បច្ចេក​វិទ្យា​ដ៏​​អស្ចារ្យ​​ទាំង​​១០​​ប្រចាំ​ឆ្នាំ​​២០១៤​​

11-12-2014 4:36 pm 2380

​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បច្ចេកវិទ្យា​នៅ​ទូ​ទាំង​សកលលោក​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើងៗ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៤ នេះ​ជា​ឆ្នាំ ដែល​ពោរពេញ​ទៅ​ដោយ​ការបង្កើត​ឧបករណ៍​ប្លែកៗ​ជាច្រើន  សមត្ថភាព​ដ៏​អស្ចារ្យ ដែល​លោកអ្នក​មិន​ធ្លាប់​បានឃើញ​។ យើង​នឹង​បង្ហាញ​លោកអ្នក​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ចំនួន​១០ ប្រចាំឆ្នាំ​២០១៤​នេះ​។​

 

១. មនុស្ស​យន្ត​សម័យ​ទំនើប​ឈ្មោះ  Personal Robot 2 អាច​បោក​និង​បត់​ខោអាវ​បាន​

​មនុស្ស យន្ត​មួយ​នេះ បង្កើតឡើង​ដោយ​និស្សិត​មួយក្រុម​មក​ពី​សកល​វិទ្យាល័យ Berkeley សហរដ្ឋអាមេរិក​។   មនុស្ស​យន្ត​ដែល​ពួកគេ​បាន​បង្កើតឡើង​អាច​បត់​ខោអាវ ហាល​ខោអាវ យក​ខោអាវ​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​បោកគក់ កោរពុកមាត់ រៀបចំ​អាហារ លេង​បុក​ប៊ីយ៉ា និង​អាច​ធ្វើ​កិច្ចការ​ក្នុង​ផ្ទះ​ជាច្រើន​ផ្សេង​ទៀត​។​

 

២. ក្តា​រស្គី Radinn អាច​ជិះ​លើ​ទឹក​បាន​ទោះបី​គ្មាន​រលក​

 Radinn Electric Wakeboard គឺជា​ក្ដារ​ជិះ​លើ​រលក​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ប្រទេ​សស្វី​ស​មួយ​ឈ្មោះ ថា Radinn​។ ក្ដារ​Radinn ផលិត​ឡើង​ដោយ​បន្ទះ​កាបូន Fiber ដែល​មាន​ទម្ងន់​ស្រាល មាន​ស្បែកជើង​ពីរ​ភ្ជាប់​នៅ​ពី​លើ​ក្ដារ​នេះ​ស្រាប់ និង​បំពាក់​ដោយ​ថ្ម​ប្រភេទ​លី​ចូម និង​ដើរ​ដោយ​ថាមពល​អគ្គិសនី​។ ក្តា​រស្គី ដ៏​អស្ចារ្យ​នេះ បើ​ទោះបីជា​មិន​មាន​រលក​ធំៗ​ក៏​លោក​អាច​ជិះ​ក្ដា​រស្គី​នេះ នៅលើ​ផ្ទៃ​ទឹក​បាន​យ៉ាង​សប្បាយ​ផងដែរ​។​

 

៣. យន្តហោះ​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​អាច​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី​

Solar Impulse ជា​ប្រភេទ​យន្តហោះ ដំណើរការ​ដោយ​ថាមពល​ព្រះអាទិត្យ មាន​ទំហំ​ប៉ុន​យន្តហោះ Boeing 747 តែ​មាន​ទម្ងន់​ស្រាល​ប្រហាក់ប្រហែល​រថយន្ត​ធន់​ល្មម​។ យន្តហោះ​ដើរ​ដំណើរការ​ដោយ​ថាមពលព្រះអាទិត្យ​នេះ អាច​ហោះហើ​រលើ​អាកាស​បាន​ឥត​ឈប់ ទាំង​យប់​ទាំង​ថ្ងៃ​រយៈពេល​៥​ថ្ងៃ ឬក៏​អាច​ហោះ​ឆ្លងកាត់​មហាសមុទ្រ​បាន​ដោយ​គ្មាន​បញ្ហា ព្រោះ​វា​មាន​ថ្ម សម្រាប់​ផ្ទុក​ថាមពល​។ Solar Impulse អាច​ហោះ​លើ​អាកាស​បាន​កម្ពស់ ៨​គីឡូម៉ែត្រ និង​មាន​ល្បឿន ៧២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យន្តហោះ​ប្រភេទ​នេះ ជា​គំនិត​ច្នៃប្រឌិត និង​បង្កើត​ដោយ​ជនជាតិ​ស្វីស​។​
 

៤. មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ឆ្នាំ ២០៣០

​មធ្យោបាយ ដឹកជញ្ជូន​សាធារណៈ​ដែល​គេ​នឹង បំពាក់​នា​ឆ្នាំ ២០៣០ ខាងមុខនេះ គឺជា​ប្រអប់​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​កន្ត្រក់​វិល​ដែល​អាច ផ្ទុក​មនុស្ស​បាន​ពីរ​នាក់ ឬ​ច្រើន​ជាង​នេះ ហើយ​ជាពិសេស​វា​អាច​ធ្វើដំណើរ​បាន​លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​គម្រោង​មធ្យោបាយ​ធ្វើដំណើរ​ថ្មី​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដោយ ក្រុម​វិស្វករ​ដែល​មានឈ្មោះ​ដូចជា Vinay Sindhe, Abhishek Karunakar, Santosh S និង Anoop Paul​។ គួរបញ្ជាក់​ថា គម្រោង​នៃ​ការដឹកជញ្ជូន​សាធារណៈ​សម្រាប់​ឆ្នាំ​២០៣០​នេះ ធ្វើឲ្យ​ពិភពលោក មាន​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​ផង​ដែរ​។​

 

៥. រថយន្ត​បើក​បាន​លើដី និង​លើ​អាកាស​

​រថយន្ត ដែល​មាន​សមត្ថភាព​ធ្វើ​រឿង​ដ៏​អស្ចារ្យ​នេះ​មានឈ្មោះ​ថា AeroMobil ដែល​អាច​ហោះ​បាន​ចម្ងាយ ៦៩២ គីឡូម៉ែត្រ​ដោយ​ប្រើ​ប្រេង​មួយ​ធុង​។​

 

 ៦. កៅអី​គ្មាន​ជើង

​កៅអី​គ្មាន​ជើង ជា​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិ​ចមួយ ដែល​ផ្តល់​ភាពងាយស្រួល ដោយ​អាច​ឲ្យ​អ្នក អង្គុយ​នៅ​កន្លែង​ណា​ក៏បាន​។ ពេល​ដែល​អ្នក​ចង់​អង្គុយ​គឺ​គ្រាន់តែ​ចុច​ប៊ូ​តុង​នៅ​ចំហៀង​នោះ​ទៅ​ជា​ការ​ស្រេច​។ កៅអី​មួយ​នេះ​បំពាក់​ដោយ​ថ្ម​ទំហំ ៦​វ៉ុល (6V) ដែល​អាច​ដំណើរការបាន​២៤​ម៉ោង​។​

 

៧. ស្រោមដៃ​ឆ្លាត​វៃ EnableTalk អាច​ឲ្យ​មនុស្សគ និង​ថ្លង់​ទាក់ទង​គ្នា​បាន​

​ស្រោម ដៃ​មួយ​នេះ​មាន Sensor ដែល​អាច​បកប្រែ​រាល់​ភាសា​កាយវិការ​ទៅ​ជា​ភាសា​និយាយ ដើម្បី​ឲ្យ​មនុស្សគ និង​ថ្លង់​អាច សន្ទនា​ជាមួយ​គ្នា​បាន យ៉ាង​ងាយស្រួល​។ វា​អាច​ដំណើរការ​បាន​ជាមួយនឹង Windows Phone, Microsoft’s Speech និង Bing APIs តាមរយៈ Bluetooth​។​
 
