ក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន​ប្រកាស​ដំឡើង​ពន្ធ​​លើ​​ប្រេង​សាំង​​

13-01-2015 4:36 pm 2282

ចាប់ពី​ថ្ងៃ​អង្គារ ទី​១៣ ខែ​មករា​នេះ​តទៅ ចិន​នឹង​ដំឡើង​ពន្ធ​លើ​ផលិតផល​ប្រេងសាំង​ហើយ ដើម្បី​ឆ្លើយតប​​នឹង​​ការ​ណែ​នាំ​​ពី​​អន្តរ​ជាតិ​​។ ម្យ៉ាង​ទៀត​​ការ​ដំ​ឡើង​​ពន្ធ​​ប្រេង​សាំង​​នេះ គឺ​ដើម្បី​យក​ថវិការ​ទាំងនេះ មក​​ផ្គត់ផ្គង់​មន្ត្រីរាជការ ឬ​យក​មក​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន​បានបញ្ជាក់​ថា ការយកពន្ធ​ប្រេងសាំង​នេះ គិត​ក្នុង​មួយ​លីត្រ​យក​តម្លៃ​តែ​២៥​​សេន​ដុល្លា​អាមេរិក​តែប៉ុណ្ណោះ​។ តម្លៃ​នេះ បើ​គិត​ទៅ​គឺ​មិន​ថ្លៃ​នោះឡើយ​។​


​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន​ម្នាក់​នេះ បាន​បញ្ជាក់ទៀតថា ប្រទេស​អូស្ដ្រាលី ណូវែល​សេ​ឡង់ និង​ប្រទេស​បារាំង បាន​ដំឡើងថ្លៃ​ពន្ធ​លើ​ប្រេងសាំង​នេះ តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ដើម្បី​ស្ដារ​ប្រទេស​របស់​ខ្លួន​ឱ្យ​រីកចម្រើន​។ ប្រទេស​ទាំង​នេះ​បច្ចុប្បន្ន កំពុងតែ​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូចនេះ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេ​ស​​​ចិន គួរ​យល់​ដឹង​ពី​បញ្ហា​ការដំឡើង​ពន្ធ​លើ​ផលិតផល​ប្រេងសាំង​។ បន្ថែម​ពី​នេះ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន រំពឹង​ថា​ប្រជាជន​ចិន​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​។


​ជាមួយគ្នានេះ រដ្ឋ​មន្ត្រី​មួយចំនួន​នៅ​ក្នុង​ស្ថាប័នរដ្ឋ បាន​គាំទ្រ​ចំពោះ​ក្រសួង​ហិរញ្ញវត្ថុ​និង​ពន្ធដា​ចិន​មាន​ការដំ​ឡើង​​លើ​​ពន្ធ​​ប្រេង​សាំង​​។ តម្លៃ​​ពន្ធ​​ប្រេង​​សាំង​ឡើងថ្លៃ នឹង​អាច​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន​ថែម​មួយ​កំរិត​ទៀត ព្រោះ​បច្ចុប្បន្ន​បរិយាកាស​នៅក្នុង​ប្រទេស​ចិន​កំពុងតែ​មាន​សភាព​អាប់អួរ ដោយសារតែ​មាន​រថយន្ត​ជាច្រើន​បាន​បង្ហុយផ្សែង​ចេញ​ក្រៅ​។ ផ្សែង​នេះ អាច​នឹង​ប៉ះពាល់​សុខភាព​ដល់​មនុ​ស្ស​​ថែម​ទៀត​។


​គួររម្លឹកថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ប្រទេស​ចិន​បាន​ប្រកាស​ឡើងថ្លៃ​ពន្ធ​លើ​ប្រេងសាំង​។ លើក​ទី​១ ប្រកាស​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ លើក​ទី​២​ប្រកាស​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ និង​លើក​ទី​៣ ប្រកាស​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៥៕ (ដោយ៖លាង ធីតា)

ព័ត៌មានផ្សេងទៀត