ហេតុអ្វី​កូរ៉េ​ខាងជើង​ប្រើ​ឥរិយាបថ​ទន់ភ្លន់​សុំជួប​ចរចា​ជាមួយ​អាមេរិក?

15-01-2015 4:28 pm 3641

នៅក្នុងនាទីព្រឹត្ដិការណ៍អន្ដរជាតិថ្ងៃនេះ យើងមានកិច្ចសន្ទនារវាងអ៊ុន សុខឡាជាមួយពេញ ផេង ទាក់ទងនឹងការបើកឱកាស​របស់កូរ៉េខាង​ជើង ​អនុញ្ញាតឱ្យមានកិច្ចជំនួបដោយ​ផ្ទាល់​ជាមួយអាមេរិក។ កូរ៉េខាងជើងនិង​អាមេរិក ជាប្រទេសដែលកំពុងតែ​មើល​មុខគ្នាមិនចំដោយសារ​សកម្មភាពនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។​ ប៉ុន្ដែថ្មីៗនេះ កូរ៉េខាងជើងបែរជា​បន្ទាប​ខ្លួន​បន្ទន់​ឥរិយាបថ សុំជួបចរចា​​ដោយ​ផ្ទាល់ជាមួយអាមេរិក​ទៅវិញ។ តើដើមចមអ្វីខ្លះដែលជំរុញឱ្យកូរ៉េខាងជើង ដែលធ្លាប់​តែ​រឹងទទឹង​ជាមួយ​អាមេរិក​ធ្វើបែបនេះ? តើអាមេរិកឆ្លើយតបបែបណាទៅកូរ៉េខាងជើងវិញ?


ដើម្បីជ្រាបពីព័ត៌មាននេះបន្ថែម ជាបន្ដសូមប្រិយមិត្ដស្ដាប់កិច្ចសន្ទនារវាងអ៊ុន សុខឡាជាមួយពេញ ផេងនៅក្នុងនាទី​ព្រឹត្ដិការណ៍​អន្ដរជាតិដូចតទៅ៖


សំឡេងកិច្ចសន្ទនា៖


ឃើញថាកាល​​ពីថ្ងៃទី១៣មករានេះ ប្រទេសកូរ៉េខាងជើង​បានប្រកាស​ផ្ដល់ឱកាស បើកឱ្យមាន​កិច្ចចរចាដោយ​ផ្ទាល់​មួយអាមេរិក។ ការប្រកាសរបស់កូរ៉េខាង​ជើងបែបនេះ អាចនិយាយ​បានថាជារឿង​គួរឱ្យភ្ញាក់​ផ្អើល​​សម្រាប់អាមេរិក ហើយក៏ភ្ញាក់ផ្អើល​ផងដែរសម្រាប់​ពិភពលោក។ ​ភ្ញាក់ផ្អើលនោះ​ត្រង់ថា បច្ចុប្បន្នប្រទេស​ទាំងពីរ​គ្មានទំនាក់​ទំនង​ការទូត​ជាមួយគ្នាទេ ហើយថែមទាំង​មើលមុខ​គ្នា​​មិន​ត្រង់ទៀត។  ដូច្នេះតើហេតុអ្វី​បានជា​កូរ៉េខាងជើងបន្ទាប​ខ្លួនស្វែងរកកិច្ចចរចា​ជាមួយអាមេរិកបែបនេះ​ ដោយសព្វមួយដងតែងតែ​រឹងទទឹងនោះ ?


ទាក់ទងនឹងបញ្ហារវាងអាមេរិកជាមួយកូរ៉េខាងជើងនេះ គឺបានកើតឡើងជាយូរណាស់មក ហើយ មិនមែនទើបតែបច្ចុប្បន្ននេះទេ។ ខ្ញុំសូមរម្លឹកបន្ដិចទាក់ទងនឹងរឿរ៉ាវដ៏ចម្រូងចម្រាស់ រវាងភាគីទាំងពីរ មុនឆ្លើយសំណួរ​សុខឡា។ អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ ដែលអាមេរិកមានភាពល្អក់កករជាមួយកូរ៉េខាងជើង ទាក់ទងនឹងចំណងការទូត គឺចាប់តាំងពីសង្គ្រាមបែងចែកទឹក​ដីកូរ៉េឆ្នាំ​១៩៥០-១៩៥៣ អាមេរិកនិងកូរ៉េខាងជើងចាប់ផ្ដើម​មើលមុខគ្នាលែងចំហើយ​ចំណងការទូត​ក៏ត្រូវកាត់ផ្ដាច់ដែរ។


សួរថាហេតុអ្វីបានជា​ប្រទេសមើលមុខ​គ្នាមិនចំ ជាពិសេសគឺកូរ៉េខាង​ជើងដែលតែងតែមាន ជំហររឹងទទឹង​ជាមួយអាមេរិក ចង់ជួបចរចា​ជាមួយអាមេរិក? មុននឹងកូរ៉េខាង​ជើង​ប្រកាសបែបនេះ កូរ៉េខាង​ជើងបានគិត​មុនរួចជាស្រេច​ពីមហិច្ឆតា​ដែលខ្លួន​ចង់បាន។ នៅក្នុងសារ មួយដែល​កូរ៉េខាងជើងបាន​បញ្ជូនទៅ​អាមេរិក កូរ៉េខាងជើង​បានបញ្ជាក់ថា ខ្លួននឹងផ្អាក សកម្មភាពនុយក្លេអ៊ែរ​របស់ខ្លួន ប្រសិន​​បើអាមេរិកបោះបង់​ចោលជាបណ្ដោះអាសន្ន​នូវ សកម្មភាពធ្វើសមយុទ្ធ​ជាមួយកូរ៉េខាងត្បូង។ ក្នុងន័យនេះ យើងអាចដឹងបានថា គោលដៅដែលកូរ៉េខាងជើង​ចង់ជួបចរចាជាមួយអាមេរិក គឺដើម្បីស្នើ​ឱ្យអាមេរិកផ្អាកសកម្មភាពសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង។


ត្បិតកូរ៉េខាងជើងបានអះអាងថា និងពិភាក្សាផងដែរពីការរកយុទ្ធសាស្ដ្រធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​នៅលើឧបទ្វីបកូរ៉េក៏ដោយ ប៉ុន្ដែអ្វីដែលសំខាន់នេះ​គឺកូរ៉េខាងជើងចង់ឱ្យ​អាមេរិកងាក​​ចេញពីកូរ៉េខាងត្បូង​ពោលគឺដកខ្លួន​ចេញពីឧបទ្វីបកូរ៉េតែម្ដង។ជាថ្នូរនឹងសំណូមពរនេះកូរ៉េខាងជើង​ហានលះ​បង់សកម្មភាព​នុយក្លេអ៊ែររបស់ខ្លួន ដែលជាអាវុធ​ដ៏សំខាន់សម្រាប់​គំរាមដល់ពិភពលោក ​ជាពិសេសគឺអាមេរិក​​ដែល​តែងតែ​ចង់ផ្ដួលរំលំខ្លួន ដោយសារបញ្ហានុយក្លេអ៊ែរនោះ។


ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងនេះដែរ តើកូរ៉េខាងជើងនឹងអាមេរិកធ្លាប់បានពិភាក្សាគ្នាដោះស្រាយដែរឬទេពីមុនមក?


បញ្ហានុយក្លេអ៊ែរនេះ គឺកូរ៉េខាងជើងនិងអាមេរិករួមទាំងសម្ព័ន្ធមិត្ដអន្ដរជាតិពាក់ព័ន្ធដទៃទៀត បានរកវិធីសាស្ដ្រដោះស្រាយខ្លាំងក្លាតាំងពីឆ្នាំ១៩៨៥មកម្លេះ ព្រោះខ្លាចកម្មវិធីនុយក្លេអ៊ែរ​របស់កូរ៉េខាង​ជើង គំរាមកំហែង​ដល់សន្ដិសុខ​ពិភពលោក។អាមេរិកក៏ធ្លាប់ប្រើគោល​នយោបាយ​ឱ្យកូរ៉េខាងជើង ផ្អាកសកម្មភាព​នុយក្លេអ៊ែរ​និងបោះបង់រាល់​សកម្មភាពពាក់ព័ន្ធអាវុធ​នុយក្លេអ៊ែរទាំងអស់។ ​ប៉ុន្ដែវិធី​សាស្ដ្រដោះស្រាយ​ រួមទាំងកិច្ចព្រមព្រៀង​មួយចំនួនត្រូវបាន​បរាជ័យជាបន្ដបន្ទាប់​ រហូតដល់កូរ៉េខាងជើង​ប្រកាសថា​នឹងឈប់ងាករក​កិច្ចចរចាតទៅទៀតហើយ។ ប៉ុន្ដែថ្មីៗនេះ ដោយសារតែ​កូរ៉េខាង​ជើងចង់ឱ្យអាមេរិក​បញ្ឈប់​សកម្មភាពធ្វើសកម្មយុទ្ធ​ជាមួយកូរ៉េខាងត្បូង ទើបសុំជួបអាមេរិកបែបនេះ។


តើហេតុអ្វីបានជាកូរ៉េខាងជើង ចង់ឱ្យអាមេរិកបញ្ឈប់ការធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង?


កន្លងមកកូរ៉េខាងជើងធ្លាប់បានចោទ​ប្រកាន់ចំពោះសកម្មភាពធ្វើ​សមយុទ្ធរវាង​កូរ៉េខាងត្បូងនិង​អាមេរិកថា ជាការបង្កហេតុ និងចង់ពង្រឹងសមត្ថភាពទ័ព ដើម្បីវាយឆ្នក់កូរ៉េខាងជើង។ សកម្មភាព​ចង់​វាយឆ្នក់នេះ ដោយខឹង​កូរ៉េខាង​ជើងមិន​ព្រមជម្រុះចោលសកម្មភាពនុយក្លេអ៊ែរ ដែលអាចគំរាមកំហែងដល់កូរ៉េខាងត្បូង ព្រោះប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា។ មួយទៀត ដោយសារកូរ៉េ​ខាងជើងរឹងទទឹង​មិន​ព្រមចរចាជា​មួយកូរ៉េខាងត្បូង លើបញ្ហាស្នូលមួយចំនួន ជាក់ស្ដែងដូចជាការប្រារព្ធព្រឹត្ដិការណ៍ជួបជុំសាច់ញាតិ ដែលបែកបាក់ដោយសារសង្គ្រាមបែងចែកទឹកដីកូរ៉េជាដើម។


ដូច្នេះក្នុងករណីដែលកូរ៉េខាងត្បូងមានអាមេរិកនៅពីក្រោយ នោះកូរ៉េខាងជើងនៅតែព្រួយបារម្ភ ព្រោះខ្លាចកូរ៉េខាងត្បូងបង្កើតផែនការជាមួយអាមេរិក វាយប្រហារនិងដាក់សម្ពាធលើខ្លួន។ ម្យ៉ាង​វិញទៀតកូរ៉េ​ខាងជើង​ក៏ពិបាក​គំរាមកូរ៉េខាងត្បូងដែរ ដោយសារមានអាមេរិកជាខែល។ ហេតុនេះហើយទើបកូរ៉េខាងជើងចង់ឱ្យអាមេរិកបញ្ឈប់សកម្មភាពសមយុទ្ធជាមួយកូរ៉េខាងត្បូង។


យើង​ងាក​ចាប់អារម្មណ៍ពីមូលហេតុ ដែលកូរ៉េខាងជើងចង់ជួបចរចាជាមួយអាមេរិកវិញ តើអាមេរិកដឹងពីចេតនានេះដែរឬទេ ហើយអាមេរិកឆ្លើយតបយ៉ាងណាដែរចំពោះសំណើរបស់កូរ៉េខាងជើង?


អាមេរិក​បានដឹងរួច​ទៅហើយ និងបានបដិសេធថាខ្លួនមិនអាចធ្វើតាមការស្នើសុំរបស់កូរ៉េខាងជើងបានទេ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី អាមេរិកបានបញ្ជាក់ជំហរថា ខ្លួននឹងបើកទ្វារជានិច្ចដើម្បី​ជួបចរចា​ជាមួយកូរ៉េខាងជើង។


អាមេរិកមិនអាចឆោតល្ងង់ធ្វើតាមកូរ៉េខាង​ជើងបានទេ ត្បិតកូរ៉េខាងជើងហានផ្អាកសកម្មភាពនុយក្លេអ៊ែរ ដែលអាមេរិករួមទាំងសហគមន៍អន្ដរជាតិដទៃទៀតចង់បានជាយូរមកហើយក្ដី។ ជាបទ​ពិសោធន៍​​កន្លងមក ក្រោយពេលចុះកិច្ចព្រមព្រៀងលើការផ្អាកសកម្មភាពនុយក្លេអ៊ែរ កូរ៉េខាងជើងតែងតែបង្កហេតុ ហើយបំពានកិច្ចព្រមព្រៀង។ ឧទាហរណ៍មួយទៀតនោះ ក្នុងពេលដែលកូរ៉េខាងត្បូង​និង​អាមេរិក​ធ្វើ​សមយុទ្ធរួមគ្នាកាលពីឆ្នាំមុន កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលជាច្រើនគ្រាប់ ឆ្លើយតបនឹងសកម្មភាពសមយុទ្ធ ទោះបីជាកូរ៉េខាងត្បូអនិងអាមេរិប្រកាសថាសមយុទ្ធរបស់ពួកគេ គ្រាន់​តែ​ជាការពង្រឹង​សមត្ថភាព​កងទ័ពការពារ​ទឹកដីក៏ដោយ។ កូរ៉េខាងជើងមិនបានធ្វើតាមការស្នើសុំឱ្យបញ្ឈប់សកម្មភាពបង្កហេតុរបស់កូរ៉េខាងត្បូងជាមួយអាមេរិកទេ ផ្ទុយទៅវិញបានបង្កភាព​តានតឹង​រហូតផ្ទុះអាវុធនៅតំបន់​ព្រំដែន។ នេះហើយគឺជាភាពរាងចាល​មួយដែលអាមេរិក ក៏ដូចជាភាគីពាក់ព័ន្ធ​ផ្សេងទៀត មិនទុកចិត្ដលើកូរ៉េខាងជើង។


ដូច្នេះតើកិច្ចជំនួបនេះអាចកើតឡើងដែរឬទេផេង?


តាមរយៈបញ្ហាដែលបានរៀបរាប់មុននេះ និងយោងទៅលើស្ថានភាពបច្ចុប្បន្នដែលកូរ៉េខាងជើងកំពុងតែមានជាមួយអាមេរិក កិច្ចជំនួបនេះមិនអាចធ្វើទៅបានទេប្រសិនបើកូរ៉េខាងជើង នៅតែទទូចឱ្យ​អាមេរិកបោះ​បង់ចោលសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង។ ប៉ុន្ដែប្រសិនបើកូរ៉េខាងជើងព្រមជួបចរចាដោយគ្មានលក្ខខណ្ឌ ដើម្បីពិភាក្សាពីបញ្ហាប្រឈម​ក្នុងន័យធ្វើឱ្យមានការផ្លាស់ប្ដូរនៅលើឧបទ្វីប​កូរ៉េ នោះវាពិតជាអាចកើតឡើងនៅជំនួបរវាងកូរ៉េខាងជើងជាមួយអាមេរិក ព្រោះអាមេរិកតែងតែបើកទ្វារជានិច្ច ចាំកូរ៉េខាងជើងចូលតុចរចា៕​(ដោយ៖ពេញ ផេង)

 

 

 

 

ព័ត៌មានផ្សេងទៀត