របៀប​​ដាំ​​ស្ពៃ​​ក្ដោប​​

17-01-2015 4:22 pm 7417
ស្ពៃក្ដោប

​ស្ពៃក្ដោប​ជា​ដំណាំ​មួយ​ប្រភេទ ដែល​មាន​ប្រភព​កំណើត​មក​ពី​ទ្វីប​អឺរ៉ុប​។ ទោះ​បី​ប្រភេទ​ស្ពៃក្ដោប​នេះ មាន​ប្រភព​ពី​អ៊ឺរ៉ុប​ក៏ដោយ ប្រទេស​កម្ពុជា​យើង បាន​យក​ពូជ​ស្ពៃក្ដោប​មក​ដាំ ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ។ ស្ពៃក្ដោប​ជាទូទៅ​មានពូជ​​៣ ប្រភេទ ដូចជា ពូជ​ស្លឹក​ពណ៌​ស្វាយ ពូជ​ស្លឹក​ពណ៌​ស និង​ពូជ​ស្លឹក​ពណ៌​ក្រហម​។ ចង់ដឹងថា​តើ​របៀប​នៃ​ការដាំ​ស្ពៃក្ដោប​នោះ​យ៉ាងណា ជា​បន្ត​សូម​ស្ដាប់​នាទី​កសិកម្ម​រៀបចំ​ដោយ​លាង ធីតា​ដូចតទៅ​៖


​ជា​ការពិត​ណាស់​ស្ពៃក្ដោប ជា​ដំណាំ​មួយ​ប្រភេទ ដែល​មាន​ប្រភព​កំណើត​មក​ពី​ទ្វីប​អឺរ៉ុប​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាកសិករ​ភាគច្រើន​បាន​យក​ពូជ​នេះ​មក​ដាំ​ជា​បន្តបន្ទាប់ ដើម្បី​បំពេញ​តំរូវ​ទីផ្សា​នៅក្នុង​ប្រទេស​កម្ពុជា ។ ស្ពៃក្តោប​ក៏​អាច​ចាត់ទុកថា ជា​ដំណាំ​មួយ​ប្រភេទ​មាន​តម្លៃ​ថ្លៃ​គួរសម​ដែរ​។ ដោយឡែក​ចំពោះ​របៀប​នៃ​ការដាំ​ស្ពៃ​ក្ដោប គឺ​មាន​លក្ខណៈ​ងាយស្រួល​រួមមាន ៖


​ការជ្រើសរើស​រដូវ​ដាំ​ស្ពៃ​ក្ដោប​


​ការជ្រើសរើស​រដូវ​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​ដាំ​ដំណាំ ។ រដូវ​ទាក់ទង​នឹង សីតុណ្ហភាព ភ្លៀង សំណើម បរិយាកាស ជម្ងឺ និង សត្វល្អិត ។ ដំណាំ​ស្ពៃក្ដោប​គេ​តែងតែ​ដាំ​នៅ​រដូវ​ត្រជាក់ ។ នៅ​ប្រទេស​កម្ពុជា​យើង​គេ​អនុវត្ត​ន៏​ពី ខែ តុលា ដល់ ខែ កម្ភៈ ចន្លោះ ពេល​នេះ​សីតុណ្ហភាព​ត្រជាក់ ពេល​ថ្ងៃ ចំណាំង​របស់​ពន្លឺ​សមស្រប សត្វល្អិត និង ជម្ងឺ​មិនមាន ការ​រាតត្បាត​ខ្លាំង​។​


​ការរៀបចំ​ដី​


​ដំណាំ​ស្ពៃក្ដោប ជា​ប្រភេទ​ដំណាំ​មួយ​ត្រូវការ​ដុះ​លូតលាស់​លើ​ប្រភេទ​ដី​ធូរ​ស្រទាប់​ដាំ​ដុះជ្រៅ​សំបូរ ​ទៅ​ដោយ​ជាតិ​មមោក​ព្រមទាំង​សំបូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ។ ដំណាំ​នេះ គេ​រៀបចំ​ដី​ដោយ​​ប្រើ​ត្រាក់ទ័រ គោយន្ដ ។​ មុន​នឹង​រាស់ គេ​ភ្ជួរ​ទុក​ដី​ឲ្យ​ស្ងួត ស្រស់​ទឹក ហើយ​ប្រមូល​យក​ស្មៅ ឬ​កាកសំណល់​ចេញពី​ដី​ឲ្យ​ស្អាត ទើប​គេ​ភ្ជួរ​លើ​កទ​១ ។ ក្រោយ​ពី​ភ្ជួរ​ហើយ​គេ​ត្រូវ​ហាល​ដី​នោះ រយៈពេល​២ ទៅ​៣​ថ្ងៃ រាស់​បំបែក​ដី​ឲ្យ​ល្អិ​ត ទើប​ភ្ជួរ​ប្រែ​ដី​លើក​ទី​២ ក្រោយ​ពី​ភ្ជួរ​ហើយ​ត្រូវ ហាល​ដី​នោះ​ឲ្យ​ស្ងួត​ល្អ ដើម្បី​ឲ្យ​ស្មៅ ឬ សត្វ​ចង្រៃ​ងាប់ ប៉ុន្តែ​ចំពោះ​ដី​កង្វះ​ជាតិ​កំបោរ គេ​បាច​កំបោរ​ចំនួន​២៥០ ទៅ ៣៥០ គីឡូ​ក្រាម​​ក្មុង​មួយ​ហិចតា ។ គេ​ភ្ជួរ​នឹង​រាស់ ចំនួន​២ ទៅ​៣ លើក ឲ្យ​ល្អិត​ធានា​មាន​បន្ទុក​ខ្យល់​គ្រប់គ្រាន់ និង​ឲ្យ​ទឹ​កជ្រាប​បាន​ល្អ​រក្សា សំណើម​ដី​បានយូរ ។


​ការ​ជ្រំដី​


​ការ​ជ្រំ​ជ្រួយដី​ពូន​គល់ មាន​គោលបំណង​យ៉ាង​សំខាន់​គឺ ធ្វើឲ្យ​ដី​ធូរ​ខ្យល់​ចេញចូល​ព្រម ទាំង​រក្សា​សំណើម​បានយូរ ការ​ជ្រោ​ប​ទឹក​បាន​រហ័ស​បន្ថយ​ការ​ដុះ​ស្មៅ​។ មុន​ពេល​ជ្រំដី គេ​ត្រូវ​ផ្អាក​ការ​ស្រោច​ទឹក​ចំនួន​​១ ថ្ងៃមុន ហើយ​ជ្រំ​ជ្រួយដី​ឲ្យ​ផុស និង​បន្ទាប់មក​ហាល​ដី នោះ​មួយ​ថ្ងៃ​ទៀត​ដើម្បី​ឲ្យ​ស្មៅ​ងាប់ ក្រោយមក​ទើប​គេ​ស្រោច​ទឹក​ឲ្យ​ជោគ​ខ្លាំង ។ ការ​ជ្រំដី​គេ​ធ្វើឡើង​ជា ២​លើក គឺ​លើក​ទី ១​ចំនួន ១០ ទៅ ១៥ ថ្ងៃ ក្រោយ​ដាំ​និង លើក​ទី​២ គឺ​៣៥ ទៅ ៤០ ថ្ងៃ ក្រោយមក​ទៀត​គេ​មិន​ជ្រំ​ដី​ឡើយ គឺ​គ្រាន់តែ​សំអាត​ស្មៅ​ប៉ុណ្ណោះ ដើម្បីការពារ​ការ​ដា​ច់ឬស​​ស្ពៃ​ធ្វើឲ្យ​ស្ពៃ​ពន្យារ​ពេល​ក្ដោប​។​


