​​​ក្នុង​ឆ្នាំ​​​២០១៤​មាន​​​យន្ដហោះ​​​​​​​បាត់​​​​និង​ធ្លាក់​​បី​គ្រឿង​​ដែល​​​​បង្ក​​​​ការភ្ញាក់​​ផ្អើល​​​​ដល់​​​ពិភពលោក​

03-01-2015 5:35 pm 1863
សំណល់យន្ដហោះMH17​សល់​ក្រោយពេលឆេះ

​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោក​អ្នក​ឡើងវិញ​ពី​ហេតុការណ៍​ធ្លាក់ និង​បាត់​យន្ដហោះ ដែល​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៤​ដែល​ទើបតែ​កន្លងផុត​ទៅ​ថ្មីៗ​នេះ មាន​ករណី​ធ្លាក់​និង​បាត់​យន្ដហោះ​កើតឡើង​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​ហេតុការណ៍​ដែល​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​ខ្លាំងជាងគេ គឺ​មាន​បី​ករណី​ធំៗ​។ ទី​មួយ​ការបាត់​ដំណឹង​ពី​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ប៊ូ​អ៊ីង​777 ជើងហោះហើរ​MH370 បាន​បាត់​តាំងពី​ថ្ងៃ​ទី​០៨ ខែ​មីនា​ឆ្នាំ​២០១៤​។ ទី​ពីរ​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ដដែល គឺ​យន្ដហោះ​MH17​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា​ឆ្នាំ​២០១៤​។ ទី​បី​យន្ដហោះ​AirAsia ដែល​ទើបតែ​បាត់​កាលពី​ចុងឆ្នាំ​២០១៤​កន្លងទៅនេះ​។ តើ​ឧប្បត្ដិហេតុ​ដែល​កើតលើ​យន្ដហោះ​ទាំង​បី​គ្រឿង​នេះ បង្ក​ការភ្ញាក់ផ្អើល ភាព​តក់ស្លុត​យ៉ាង​ណា​ខ្លះ​ដល់​ពិភពលោក​?


​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ​បន្ថែម សូម​លោក​អ្នកនាង​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ដូច​តទៅ​៖

សំឡេង៖


​ឆ្នាំ​២០១៤​ដែល​ទើបតែ​ឆ្លង​ផុត​ទៅ​ថ្មី​នេះៗ មាន​ហេតុការណ៍​បាត់​នឹង​ធ្លាក់​យន្ដហោះ​ចំនួន​បី​គ្រឿង​បាន​កើតឡើង បង្ក​ការភា្ញក់ផ្អើល និង​ភាព​តក់ស្លុត​ខ្លាំងក្លា​បំផុត​ដល់​ពិភពលោក​ទាំងមូល​។ មិនតែ​ប៉ុណ្ណោះ មាន​អ្នកដំណើរ​ខ្លះ​ទៀត​លែង​ចង់​ធ្វើដំណើរ​តាម​យន្ដហោះ​ទៅ​ទៀត ព្រោះ​ខ្លាច​ជួប​ឧប្បត្ដិហេតុ​ដូច​យន្ដហោះ​ទាំង​បី​គ្រឿង​។


​យន្ដហោះ​ទាំងបី​គ្រឿង​នេះ មាន​ទី​មួយ​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ប៊ូ​អ៊ីង​777​ជើងហោះហើរ​MH370 បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​កាលពី​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ក្រោយពេល​ហោះ​ចាក​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ នៅលើ​យន្ដហោះ​មាន​ផ្ទុក​មនុស្ស​សរុប​២៣៩​នាក់ ហើយ​ភាគច្រើន​គឺជា​ជនជាតិ​ចិន​។


​គ្រាន់តែ​ទទួល​ព័ត៌មាន​ថា​យន្ដហោះ​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​ភ្លាម ក្រុម​គ្រួសារ​ជា​សាច់ញាតិ​ជនរងគ្រោះ​តក់ស្លុត​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ថា​ជោគវាសនា​អ្នកដំណើរ​នៅលើ​យន្ដហោះ​នឹង​ទៅជា​យ៉ាងណា​។ ភ្លាមៗ​បន្ទាប់​ពី​បាត់ ក្រុម​អ្នក​ជំនាញ​របស់​ម៉ាឡេស៊ី​រួមទាំង​ប្រទេស​ដទៃ​ទៀត ក៏​បាន​អន្ដរាគមន៍​ស្វែងរក​ដែរ​។ ការបាត់​ដំណឹង​ពី​យន្ដហោះ​MH370​គេ​មិន​នឹកស្មានថា មាន​រយៈពេល​យូរ​បែបនេះ​ទេ​។ តែ​ផ្ទុយទៅវិញ​ក្រុម​អ្នកជំនាញ​បាន​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​ស្វែងរក ប៉ុន្ដែ​គ្មាន​ដំណឹង​សូម្បីតែ​បន្ដិច​។ មកដល់ពេលនេះ យន្ដហោះ​នៅ​តែ​មិន​ទាន់​រកឃើញ ដោយ​វា​បាន​បាត់​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​។


