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៥​នេះ ក្រុម​អ៊ីស្លាម​ISIS​បាន​គំរាម​ដូច​គ្នា​ទៀត ទៅ​លើ​រដ្ឋាភិបាល​ជប៉ុន ជាពិសេស​គឺ​ទៅ​លើ​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន​ហ្ស៊ូ អាបេ ផ្ទាល់​តែម្ដង​។​


​សមាជិក​ក្រុម​ISIS​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​មាន​បិទមុខ​ផង​នោះ បាន​និយាយ​តាម​វីដេអូ​ថា ជប៉ុន​មាន​ពេល​៧២​ម៉ោង សម្រាប់​យក​ប្រាក់​២០០​លាន​ដុល្លារ​អាមេរិក ទៅ​ដោះដូរ​ជីវិត​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ទាំង​ពីរ​នាក់​។ បើ​មិន​ដូច្នេះ​ទេ ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ស្លាប់​។ សម្ដី​គំរាម​នេះ បានធ្វើឱ្យ​ជប៉ុន​ជាពិសេស​គឺ​លោក​អាបេ​ក្ដៅស្លឹកត្រចៀក​មិន​តិច​ទេ​។


​លោក​អាបេ​កាលពី​ថ្ងៃទី​២០​មករា​គឺ​ស្ថិតនៅក្នុង​តំបន់​ជេ​រ៉ូ​សាឡឹម សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៦​ថ្ងៃ​ទៅ​តំបន់​មជ្ឈិមបូព៌ា​។ គ្រាន់តែ​លឺដំណឹង​នេះ​ភ្លាម លោក​អាបេ​បាន​ថ្កោលទោស​យ៉ាងខ្លាំង និង​បញ្ជាក់​ថា​ការ​គំរាម​នេះ​គឺជា​រឿង​ដែល​មិន​អាច​អត់​ទោស និង​មិន​អាច​ទទួលយកបាន​។ ជាមួយគ្នា​នោះ លោក​អាបេ​បាន​ផ្អាក​ដំណើរ​ទស្សនកិច្ច​ហើយ​វិលត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។


​ពាក់ព័ន្ធ​នឹង​ការទាមទារ​ប្រាក់​ជា​ថ្នូរ​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក​ពី​ក្រុម​អ៊ីស្លាម​ISIS ជប៉ុន​បាន​ប្រកាស​ទៅ​វិញ​ថា ខ្លួន​មិន​យល់ព្រម​ជា​ដាច់ខាត ហើយក៏​មិន​ឱនក្បាល​ចំពោះ​សកម្មភាព​ភេរវកម្ម​ដែរ​។ ភាព​រឹងទទឹង​បាន​កើតមានឡើង​រវាង​ជប៉ុន​និង​ក្រុម​អ៊ីស្លាម​ISIS​។ ជប៉ុន​បដិសេធ​មិន​ព្រម​យក​ប្រាក់​ទៅ​ប្ដូរ ឯ​ក្រុម​អ៊ីស្លាម​ISIS​វិញ​បាន​គំរាមថា ក្នុង​រយៈពេល​៧២​ម៉ោង​បើសិនជា​ជប៉ុន​មិន​ព្រម ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​។


​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ​បាន​និយាយ​នៅក្នុង​ទី​ក្រុងគែរ​ប្រទេស​អេ​ហ្ស៊ី​បថា លោក​នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សកម្មភាព​ប្រឆាំង​ក្រុម​អ៊ីស្លាម​ISIS និង​ឧបត្ថម្ភ​ដល់​ប្រទេស​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រឆាំង​ក្រុម​អ៊ីស្លាម​។ ទឹកប្រាក់​នេះ ក៏​សម្រាប់​ផ្គត់ផ្គង់​ដល់​ជនភៀសខ្លួន​ស៊ី​រី​និង​អ៊ីរ៉ាក់​ផង​ដែរ​។