​ការ​បណ្ដុះ​កូន​


​ដើម្បី​ធានា​ឲ្យ​កូន​ស្ពៃក្ដោប​ដុះ​លូតលាស់​ល្អ​គ្មាន​ជម្ងឺ និង​សត្វល្អិត​បំផ្លាញ​គេ​គួរតែ​ជ្រើសរើស កន្លែង​សំរាប់​សាប​កូន​ដែល​មាន​លក្ខខណ្ឌ​ដូចតទៅ​។ ដី​មាន​ជាតិ​នៅ​ក្បែរ​ប្រភពទឹក ឃ្លាតឆ្ងាយ ពី​ចំការ​ស្ពៃ​ឯ​ទៀត​​វាល​ស្រលះ​មាន​ពន្លឺ​គ្រប់គ្រាន់ ។ គេ​ត្រូវ​ភ្ជួរ ឬ​រៀប​ដី​នោះ​ឲ្យ​ផុស​ល្អ​រើសយក​ស្មៅ​ចេញ ហាល​ដី​ឲ្យ​ស្ងួត​វាយ​បំបែក​ដី​ឲ្យ​ម៉ត់​ល្អ ហើយ​បាច​កំបោរ​ស​ចំនួន​២៥០​ក្រាម លើ​ផ្ទៃដី ក្រោយ​មក​លើ​ករង​ឲ្យបាន​ខ្ពស់​គឺ​ទទឹង​១​ម បណ្ដោយ ១៥ ទៅ​២០​សង់ទីម៉ែត្រ​ត្រូវយក​ជី ចំនួន​១៥០​ក្រាម ទៅ​បាច​ពី​លើ​ហើយ​រាស់​លុប​ជី​នោះ​ឲ្យ​កប់​ទៅ​ក្នុង​ដី​(​ហាម​ប្រើ ជីលា​មក​សត្វ​ស្រស់ ​) ក្រោយមក​ទៀត​យក​ថ្នាំ​ប្រភេទ Furadan ២០​ក្រាម និង ប្រភេទ​ថ្នាំ​ផ្សិត​ឈ្មោះ Mancozeb  ចំនួន​១៥​ក្រាម ទៅ​បាច​លើ​ថ្នាល​នោះ ទើប​សាប​គ្រាប់​ស្ពៃ​ទៅក្នុង​ថ្នាល​ដោយ​ប្រើ​ទំងន់​គ្រាប់​ចំនួន ៧ ទៅ ១០​ក្រាម ទៅលើ​ដី ។ ក្រោយ​ពី​សាប ហើយ​ត្រូវ​យក​កំទេច​ចំបើង​ស្ងួត​កាត់​ឲ្យ​ខ្លីៗ​ដាក់​ពីលើ​ឲ្យ​ក្រាស់​ល្មម​ហើយ​ស្រោច​ទឹក​ឲ្យ​ជោគ ទើប​គ្រប​គំរប​ពីលើ ស្រោច​ទឹក​ពីរ​ដង​ក្នុង​មួយថ្ងៃ ស្រោច​ពេលព្រឹក​និង​ពេល​ល្ងាច រយៈពេល​ពីរ​ថ្ងៃ ក្រោយ​សាប​​ត្រូវ​បើក​គំរប​ទាំងនោះ​ចេញ ហើយ​គ្រប​សំណាញ់​ពណ៌​ខ្មៅ​ក្រលា​ញឹក​ឲ្យ​ជិត​ការពារ​កុំឲ្យ​ពពួក​សត្វល្អិត​ចូល​បំផ្លាញ ។ ក្រោយ​មក​ពេល កូន​ស្ពៃ​អាយុ​១៨ ទៅ ២០​ថ្ងៃ គេ​ស្រោច​ជី​បំប៉ន់​ដោយ​ប្រើ​ប្រភេទ​​Urea ចំនួន​១ ស្លាបព្រា​បាយ​ទៅ​លាយ​ទឹក ១៥ ទៅ ២០​លីត្រ បន្ទាប់​មក​ស្រោច​ទឹក​ធម្មតា ។ អនុវត្ត​ន៏​តាម​វិធី​នេះ​រយៈពេល ២៥ ទៅ ២៨ ថ្ងៃ គេ​អាច​ដក​កូន​ស្ពៃក្ដោប​យក​ទៅ​ដាំ ប៉ុន្តែ​មុន​នឹង​យក​ទៅ​រយៈពេល ២ ថ្ងៃ​គេ​ផ្អាក​ការ ស្រោច​ទឹក​ដើម្បី​ឲ្យ​កូន​ស្ពៃ​ធន់​ទ្រាំ និង ការ កង្វះ​ទឹក និង​ធន់​នឹង​កំដៅថ្ងៃ ដល់​ពេល​រៀប​ដក​ត្រូវ​ទឹក​ឲ្យ​ជោគ ទើប​គេ​ដក​កូន​យក​ទៅ​ដាំ គឺ​វា មាន​សន្លឹក​៣​ទៅ​៤ សន្លឹក កំពស់ ៨​ទៅ​១០​ស​.​ម​។ ចំពោះ​វិធី​ផ្សាំ​កូន​វិញ គេ​ដក​កូន​ស្ពៃ​មាន អាយុ ១៤​ទៅ​១៦​ថ្ងៃ មាន​សន្លឹក ២ គឺ​គេ​ផ្សាំ​ក្នុង​កន្ទោង ឬ ស្បោង​កៅស៊ូ​ដោយ​ក្នុង​នោះ​មាន លាយ​ជី​ផេះ​អង្កាម និង​ជីធម្មជាតិ​ផុស​ល្អ ក្រោយ​ពី​ផ្សាំ​ក្នុង​កន្ទោង ហើយ​ស្រោច​ទឹក​ឲ្យ​ជោគ និង​គ្រប​ពេល​ថ្ងៃ​រយៈពេល​២ ថ្ងៃ ទើប​លែង​គ្រប គឺ​បើកចំហ​ទាំងយប់ ទាំង​ថ្ងៃ លើកលែងតែ ពេល​ភ្លៀង​ទើប​គ្រប​គំរប​ការពារ​ពីលើ​។ ក្រោយ​ពី​ផ្សាំ​រយៈ​១០ ទៅ ១២​ថ្ងៃ អាច​ដាំ​បាន​។​


​ការដាំ​ស្ពៃក្ដោប​


​ដើម្បី​ឲ្យ​ការដាំដុះ​ដំណាំ​ស្ពៃក្ដោប​បានល្អ ដំបូង​យើង​ត្រូវ​លើក​រង​ជាមុនសិន​។ គេ​លើ​ករង​ឲ្យ បាន​កំពស់​ពី​១៥ ទៅ ២០​សង់ទីម៉ែត្រ ទទឹង​១០០​សង់ទីម៉ែត្រ បណ្ដោយ ១០ ទៅ ១៥​មែត្រ ក្នុងករណី​ដី​មាន​ជំរាល ។ កូន​ស្ពៃក្ដោប មុន​នឹង​យក​ទៅ​ដាំ​ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​។​គេ​បន្ត​ការ​ស្រោច​ទឹក​ក្នុង​១​ថ្ងៃ ៣​លើក​ព្រឹក ថ្ងៃត្រង់ និង​ល្ងាច រយៈ​២​ថ្ងៃ​។​


​ការ​ស្រោច​ទឹក​


​ដំណាំ​អំបូរ​ស្ពៃ​ត្រូវការ​ទឹក​ជាប្រចាំ ប៉ុន្តែ​វា​មិន​ត្រូវការ​សំណើម​ដី​ខ្ពស់​ពេក​នោះ​ទេ ។ គេ​ស្រោច​ទឹក​បាន​ច្រើន​វិធី គឺ​ស្រោច​ទឹក​ដោយ​ប៉ោត ពេលព្រឹក និង ល្ងាច ក្នុង​១​ថ្ងៃ យើង​ស្រោច​ទឹក ជា​មធ្យម​ពី​៧០ ទៅ ៨០ លីត្រ ។ ចំពោះ​ការ​ស្រោច​ទឹក​ដោយ ឧបករណ៏​ម៉ាស៊ីន​ទំនើប ១ ថ្ងៃ​គេ​បាញ់​ម្ដង ជាពិសេស នៅ​ពេល​ល្ងាច​ជា​ការល្អ​។


​ការប្រើប្រាស់​ជី​


​ដំណាំ​ស្ពៃក្ដោប​ត្រូវការ​ជី​យ៉ាងខ្លាំង ជាង​ដំណាំ​ស្ពៃ​ឯទៀត​។ ក្នុង​ដំណាំ​កាល​នៅ​តូច​វា​ត្រូវ ការ​ធាតុ​អា​សូត (N) ច្រើន​ដើម្បី​ដុះ​លូតលាស់​ទំហំ​ស្លឹក និង​ចំនួន​ស្លឹក​ព្រមទាំង​ពន្លូត ពិសេស គឺ​ដំណាំ​មាន​ពណ៌​បៃតងខ្ចី ។ ក្រោយ​ដាំ​រយៈពេល ៥ ទៅ ៧ ថ្ងៃ គេ​ស្រោច​ជីអ៊ុយរ៉េ ៤៦% ចំនួន ៤០ គីឡូក្រាម​ក្នុង លាយ​ជាមួយ​ទឹក ស្រោច​ជុំវិញ​គល់ ហើយ​ស្រោច​ទឹក​លាង​តាម ក្រោយ​ជា​ធម្មតា​។


​របៀប​ការពារ​ជំងឺ​


​ជាទូទៅ​ការដាំ​ស្ពៃក្ដោប​គេ​ប្រទះ​ឃើញ​ជម្ងឺផ្សិត ស្លឹក​រួញ ស្លឹក​ពណ៌​លឿង​ផ្នែក​ខាងក្រោម ហើយ​ទុំ​ជ្រុះ​ស្លឹក​ក្នុង​ទៀត ។ ជម្ងឺ​នេះ​រីក​រាលដាល​ពី​ដើម​១​ទៅ​ដើម​១ ដោយសារ​ទឹក​យ៉ាង​ឆាប់រហ័ស វា​ស្ថិត​នៅក្នុង​ជម្ងឺ​ផ្សិត គេ​ត្រូវ​ដក​ដើម​នោះ​ចេញ​ហើយ​ជ្រំដី​ហាល​ឲ្យ​ស្ងួតត្រង់​កន្លែង កើត និង បាច​កំបោរ​ទុកចោល​។
​ដោយឡែក​គេ​ក៏​សង្កេតឃើញ​មាន​ជម្ងឺ​រលួយ​ឬ​ស  ជំងឺ​នេះ​ធ្វើឲ្យ​លឿងស្លឹក ក្រោយមក​ដើម​ទាំងនោះ​ស្រពោន​ក្រោយមក​ឬ​ស ឡើង​ទន់​រលួយ​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ ធ្វើឱ្យ​ស្ពៃក្ដោប​មិន​អាច​លូតលាស់​បានឡើយ​ហើយ​វា​បំផ្លាញ គ្រប់​ដំណាក់កាល​លូតលាស់​។ របៀប​ការពារ​មានដូចជា


​ជម្ងឺ​ផ្សិត : បន្ត​យ​ការ​ស្រោច​ទឹក និង ស្រោច​ជី​អា​សូត ទុក​ដី​ឲ្យ​ស្ងួត ដក​ស្មៅ ឲ្យ ស្អាត​បាច កំបោរ​ត្រង់​កន្លែង​កើត និង​យក​ទឹក​ថ្នាំ​ផ្សិត ចំនួន ២០ ក្រាម លាយ​ទឹក ១៥​លីត្រ បាញ់​ការពារ​នៅពេល​ឃើញ​មាន សញ្ញា​លើ​ស្លឹក​មុនពេល​ជម្ងឺ​នេះ​រីក​រាលដាល​។​
​ជម្ងឺ​បាក់តេរី : បន្ថយ​ការ​ស្រោច​ទឹក ដក​ដើ​មណា​ដែល​កើត​ជម្ងឺ​ចេញ ប្ដូរ​មុខ​ដំណាំ​ផ្អាក ការដាំដុះ ដុត​សំលាប់​មេរោគ​ក្នុង​ដី​ថ្នាល​បណ្ដុះ​។​
​ក្រុម​ជម្ងឺ​វីរុស : បាញ់ថ្នាំ​សំលាប់​ពួក​ចៃ មមា​ច ទ្រី​ព ដក​ដើម​ទាំង​នោះ​ចោល​និង ជ្រើស រើស​ពូជ​ធន់​។​

 

ការពារ​​សត្វល្អិត​ចង្រៃ


​ដង្កូវ​យោលទោង : ដង្កូវ​ប្រភេទ​នេះ​តែងតែ​បំផ្លាញ​លើ​ប្រភេទ​ដំណាំ​អំបូរ ស្ពៃ​គ្រប់ ប្រភេទ​វា​មាន​អាយុកាល​ខ្លី​ពី​ពង​រហូតដល់​មេ​អំបៅ ចំនួន​តែ ១២ ទៅ ១៦ ថ្ងៃ ប៉ុណ្ដោះ វា​ស៊ី បក​ជាលិកា​រុក្ខជាតិ​ផ្នែក​ពី​ខាង​ក្រោម​ធ្វើឲ្យ​ស្ពៃក្ដោ​បលែង​ដុះ​លូតលាស់​បាន​។ ដើម្បី​ការពារ ដង្កូវ​ប្រភេទ​នេះ គឺ​គេ​ចាប់ផ្ដើម​ដាំ​នៅ​ចុង​រដូវភ្លៀង​ពិសេស​ពី​ខែ ១០ ទៅ ១១ ដើម្បី​ឲ្យ​ស្ពៃ ក្ដោប​ជាប់ ក្នុង​ខែ​១២ ជា​រដូវ​ដែល​ដង្កូវ​យោលទោង​បំផ្លាញ​​មិន​ធ្ងន់ធ្ងរ ។ ម្យ៉ាងទៀត​គេ​សាប កូន​ស្ពៃ​នៅក្នុង​ផ្ទះ​សំណាញ់ ការពារ​កូន​ស្ពៃ​មិនឲ្យ កូន​ស្ពៃ​មិនឲ្យ​មាន​ដង្កូវចូល​ស៊ី ធ្វើឲ្យ​ស្ពៃ អាច​លូតលាស់​លឿន​។
​ដង្កូវ​ហ្វូង​ឈ្មោះ : Spodoptera SP ដង្កូវ​នេះ តែងតែ​ស៊ី​បំផ្លាញ​ដំណាំ​ស្ពៃក្ដោប​គ្រប់ ដំណាក់កាល​លូតលាស់ ធ្វើឲ្យ​ស្ពៃក្ដោប​ត្រូវ​ខូចខាត​ទាំងស្រុង ។ លក្ខណៈពិសេស​របស់ វា​គឺ វា​ញាស់​ទាំង​ហ្វូងៗ ចាប់ពី​ពង​ទៅដល់ មេអំបៅ​មាន​អាយុ ៤២​ថ្ងៃ ការ​កំចាត់​មាន ប្រសិទ្ធិភាព​គឺ​ពេល​វា​ទើប​ញាស់​។​


​ការប្រមូល​ផល​


​ការប្រមូល​ផល​ត្រូវ​ធ្វើឡើង​ទៅ​តាម​ប្រភេទ​ពូជ ពូជ​ធ្ងន់​មាន​អាយុកាល ពី​៩០ ទៅ ១១០ ថ្ងៃ ក្រោយ​ដាំ ពូជ​កណ្ថាល​គឺ ៨០ ទៅ ៩០ ថ្ងៃ ពូជ​ស្រាល​ពី​៦៥ ទៅ ៧០ ថ្ងៃ ប៉ុន្ដែ​ការដាំ​នៅ ប្រទេស​កម្ពុជា សម​ស្រប​​គឺ ពូជ ៨០ ទៅ ៩០ ថ្ងៃ ។ មុនពេល ប្រមូល​ផល គេ​ផ្អាក​ការ​ស្រោច​ទឹក​រយៈពេល​៥​ថ្ងៃ ទៅ ៧ ថ្ងៃ ដើម្បី​ឲ្យ​ស្ពៃក្ដោ​បរឹត​ណែន​។ គេ​កាត់ ដោយ​កាត់​ដោយ​រក្សា​សន្លឹក​ខៀវ ពទ្ធ័ជុំវិញ​ក្ដោប​ចំនួន ៣ ទៅ ៤ សន្លឹក ដើម្បី​រក្សា​ទុក​បាន​យូរ និង ធានា​ការដឹកជញ្ជូន​ទៅកាន់​កន្លែង​ឆ្ងាយ ៕ (ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត