ហេតុអ្វី​​បានជា​​កូរ៉េ​ខាងជើង​​បដិសេធ​​មិន​ចូល​​បំភ្លឺ​​នៅ​​ICC​​រឿង​រំលោភ​សិទ្ធិមនុស្ស?

20-12-2014 5:51 pm 3220


​នៅក្នុង​នាទី​ព្រឹត្ដិការណ៍​អន្ដរជាតិ​ថ្ងៃ​នេះ លាង ធីតា​បាន​សាកសួរ​ទៅ​ពេញ ផេង ទាក់ទង​ការប្រកាស​របស់​អង្គការសហប្រជាជាតិ ស្នើ​ឱ្យ​កូរ៉េ​ខាងជើង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ លើ​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការប្រព្រឹត្ដ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​។ ប៉ុន្ដែ​ការស្នើសុំ​បែបនេះ ត្រូវបាន​កូរ៉េខាងជើង​បដិសេធ​។ តើ​ហេតុអ្វី​បានជា​កូរ៉េខាងជើង មិន​ព្រម​ចូល​ទៅ​បំភ្លឺ​តាម​ការស្នើ​ពី​អង្គការសហប្រជាជាតិ​?

​សំឡេង​៖

១ បើ​តាម​ប្រភព​ព័ត៌មាន​អន្ដរជាតិ ដែល​បាន​ចុះ​ផ្សាយ​ជា​បន្ដបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​មេដឹកនាំ​កូរ៉េខាងជើង​ត្រូវបាន​អង្គការសហប្រជាជាតិ ស្នើ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ ពាក់​ពន្ធ​រឿង​រំលោភ​សិទ្ធិមនុស្ស រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្នុង​ប្រទេស​កូរ៉េខាងជើង ។ ប៉ុន្ដែ​ការទទូច​នេះ​ត្រូវបាន​កូរ៉េខាងជើង​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្កា​ថា​មិន​ចូល​បំភ្លឺ​ជាដាច់ខាត​។ ដូច្នេះ​តើ​ការបដិសេធ​របស់​កូរ៉េខាងជើង​បែបនេះ ដោយសារ​មូលហេតុ​អ្វី​ខ្លះ​?


​ជាក់ស្ដែង​ណាស់​ធីតា បន្ទាប់​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​រៀបចំ​ការបោះឆ្នោត​ស្ទង់​មតិ ស្វែងរក​ការគាំទ្រ​ឱ្យ​បញ្ជូន​កូរ៉េខាងជើង ទៅ​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​(ICC)​កូរ៉េ​ខាងជើង​បាន​ច្រានចោល និង​បដិសេធ​តាំងពី​ដើមទី​ម្លេះ​ចំពោះ​បញ្ហា​នេះ​។ សួរ​ថា​ហេតុអ្វី​បានជា​កូរ៉េខាងជើង​មិន​ព្រម​ចូល​តាម​ការប្រកាស​របស់​អង្គការ​សហប្រជាជាតិ​?


​ត្រង់​ចំណុច​នេះ​យើង​ត្រូវ​ដឹង​ថា កូរ៉េខាងជើង​កំពុងតែ​ត្រូវ​ឡោមព័ទ្ធ​ដោយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ក្រៅ​តែ​ពី​ប្រទេស​ដែល​ជាមិ​ត្ដ​របស់ខ្លួន​មួយចំនួន​ប៉ុណ្ណោះ​។ ជាពិសេស​គឺ​អាមេរិក​ផ្ទាល់​តែម្ដង ដែលជា​អ្នក​ប្រឆាំង​ខ្លាំង​ទៅលើ​កូរ៉េខាងជើង​លើ​បញ្ហា​សិទ្ធិមនុស្ស​។ ដូច្នេះ​ទោះបីជា​កូរ៉េខាងជើង​អះអាងថា​ខ្លួន​គ្មាន​កំហុស​ក្ដី ក៏​ពិបាក​ដែរ​នៅពេល​ចូលខ្លួន​បំភ្លឺ​ព្រោះ​មាន​ប្រទេស​ជាច្រើន​បាន​ចោទ​កូរ៉េខាងជើង​រួចជាស្រេច​ហើយ​។​ត្រង់នេះ​អាចនិយាយបាន​ថា វា​ជា​សម្ពាធ​មួយ​ដែល​កូរ៉េខាងជើង​មិន​ចង់​ចូល​ខ្លួន​ទៅ​បំភ្លឺ​ព្រោះ​បើ​ចូលខ្លួន​ទៅ​តាម​ការស្នើសុំ ប្រា​ដក​ជា​ត្រូវ​អន្ដរជាតិ​ដាក់​គំនាប​។


​បើ​គិត​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង តាម​របាយការណ៍​បញ្ជាក់​កន្លងមក​បានបង្ហាញ​ថា​កូរ៉េខាងជើ​ង​ពិតជា​មាន​មែន​នូវ​កន្លែង​សម្រាប់​ឃុំ​ខ្លួន​អ្នកទោស​។ តែ​ត្រង់​ថា​ការធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​យ៉ាងណា​ដល់​អ្នកទោស​នោះ ដូចជា​មិន​មាន​ការ​បែកធ្លាយ​ច្រើន​ណាស់ណា​ទេ​។ ដូច្នេះ​យោង​លើ​បញ្ហា​នេះ ប្រសិន​កូរ៉េ​ខាងជើង​បាន​រំលោភ​សិទ្ធិមនុស្ស​មែន​ទោះ​វា​មិន​ធ្ងន់ធ្ងរ​ក្ដី ក៏​វា​ជា​លំបាក​ដែរ​សម្រាប់​ប្រទេស​មួយ​នេះ​។


២ ករណី​ដែល​កូរ៉េខាងជើង​មិន​ចូល​ទៅ​បំភ្លឺ​លើ​បញ្ហា​នេះ តើ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ ជា​អ្នកត្រួតពិនិត្យ​មុន​នឹង​ឆ្លង​ដល់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​នឹង​មាន​ចំណាត់ការ​យ៉ាង​ណា​ទៅលើ​កូរ៉េខាងជើង​?


​ទាក់ទង​នឹង​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បើទោះបីជា​កូរ៉េខាងជើង​មិន​យល់ព្រម​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ខ្លួន ដែល​នឹង​ប្រព្រឹត្ដទៅ​នៅ​ថ្ងៃច​ន្ទខាងមុខ ដើម្បី​ពិភាក្សា​ពី​ការបញ្ជូន​ខ្លួន​ទៅ​តុលា​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ក្ដី ក៏​ក្រុមប្រឹក្សា​មួយ​នេះ​មិន​អាច​ធ្វើ​អ្វី​បានដែរ​។ បើ​តាម​ការចុះផ្សាយ​ព័ត៌មាន​កន្លងមក​បាន​ឱ្យដឹងថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មិនទាន់មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​កូរ៉េខាងជើង​ទេ មានតែ​សង្ឃឹមថា​កូរ៉េខាងជើង នឹង​យល់ព្រម​បញ្ជូន​បេសកជន ឬក៏​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម​ប៉ុណ្ណោះ​។


​យើង​បានដឹង​ហើយ​ថា កូរ៉េខាងជើង​មិនមែនជា​ប្រទេស​ទន់ខ្សោយ ឬក៏​ទន់ជ្រាយ​ទេ​។ ដូច្នេះ​មិន​អាច​ប្រើ​ធម៌​ក្ដៅ​លើ​កូន​នាគ​នុយក្លេអ៊ែរ​ទ្វីប​អាស៊ី​មួយ​នេះ​បាន​ឡើយ​។ វិធីសាស្ដ្រ​នាពេលនេះ មាន​តែ​ទទូច​ស្នើ​ឱ្យ​កូរ៉េ​ខាងជើង​ពិចារណា​ឡើងវិញ ហើយ​យល់ព្រម​ចូលរួម​កិច្ចប្រជុំ ជាមួយ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​។


​មួយវិញទៀត​ក្នុងករណី​ដែល​កូរ៉េខាងជើង​នៅតែ​មិន​ព្រម​នោះ មាន​តែ​បន្ដ​ពិភាក្សា​ជាមួយ​សមាជិក​ខ្លួន​ទាំង​១៥​ប្រទេស ដើម្បី​រក​វិធីសាស្ដ្រ​ផ្សេងទៀត​។ និយាយឱ្យចំ​ទៅ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ មិន​អាច​ប្រើ​ធម៌​ក្ដៅ​លើ​កូរ៉េ​ខាងជើង​បាន​ទេ​។


៣ ទាក់ទង​នឹង​សមាជិក​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​នេះ យើង​ឃើញថា​មាន ចិន និង​រុស្ស៊ី​ក៏​បាន​ជំទាស់​ទៅលើ​ការកោះហៅ​កូរ៉េខាងជើង​ឱ្យចូល​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​ដែរ​។ ដូច្នេះ​តើ​ការប្រឆាំង​របស់​ចិន​នឹង​រុស្ស៊ី អាច​ជា​ការលើក​ទឹកចិ​ត្ដ​កូរ៉េ​ខាងជើង ឱ្យ​រឹតតែ​មាន​ជំហរ​ប្រឆាំ​ដែរឬទេ បើ​ប្រទេស​ទាំង​ពីរ​ជាមិ​ត្ដ​ជិតស្និទ្ធ​របស់ខ្លួន​?


​បើ​តាម​ពិត​ទៅ​នោះ​៥​ក្នុងចំណោម​ប្រទេស​១៥ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​ជំទាស់​រួចទៅហើយ​។ ប៉ុន្ដែ​ក្នុងនោះ​មាន​ចិន​នឹង​រុស្ស៊ី​ជា​អ្នក​លេចមុខ​ខ្លាំងជាងគេ​។ ចំណង​មិត្ដភាព​រវាង​ចិន រុស្ស៊ី​ជាមួយ​កូរ៉េខាងជើង គឺ​ស្និទ្ធស្នាល​នឹង​គ្នា​។ បច្ចុប្បន្ន​ចិន​និង​រុស្ស៊ី​កំពុងតែ​មាន​បញ្ហា​ជាមួយ​អាមេរិក ជាពិសេស​គឺ​រុស្ស៊ី​តែម្ដង​ពាក់ព័ន្ធ​បញ្ហា​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។ សួរថា​តើ​មាន​អ្វី​ទាក់ទង​គ្នា​នឹង​ការស្នើ​បញ្ជូន​កូរ៉េខាងជើង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ​?


​ត្រង់​ចំណុច​នេះ​ខ្ញុំ​សូមបញ្ជាក់​ថា អ្នក​ដែល​លេចមុខ​ខ្លាំងជាងគេ​ស្នើឱ្យ​បញ្ជូន​កូរ៉េខាងជើង​ចូល​ទៅ​បំភ្លឺ​បញ្ហា​សិទ្ធិមនុស្ស គឺ​អាមេរិក​នេះឯង​។ ដូច្នេះ​បើ​អាមេរិក​ចង់​ដាក់​គំនាប​លើ​កូរ៉េខាងជើង គឺ​ប្រៀប​ដូចជា​ដាក់​គំនាប់​លើ​ចិន និង​រុស្ស៊ី​បែបនេះ​ដែរ ព្រោះ​ប្រទេស​ទាំង​បី​ប្រៀប​ដូច​ជា​បងប្អូន​នឹង​គ្នា ហើយ​សុទ្ធតែ​ជា​ប្រទេស​ប្រឆាំង​អាមេរិក​ដូចគ្នា​។ យើង​ក៏​អាច​និយាយ​បាន​ដែរ​ថា ចិន និង​រុស្ស៊ី រឹង​រឹតតែ​ធ្វើឱ្យ​កូរ៉េ​ខាងជើង​មាន​ភាពកក់ក្ដៅ​ប្រឆាំង​តទៅទៀត​។ កន្លង​មក​កូរ៉េខាងជើង​ក៏​បាន​បញ្ជូន​បេសកជន​របស់​ខ្លួន​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី​ដែរ ដើម្បី​រឹតចំណង​មិត្ដភាព​។


៤ ករណី​ដែល​កូរ៉េខាងជើង​មិន​ព្រម​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្ដរជាតិ តើ​ប្រទេស​នុយក្លេអ៊ែរ​ទ្វីបអាស៊ី​មួយ​នេះ នឹង​ជួបប្រទះ​បញ្ហា​អ្វីខ្លះ​នៅពេល​ខាងមុខ​?


​បញ្ហា​ដែល​កូរ៉េ​ខាងជើង​នឹង​ជួបប្រទះ​ប្រាកដជា​មាន​។ ដូច​បាន​ជម្រាបជូន​ខាងលើ​ហើយ​ថា អាមេរិក​ជា​អ្នក​លេចធ្លោ​ជាង​គេ​ប្រឆាំង​កូរ៉េខាងជើង ដូច្នេះ​អាមេរិក​ពិតជា​មិន​នៅ​ស្ងៀម​ឡើយ​។ ក្រៅពីនោះ​នៅ​មាន​ប្រទេស​ជាង​១០០​ផ្សេងទៀត ដែល​គាំទ្រ​ឱ្យ​កូរ៉េ​ខាងជើង​ចូល​បំភ្លឺ ហើយ​ប្រទេស​ទាំងនោះ​ប្រាកដ​ជា​រួម​គ្នា​រក​វិធីសាស្ដ្រ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​។ ជាពិសេស​ចំណុចខ្សោយ​កូរ៉េខាងជើង​មួយ​ដែល​ត្រូវ​គេ​ចាប់បាន ពាក់ព័ន្ធ​នឹង​សកម្មភាព​នុយក្លេអ៊ែរ​។ បច្ចុប្បន្ន អាមេរិក​ក៏​កំពុង​តាមដាន និង​តាម​ប្រមាញ់​ពី​សកម្មភាព​នុយក្លេអ៊េ​ររបស់​ប្រទេស​មួយ​នេះ​។​


​ម្យ៉ាងវិញទៀត កូរ៉េ​ខាងជើង​ក៏​នឹង​អាច​ទទួល​ទណ្ឌកម្ម​ពី​អន្ដរជាតិ​ផងដែរ បើ​មិន​ព្រម​ចូលទៅ​បំភ្លឺ​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៀត​នោះ ហើយ​វា​នឹង​ធ្វើឱ្យ​អន្ដរជាតិ​ចោទ​កូរ៉េខាងជើង​ថា បាន​ប្រព្រឹត្ដ​ខុស​ទើប​មិនហាន​សារភាព​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត