នាគ​​​នៅ​​តែ​​​ជា​​​និមិត្ត​រូប​​ដ៏​​សំ​ខាន់​​​សម្រាប់​​​​ពលរដ្ឋ​​​ខ្មែរ​​​​​

18-01-2015 4:53 pm 6215

​ទោះបីជា​ប្រទេស​កម្ពុជា​មាន​ការ​វិត្ត​ន៍​ចាប់តាំងពីរ​កកើត​ទឹកដី​រហូតមកដល់​បច្ចុប្បន្ន​ក៏ដោយ តែ​ទំនៀម​ទំលាប់ ប្រពៃណី​របស់​ប្រទេស​មួយ​នេះ​នៅតែ​មាន​រហូត​មកដល់​សព្វថ្ងៃ​។​ជា​ការកត់សម្គាល់​ដូចជា រូប​នាគ​នៅ​តាម​វត្ត​អារាម គេហដ្ចាន ឬ​នៅ​តាម​រមណីយដ្ឋាន​ជាដើម​។​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ប្រពៃណី​ខ្មែរ ដែល​តែងតែ​យក​រូប​នាគមក​តាំង​នៅ​តាម​ក្លោងទ្វា​វត្ត ឬ​ផ្ទះ​នោះ​? គួន សំបូរ និង​ចូលខ្លួន​មក​បង្ហាញ​ពី​មូលហេតុ​នៃ​ការដាក់ ហើយ​នឹង​ការ​ក៏​កើត​នៃ​ជំនឿ​មួយ​នេះ​។​ជា​បន្ត​សូម​ស្តាប់​ដូចតទៅ​៖

 

​នាគ​គឺជា​រូប​សត្វ​ម្យ៉ាង​មាន​ទ្រង់ទ្រាយ​ស្រដៀង​នឹង​សត្វ​ពស់​តែ​មាន​រូបរាង​ប្លែក​ជាង​សត្វ​ពស់​។ តាម​គំនូរ និង​ចម្លាក់​ខ្លះ នាគ​មាន​ក្បាល​១ ក្បាល​៣​ក្បាល​៥ ក្បាល​៧ ក្បាល​៩​ក៏មាន ជួន​កាល​ទៀត​មាន​រូបរាង​យ៉ាង​ចម្លែក ទាំង​ភ្នែក មុខមាត់​ស្រកា ជួន​ក៏​មាន​ជើង​ទៀតផង​។ ខ្មែរ​ជឿថា នាគ​ជា​សត្វ​មាន​អានុភាព និង​ឫទ្ធានុភាព​ហើយ​អាច​កាឡាខ្លួន​ជា​មនុស្ស ឬ​ពាក់កណ្តាល​មនុស្ស​ក៏​បាន​​។​​អស់​​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​​មក​ហើយ ដែល​មាន​មនុស្ស​ជាច្រើន​ស្វែងរក ក៏ដូចជា​បង្ហាញ​ពី​រូបរាង​ពិតប្រាកដ​របស់​សត្វ​នាគ តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​មិនទាន់​មាន​អំណះអំណាង​ណាមួយ ពី​រូបរាង​របស់​សត្វ​ដែល​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ​នេះ​ឱ្យ​បាន​ជាក់ច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែ នៅក្នុង​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​នៅ​តែ​ជឿជាក់​ថា​សត្វ​ដ៏​អស្ចារ្យ​នេះ នៅ​មាន​ជីវិត​នៅលើ​ផែនដី​នៅ​ឡើយ​ដែល​ជួនកាល​អាច​ទៅ​ជ្រក​នៅ​ទី​អាថ៌កំបាំង​មួយ​ពី​ភ្នែក​របស់​អ្នកដទៃ​ហើយ​នឹង​ផុសចេញ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។​នាគ និង​កំណើត​ខ្មែរ​តាមរយៈ​រឿងព្រេង​ដែល​និទាន​តៗ​គ្នា ដែល​និយាយ​អំពី​ដើមកំណើត​ខ្មែរ នៅលើ​ដី​សុវណ្ណ​ភូមិ​ប្រ​ជា​ជន​​ខ្មែរ​​ភាគ​ច្រើន​​យល់​ថា​ ពួកគេ​មាន​ខ្សែស្រឡាយ​ពី​ព្រះ​នាងនាគ​ជា​បុត្រី​ស្តេច​ភុជង្គ​នាគ និង​បុរស​ជា​មនុស្ស​លោក​ម្នាក់​ឈ្មោះ​ថា​ព្រះ​ថោង ដែល​រស់នៅ​លើ​ទឹកដី​គោក​ធ្លក រហូត​បង្កើត​បាន​ជា​ប្រទេស​មួយ ហៅ​ថា​កម្ពុជទេស ឬ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​។ ម្យ៉ាងវិញទៀត​រឿងនិទាន​នេះ​ក៏​ត្រូវ​កត់​បញ្ចូល​ទៅក្នុង​កំណត់ត្រា របស់​លោក​កាងតៃ​ដែល​ជា​បេសកជ​ន​ជាតិចិន មក​ស្រុក​ខ្មែរ​តាំងពី​សតវត្សរ៍​ទី​៣​ដែរ​។​

 

​និមិត្តរូប​នៃ​នាគ​បើ​និយាយ​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ​វិញ​នាគ​មាន​អត្ថន័យ​ខ្ពង់ខ្ពស់​ណាស់ ព្រោះ​ជានិច្ចកាល​ខ្មែរ​តែង​គោរពបូជា​ដល់​សត្វ​នេះ​។​គេ​យល់​ថា នាគ​គឺជា​និមិត្តរូប​នៃ​ភាពត្រជាក់ត្រជុំ ជា​ស្ពាន​ចម្លង​ពី​ឋាន​មនុស្ស​ទៅ​ឋាន​ទេវតា និង​ជា​និមិត្តរូប​នៃ​ការ​ការ​ពារ​​និង​​ថែ​រក្សា​​សម្បតិ្ត​ប្រ​ក​ប​ដោយ​​មហិ​ទ្ធិឫទ្ធិ​ ហើយ​​ការការពារ​នោះ​កាន់តែ​ស័ក្តិសិទ្ធិ​ចំពោះ​សត្រូវ​ដែល​មើលមិនឃើញ ដែល​ព្យាយាម​បៀតបៀន​ដោយ​អំពើ​ធ្មប់​ឬ​ចំពោះ​ខ្មោច​ព្រាយ​បិសាច ដែល​ប៉ុនប៉ង​យាយី​។ នៅក្នុង​ស្ថានភាព ដែល​លំបាក​ទន់ខ្សោយ​ឬក៏​ត្រូវ​គេ​ឈ្លានពាន​នោះ ប្រជារាស្ត្រ​ខ្មែរ​ជឿជាក់ថា នឹង​មាន​ពេល​ណាមួយ​នាគ​នឹង​ផុស​ឡើង​នៅលើ​ទឹកដី​កម្ពុជា ហើយ​ជួយ​ឱ្យ​ទឹក​ដី​នេះ ប្រកបដោយ ភាព​សម្បូរ​សប្បាយ​និង​កម្ចាត់​អស់​សត្រូវ​ទាំងពួង ដ្បិត​ពួកគេ​មាន​ខ្សែស្រឡាយ នឹង​សត្វ​នាគ​​ម្លោះ​​​ហើយ​​​ទើប​​​សត្វ​​​នាគ​​ មិន​​​ចាក​​​ឆ្ងាយ​​ ចោល​​​ទឹក​​ដី​ ​និង​​​កូនចៅ​របស់​ខ្លួន​ឡើយ​។​បើ​ពិនិត្យ​ទៅ​លើ​សំណង់​សាសនា សំណង់​សា​ធារ​ណៈ​​ផ្សេង​ៗ​​ទៀត​​ដូច​ជា​​ប្រា​សាទ ​ព្រះ​វិហារ​​ជា​​ដើម​ នៅតាម​ដំបូល ជញ្ជាំង ឬ​សសរ​ជាដើម គេ​តែង​ឆ្លាក់​រូប​នាគ​នៅ​ក្នុង​បំណង​ដើម្បី​ជួយ​ការពារ មរតក​ទ្រព្យសម្បតិ្ត ឬ​ការពារ​ទីឋាន​ដ៏​ពិសិដ្ឋ​ទាំងនោះ​ពី​មនុស្ស​អាក្រក់ ឬ​សភាវៈ​អាក្រក់​ដែល​មក​បៀតបៀន​។​ចំណែកឯ​នា​គ​ដែល​គេ​ឆ្លាក់​លម្អ​នៅ​តាម​បង្កាន់ដៃ ក្បាល​ស្ពាន​ឬ​នៅតាម​ផ្លូវ​ដើរ​មួយ​ចំនួន​ផ្សេង​ទៀត​នោះ ក៏​តំណាង ឱ្យ​​ការ​ការ​ពារ​​និង​​ការ​ភ្ជាប់​​ទំ​នាក់​ទំ​នងរ​​វាង​​ឋាន​មនុស្ស​ និង​ទេវលោក​ដែល​ជា​ឋាន​សុខ​ដែល​មនុស្ស​គ្រប់រូប តែងតែ​ប៉ងប្រាថ្នា​។ ចំណែក​ឯ​សម្ភារៈ​ប្រើប្រាស់​និង​គ្រឿង​តុបតែង​លម្អ​ខ្លួន​ទាំងឡាយ ដែល​មាន​ឆ្លាក់​រូប​នាគ ដោយ​ពួកគេ​មាន​ជំនឿ​ថា​ធ្វើឱ្យ​អ្នក​ប្រើ​ប្រាស់​​កាន់​តែ​​មាន​ មហិ​ទ្ធិ​ឫទ្ធិ ​និង​​កិត្តិ​យស​​ហើយ​ក៏​​ជា​​និមិត្តរូប នៃ​ភាពត្រជាក់ត្រជុំ ដល់​ពួកគេ ថែមទៀត​ផង​។​ក្រៅពី​នេះ​នាគ​ក៏​មាន​នាទី​ជា​ក្បាច់លម្អ​ផងដែរ ដែល​ខ្មែរ​តែងតែ​បង្ហាញ រូប​នាគ​ផ្សេងៗ​គ្នា​ខ្លះ​ឆ្លា​ក់រំ​លេច​ជា​ក្បាច់​ភ្ញី​និង​រូបរាង​ផ្សេងៗ​គ្នា​ទៅតាម​ការចង់បាន​។​

 

​នាគ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ បើ​យើង​មើល​ពី​ជីវភាព​ប្រចាំថ្ងៃ របស់​ខ្មែរ​វិញ​យើង​ឃើញ​មាន​ពិធី​ជាច្រើន ដែល​ទាក់ទង​នឹង​នាគ​ដែល​ពិធី​ទាំងនោះ​សុទ្ធសឹងតែ​ជា​ពិធី​នាំមក​នូវ​សិរី​សួស្តី​ជ័យ​មង្គល ដល់​ក្រុម​គ្រួសារ​​ដូច​ជា​ពិធី​បំបួស​នាគ ដែល​គេ​ធ្វើឡើង នៅពេល​ក្មេងប្រុស​សាង​ផ្នួស ជា​សាមណេរ​នៅក្នុង​ព្រះពុទ្ធសាសនា​។ ចំពោះ​រឿង​យល់សប្តិ បើសិនជា​ឃើញ​នាគ មានន័យថា​ជា​ប្រផ្នូល​ល្អ​ហើយ​អ្នកនោះ​នឹងមាន ជោគ​ល្អ​ក្នុង​រឿង​ការងារ និង​គ្រួសារ ហើយ​បើ​អ្នក​នោះ​សុបិន្ត​ឃើញស​ត្វ​ពស់​មករួប​រឹត​ខ្លួន​វិញ​​មាន​ន័យ​ថា​ ជិត​​ដល់​​គូ​​ហើយ​​។​ដូចនេះ​ពស់​ដែល​នៅក្នុង​យល់សប្តិ​នោះ គឺ​គ្មាន​នរណា​ដែល​ក្រៅ ពី​គូរ​របស់​អ្នក​ឡើយ​។​គួរ​រំលឹក​ផង​ដែរ​​ថា​ កាល​​ពី​​​សម័យ​​អង្គរ ​នៅ​​សត​វត្សរ៍​​ទី​​១៣​ អ្នក​​កត់​ត្រា​​ជាតិចិន​ម្នាក់​ឈ្មោះ ជីវ​តាក្វាន់ ក៏​បាន​សរសេរ​អំពី​រឿង​មួយ ដែល​ថា​ជា​រៀងរាល់ យប់​ព្រះមហាក្សត្រ​ត្រូវ​យាង​ឡើង ទៅ​លើ​ប្រាសាទ​មួយ​(​ប្រាសាទភិមានអាកាស​?) នៅ​ក្នុង​ព្រះ​ម​រម​រាជវាំង ដើម្បី​ផ្ទុំ​ជាមួយ ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ដែល​កាឡាខ្លួន​ពី​សត្វ នាគ ហើយ​បើ​យប់​ណា ដែល​ព្រះអង្គ​មិន​បាន​យាង​ឡើង​ទៅ​លើ​នោះ​ទេ​គេ​មាន​ជំនឿ​ថា​ហេតុភេទ​អាក្រក់ នឹង​កើតឡើង​នៅក្នុង​ព្រះរាជវាំង​និង​ស្រុកទេស​ជាក់​ជាមិនខាន​។ រី​ឯ​ពិធី​​រៀប​​អាពា​ហ៍ពិ​ពាហ៍​​វិញ​ នៅ​ពេល​​ដែល​​កូន​កំលោះ​​តោង​ស្បៃ​នាងនាគ ដើម្បី​ចូល​ទៅ​គាល់​មាតា​បិតា​នៅ ឋាន​ភុជង្គនាគ​។ ចំពោះ​ទំនៀម​នៃ​ការសាងសង់​អ្វីមួយ គឺ​គេ​រើស​ពេលវេលា និង​ថ្ងៃជ័យ ចំណែកឯ​ផ្ទះសំបែង​និង​សំណង់​ទាំងនោះ​ទៀត​សោត នៅ​មុន​ពេល​សាងសង់​គេ​ធ្វើ​ពិធី​«​សែន​ក្រុង​ពាលី​» ដើម្បី​ជម្រាប និង​សុំ​ការអនុញ្ញាត ពី​សត្វ​នាគ​មួយ​ឈ្មោះថា​ពាលី​ដែលជា​ម្ចាស់​ទឹក​ដី​ទទួល​ដឹង ពី​ការចាប់ផ្តើម​សាងសង់ និង​មុន​ពេល​ចូលមក​រស់នៅ​លើ​ទី​កន្លែង​ថ្មី គេ​ធ្វើ​ពិធី​នេះ​ម្តងទៀត ដើម្បី​ជម្រាប​ជា​ដំណឹង​និង​សុំ​​សេច​ក្តី​សុខ​​ចម្រុង​ចម្រើន​ ចំពោះ​​ក្រុម​​គ្រួសារ​​ថ្មី​ ដែល​​រើ​ម​ក​នៅ ​លើ​ផ្ទះ​នោះ​។​ម្យ៉ាងវិញទៀត នៅពេល​សាងសង់​ផ្ទះ​ក្តី ឬ​សំណង់​ផ្សេងៗ​ក្តី គឺ​គេ​ជ្រើសរើស​និង​សន្មត់​ថា សាងសង់​នៅលើ​ទឹកដី​របស់​នាគ ម្លោះ​ហើយ​ការ​រើស​ទីតាំង​ឱ្យស្រប​ទៅតាម​ត្បូង​នាគ​(​ក្បាល​នាគ​) ខ្លួន​នាគ ពោះ​នាគ និង​កន្ទុយ​នាគ​គឺជា​ទំនៀម​មួយ​ដែល​គេ​ធ្វើ​តៗ​គ្នា​ហើយ​ទីតាំង​ទាំង​នោះ​អាច​ប្រែប្រួល​ទៅតាម​ខែ​ដែល​នាគ​ប្រែ​ខ្លួន ដែល​ទំនៀម​នេះ​មានចែង​នៅក្នុង​សៀវភៅ​ក្បួនខ្នាត តាំងពី​បុរាណ​។ ធ្វើ​ដូចនេះ គេ​យល់​ថា​នឹង​​ទទួល​បាន​​នូវ​​ភាព​ត្រ​ជាក់​ត្រ​ជុំ​​ពី​​នាគ​ ដែល​​ជា​​ម្ចាស់​​ទឹក​​ម្ចាស់​​ដី​​។​

 

​នាគ និង​សិល្បៈ​និមិត្ត រូប​នៃ​នាគ មិន​ត្រឹមតែ​មាន​នៅក្នុង​ជំនឿ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្នុង​សិល្បៈ និង​សាសនា ក៏​សឹងតែ​មាន​គ្រប់​ពេលវេលា​ផង​ដែរ​។​ការបង្ហាញ​នាគ​ដែល​មាន​រូបរាង និង​លក្ខណៈ​ខុសៗ​គ្នា​នេះ មិនមែន ជាការ​ចៃដន្យ​ទេ​ពោល​គឺ​ខ្មែរ​ធ្វើ​ឡើង​ទៅ​តាម​ក្បួនខ្នាត និង​ទស្សនៈ​ផ្សេងៗ​គ្នា​។ ក្នុង​សិល្បៈ​ខ្មែរ​យើង​ឃើញ​នាគ​លេចឡើង ដំបូងបង្អស់ នៅ​កំឡុង​សតវត្សរ៍​ទី​៧(​រចនាបថ​សម្បូរ ព្រៃ​គុក​)​នៅលើ​ផ្តែរ​នៃ​ប្រាង្គ​កណ្តាល​(S1) ក្រុម​ខាងត្បូង​(​ឬ​ក្រុម​ប្រាសាទ​យាយ​ពាន់​)​នៃ​​ក្រុម​​ប្រា​សាទ​សម្បូរ​ព្រៃ​គុក​​ខេត្ត​កំ​ពង់​ធំ​​។ តាំងពី​ពេលនោះ​មក នាគ​មាន​បង្ហាញ​កាន់តែ​ញឹកញាប់​នៅក្នុង​រចនាបថ​ក្រោយៗ រហូតមក​​ដល់​​ចុង​​សម័យ​អង្គរ​ ពាក់​កណ្តាល​​សត​វត្សរ៍​​ទី​​១៤​​។ ​រូបរាង​របស់​នាគ ដែល​ត្រូវ​គេ​ឆ្លាក់​លំអ​គឺ​មាន​ការប្រែប្រួល​ពី​រចនា​បថ​មួយ ទៅ​រចនាបថ​មួយទៀត ទៅតាម សម័យកាល​ផ្សេងៗ​គ្នា​និង​ទៅតាម​ឥទ្ធិពល​សិល្បៈ​ពី​តំបន់​ផ្សេងៗ​មកលើ​សិល្បៈ​ខ្មែរ​។​

