ធនាគារ​​កណ្តាល​​រុស្ស៊ី​​ប្រកាស​​តំឡើង​​ការប្រាក់​​១៧%​​ស្រប​​ពេល​​រូបិយវត្ថុ​​ធ្លាក់ចុះ

16-12-2014 11:29 am 2748

​ធនាគារ​កណ្តាល​រុស្ស៊ី​បាន​ព្យាយាម​យក​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ចេញពី​ស្តុក​ដើម្បី​ទ្រទ្រង់​រូបិយវត្ថុ​រុស្ស៊ី​។ ទោះជា​យ៉ាងណា វា​នៅតែ​មិន​អាច​ជួយ​សង្គ្រោះ​ឲ្យ​រូបិយវត្ថុ​រុស្ស៊ី​ងើប​ឡើងវិញ​បាន​​។ ដើម្បី​​ប្រមូល​ប្រាក់​មក​ទ្រទ្រង់​រូបិយវត្ថុ​រុស្ស៊ី ធនាគារ​កណ្តាល​រុស្ស៊ី​កាលពី​យប់​ថ្ងៃ​ទី​១៦​ធ្នូ​នេះ​បាន​បង្ខំចិត្ត​តំឡើង​អាត្រា​ការប្រាក់​ដ៏​គួរឲ្យភ្ញាក់ផ្អើល​។ ធនាគារ​មួយ​នេះ​បាន​ជូនដំណឹង​ដល់​សារ​ធា​រណៈ​ជន​​ថា ​ខ្លួន​បាន​តំឡើង​អត្រា​ការប្រាក់​ដល់​១៧%​។ អត្រា​នេះ​មាន​ការខុស​គ្នា​ជិត​ពាក់កណ្តាល​ បើ​ប្រៀបធៀប​ទៅ​និង​អត្រា​ការប្រាក់​ចាស់​មាន​ចំនួន​១០.៥%​។

ការតំឡើង​ការប្រាក់​នេះ​ត្រូវបាន​ធនាគារ​កណ្តាល​រុស្ស៊ី​ពន្យល់ថា ដើម្បី​យក​មក​ទ្រទ្រង់​រូបិយវត្ថុ​រុស្ស៊ី​ឲ្យមាន​តម្លៃ​ឡើង​វិញ​។ រូបិយវត្ថុ​រុស្ស៊ី​តាំងពី​ដើម​ឆ្នាំ​២០១៤​នេះ​ បាន​បាត់បង់​តម្លៃ​ស្ទើ​ពាក់កណ្តាល ពោល​​គឺ​៤៥%​ទល់​និង​ប្រាក់​ដុល្លារ​។​​ ដោយ​០១​ដុល្លារ​ស្មើ​និង​៦០ roubles​។​

បញ្ហា​ដែល​រុស្ស៊ី​កំពុងតែជួបប្រទះ​នាពេលនេះ មាន​ហេតុផល​តែមួយគត់​គឺ​រុស្ស៊ី​មិន​ព្រម​ដោះលែង​អ៊ុ​យក្រែន ពាក់ព័ន្ធ​ទៅនឹង​តំបន់​ភាគ​ខាងកើត​អ៊ុ​យក្រែន​។ ហេតុនេះ​ប្រទេស​លោក​ខាងលិច​បាន​ប្រ​មូល​ផ្តុំ​គ្នា​ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុស្ស៊ី ធ្វើឲ្យ​រុស្ស៊ី​រើ​ខ្លួន​លែងរួច​។ រុស្ស៊ី​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ចំនូល​នៃ​ការលក់​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក ពីព្រោះ​ចំនូល​នេះ​បាន​នាំ​ថវិកា​ទ្រទ្រង់​សេដ្ឋកិច្ច​រុស្ស៊ី​ប្រ​មាណ​ជា​ពាក់កណ្តាល​ឯណោះ ​បើ​ប្រៀបធៀប​ទៅ​និង​លំហូរ​ទំនិញ​ផ្សេងៗ​។

បើតាម​ធនាគារ​ពិភពលោក​បាន​ព្រមាន​ដល់​រុស្ស៊ី​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​ធ្លាក់ចុះ​យ៉ាង​ហោច​ណាស់​០.៧%​នៅក្នុង​ឆ្នាំ​២០១៥ ​ប្រសិនបើ​ប្រេង​នៅតែ​បន្ត​ធ្លាក់ចុះ​៕ (​ដោយ​៖​អ៊ុន សុខ​ឡា​)

 

ព័ត៌មានផ្សេងទៀត