តើ​ការ​បាញ់​ប្រហារ​​ក្នុង​​ក្រុង​ប៉ារីស​អាច​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ក្រុម​​អ៊ីស្លាម​​ISIS​​ដែរឬទេ​?

08-01-2015 3:49 pm 3079

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ យើង​មាន​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង ដោយ​សុខ​ឡា​នឹង​សាកសួរ​ទៅ​ពេញ ផេង​ទាក់ទង​នឹង​សកម្មភាព​បាញ់ប្រហារ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សម្លាប់​មនុស្ស​១២​នាក់​។ ការ​បាញ់ប្រហារ​នេះ ត្រូវបាន​គេ​ផ្សារភ្ជាប់​ក្រុម​ខ្មាន់កាំភ្លើង​ទៅនឹង​ក្រុម​អ៊ី​ស្លា​ន​ISIS​។ តើ​ការបាញ់ប្រហារ​ទៅលើ​ទីស្នាក់ការ​កណ្ដាល​ទស្សនា​វដ្ដី​Charlie Hebdo នរណា​ជា​អ្នក​នៅ​ពីក្រោយ​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


១ ​កាលពី​ថ្ងៃ​ទី​០៧​មករា គឺ​មាន​សកម្មភាព​បាញ់​ប្រហារ​មួយ​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ សកម្មភាព​នោះ​គឺ​ក្រុម​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ទៅលើ​ទីស្នាក់ការ​កណ្ដាល​ទស្សនា​វដ្ដី​Charlie Hebdo ដោយ​បាន​សម្លាប់​មនុស្ស​១២​នាក់​។ គ្រាន់​តែ​កើត​ហេតុ​នេះ​ភា្ល​ម មាន​មតិ​លើកឡើង​ថា វា​ជា​សកម្មភាព​ជាប់ទាក់ទង​នឹង​ក្រុម​អ៊ីស្លាម​ISIS​។ ដូច្នេះ​​តើ​សកម្មភាព​នេះ នរណា​ទៅជា​អ្នក​នៅ​ពីក្រោយ​ឱ្យ​ពិត​ប្រា​ដក​នោះ​?


សកម្មភាព​បាញ់ប្រហារ​ទៅលើ​ទីស្នាក់ការ​កណ្ដាល​ទស្សនា​វដ្ដី Charlie Hebdo នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ពុធ​គឺ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​១២​នាក់​។ ក្នុងនោះ​មាន​និពន្ធ​នាយក​ម្នាក់​​​ហើយ​៤​នាក់​ផ្សេង​ទៀត​គឺជា​អ្នក​គូររូប​ត្លុក​​​ រួមទាំងមន្ដ្រីប៉ូលិសពីរនាក់ផងដែរ​។ គ្រាន់​តែ​កើត​ហេតុ​ភ្លាម​មាន​មតិ​សាធារណៈ​បាន​ផ្សារភ្ជាប់​ហេតុការណ៍​នេះ​ទៅ​នឹង​ក្រុម​អ៊ីស្លាម​ISIS​តែម្ដង​។ បើ​តាម​ការបញ្ជាក់​ពី​អ្នកកាសែត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​Premieres Lignes news ដោយ​អ្នកកាសែត​រូបនេះ​បាន​ថត​វីដេអូ​សកម្មភាព​បាញ់ប្រហា​រ​របស់​ក្រុម​ខា្មន់កាំភ្លើង​បានឱ្យដឹង​ថា ក្រុម​ខ្មាន់កាំភ្លើង​បាន​ស្រែក​ថា “Allahu Akbar” ដែល​នេះ​គឺជា​ភាសា​អារ៉ាប់​មានន័យថា “​ព្រះ​ដ៏​អស្ចារ្យ​”​។ មួយវិញទៀត​ពួកគេ​ក៏​បាន​ស្រែក​ជា​ភាសា​បារាំង​ផង​ដែរ​ថា ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​សងសឹក​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​ព្រះរាជអាជ្ញា​ក្រុង​ប៉ារីស​។


​នេះ​ហើយ​គឺជា​ដើមចម និង​ដើមហេតុ​ធ្វើឱ្យ​មាន​ការ​ដាក់​កំហុស​ទៅលើ​ក្រុម​ខ្មាន់កាំភ្លើង​ថា ជា​បក្សពួក​របស់​ក្រុម​អ៊ីស្លាម​ISIS ដោយសារតែ​ពួកគេ​បាន​ប្រើ​សញ្ញា​គួរឱ្យ​សង្ស័យ​។ តែ​យ៉ាងណាក៏ដោយ​ភាព​ពិតប្រាកដ​មួយរយ​ភាគរយ​នៅ​មិនទាន់​បាន​បញ្ជាក់​នោះទេ គឺ​មាន​ត្រឹមតែ​ការសន្និដ្ឋាន​ជំហាន​ដំបូង​ប៉ុណ្ណោះ ហើយក៏​មិន​ទាន់​រកឃើញ​អ្នកទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​ដែរ​។


២ ​តើ​បារាំង​មាន​ក្រុម​សកម្មប្រយុទ្ធ​ពាក់ព័ន្ធ​ឬក៏​ចូល​ដៃ​ជាមួយ​ក្រុម​អ៊ីស្លាម​ISIS​ដែរឬទេ​?


សូម​បញ្ជាក់​បន្ដិច​ដែរ​ថា​មាន​ប្រជាជន​មូស្លីម​ជាច្រើន​នាក់​កំពុង​រស់នៅ​ក្នុង​តំបន់​អឺរ៉ុប ហើយ​ថ្មីៗ​នេះ​ក៏​មាន​សកម្មភាព​គាំទ្រ​ដល់​ក្រុម​អី​ស្លាម​ISIS​ដែរ​។  ជាក់ស្ដែង​មាន​បុរស​ជនជាតិ​បារាំង​ម្នាក់​វ័យ​២០​ឆ្នាំ បាន​បង្ហោះ​រូបភាព​ទង់ជាតិ​របស់​ក្រុម​ISIS​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក​។ បន្ទាប់មក​លោក​ក៏​ចូលទៅ​ក្នុង​ស្ថានីយ​ប៉ូលិស នៅក្នុង​តំបន់​ទេសចរណ៍​ជាយក្រុង​មួយ​កន្លែង និង​បាន​ស្រែក​ដូចគ្នា​ទៅ​នឹង​ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​ទីស្នាក់ការ​កណ្ដាល​ទស្សនា​វដ្ដី Charlie Hebdo គឺ​ស្រែកថា​“Allahu Akbar”​មានន័យ​ថា “​ព្រះ​ដ៏​អស្ចារ្យ​” ។ ក្រោយមក​ទៀត​បុរស​ម្នាក់​នេះ បាន​ធ្វើឱ្យ​ប៉ូលិស​៣​នាក់​រងរបួស មុនពេល​គេ​បាញ់សម្លាប់​គាត់​។


​ដោយឡែក​មាន​បុរស​ជនជាតិ​បារាំង​-​អាហ្វ្រិក​ខាងជើង​មួយ​រូប​ទៀត ដែល​មាន​ប្រវត្ដិមាន​បញ្ហា​រោគ​ចិត្ដ បាន​ស្រែក​ដូច​គ្នា​ទៀត​គឺ​“Allahu Akbar” មុនពេល​ធ្វើ​សកម្មភាព​បង្ក​របួស​ដល់​មនុស្ស​១១​នាក់ ហើយ​ក្រោយមក​ប៉ូលិស​ក៏​បាន​ដេញតាម​ចាប់ខ្លួន​។ នេះ​ហើយ​ជា​សកម្មភាព​ដែល​ក្រុម​សកម្មជន​បារាំង​ត្រូវ​គេ​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អ៊ីស្លាម​ISIS​។


​បច្ចុប្បន្ន​មាន​ក្រុម​សកម្មជន​ជ្រុលនិយម​បារាំង​ប្រមាណ​ជិត​៤០០​នាក់​ឯណោះ ដែល​កំពុងតែ​ចូលរួម​ការប្រយុទ្ធ​ជាមួយ​ក្រុម​អ៊ីស្លាម​ជី​ហាដ នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​។ នេះ​បើ​តាម​ការបញ្ជាក់​ឱ្យដឹង​ពី​មន្ដ្រី​បារាំង​កាលពី​ខែ​មុន​។ ស្របពេល​ជាមួយគ្នានេះ មាន​សមាជិក​ក្រុម​អ៊ីស្លាម​ជី​ហាដ​ឬក៏​ISIS​នេះ​ប្រមាណ​ជា​២៣៤​នាក់​បាន​ចាកចេញ​ពី​តំបន់​ជម្លោះ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​ឥលូវ​នេះ​មាន​ក្នុង​ប្រទេស​បារាំង​១៨៥​នាក់​កំពុង​បង្ហាញ​ការគាំទ្រ​ដល់​ក្រុម​អ៊ីស្លាម​។ ក្រៅពីនេះ នៅ​មាន​ក្រុម​សកម្មជន​ធ្វើ​សកម្មភាព​ពី​ក្រោយខ្នង​នៅតាម​តំបន់​ព្រំដែន​បារាំង​ជាច្រើន​ទៀត​ផង​ដែរ​។


៣ ​តើ​មូលហេតុ​អ្វី​បានជា​ក្រុម​ខ្មាន់កាំភ្លើង​ធ្វើ​សកម្មភាព​បាញ់ប្រហា​រ​ក្នុងប្រទេស​បារាំង​បែបនេះ​?


​សូម​បញ្ជាក់​បន្ដិច​ថា​បារាំង​ក៏​ជា​សមាជិក​នៃ​សម្ព័ន្ធមិត្ដ​ក្នុង ការចូលរួម​វាយប្រហារ​ប្រឆាំង​ក្រុម​អ៊ីស្លាម​ISIS​ផងដែរ​។ ភាព​តានតឹង​បាន​កើតឡើង​បន្ទាប់ពី​បារាំង បាន​ចូល​ដៃ​ជាមួយ​សម្ព័ន្ធ​អន្ដរជាតិ​មាន​អាមេរិក​ជា​អ្នកដឹកនាំ វាយប្រហារ​តាម​ជើង​អាកាស​ទៅលើ​ក្រុម​អ៊ីស្លាម​ISIS​។ ដូច្នេះ​នេះ​គឺជា​សកម្មភាព​មួយ​គំរាម​ដល់​រដ្ឋាភិបាល​បារាំង ព្រោះ​កន្លងមក​ក្រុម​អ៊ីស្លាម​ISIS​ធ្លាប់បាន​ប្រកាសថា ប្រសិនបើ​មាន​នរណា​ម្នាក់​ចង់​កម្ទេច​ខ្លួន​ចោល ខ្លួន​នឹង​សង​សឹក​នៅ​អ្នក​នោះ​វិញ​យ៉ាង​ចាស់ដៃ​។

 

ជាក់ស្ដែង​ដូចជា​អាមេរិក​និង​អង់គ្លេស​ជា​ដើម ដែល​ក្រុម​អ៊ីស្លាម​នេះ​បានសម្លាប់​អ្នកកាសែត​អាមេរិក​ពីរ​នាក់​ដោយ​កាត់​ក្បាល ហើយ​បង្ហោះ​វីដេអូ​តាម​អ៊ី​ន​ធឺ​ណេត​។ ចំពោះ​អង់គ្លេស​ក៏​ដូចគ្នា គឺ​ក្រុម​អ៊ីស្លាម​​បាន​កាត់​ក្បាល​បុគ្គលិក​ការងារ​ជនជាតិ​អង់គ្លេស​ពីរ​នាក់ និង​បាន​បង្ហោះ​វីដេអូ​តាម​អ៊ី​ន​ធឺ​ណេត​ដើម្បី​ជា​ការគំរាម​។ ហេតុនេះ​សកម្មភាព​របស់​ខ្មាន់កាំភ្លើង ជា​សកម្មភាព​គំរាម​ដល់​បារាំង​ដូចគ្នា ក្នុង​ករណី​ក្រុម​ខ្មាន់កាំភ្លើង​ជា​បក្សពួក​របស់​ក្រុម​អ៊ីស្លាម​ស្លាម​ISIS​។


៤ ​តើ​សកម្មភាព​បាញ់ប្រហារ​នេះ បង្ក​ជា​ភាពភ័យខ្លាច​យ៉ាងណា​ដែរ​ដល់​ប្រទេស​បារាំង​?


​ភាពភ័យខ្លាច​ប្រាកដជា​មាន​ចំពោះ​ប្រទេស​បារាំង គឺ​ទាំង​ប្រជាជន និង​រដ្ឋាភិបាល​បារាំង​ផ្ទាល់​។ ចំពោះ​នាយក​រដ្ឋមន្ដ្រី​បារាំង​បាន​និយាយ​កាលពី​ខែ​មុន​ថា ប្រទេស​បារាំង​មិន​ដែល​ទទួល​ការគំរាមកំហែង​ភេរវកម្ម​ធ្ងន់ធ្ងរ​នោះទេ​។ ប៉ុន្ដែ​ពេល​នេះ​បែរជា​មាន​សកម្មភាព​ដ៏​ឃោ​ឃៅ​កើតឡើង​។ ដូច្នេះ​វា​ជា​សញ្ញា​មួយ​បញ្ជាក់ថា បារាំង​ចាប់ផ្ដើម​មាន​ចលាចល​ហើយ​។ លើសពីនេះទៅទៀត ក្នុងករណី​សកម្មភាព​វាយប្រហារ​ផ្សារភ្ជាប់​នឹង​ក្រុម​អ៊ីស្លាម​ISIS មែន វា​គឺជា​យុទ្ធសាស្ដ្រ​ថ្មី​មួយទៀត​របស់​ក្រុម​អ៊ីស្លាម ដែល​ចាប់ផ្ដើម​កើតឡើង​នៅ​តំបន់​អឺរ៉ុប​។


​ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង Francois Hollande​វិញ បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​សូមឱ្យ​មាន​ការរួបរួម​គ្នា ប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម ដែល​ទើបតែ​ចាប់ផ្ដើម​លើ​ទឹកដី​បារាំង​។ បន្ថែម​លើ​នេះ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កងកម្លាំង​រក្សា​សន្ដិសុខ​ជាតិ​ត្រូវបាន​ប្រកាស​អាសន្ន ដើម្បី​ពង្រឹក​សន្ដិសុខ​ក្នុង​ប្រទេស និង​សន្ដិសុខ​ដល់​ប្រជាជន​។


​យ៉ាងណាមិញ​ចំពោះ​ប្រជាជន​បារាំង​មួយចំនួនធំ បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ថា សកម្មភាព​បាញ់ប្រហារ​របស់​ក្រុម​ខ្មាន់កាំភ្លើង​កាលពី​ថ្ងៃ​ពុធ មិន​អាច​ធ្វើឱ្យ​ពួកគេ​ភ័យខ្លាច​បាន​ឡើយ​។ ផ្ទុយទៅវិញ ពួកគេ​នៅតែ​បន្ដ​ប្រឆាំងនឹង​សកម្មភាព​របស់​ក្រុម​ភេរ​វករ​ដដែល​។ ​គួរបញ្ជាក់​ជាថ្មីថា ដើមចមដែលបានបញ្ជាក់ទាំងអស់នេះហើយ ទើបមាន​ការសន្និដ្ឋានថា​សកម្មភាព​បាញ់ប្រហារ​​ក្នុងក្រុង​ប៉ារីស ​មាន​ក្រុម​​អ៊ីស្លាម​ISIS​នៅពីក្រោយ៕​​(​ដោយៈ​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត