ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគ នៅរដ្ឋ Gujaratភាគខាងលិចនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី១១ ខែមករា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសន្យានៅមុខមន្ត្រីថ្នាក់ខ្ពស់ឥណ្ឌាថា លោកនឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចឥណ្ឌា ។ ការធ្វើកំណែទម្រង់សេដ្ឋកិច្ចឥណ្ឌា គឺដើម្បីឱ្យប្រទេសរីកចម្រើនកាន់តែខ្លាំងជាងឆ្នាំមុនៗ ។
លោកថា នឹងផ្លាស់ប្ដូរពាណិជ្ជកម្មសេដ្ឋកិច្ចឥណ្ឌាឱ្យក្លាយជាពាណិជ្ជកម្មសេដ្ឋកិច្ចជាសាកល ហើយឥណ្ឌានឹងសហការជាមួយប្រទេសមហាអំណាចគឺសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងកិច្ចប្រជុំដដែល ក៏មានវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកចនឃែរី រួមនឹងប្រធានធនាគារពិភពលោក Jim Yong-kim ដើម្បីពិភាក្សាពីផែនការកំណែទម្រង់។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចនឃែរីបាននិយាយថា សហរដ្ឋអាមេរិកកំពុងតែបោះជំហានជាមួយឥណ្ឌា ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរឆ្ពោះទៅមុខ ។ បន្ថែមពីនេះ លោកនឹងនាំក្រុមហ៊ុនអាមេរិកលំដាប់កំពូលមកវិនិយោគក្នុងប្រទេសឥណ្ឌា។
ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបានគីមូនបានសរសើរលោកនាយករដ្ឋមន្ត្រីឥណ្ឌាថា លោកម៉ូឌីជាមេដឹនាំដ៏ឆ្លាតវាងវៃ។ លោកថា ប្រទេសឥណ្ឌានៅពេលឆាប់ៗខាងមុខនេះ ឥណ្ឌាអាចនឹងលើកស្ទួយប្រជាជនឥណ្ឌារាប់លាននាក់ចេញពីភាពក្រីក្របាន។ មូលហេតុ ធ្វើឱ្យលោកបានគីមូនអះអាងដូច្នេះ គឺដោយសារតែប្រទេសឥណ្ឌា និងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ កំពុងចងសម្ព័ន្ធមេត្រីសេដ្ឋកិច្ចជាមួយគ្នា។
ចំណែក ប្រធានធនាគារពិភពលោក លោកJim Yong-kim បានព្យាករណ៍ថាសេដ្ឋកិច្ចឥណ្ឌានៅឆ្នាំនេះ នឹងកើនដល់៦,៤ភាគរយបើគ្មានអ្វីប្រែប្រួល។ ទោះបីជាសេដ្ឋកិច្ចឥណ្ឌាមានការកើនឡើងក៏ពិតមែន តែលោក Jim Yong-kim បានស្នើទៅរដ្ឋាភិបាលឥណ្ឌាថា ត្រូវតែធ្វើកំណែទម្រង់ពន្ធជាតិបន្ថែមទៀត ដូចជាពន្ធលើទំនិញជាដើម ដើម្បីឱ្យសេដ្ឋកិច្ចឥណ្ឌាជឿនលឿនកាន់តែខ្លាំង៕(ដោយ៖លាង ធីតា)