រោងចក្រអគ្គិសនីប្រើថាមពលធ្យូងថ្មលើកដំបូងរបស់ឡាវ នឹងដាក់ឱ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៥ខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារចិនស៊ីនហួរ បានចេញផ្សាយកាលពីយប់ថ្ងៃទី២៦ខែធ្នូ។
រដ្ឋមន្ត្រីជាន់ខ្ពស់ឡាវបានឱ្យដឹងថា រោងចក្រអគ្គីសនីប្រើដោយថាមពលធ្យូងថ្មនេះ អាចផលិតអគ្គីសនីបានជិត២ពាន់មេហ្កាវ៉ាត់ក្នុងមួយឆ្នាំ។ មូលហេតុបង្កើតរោងចក្រអគ្គិសនីនេះ ក្នុងគោលបំណង ឱ្យប្រជាជនប្រើអគ្គីសនីងាយស្រួល និងក្នុងតម្លៃថោកសមរម្យ ហើយអាចកាត់បន្ថយការនាំចូលអគ្គីសនីពីប្រទេសដទៃ ដែលធ្វើឱ្យមានការចំណាយថវិការជាតិច្រើន។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ការបង្កើតរោងចក្រអគ្គីសនីឡាវដំបូងនេះ ចំណាយទឹកប្រាក់ អស់ចំនួន៤ពាន់លានដុល្លារអាមេរិក។ ក្នុងគម្រោងនេះ ក្រុមហ៊ុនថៃមកបណ្ដាក់ទុនជាមួយឡាវ ចំនួន៤០ភាគរយក្នុងចំណោមដើមទុនសរុប ។ ចំណែកឯ ទីតាំងរោងចក្រនេះ ស្ថិតនៅភាគខាងជើងខេត្ត Xayaboury ក្នុងស្រុកHongsa ជិតព្រំដែនថៃ-ឡាវ។
រដ្ឋាភិបាលឡាវមានគម្រោងបង្កើតថាមពលអគ្គីសនីដាក់ឱ្យប្រជាជនប្រើប្រាស់ មាន២ដំណាក់កាលទៀត បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ក្នុងខែមិថុនាឆ្នាំ២០១៥ខាងមុខ។ ដំណាក់កាលទី១ នឹងដាក់ឱ្យប្រើប្រាស់នៅ ខែវិច្ឆិកា ឆ្នាំ២០១៥ និងដំណាក់កាលទី២ ដាក់ឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០១៦ខាងមុខ។
ជាការកត់សម្គាល់ ឆ្នាំ២០១៣-២០១៤ ឡាវបាននាំចូលអគ្គីសនីពីប្រទេសដទៃចំនួន១.១៦ពាន់លានគីឡូវ៉ាត់ និងបានចំណាយទឹកប្រាក់ចំនួន ៦៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ នេះបើតាមទិន្នន័យក្រសួងរ៉ែនិងថាមពលឡាវ៕
(ដោយ៖លាង ធីតា)