​ការសន្យា​របស់​លោក​អាបេ​បែបនេះហើយ ដែល​ធ្វើឱ្យ​ក្រុម​អ៊ីស្លាម​ISIS​ខឹង​យ៉ាង​ខ្លាំង និង​បាន​វាយបក​ទៅ​ជប៉ុន​វិញ​តាមរយៈ​ការយក​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​មក​គំរាម​។ បុរស​ស្លៀកពាក់​ខ្មៅ​បិទមុខ​ដែល​ជា​សមាជិក​របស់​ក្រុម​អ៊ីស្លាម បាន​និយាយ​តាម​វីដេអូ​គំរាម​ទៅ​លោក​អា​បេថា  “​លោក​មាន​បំណង​ស្ម័គ្រចិត្ដ​ចូលរួម​នៅក្នុង​សង្គ្រាម​សាសនា​មួយ​នេះ​។ លោក​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​ផ្ដល់ប្រាក់​១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​សម្លាប់​ប្រពន្ធ​របស់​យើង កូនៗ​របស់​យើង និង​បំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​របស់​យើង​។ ទឹកប្រាក់​១០០​លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត លោក​បាន​សន្យាថា​នឹង​ផ្ដល់​ឱ្យ​សម្រាប់​ទប់ស្កាត់​ការ​ពង្រីង​អំណាច​របស់​យើង​។ ដូច្នេះ​យើង​នឹង​យក​ប្រាក់​១០០​លាន​ដុល្លារ ដើម្បី​ដូរ​ជីវិត​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់​។ ប្រសិនបើ​ផុត​រយៈពេល​៧២​ម៉ោង​គ្មាន​ប្រាក់​២០០​លាន​ដុល្លារ​មក​ប្ដូរ​ទេ ជីវិត​ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ចប់​”​។


​ទាក់ទង​នឹង​បញ្ហា​ចម្រូងចម្រាស់​នេះ គឺជា​មេរៀន​មួយ​សម្រាប់​ជប៉ុន​ក្រៅ​ពី​អាមេរិក​និង​ចក្រភព​អង់គ្លេស រួម​ទាំង​សម្ព័ន្ធមិត្ដ​អន្ដរជាតិ​ផ្សេង​ទៀត​ដែល​សហការ​ជាមួយ​អាមេរិក​បើក​យុទ្ធនាការ​ប្រឆាំង​ក្រុម​អ៊ីស្លាម​ISIS​។ កន្លងមក​ក្រុម​អ៊ីស្លាម​ISIS​បានសម្លាប់​ជនជាតិ​អាមេរិក​បីនាក់​ទុក​ជា​ការ​គំរាម​ដល់​លោក​អូ​បា​ម៉ា ដែល​ប្រកាស​ក្ដែងៗ​ថា​នឹង​ប្រឆាំង​ក្រុម​ISIS​ដល់​ទីបញ្ចប់​។ ក្រៅពីនេះ ក្រុម​អ៊ីស្លាម​បាន​សម្លាប់​ជនជាតិ​អង់គ្លេស​ចំនួន​ពីរ​នាក់​ទៀត​ដើម្បី​គំរាម​ដែរ​។ ដូច្នេះ​ការ​គំរាម​សម្លាប់​ជនជាតិ​ជប៉ុន​នៅពេលនេះ មិន​ខុស​ពី​សកម្មភាព​លើក​មុន​ឡើយ គឺ​ដោយសារតែ​លោក​ស៊ីន​ហ្ស៊ូ អាបេ​លេចមុ​ខ​ខ្លាំង​ពេក​នៅក្នុងការ​ប្រឆាំង​ក្រុម​ISIS ទើប​ពួកគេ​សងសឹក​តាម​វិធី​នេះ​មក​វិញ​។


​សម្រាប់​ភាគី​ជប៉ុន​ខណៈ​ពេល​នេះ​បើ​ចង់​ប្រឆាំង មានតែ​ប្រឆាំង​តាមផ្លូវ​សន្ដិភាព​ប៉ុណ្ណោះ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​សម្រប​សម្រួល​ជាមួយ​ការដោះដូរ​សិន​។ ប្រសិនបើ​ជប៉ុន​ប្រើ​គោលការណ៍​មិន​ឱនក្បាល​ដាក់​ក្រុម​ភេរ​វករ​ដែល​ជា​ក្រុម​អ៊ីស្លាម​ISIS និង​មិន​ព្រម​ប្រគល់​ប្រាក់​ជា​ថ្នូរ​នឹង​ការដោះដូរ​ជីវិត​ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់ ច្បាស់​ណាស់​ថា​មនុស្ស​ពីរ​នាក់​ទៀត​នឹង​ត្រូវ​កាត់​ក្បាល​រួច​បង្ហោះ​វីដេអូ​តាម​អ៊ី​ន​ធឺ​ណេត​បន្ដទៀត​។​


​ជប៉ុន​អាច​រៀនសូត្រ​បាន​ពី​អាមេរិក​និង​ចក្រភព​អង់គ្លេស ដែល​ខ្លាំង​បញ្ចេញ​ធ្មុង​ដាក់​ក្រុម​អ៊ីស្លាម​ISIS ប៉ុន្ដែ​ទីបំផុត​ប្រជាជន​ខ្លួន​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​។ ត្បិត​អាមេរិក​បាន​សហការ​ជាមួយ​សម្ព័ន្ធមិត្ដ​អន្ដរជាតិ បើក​ការវាយប្រហារ​ទៅលើ​ក្រុម​អ៊ីស្លាម​ISIS​ក៏ដោយ ក្រុម​នេះ​មិន​បាន​ចុះ​ញ៉ម​ឡើយ ផ្ទុយទៅវិញ​មាន​សកម្មភាព​កាន់តែ​ខ្លាំង​ជាង​មុន​។ ដូចគ្នានេះដែរ បើ​ជប៉ុន​ចង់​ប្រើ​ធម៌​ក្ដៅ​ដាក់​ក្រុម​ISIS ជប៉ុន​ច្បាស់​ជា​ខាតបង់ ជាក់ស្ដែង​ដូចជា​រឿង​ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​កំពុង​ស្ថិត​ក្នុង​ដៃ​ក្រុម​អ៊ីស្លាម​ជាដើម​។ ជារួម​ទៅ​ជប៉ុន​គួរ​មាន​ឥរិយាបថ​ទន់ភ្លន់​បន្ដិច​ជាមួយ​ក្រុម​ISIS បើ​មិន​អញ្ជឹង​ទេ​លទ្ធផល​ប្រាកដជា​មិន​អាច​ស្មាន​បាន​។


​យ៉ាងណាមិញ លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ីន​ហ្ស៊ូ អាបេ​បានប្រកាសថា លោក​បាន​បញ្ជា​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ប្រើប្រាស់​បណ្ដាញ​ការទូត និង​មធ្យោបាយ​ផ្សេង​ទៀត​ផង​ដែរ ចរចា​ជាមួយ ក្រុម​ISIS ដើម្បី​ធានា​ឱ្យមាន​ការដោះលែង​ចំណាប់ខ្មាំង​ទាំង​ពីរ​នាក់​។ ប៉ុន្ដែ​ជប៉ុន​នៅ​មិនទាន់​បាន​បញ្ជាក់​ទេ​ថា នឹង​ចំណាយ​ប្រាក់​២០០​លាន​ដុល្លារ​ជា​ការដោះដូរ​ឬ​ក៏​យ៉ាងណា​នោះ​។


​យ៉ាងណា​ក៏​ដោយ​ប្រសិទ្ធភាព​នៃ​ការខិតខំ​ប្រឹងប្រែង​នេះ គេ​មិន​អាច​សន្និដ្ឋានបាន​ភ្លាម ទេ​ថា អាច​ទទួលបាន​ជោគជ័យ​ឬក៏​បរាជ័យ​។ ប៉ុន្ដែ​បើសិនជា​ជប៉ុន​នៅ​ប្រកាន់​ជំហរ​រឹង​រួស​ជាមួយ​ក្រុម​អ៊ីស្លាម​ISIS ភាពបរាជ័យ​អាចមាន​ច្រើន​ជាង​ភាពជោគជ័យ​។


​បច្ចុប្បន្ន ជប៉ុន​មិន​ទាន់​សុំ​អន្ដរាគមន៍​ពី​មិត្ដបរទេស​ណា​ម្នាក់ ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទេ គឺ​ជប៉ុន​បាន​ប្រើប្រាស់​មធ្យោបាយ​ដោយ​ខ្លួនឯង ដើម្បី​ចរចា​ជាមួយ​ក្រុម​អ៊ីស្លាម​។ បញ្ហា​នេះ អាច​ជា​សម្ពាធ​ថ្មីស្រឡាង​សម្រាប់​ជប៉ុន ព្រោះ​ការចាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​មក​គំរាម​ជប៉ុន​បែបនេះ ទើបតែ​កើតឡើង​លើកទីមួយ​ទេ ដោយ​កន្លងមក​មាន​តែ​ប្រជាជន​នៅក្នុង​ប្រទេស​លោកខាងលិច​ប៉ុណ្ណោះ​៕​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត