រឿង​​កូរ​​សមុ​ទ្រ​​ទឹក​​ដោះ

11-01-2015 3:38 pm 4202

​នៅក្នុង​ស​ប្តា​នេះ​គួ​ន សំបូរ និង​នាំ​យក​នៅ​រឿង​កូរ​សមុទ្រ​ទឹកដោះ​ដែលជា​រឿង​បែប​ប្រវត្តិសាស្ត្រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង នា​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី​២​(១០៥០​-​១០៦៦​)​​នៃ​​គ្រិស្ត​សករាជ​​។​រឿង​កូរ​សមុទ្រ​ទឹកដោះ​ជា​និមិត្តរូប​ការ​ប្រកួត​ប្រជែង​​ខាង​​មហិទ្ធិ​ប្ញទ្ធិ​​វេទ​មន្ត​​ដណ្តើម​​យក​ទឹកអម្រឹត​ជីវិតអ​មតៈ​នៅ​ឯ​ភ្នំ​មន្ទរៈ​ដើម្បី​ស្វែងរក​ភាព​ក្សេមក្សាន្ត​សុខ​ដុម​រមនា ​សម្បូរ​​សប្បាយ​ រុងរឿង​ ជូន​​ប្រទេស​​ជាតិ​​មាតុ​ភូមិ​​៕​​សូម​ស្តាប់​ការពណ៌នា​របស់​គួន សំបូរ​ដូចតទៅ​៖

​បុរាណា​ចារ្យខ្មែរ បាន​ឆ្លាក់ រឿងនេះ នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​មាន​បណ្តោយ ៤៩​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ មាន​រូប​ក្រុម​អ​សុរៈ (​យក្ស )​នៅ​ខាងឆ្វេង​ដៃ ចំនួន ៩២​អង្គ និង​រូប​ក្រុម​ទេវៈ​នៅ​ខាងស្តាំ​ដៃ ចំនួន​៨៨​អង្គ​។​រឿង​កូរ​សមុទ្រ​ទឹក​ដោះ មាន​កំណើត​ឡើង​នៅ​រវាង​សតវត្សរ៍​ទី​១១​ក្នុង​រជ្ជកាល​ព្រះបាទ​ឧទ័យា​ទិត្យ​វរ្ម័នទី​២(១០៥០-១០៦៦)​នៃ​គ្រិស្តសករាជ​ក្នុង​​រចនា​បថ​​បា​ពួន​​។​​តាម​​ទេវ​​កថា​​រឿង​​កូរ​សមុទ្រ​ទឹកដោះ​មាន​រៀបរាប់​សេចក្តី​ដូចតទៅ​៖

 

​ក្នុង​កាល​មួយ​នោះ ពួក​អ​សុរៈ (​មេ​យក្ស​) បាន​ដើរ​សាង​បាបកម្ម​កាច​សាហាវ ព្រៃផ្សៃ​និង រាតត្បាត​ជាទីបំផុត ទៅលើ​ពួក​ទេវៈ (​ពួក​ទេវតា​) ធ្វើអោយ ពួក​ទេវៈ​មួយចំនួន​ក​នាំគ្នា​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម​ប្រយុទ្ធ ប្រឆាំង តបត​នឹង​ពួក​អ​សុរៈ វិញ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ការប្រយុទ្ធ​ចេះតែ​បន្ត កក្រើក​ទឹក រញ្ជួយ​ដី​តែ​ពុំ​មាន​អ្នក​ចាញ់ឈ្នះ​។​សង្គ្រាម​បាន​ធ្វើអោយ​អង្គ​ទេព​នី​មួយៗ​ត្រូវ​ទ្រុឌទ្រោម​នឿយហត់​ជាខ្លាំង​ក៏​នាំគ្នា​ផ្អាក​ចំបាំង​ហើយ​ក៏​ហោះហើរ​កាត់​ផ្ទៃ​ពពក​សំដៅ​ឋាន​លើ ទៅប្តឹង​​ព្រះ​​ឥន្ទ្រា​ធិ​រាជ​​ឱ្យ​ជួយ​​ដោះ​ស្រាយ​​បញ្ហា​​ផ្សះ​ផ្សា​​គំ​នុំ​សង​សឹក​រ​វាង​​ពួក​​អសុរៈ​​និង​​ពួក​ទេ​វៈ​​។​

​ក្រោយ​ពី​ពួក​ទេវៈ និង​ពួក​អសុ​រៈរ៉ាយរ៉ាប់​ទូលថ្វា​យ​អំពី​ដំណើរ​ហេតុការណ៍​វិបត្តិ​ទាំងឡាយ រួច​ហើយ​​ព្រះ​​ឥន្ទ្រ​​​ក៏​​​ត្រិះ​រិះ​​ពិ​ចារ​ណា​​ជ្រាល​ជ្រៅ​ ក្រោយ​មក​​ទើប​មាន​​ព្រះរាជបន្ទូល​ទៅកាន់​ពួក​ទេវៈ និង​ពួក​អសុ​រៈថា​៖
- ម្នា​ល​!! អង្គ​ទេវៈ​អ​សុរៈ ទាំងអស់គ្នា​! ដើម្បី​សេចក្តី​ស្ងប់ស្ងៀម​តាម​ពូជពង្ស​ដំណក់​លោហិត​រៀងៗ​ខ្លួន និង ដើម្បី​រស់​នៅលើ​ពិភព​រស់នៅ​ផ្សេងៗ​គ្នា​ឱ្យ​មាន​សេរី​ភាពសុខសាន្ត​នោះ​, យើង​មាន​មធ្យោបាយ​មួយ​អោយ​អ្នក​គិត​គឺថា​អ្នក​ត្រូវ​នាំគ្នា​កូរ​សមុទ្រ​ទឹក​ដោះ​”​ដើម្បី​ស្វែងរក​ទឹកអម្រឹត​ជីវិត​អមតៈ​!!

​រាត្រីកាល​ក៏​ចូលមក​ដល់ ។ ពួក​ទេវៈ​ក៏​ប្រមូលផ្តុំ​គ្នីគ្នា ត្រិះ​ពិចារណ៍រក​មធ្យោបាយ ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ទៅលើ​ពួក​អ​សុរៈ ព្រោះថា​បើ​តាម​ការប៉ាន់ប្រមាណ​មើលទៅ ពួក​ទេវៈ ប្រហែល​ជា​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​យក​ជ័យជំនះ លើ​ហ្វូង​អ​សុរៈ បាន​យ៉ាង​ងាយៗ​ឡើយ​។ មធ្យោបាយ​ល្អ​មាន​តែ​ម្យ៉ាង​គត់​គឺ​ប្រើ​ល្បិច​។​

 

​ពួក​ទេវៈ​ក៏​ចូល​ទៅ​គាល់​ព្រះ​វិស្ណុ សុំ​ស្នើ​ដល់​ព្រះអង្គ​ឱ្យជួយ​។​ព្រះ​វិស្ណុ​ក៏​យល់ព្រម​។ ពេល​រាត្រីកាល​ក៏​កន្លងផុតទៅ ពួក​អាទិទេព ពួក​ទេវៈ​និង​ពួក​អសុរៈ​ជាច្រើន ក៏​បាន​មក​ប្រាកដ​កាយ​ជួបជុំគ្នា នៅ​ភ្នំ​មន្ទរៈ​តាម​ពាក្យពេចន៍​សន្យា ដោយ​យក​ភ្នំ​មន្ទរៈ ធ្វើ​ជា​ស្នូល ហើយ​យក​ពស់នាគរាជ​ឈ្មោះ “​វ៉ា​សុ​គី​” ធ្វើ​ជា​ខ្សែព្រ័ត្រ សម្រាប់​ទាញ​កូរ​ចុះ កូរ​ឡើង​។​ពួក​អសុរៈជា​អ្នក​កាន់​នៅ​ខាងក្បាល​ពស់នាគរាជ (​ខាងឆ្វេង​)​និង​ពួក​ទេវៈ​កាន់​នៅ​ខាង​កន្ទុយ​ពស់​នាគរាជ (​ខាងស្តាំ​) ។ ពួក​​ទេវៈ​និង​អសុរៈ​ក៏​​ចាប់​ផ្តើម​ កូរ​​ចុះ​​កូរ​​ឡើង​ អស់​​រយៈ​ពេល​​យ៉ាង​​យូរ​ ធ្វើឱ្យ​ភ្នំ​មន្ទរៈ​ចាប់ផ្តើម​បាក់ស្រុ​ត​ចុះ​ទៅ​បាតសមុទ្រ​បន្តិច​ម្តងៗ​។​ដោយ​មើលឃើញ​នូវ​ស្ថានភាព​បែប​នេះ​ហើយ​ព្រះ​វិស្ណុ​ក៏​និម្មិត​កាយ ក្រឡា​ខ្លួន​ជា​សត្វ​អណ្តើក​មួយ​យ៉ាង​ធំ ឈ្មោះ “​កុមិ​” មក​ជួយ​ទ្រ​ភ្នំ​មន្ទរៈ​ឱ្យ​ខ្ពស់​ឡើង​មក​លើ​ផ្ទៃទឹក​។​
​នៅ​ចុង​បំផុត​ថូ​ទឹកអម្រឹត​ក៏បាន​ផុស​ឡើង​ហើយ​ពួក​អសុរៈក៏​ដណ្តើម​យក​បានមុន​។​ព្រះ​វិស្ណុ​ឃើញ​ដូច្នោក៏​ក្រឡាខ្លួន​ភ្លាម​ធ្វើជា​ព្រះនាង​ទេពធីតា​ឋានសួ​គ៌​ឯក​ដ៏​ស្រស់ប្រិមប្រិយ​ចូលទៅ​លួងលោម​ប្រលោម​អសុរៈអោយ​បោះបង់​ថូ​ទឹកអម្រឹត​ជីវិត​អមតៈ នោះ​ចោល​។​ដោយ​ចាញ់​សម្រស់ និង​ល្បិច​លួងលោម​របស់​ព្រះ​នាង​ទេពធីតា​ក្លែងក្លាយ​នោះ​មេ​អសុរៈក៏​គ្រវែង​ថូ​ទឹកអម្រឹត​ជីវិត​អមតៈ​ចោល​ទៅ​។​ពពួក​ទេវៈ​ឃើញ​ហើយ​ក៏​នាំគ្នា​រើសយក​មក​ចែក​គ្នា​ក្រេប​បាន​គ្រប់ៗ​អង្គ​ពុំ​មាន​ខាន​។​

 

​នៅ​ខ្លោងទ្វារ​ចូល​អង្គរធំ ឬ​ខ្លោងទ្វារ ចូល​ទៅ​កាន់​ប្រាសាទព្រះខ័ន​គេ​ក៏​សង្កេតឃើញ​មាន​រូប​បដិមា​ជាច្រើន​មាន​មាឌ​ធំៗ​តម្រៀប​គ្នា​ជា​ជួរ​ទាញ​ដងខ្លួន​ពស់នាគរាជ​វ៉ា​សុ​គី​ឈរ​នៅ​អម​សងខាង​ផ្លូវ​ក្នុង​ភាព​ជា​និមិត្តរូប​មួយ​នៃ​អាទិទេព​ក្នុង​​រឿង​​កូរ​​សមុទ្រ​​ទឹក​ដោះ​នោះ​ដែរ​​។​​រឿង​“​កូរ​សមុទ្រ​ទឹកដោះ​ជា​និមិត្តរូប​ការប្រកួតប្រជែង​ខាង​មហិទ្ធិប្ញទ្ធិ​វេទមន្ត​ដណ្តើម​យក​ទឹកអម្រឹត​ជីវិតអ​មតៈ​នៅ​ឯ​ភ្នំ​មន្ទរៈ​ដើម្បី​ស្វែងរក​ភាព​ក្សេមក្សាន្ត​សុខដុមរមនា សម្បូរ​សប្បាយ រុងរឿង ជូន​ប្រទេស​ជាតិ​មាតុភូមិ​៕

(​ដោយ​៖​គួន សំបូរ​)

ព័ត៌មានផ្សេងទៀត