៨. LCD Projector នាពេល​អនាគត​

Bleen ជា​អនាគត​នៃ​បច្ចេកវិទ្យា LCD Projector ដ៏​ទំនើប​ដែល​អាច​បង្ហាញ​រូបភាព​ឬ​វីដេអូ​ផ្សេងៗ ហាក់បីដូចជា​សកម្មភាព​ទាំងអស់នោះ​កំពុង​កើតឡើង​នៅ​នឹង​មុខ​យើង ផ្ទាល់​អញ្ចឹង​។ ឧទាហរណ៍​ពេល​ដែល​អ្នក​ចង់​មើល​ឈុត​ឆាក​វាយតប់ អ្នក​គ្រាន់​តែ​បើ​កវា​តាមរយៈ Bleen  នោះ​តួអង្គ​ទាំងអស់​នឹង​ផុស​ចេញមកក្រៅ​វាយ​គ្នា​នៅ​នឹង​មុខ​អ្នក​មិន​ខាន​។​

 

៩. នាឡិកា​បំពាក់​ឡាស៊ែរ អាច​កម្ទេច​វត្ថុ​រឹង​បាន​

​បច្ចេកវិទ្យា​ឡាស៊ែរ​មួយ​នេះ ត្រូវបាន​យក​មក​បំពាក់​លើ​នាឡិកា​មួយ​ដែល​បាន បង្កើតឡើង​ដោយ​បុរស​ជនជាតិ​អាល្លឺម៉ង់​មួយ​រូប​ឈ្មោះ Hobbyist Patrick Priebe​។ ឡាស៊ែរ​ដែល​យក​មក​បំពាក់​លើ នាឡិកា​មួយ​នេះ​មាន​ថាមពល ១៥០០ មី​លី​វ៉ាត់ (​ស្មើ ១,៥​វ៉ាត់​) ដែល​អាច​កម្ទេច ឬ​កាត់​ផ្តាច់​វត្ថុ​រឹង​មួយចំនួន​បាន​។ ទោះជា​យ៉ាងណា វា​មាន​ថាមពល​ថ្ម​ដែល​អាច​កាន់​បានត្រឹមតែ ៥ ទៅ ១០ នាទី​ប៉ុណ្ណោះ​។​

 

១០. RocketSkate ជាស្គី​កូនកាត់​អេឡិចត្រូនិកដ៏​វៃឆ្លាត​សម្រាប់​ការធ្វើ​ដំណើរ​

 RocketSkate ដ៏​វៃឆ្លាត​មួយ​នេះ​មាន​ទំហំ​ល្មម​នឹង​ជើង​របស់​អ្នក ដែល​ងាយស្រួល​សម្រាប់​ការធ្វើដំណើរ​។ ស្គី​កូនកា​ត់មួយ​នេះ​បំពាក់​ដោយ​ម៉ូទ័រ​អគ្គិសនី ថ្ម​ប្រភេទ​លី​ចូ​ម​អីយ៉ុង និង​មាន​កង់​សងខាង​និង​កង់​ខាងក្រោយ​តូច​សម្រាប់​ទប់​លំនឹង​។ ចំពោះ​ការ​ដំណើរការ​គឺ​គ្រាន់តែ​រុញ​ជើង​ម្ខាង​ទៅមុខ​និង​ម្ខាង​ទៀត​ទៅ ក្រោយ​ប៉ុណ្ណោះ ដើម្បី​បញ្ជា​ល្បឿន​របស់​វា​។​
​ទាំងនេះ សុទ្ធសឹងតែ​ជា​ឧបករណ៍​អេឡិចត្រូនិចដ៏​អស្ចារ្យ​បំផុត​សម្រាប់​ឆ្នាំ​២០១៤ តើ​នឹង​មាន​អ្វី​ប្លែក​ខ្លះ​ទៀត​នៅ​ឆ្នាំ​២០១៥​ខាងមុខ​៕​ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត