ស្ពៃក្ដោបជាដំណាំមួយប្រភេទ ដែលមានប្រភពកំណើតមកពីទ្វីបអឺរ៉ុប។ ទោះបីប្រភេទស្ពៃក្ដោបនេះ មានប្រភពពីអ៊ឺរ៉ុបក៏ដោយ ប្រទេសកម្ពុជាយើង បានយកពូជស្ពៃក្ដោបមកដាំ ដើម្បីបំពេញតំរូវការទីផ្សារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។ ស្ពៃក្ដោបជាទូទៅមានពូជ៣ ប្រភេទ ដូចជា ពូជស្លឹកពណ៌ស្វាយ ពូជស្លឹកពណ៌ស និងពូជស្លឹកពណ៌ក្រហម។ ចង់ដឹងថាតើរបៀបនៃការដាំស្ពៃក្ដោបនោះយ៉ាងណា ជាបន្តសូមស្ដាប់នាទីកសិកម្មរៀបចំដោយលាង ធីតាដូចតទៅ៖
ជាការពិតណាស់ស្ពៃក្ដោប ជាដំណាំមួយប្រភេទ ដែលមានប្រភពកំណើតមកពីទ្វីបអឺរ៉ុប។ ប៉ុន្តែបច្ចុប្បន្នប្រជាកសិករភាគច្រើនបានយកពូជនេះមកដាំជាបន្តបន្ទាប់ ដើម្បីបំពេញតំរូវទីផ្សានៅក្នុងប្រទេសកម្ពុជា ។ ស្ពៃក្តោបក៏អាចចាត់ទុកថា ជាដំណាំមួយប្រភេទមានតម្លៃថ្លៃគួរសមដែរ។ ដោយឡែកចំពោះរបៀបនៃការដាំស្ពៃក្ដោប គឺមានលក្ខណៈងាយស្រួលរួមមាន ៖
ការជ្រើសរើសរដូវដាំស្ពៃក្ដោប
ការជ្រើសរើសរដូវមានសារៈសំខាន់ណាស់នៅក្នុងការដាំដំណាំ ។ រដូវទាក់ទងនឹង សីតុណ្ហភាព ភ្លៀង សំណើម បរិយាកាស ជម្ងឺ និង សត្វល្អិត ។ ដំណាំស្ពៃក្ដោបគេតែងតែដាំនៅរដូវត្រជាក់ ។ នៅប្រទេសកម្ពុជាយើងគេអនុវត្តន៏ពី ខែ តុលា ដល់ ខែ កម្ភៈ ចន្លោះ ពេលនេះសីតុណ្ហភាពត្រជាក់ ពេលថ្ងៃ ចំណាំងរបស់ពន្លឺសមស្រប សត្វល្អិត និង ជម្ងឺមិនមាន ការរាតត្បាតខ្លាំង។
ការរៀបចំដី
ដំណាំស្ពៃក្ដោប ជាប្រភេទដំណាំមួយត្រូវការដុះលូតលាស់លើប្រភេទដីធូរស្រទាប់ដាំដុះជ្រៅសំបូរ ទៅដោយជាតិមមោកព្រមទាំងសំបូរទៅដោយសារធាតុចិញ្ចឹមផ្សេងៗទៀត ។ ដំណាំនេះ គេរៀបចំដីដោយប្រើត្រាក់ទ័រ គោយន្ដ ។ មុននឹងរាស់ គេភ្ជួរទុកដីឲ្យស្ងួត ស្រស់ទឹក ហើយប្រមូលយកស្មៅ ឬកាកសំណល់ចេញពីដីឲ្យស្អាត ទើបគេភ្ជួរលើកទ១ ។ ក្រោយពីភ្ជួរហើយគេត្រូវហាលដីនោះ រយៈពេល២ ទៅ៣ថ្ងៃ រាស់បំបែកដីឲ្យល្អិត ទើបភ្ជួរប្រែដីលើកទី២ ក្រោយពីភ្ជួរហើយត្រូវ ហាលដីនោះឲ្យស្ងួតល្អ ដើម្បីឲ្យស្មៅ ឬ សត្វចង្រៃងាប់ ប៉ុន្តែចំពោះដីកង្វះជាតិកំបោរ គេបាចកំបោរចំនួន២៥០ ទៅ ៣៥០ គីឡូក្រាមក្មុងមួយហិចតា ។ គេភ្ជួរនឹងរាស់ ចំនួន២ ទៅ៣ លើក ឲ្យល្អិតធានាមានបន្ទុកខ្យល់គ្រប់គ្រាន់ និងឲ្យទឹកជ្រាបបានល្អរក្សា សំណើមដីបានយូរ ។
ការជ្រំដី
ការជ្រំជ្រួយដីពូនគល់ មានគោលបំណងយ៉ាងសំខាន់គឺ ធ្វើឲ្យដីធូរខ្យល់ចេញចូលព្រម ទាំងរក្សាសំណើមបានយូរ ការជ្រោបទឹកបានរហ័សបន្ថយការដុះស្មៅ។ មុនពេលជ្រំដី គេត្រូវផ្អាកការស្រោចទឹកចំនួន១ ថ្ងៃមុន ហើយជ្រំជ្រួយដីឲ្យផុស និងបន្ទាប់មកហាលដី នោះមួយថ្ងៃទៀតដើម្បីឲ្យស្មៅងាប់ ក្រោយមកទើបគេស្រោចទឹកឲ្យជោគខ្លាំង ។ ការជ្រំដីគេធ្វើឡើងជា ២លើក គឺលើកទី ១ចំនួន ១០ ទៅ ១៥ ថ្ងៃ ក្រោយដាំនិង លើកទី២ គឺ៣៥ ទៅ ៤០ ថ្ងៃ ក្រោយមកទៀតគេមិនជ្រំដីឡើយ គឺគ្រាន់តែសំអាតស្មៅប៉ុណ្ណោះ ដើម្បីការពារការដាច់ឬសស្ពៃធ្វើឲ្យស្ពៃពន្យារពេលក្ដោប។
ការបណ្ដុះកូន
ដើម្បីធានាឲ្យកូនស្ពៃក្ដោបដុះលូតលាស់ល្អគ្មានជម្ងឺ និងសត្វល្អិតបំផ្លាញគេគួរតែជ្រើសរើស កន្លែងសំរាប់សាបកូនដែលមានលក្ខខណ្ឌដូចតទៅ។ ដីមានជាតិនៅក្បែរប្រភពទឹក ឃ្លាតឆ្ងាយ ពីចំការស្ពៃឯទៀតវាលស្រលះមានពន្លឺគ្រប់គ្រាន់ ។ គេត្រូវភ្ជួរ ឬរៀបដីនោះឲ្យផុសល្អរើសយកស្មៅចេញ ហាលដីឲ្យស្ងួតវាយបំបែកដីឲ្យម៉ត់ល្អ ហើយបាចកំបោរសចំនួន២៥០ក្រាម លើផ្ទៃដី ក្រោយមកលើករងឲ្យបានខ្ពស់គឺទទឹង១ម បណ្ដោយ ១៥ ទៅ២០សង់ទីម៉ែត្រត្រូវយកជី ចំនួន១៥០ក្រាម ទៅបាចពីលើហើយរាស់លុបជីនោះឲ្យកប់ទៅក្នុងដី(ហាមប្រើ ជីលាមកសត្វស្រស់ ) ក្រោយមកទៀតយកថ្នាំប្រភេទ Furadan ២០ក្រាម និង ប្រភេទថ្នាំផ្សិតឈ្មោះ Mancozeb ចំនួន១៥ក្រាម ទៅបាចលើថ្នាលនោះ ទើបសាបគ្រាប់ស្ពៃទៅក្នុងថ្នាលដោយប្រើទំងន់គ្រាប់ចំនួន ៧ ទៅ ១០ក្រាម ទៅលើដី ។ ក្រោយពីសាប ហើយត្រូវយកកំទេចចំបើងស្ងួតកាត់ឲ្យខ្លីៗដាក់ពីលើឲ្យក្រាស់ល្មមហើយស្រោចទឹកឲ្យជោគ ទើបគ្របគំរបពីលើ ស្រោចទឹកពីរដងក្នុងមួយថ្ងៃ ស្រោចពេលព្រឹកនិងពេលល្ងាច រយៈពេលពីរថ្ងៃ ក្រោយសាបត្រូវបើកគំរបទាំងនោះចេញ ហើយគ្របសំណាញ់ពណ៌ខ្មៅក្រលាញឹកឲ្យជិតការពារកុំឲ្យពពួកសត្វល្អិតចូលបំផ្លាញ ។ ក្រោយមកពេល កូនស្ពៃអាយុ១៨ ទៅ ២០ថ្ងៃ គេស្រោចជីបំប៉ន់ដោយប្រើប្រភេទUrea ចំនួន១ ស្លាបព្រាបាយទៅលាយទឹក ១៥ ទៅ ២០លីត្រ បន្ទាប់មកស្រោចទឹកធម្មតា ។ អនុវត្តន៏តាមវិធីនេះរយៈពេល ២៥ ទៅ ២៨ ថ្ងៃ គេអាចដកកូនស្ពៃក្ដោបយកទៅដាំ ប៉ុន្តែមុននឹងយកទៅរយៈពេល ២ ថ្ងៃគេផ្អាកការ ស្រោចទឹកដើម្បីឲ្យកូនស្ពៃធន់ទ្រាំ និង ការ កង្វះទឹក និងធន់នឹងកំដៅថ្ងៃ ដល់ពេលរៀបដកត្រូវទឹកឲ្យជោគ ទើបគេដកកូនយកទៅដាំ គឺវា មានសន្លឹក៣ទៅ៤ សន្លឹក កំពស់ ៨ទៅ១០ស.ម។ ចំពោះវិធីផ្សាំកូនវិញ គេដកកូនស្ពៃមាន អាយុ ១៤ទៅ១៦ថ្ងៃ មានសន្លឹក ២ គឺគេផ្សាំក្នុងកន្ទោង ឬ ស្បោងកៅស៊ូដោយក្នុងនោះមាន លាយជីផេះអង្កាម និងជីធម្មជាតិផុសល្អ ក្រោយពីផ្សាំក្នុងកន្ទោង ហើយស្រោចទឹកឲ្យជោគ និងគ្របពេលថ្ងៃរយៈពេល២ ថ្ងៃ ទើបលែងគ្រប គឺបើកចំហទាំងយប់ ទាំងថ្ងៃ លើកលែងតែ ពេលភ្លៀងទើបគ្របគំរបការពារពីលើ។ ក្រោយពីផ្សាំរយៈ១០ ទៅ ១២ថ្ងៃ អាចដាំបាន។
ការដាំស្ពៃក្ដោប
ដើម្បីឲ្យការដាំដុះដំណាំស្ពៃក្ដោបបានល្អ ដំបូងយើងត្រូវលើករងជាមុនសិន។ គេលើករងឲ្យ បានកំពស់ពី១៥ ទៅ ២០សង់ទីម៉ែត្រ ទទឹង១០០សង់ទីម៉ែត្រ បណ្ដោយ ១០ ទៅ ១៥មែត្រ ក្នុងករណីដីមានជំរាល ។ កូនស្ពៃក្ដោប មុននឹងយកទៅដាំត្រូវស្រោចទឹកឲ្យជោគ។គេបន្តការស្រោចទឹកក្នុង១ថ្ងៃ ៣លើកព្រឹក ថ្ងៃត្រង់ និងល្ងាច រយៈ២ថ្ងៃ។
ការស្រោចទឹក
ដំណាំអំបូរស្ពៃត្រូវការទឹកជាប្រចាំ ប៉ុន្តែវាមិនត្រូវការសំណើមដីខ្ពស់ពេកនោះទេ ។ គេស្រោចទឹកបានច្រើនវិធី គឺស្រោចទឹកដោយប៉ោត ពេលព្រឹក និង ល្ងាច ក្នុង១ថ្ងៃ យើងស្រោចទឹក ជាមធ្យមពី៧០ ទៅ ៨០ លីត្រ ។ ចំពោះការស្រោចទឹកដោយ ឧបករណ៏ម៉ាស៊ីនទំនើប ១ ថ្ងៃគេបាញ់ម្ដង ជាពិសេស នៅពេលល្ងាចជាការល្អ។
ការប្រើប្រាស់ជី
ដំណាំស្ពៃក្ដោបត្រូវការជីយ៉ាងខ្លាំង ជាងដំណាំស្ពៃឯទៀត។ ក្នុងដំណាំកាលនៅតូចវាត្រូវ ការធាតុអាសូត (N) ច្រើនដើម្បីដុះលូតលាស់ទំហំស្លឹក និងចំនួនស្លឹកព្រមទាំងពន្លូត ពិសេស គឺដំណាំមានពណ៌បៃតងខ្ចី ។ ក្រោយដាំរយៈពេល ៥ ទៅ ៧ ថ្ងៃ គេស្រោចជីអ៊ុយរ៉េ ៤៦% ចំនួន ៤០ គីឡូក្រាមក្នុង លាយជាមួយទឹក ស្រោចជុំវិញគល់ ហើយស្រោចទឹកលាងតាម ក្រោយជាធម្មតា។
របៀបការពារជំងឺ
ជាទូទៅការដាំស្ពៃក្ដោបគេប្រទះឃើញជម្ងឺផ្សិត ស្លឹករួញ ស្លឹកពណ៌លឿងផ្នែកខាងក្រោម ហើយទុំជ្រុះស្លឹកក្នុងទៀត ។ ជម្ងឺនេះរីករាលដាលពីដើម១ទៅដើម១ ដោយសារទឹកយ៉ាងឆាប់រហ័ស វាស្ថិតនៅក្នុងជម្ងឺផ្សិត គេត្រូវដកដើមនោះចេញហើយជ្រំដីហាលឲ្យស្ងួតត្រង់កន្លែង កើត និង បាចកំបោរទុកចោល។
ដោយឡែកគេក៏សង្កេតឃើញមានជម្ងឺរលួយឬស ជំងឺនេះធ្វើឲ្យលឿងស្លឹក ក្រោយមកដើមទាំងនោះស្រពោនក្រោយមកឬស ឡើងទន់រលួយប្រែពណ៌ទៅជាខ្មៅ ធ្វើឱ្យស្ពៃក្ដោបមិនអាចលូតលាស់បានឡើយហើយវាបំផ្លាញ គ្រប់ដំណាក់កាលលូតលាស់។ របៀបការពារមានដូចជា
ជម្ងឺផ្សិត : បន្តយការស្រោចទឹក និង ស្រោចជីអាសូត ទុកដីឲ្យស្ងួត ដកស្មៅ ឲ្យ ស្អាតបាច កំបោរត្រង់កន្លែងកើត និងយកទឹកថ្នាំផ្សិត ចំនួន ២០ ក្រាម លាយទឹក ១៥លីត្រ បាញ់ការពារនៅពេលឃើញមាន សញ្ញាលើស្លឹកមុនពេលជម្ងឺនេះរីករាលដាល។
ជម្ងឺបាក់តេរី : បន្ថយការស្រោចទឹក ដកដើមណាដែលកើតជម្ងឺចេញ ប្ដូរមុខដំណាំផ្អាក ការដាំដុះ ដុតសំលាប់មេរោគក្នុងដីថ្នាលបណ្ដុះ។
ក្រុមជម្ងឺវីរុស : បាញ់ថ្នាំសំលាប់ពួកចៃ មមាច ទ្រីព ដកដើមទាំងនោះចោលនិង ជ្រើស រើសពូជធន់។
ការពារសត្វល្អិតចង្រៃ
ដង្កូវយោលទោង : ដង្កូវប្រភេទនេះតែងតែបំផ្លាញលើប្រភេទដំណាំអំបូរ ស្ពៃគ្រប់ ប្រភេទវាមានអាយុកាលខ្លីពីពងរហូតដល់មេអំបៅ ចំនួនតែ ១២ ទៅ ១៦ ថ្ងៃ ប៉ុណ្ដោះ វាស៊ី បកជាលិការុក្ខជាតិផ្នែកពីខាងក្រោមធ្វើឲ្យស្ពៃក្ដោបលែងដុះលូតលាស់បាន។ ដើម្បីការពារ ដង្កូវប្រភេទនេះ គឺគេចាប់ផ្ដើមដាំនៅចុងរដូវភ្លៀងពិសេសពីខែ ១០ ទៅ ១១ ដើម្បីឲ្យស្ពៃ ក្ដោបជាប់ ក្នុងខែ១២ ជារដូវដែលដង្កូវយោលទោងបំផ្លាញមិនធ្ងន់ធ្ងរ ។ ម្យ៉ាងទៀតគេសាប កូនស្ពៃនៅក្នុងផ្ទះសំណាញ់ ការពារកូនស្ពៃមិនឲ្យ កូនស្ពៃមិនឲ្យមានដង្កូវចូលស៊ី ធ្វើឲ្យស្ពៃ អាចលូតលាស់លឿន។
ដង្កូវហ្វូងឈ្មោះ : Spodoptera SP ដង្កូវនេះ តែងតែស៊ីបំផ្លាញដំណាំស្ពៃក្ដោបគ្រប់ ដំណាក់កាលលូតលាស់ ធ្វើឲ្យស្ពៃក្ដោបត្រូវខូចខាតទាំងស្រុង ។ លក្ខណៈពិសេសរបស់ វាគឺ វាញាស់ទាំងហ្វូងៗ ចាប់ពីពងទៅដល់ មេអំបៅមានអាយុ ៤២ថ្ងៃ ការកំចាត់មាន ប្រសិទ្ធិភាពគឺពេលវាទើបញាស់។
ការប្រមូលផល
ការប្រមូលផលត្រូវធ្វើឡើងទៅតាមប្រភេទពូជ ពូជធ្ងន់មានអាយុកាល ពី៩០ ទៅ ១១០ ថ្ងៃ ក្រោយដាំ ពូជកណ្ថាលគឺ ៨០ ទៅ ៩០ ថ្ងៃ ពូជស្រាលពី៦៥ ទៅ ៧០ ថ្ងៃ ប៉ុន្ដែការដាំនៅ ប្រទេសកម្ពុជា សមស្របគឺ ពូជ ៨០ ទៅ ៩០ ថ្ងៃ ។ មុនពេល ប្រមូលផល គេផ្អាកការស្រោចទឹករយៈពេល៥ថ្ងៃ ទៅ ៧ ថ្ងៃ ដើម្បីឲ្យស្ពៃក្ដោបរឹតណែន។ គេកាត់ ដោយកាត់ដោយរក្សាសន្លឹកខៀវ ពទ្ធ័ជុំវិញក្ដោបចំនួន ៣ ទៅ ៤ សន្លឹក ដើម្បីរក្សាទុកបានយូរ និង ធានាការដឹកជញ្ជូនទៅកាន់កន្លែងឆ្ងាយ ៕ (ដោយ៖លាង ធីតា)