ទីភ្នាក់ងារអវកាសអាមេរិក NASAបង្ហាញភពថ្មីចំនួន៧១៥

18-12-2014 4:43 pm 2571

មុខងារនៃបេសកកម្ម Kepler របស់ទីភ្នាក់ងារអវកាសរបស់សហរដ្ឋអាមេរិក (ណាសា, NASA) គឺ​​ការរុករក​​ទៅកាន់​​ទីឆ្ងាយៗ​​នៃអវកាស ​​ដោយសង្ឃឹមថា ​​នឹង​រក​​ឃើញ​​​​​បណ្ដាភព​​​​​ដែល​​មាន​​​​​សក្ដា​នុ​​​​ពល​​អាច​​​រស់​​​​នៅ​បាន​​។ នៅទីបំផុត ណាសាបានប្រកាសពីជោគជ័យដ៏ត្រចះត្រចង់ដោយបេសកកម្ម Kepler បានកំណត់អត្តសញ្ញាណភពថ្មីចំនួន ៧១៥ ដែលគោចរជុំវិញផ្កាយចំនួន៣០៥ ។ របក​គំហើញនេះ​​បានបង្កើនចំនួនភពដែលត្រូវបានស្គាល់រហូតដល់៧០% ។

 

អ្នករាយការណ៍របស់វិទ្យុជាតិសាធារណៈ (NPR) លោក Nell Greenfieldboyce បានឲ្យដឹងថា «ភព ចំនួន ៤ នៃពិភពថ្មីទាំងនេះមានទំហំធំជាងផែនដីប្រហែល២ដង និង​វិលជុំវិញ​ផ្កាយ​តាម​គន្លង​ដែល​គេ​​​ហៅ​ថា ជាតំបន់អាចរស់នៅបាន ដែលសីតុណ្ហភាពអាចសមស្របសម្រាប់ឲ្យមានទឹកក្នុងសភាពរាវ» ។ ចំនុចរកឃើញពិសេសនៃភពទាំងនោះមានដូចជា៖

- របកគំហើញថ្មីទាំងនេះ មានប្រព័ន្ធពហុភពដូចគ្នានឹងប្រព័ន្ធព្រះអាទិត្យរបស់យើងដែរ

- ៩៤% នៃភពទាំងនោះមានទំហំតូចជាងភពណិបទូន (ដែលធំជាងផែនដីជិត ៤ដង)

- ភព និងផ្កាយទាំងនោះត្រូវបានវិភាគដោយអ្នកស្រាវជ្រាវដោយប្រើទិន្នន័យ ពីការសង្កេតរយៈពេល ២ឆ្នាំដំបូងនៃបេសកកម្ម Kepler គឺកាលពីខែឧសភា ឆ្នាំ២០០៩ ដល់ខែមីនា ឆ្នាំ២០១១ ។

- ការរាប់ផ្ទៀងផ្ទាត់នៃពិភពនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង (Exoplanets) បច្ចុប្បន្នឃើញថាមានចំនួនជិត ១៧០០ ។

 

លោក Jason Rowe ប្រធានក្រុមស្រាវជ្រាវ និងជាអ្នកវិទ្យាសាស្ត្របម្រើការនៅវិទ្យាស្ថាន SETI នៅក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា មានប្រសាសន៍ថា «ចេញ ពីការសិក្សានេះ យើងដឹងថា បណ្ដា​ភពនៅក្នុងពហុប្រព័ន្ធទាំងនោះមានទំហំតូច ហើយគន្លងគោចររបស់ពួកវាស្ថិតក្នុងប្លង់ដេករាប និងជារង្វង់ គឺមិនដូចគំហើញធម្មតានៃអាតូមនោះទេ ។ នៅពេលយើងកាន់តែរុករក យើង​កាន់​តែ​រក​​ឃើញ​​​ដាននានាក្នុងចំណោមផ្កាយទាំងនោះដូចគ្នានឹង ប្រព័ន្ធព្រះអាទិត្យរបស់យើង» ។

 

ជាមួយគ្នានេះ ណាសាក៏បានសង្កត់ធ្ងន់ថា ពិភពដែល​​ភ្នាក់ងារ​​អវកាស​​មួយនេះ​​កំពុងពិភាក្សា​​គឺខុសគ្នាពីភព​ដែល ​​បានបង្ហាញឲ្យដឹង​​ ដោយការសិក្សានានា​ពីមុនមក​​។

 

ចំណែកលោក​​​ Jack Lissauer អ្នក​​​​​វិទ្យាសាស្ត្រ​​សិក្សាអំពី​​ភពនៅ​​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​​Ames​​ របស់​​ទីភ្នាក់ងារ​​ណាសា​​នៅរដ្ឋ​កាលី​​ហ្វ័រញ៉ា ​​សហរដ្ឋ​​អាមេរិក​​បាននិយាយថា ​​​«កាលពី ៤ឆ្នាំមុន បេសក​​កម្ម ​​Kepler​​ បាន​​ចាប់​ផ្ដើម​ប្រ​កា​ស​​​​​​​​​​​​​ជាបន្តបន្ទាប់នូវបេក្ខជនភពដំបូងចំនួនរាប់រយ បន្ទាប់មករាប់ពាន់ ប៉ុន្តែពួកវាគ្រាន់តែជាពិភពបេក្ខជនប៉ុណ្ណោះ។ បច្ចុប្បន្នយើង​បានអភិវឌ្ឍ​ដំណើរ​ការមួយ​ដើម្បី​ផ្ទៀង​ផ្ទាត់​​បញ្ជាក់​​​ បេក្ខ​ជន​ភព​​​​ក្នុង​ទ្រង់​ទ្រាយ​​ធំ ហើយបានប្រើប្រាស់វាដើម្បីបង្ហាញពីចំនួនដ៏ច្រើនអាចផ្ទៀងផ្ទាត់ បាននៃពិភពថ្មីៗ» ។

 

យ៉ាងណាក៏ដោយ ជាចុងក្រោយ ណាសាបានគូសបញ្ជាក់ពីភពមួយឈ្មោះ Kepler-296f​​ ដែល​​ស្ថិត​​នៅក្នុង​តំបន់​​អាច​​រស់នៅ​​បាន ​​​​និងគោចរជុំវិញ​​ផ្កាយមួយមានទំហំពាក់កណ្ដាល និង​មាន​ពន្លឺភ្លឺ​ជាង​​ព្រះ​​​អាទិត្យ​​របស់យើង ៥% ។

 

ណាសាបាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា «Kepler-296f មានទំហំធំជាងផែនដី ២ដង ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនដឹងទេថា តើភពនេះជាពិភពឧស្ម័ន រុំព័ទ្ធ​​ដោយ​​ស្រទាប់​​​​​​ឧស្ម័នអ៊ីដ្រូសែន-អេលីយ៉ូមយ៉ាងក្រាស់ ឬមួយវាជាពិភពទឹកព័ទ្ធជុំវិញដោយមហាសមុទ្រយ៉ាងជ្រៅនោះទេ»៕ ដោយៈសៅ វិសាល

 

ព័ត៌មានផ្សេងទៀត