​មហា​សោកនាដកម្ម​នេះ បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាជន​នៅ​ទូទាំង​សាកលលោក ព្រោះ​ថា​វា​ជា​ហេតុការណ៍​មិន​នឹក​ស្ថាន​ដល់​។ គេ​ធ្លាប់​តែ​ឃើញ​នៅក្នុង​ខ្សែភាពយន្ដ ប៉ុន្ដែ​ពេល​នេះ​វា​បាន​កើតឡើង​ពិតប្រាកដ គឺ​ទៅ​លើ​យន្ដហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​។ និយាយ​ពី​សាច់ញាតិ​អ្នកដំណើរ​នៅ​លើ​យន្ដហោះ​MH370​វិញ បាន​ត្រឹម​តែ​បង្ហាញ​ក្ដី​ក្ដុកក្ដួល រំជួលចិត្ដ ព្រោះ​មិន​ដឹង​ថា​ត្រូវធ្វើ​យ៉ាងណា​ឡើយ​។ ប៉ុន្ដែ​អ្នកខ្លះ​ដោយសារតែ​ខឹង​ខ្លាំងពេក ក៏​នាំគ្នា​តវ៉ា​ឱ្យ​មាន​ដំណោះស្រាយ ជាពិសេស​គឺ​ប្រជាជន​ចិន​ដែល​មាន​សាច់ញាតិ​នៅលើ​យន្ដហោះ​ច្រើនជាងគេ បាន​នាំគ្នា​មក​តវ៉ា​នៅមុខ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​ប្រទេស​ចិន ហើយ​អ្នកខ្លះ​បាន​ធ្វើ​មក​ដល់​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​ដើម្បី​រង់ចាំ​ព័ត៌មាន​។ នៅ​ទីបំផុត​ពួកគេ​នៅតែ​មិន​បាន​ដំណឹង​អ្វី​សូម្បី​បន្ដិច និង​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ទាំង​ទឹកភ្នែក​។ ដោយឡែក​ចំពោះ​ប្រជាជន​ដទៃទៀត​នៅលើ​ពិភពលោក បាន​ត្រឹម​តែ​ដុត​ធូប ទៀន បួងសួង​ឱ្យ​យន្ដហោះ​ដែល​បាត់​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​។


​ទាក់ទិន​នឹង​មូលហេតុ​ដែល​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី មាន​ជើងហោះហើរ MH370​បាត់ នៅតែ​គ្មាន​ការបញ្ជាក់​ឱ្យបាន​ច្បាស់​ថា​ដោយសារ​អ្វី​ទេ​។ កន្លងមក​មាន​តែ​ការសន្និដ្ឋាន អ្នកខ្លះ​ថា​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ អ្នកខ្លះ​ទៀត​ថា​ត្រូវ​គេ​បាញ់​ទម្លាក់​។ យ៉ាងណា​ក៏​ដោយ​ចម្លើយ​ពិតប្រាកដ​នៅ​តែ​គ្មាន​រហូតដល់​ពេល​បច្ចុប្បន្ន​។


​រឿងហេតុ​បាត់​យន្ដហោះ MH370​មិនទាន់​ស្ងប់​ផង ហេតុការណ៍​ទី​ពីរ​ក៏​បាន​កើតឡើង​បន្ដទៀត គឺ​ទៅ​លើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​ដដែល​។ លើក​នេះ កើត​លើ​យន្ដហោះ​MH17​ផ្ទុក​មនុស្ស​សរុប​២៩៨​នាក់​។ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ យន្ដហោះ​MH17​បាន​ធ្វើដំណើរ​ចេញពី​ទីក្រុង​អាម​ស្ទែ​ដាម​ប្រទេស​ហូ​ឡង់ ឆ្ពោះ​ទៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ ប៉ុន្ដែ​ក្រោយ​ហោះចូល​ដល់​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ស្រាប់តែ​ធ្លាក់​តែ​ម្ដង​បណ្ដាលឱ្យ​មនុស្ស​នៅលើ​យន្ដហោះ​ទាំង​២៩៨​នាក់​ត្រូវ​ស្លាប់​ទាំងអស់​។ នេះ​គឺ​ជា​មហា​សោកនាដកម្ម​ទី​ពីរ​ដែល​កើត​លើ​ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​។ សាច់ញាតិ​អ្នកដំណើរ​នៅលើ​យន្ដហោះ បាន​ទូញ​យំ​សោកស្ដាយ​ចំពោះ​ការស្លាប់​មនុស្ស​ទាំង​២៩៨​នាក់​នេះ​។ ជនជាតិ​នៅលើ​យន្ដហោះ​ច្រើនជាងគេ​គឺ​ហូឡង់​រហូត​ជិត​២០០​នាក់​។ ក្រៅពីនោះ​នៅ​មាន​ជនជាតិ​ផ្សេងៗ​គ្នា​ជា​ច្រើន​នាក់​បន្ថែមទៀត​។


​និយាយ​ពី​មូលហេតុ​ដែល​យន្ដហោះ​MH17​ត្រូវ​បាន​បាញ់​ទម្លាក់​វិញ​ម្ដង នៅតែ​គ្មាន​ព័ត៌មាន​ជាក់លាក់​ដដែល​។ បន្ទាប់​ពី​ធ្លាក់​ភ្លាម​ក្រុម​ឧទ្ទាម​ដែលជា​អ្នកគ្រប់គ្រង​តំបន់​នោះ បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​បាន​ស្វែករក​ប្រអប់​ខ្មៅ​លើ​យន្ដហោះ ប្រគល់​ទៅឱ្យ​ក្រុម​ស៊ើបអង្កេត​ហូ​ឡង់ ដែល​ទទួលខុសត្រូវ​លើ​ករណី​នេះ​។ ការស្រាវជ្រាវ​រក​មុខ​អ្នកបាញ់​ទម្លាក់ បាន​ធ្វើឡើង​ជា​បន្ដបន្ទាប់ ប៉ុន្ដែ​នៅតែ​គ្មាន​លទ្ធផល បានត្រឹមតែ​ចោទប្រកាន់​គ្នា​រវាង​បី​ភាគី គឺ​អ៊ុ​យក្រែន ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន និង​រុស្ស៊ី​។


​លទ្ធផល​ជា​បឋម​ត្រូវបាន​ក្រុម​ស៊ើបអង្កេត​ប្រកាស​ឱ្យដឹង ប៉ុន្ដែ​នៅតែ​គ្មាន​ភាពជាក់លាក់ បានត្រឹមតែ​បង្ហាញថា យន្ដហោះ​MH17​ត្រូវ​វត្ថុ​រឹង​បុក​ទម្លុះ​មុន​នឹង​ធ្លាក់​។ ចម្ងល់​បាន​កើតឡើង​ម្ដងទៀត ព្រោះ​ចង់ដឹង​ពិតប្រាកដ​ពី​អ្នកប្រព្រឹត្ដ​ទង្វើ​ព្រៃផ្សៃ​នេះ ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​២៩៨​នាក់​។​


​ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ម្ដង​ទៀត ដើម្បី​ស្វែងរក​ភស្ដុតាង ប៉ុន្ដែ​គ្មាន​ទទួល​បាន​អ្វី​ក្រៅពី​កម្ទេច​យន្ដហោះ​នៅ​សល់​ពី​ការឆេះ​ទេ​។ កន្លងមក​ក្រុម​អ្នកជំនាញ​បាន​ព្យាយាម​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​តាំង​ពី​ធ្លាក់​ភ្លាម​ម្លេះ ប៉ុន្ដែ​ដោយសារ​ស្ថានភាព​ផុយស្រួយ គឺ​សង្គ្រាម​រវាង​ក្រុម​ឧទ្ទាម​ជាមួយ​កងទ័ព​អ៊ុយ​ក្រែន​នៅ​តំបន់​នោះ ទើប​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការស៊ើបអង្កេត​។ យ៉ាងណាមិញ​ហេតុការណ៍​នេះ គេ​នៅតែ​បន្ដ​ស៊ើបអង្កេត​ដដែល​។


​អភូតហេតុ​ទាំងពីរ​នេះ បាន​ធ្វើឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ខាតបង់​មិនតិច​ទេ​។ ខាតបង់​ទាំង​យន្ដហោះ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជា​ដៃគូ​វិនិយោគ​ថែម​ទៀត​។ បន្ថែម​លើ​នេះ មាន​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ផ្អាក​ការហោះហើរ​របស់ខ្លួន ដោយសារ​តែ​ឧបទ្ទវហេតុ​កើតឡើង​ផ្ទួនៗ​បែបនេះ​។


​ងាក​ចេញពី​យន្ដហោះ​ដឹក​អ្នកដំណើរ​ម៉ាឡេស៊ី​MH370 និង MH17 កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ចុងឆ្នាំ​២០១៤ យន្ដហោះ​AirAsia​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី ក៏​ជួប​ហេតុការណ៍​ដូច​យន្ដហោះ​MH370 ដែរ គឺ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ា​ដា​ក្រោយ​ពេល​ចេញ​ដំណើរ​។ យន្ដហោះ​មួយគ្រឿង​នេះ​ផ្ទុក​មនុស្ស​សរុប​១៦២​នាក់ បាន​ចេញដំណើរ​ពី​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ាប្រទេស​ឥណ្ឌូនេស៊ី ឆ្ពោះ​ទៅ​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្ដែ​ក្រោយ​ពេល​ចេញ​ដំណើរ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​បាត់​ការទាក់ទង​ដូចគ្នា​។​


​ការអន្ដរាគមន៍​ស្វែករក​បាន​ធ្វើឡើង​ជា​បន្ដ​បន្ទាប់​ក្រោយ​យន្ដហោះ​AirAsia​បាន​បាត់ ប៉ុន្ដែ​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន ឬក៏​រក​ឃើញ​យន្ដហោះ​ឡើយ​។ តែ​គេ​បាន​រកឃើញ​បំណែក​ខ្លះៗ​អណ្ដែត​នៅ​លើទឹក ជាពិសេស​គឺ​បាន​រកឃើញ​សាកសព​ជាច្រើន​នាក់​។ សាកសព​ទាំងនោះ​ក្រោយ​ធ្វើ​កោសល្យវិច្ច័យ មាន​បួន​នាក់​ស្គាល់​អត្ដ​សញ្ញាណ​ថា ពិតជា​អ្នកដំណើរ​នៅលើ​យន្ដហោះ​AirAsia ហើយ​សុទ្ធតែ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ទាំងអស់​។ ក្រោយ​ស្គាល់​អត្ដ​សញ្ញាណ​សព​ក៏​ត្រូវ​ប្រគល់​ឱ្យ​ក្រុមគ្រួសារ​របស់​គេ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។


​ចំណែកឯ​សាកសព​ដទៃទៀត កំពុង​ត្រូវបាន​ក្រុម​ជំនាញ​ត្រួតពិនិត្យ​រក​អត្ដ​សញ្ញាណ​បន្ដ​។ ចំពោះ​ការស្វែងរក​យន្ដហោះ​និង​សាកសព​ដែល​បាត់ កំពុងតែ​ធ្វើ​ឡើង​យ៉ាង​សស្រាក់​ស្រាំ ដើម្បី​ឱ្យ​ច្បាស់​ពី​មូលហេតុ​ដែល​យន្ដហោះ​មួយ​គ្រឿង​នេះ​បាន​បាត់​ដំណឹង​ដូច្នេះ​។ កន្លង​មក​យន្ដហោះ​AirAsia​ត្រូវ​គេ​សន្និដ្ឋាន​ថា អ្នកបើកបរ​អាច​ព្យាយាម​ចុះចត​នៅ​លើទឹក ដើម្បី​គេច​ពី​ព្យុះ​។ ប៉ុន្ដែ​ខ្លះ​បាន​និយាយថា យន្ដហោះ​បាន​សុំ​ផ្លាស់ប្ដូរ​ទិសដៅ ដើម្បី​គេច​ចេញពី​ព្យុះ​ដូចគ្នា ប៉ុន្ដែ​ដោយសារ​យន្ដហោះ​មាន​ល្បឿន​យឺត​ពេក មិន​អាច​គេចផុត​ទើប​រលត់​ម៉ាស៊ីន​ហើយ​បណ្ដាល​ឱ្យ​ធ្លាក់​ក្នុង​សមុទ្រ​។ ប៉ុន្ដែ​នៅពេល​នេះ មូលហេតុ​ពិតប្រាកដ​នៅ​មិន​ដឹង​ទេ ត្រូវ​រង់ចាំ​អ្នកជំនាញ​ស្វែងរក​យន្ដហោះ​ឃើញ​ជាមុនសិន​។


​ជារួម​ទៅ​ហេតុការណ៍​កើតឡើង​លើ​យន្ដហោះ​ទាំងបី​គ្រឿង​គឺ យន្ដហោះ​MH370MH17 និង​AirAsia​សុទ្ធតែ​ជា​ហេតុការណ៍​មិន​នឹកស្មាន​ដល់ និង​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ អ្វី​ដែល​គួរឱ្យ​រន្ធត់​នោះ គឺ​មនុស្ស​នៅលើ​យន្ដហោះ​ទាំង​បី​គ្រឿង​សរុប​៦៩៩​នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​ដោយ​គ្មាន​កំហុស​។ នេះ​គឺ​ជា​មហា​ព្រឹត្ដិការណ៍​ក្នុង​ឆ្នាំ​២០១៤ ដែល​ពិភពលោក​មិន​អាច​ភ្លេច​បាន​៕(​ដោយ​៖​ពេញ ផេង)

ព័ត៌មានផ្សេងទៀត