​នាគ​នៅក្នុង​សំណង់​សាសនា​នាគ មានឈ្មោះ​ជា​ច្រើន ហើយ​ការហៅ​ឈ្មោះ​នោះ​គឺ​ខ្មែរ​ហៅ​ទៅ​តាម​ចំនួន​ក្បាល ដែល​ចំនួន​ក្បាល​នោះ​ទៀតសោត សុទ្ធតែ​ជា​ចំនួនសេស​ដ្បិត​គេ​ជឿ​ថា​ចំនួនសេស គឺ​តំ​ណាង​​ឱ្យ​ភាព​មិន​ចេះ​ស្លាប់​។ នាគ​ទាំងនោះ​មាន​ក្បាល​៣ (​នាគ​កល្បៈ​) ក្បាល​៥(​នាគ​អនន្ត​) ក្បាល​៧(​នាគ​មុជ្ជ​លិ​ន្ទ​) និង​ក្បាល​៩(​នាគ​វ៉ា​សុ​គី​ឬ​ពាស​ស្រកី ឬ​សេសៈ​) ចំណែក​នាគ ដែល​មាន​ក្បាល​១​វិញ គេ​ច្រើន​​​តែ​ប្រទះ​នៅ​សម័យថ្មីៗ​នេះ​ដែល​ភាគច្រើន​គេ​តែង​ឆ្លាក់​លំអ នៅលើ​របស់របរ ប្រើប្រាស់​ផ្សេងៗ​។ នាគ​ទាំង​ប៉ុន្មាន​ដែល​លើកឡើង​ពី​ខាងដើម​មកនេះ គឺជា​នាគ ដែល​មាន​តួនាទី​ផ្សេងៗ​គ្នា​នៅក្នុង​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ដូចជា​នាគ​ក្នុង​ព្រហ្មញ្ញសាសនា មាន​នាគ​កល្បៈ ក្នុង​រឿង​មហា​ភារតៈ ជា​នាគ​តំណាងឱ្យ​សភាវៈ​អាក្រក់​នាគ​អនន្ត​ជា​គ្រែ​ផ្ទុំ​របស់​ព្រះ​នារាយណ៍ នៅលើ​លំហ​អាកាស នាគ​វ៉ា​សុ​គី​ឬ​នាគពាស​ស្រកី​ឬ​សេសៈ គឺជា​នា​គ​ដែល​ពពួក​ទេវតា និង​អសុរៈ​យកមក​ធ្វើ​ជា​ខ្សែពួរ​ដើម្បី​កូរ​សមុទ្រ​ទឹកដោះ​។ រីឯ​នាគ​នៅក្នុង​ព្រះពុទ្ធ​សាសនា​មាន​នាគ​មុជ្ជ​លិន​មាន​ក្បាល​៧ ដែល​នៅ​ចាំ​ការ​ពារ ព្រះសម្មាសម្ពុទ្ធ​ពេល​ទ្រង់​សមាធិ​ចំនួន​៧​យប់ ៧​ថ្ងៃ ដើម្បី​ការពារ​ភ្លៀង ខ្យល់ និង​កម្តៅ​។ ជួនកាល​នាគ​ក៏ត្រូវ​បែងចែក ជា​៤​ពួក ផ្សេង​គ្នា​ផង​ដែរ​គឺ ទី​១ ហៅ​ថា​នាគ​សួគ៌​មាន​មុខងារ​ជា​អ្នកថែរក្សា​វិមាន​ទេវតា ទី​២ គឺ​នាគ​អាកាស​មាន​មុខងារ​ជា​អ្នក​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់ ទី​៣ គឺ​នាគលោក​បាល​មាន​មុខងា​រ​ជា​អ្នកថែរក្សា​សមុទ្រ ទន្លេ និង​ទី​៤ គឺ​នាគរ​ក្សា​កំណប់​ទ្រព្យមា​ន​មុខងារ​ជា​អ្នកថែរក្សា​ទ្រព្យ ដែល​​កប់​នៅក្នុង​ផែនដី​។ សេចក្តី​ដូច​បាន​បរិយាយ​ខាងដើម​នេះ គ្រាន់តែ​ជា ឧទាហរណ៍​នៃ​ផ្នែក​ខ្លះៗ ស្តី​អំពី​នាគ​តែ​ប៉ុណ្ណោះ​មិន​បាន​បញ្ជាក់ ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​ទេ​ប៉ុន្តែ​គ្រាន់តែ​អាច​ឱ្យ​យើង​យល់បាន​ថា ជំនឿ​ទៅលើ​សត្វ​នា​គ​បាន​ចាក់ឫស​យ៉ាងជ្រៅ​និង​មាន​ភាពស្មុគ្រស្មាញ នៅក្នុង​ផ្នត់គំនិត​របស់​ខ្មែរ​គ្រប់រូប​។​ការបង្ហាញ​នៅក្នុង​សង្គម​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ សិល្បៈ ការតុបតែង​លម្អ​ឬ​ស្ថាបត្យ​កម្ម​នោះ សុទ្ធតែ​មាន​វត្តមាន​នៃ​នាគ​ជានិច្ច​ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​យល់ថា ខ្លួន​មាន​តំណ​ពូជពង្ស​និង​មាន​ទំនៀម​ភ្ជាប់​ជាមួយ​នា​គនេះ តាំងពី​យូរលង់​ណាស់​មកហើយ​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត