ភាពយន្ដ“The Interview” របស់ក្រុមស៊ុនសូនី បន្ទាប់ពីបានចេញផ្សាយនៅលើអនឡាញ រឿងមួយបានក្លាយជារឿងដែលជាប់ចំណាត់ថ្នាក់លេខមួយនៅតាមប្រព័ន្ធអនឡាញ។ វាអាចរកចំណូលបានប្រមាណ១៥លានដុល្លារអាមេរិក។ បន្ថែមលើនេះ វាត្រូវបានទាញយកពីប្រព័ន្ធអ៊ីនធឺណេតប្រមាណជាង២លានដងគិតត្រឹមថ្ងៃទី២៧ធ្នូ។
គួរបញ្ជាក់ថា “The Interview” ជាភាពយន្ដមួយនិយាយពីការប៉ុនប៉ងធ្វើឃាតមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ គ្រាន់តែរឿងមួយនេះត្រៀមដាក់បញ្ចាំងនៅតាមរោងភាពយន្ដ ក្រុមហ៊ុនសូនីក៏បានប្រកាសថា ខ្សែភាពយន្ដនេះត្រូវបានគេលួចវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត។
ក្រោយមកអាមេរិកក៏ចោទទៅលើកូរ៉េខាងជើងថា ជាអ្នកបញ្ជាឱ្យក្រុមវាយប្រហារធ្វើសកម្មភាពនេះ។ ប៉ុន្ដែកូរ៉េខាងជើងបានបដិសេធថា ខ្លួនមិនបានធ្វើសកម្មភាពនេះទេ។ ភាពចម្រូងចម្រាស់បានកើតឡើងជាបន្ដបន្ទាប់ តែយ៉ាងណាក៏ដោយភាពយន្ដមួយនេះ នៅតែដាក់បញ្ចាំងនៅតាមរោងភាពយន្ដនៅអាមេរិក៕ដោយ៖ពេញ ផេង