អស្ចារ្យ!​ភោជនីយដ្ឋាន​​​មួយ​​​នៅ​​​ចិន​​​ប្រើ​​​មនុស្ស​​យន្ត​​បំរើ​​សេវា​​កម្ម​​​ដល់​​​អតិថិ​ជន​​​​​

04-12-2014 5:41 pm 2419

​បច្ចេកវិទ្យា​កាន់តែ​ទំនើប​អ្វីៗ​ក៏​កាន់តែ​អស្ចារ្យ​ផងដែរ ជាក់ស្តែង​ដូចជា​នៅ ភោជនីយដ្ឋាន ម្ហូបអាហារ​ចិន​មួយកន្លែង បាន​បំពាក់​នូវ​សេវាកម្ម ថ្មី​ទំនើប និង​អស្ចារ្យ ដោយ​កំពុងតែ​ទទួលបាន ការ​ចាប់​អារម្មណ៍​​​​​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន និង​ល្បី​ពេញ​បណ្តាញ​អ៊ី​ន​ធើ​ណេត ដោយសារតែ ភោជនីយដ្ឋាន​នេះ មាន​មនុស្ស​យន្ត ជា​អ្នក​ចាំ​បម្រើ​សេវាកម្ម ដ៏​ប្លែក ខុស​ពី​កន្លែង​ផ្សេងៗ​។​ ​ភោជ​​​នីយដ្ឋាន ដែល​មាន​ទីតាំង ក្នុង​ផ្សារ​ទំនើប Liancheng នៅក្នុង​ទីក្រុង Ningbo ប្រទេស​ចិន បាន​ធ្វើឲ្យ អ្នកទេសចរ និង ប្រជាជន ក្នុង​ក្រុង ភ្លូកទឹកភ្លូកដី មក​ពិសា​អាហារ ក្នុង​ភោជនីយដ្ឋាន​នេះ យ៉ាងច្រើន​កុះករ ដោយសារ ចង់ដឹង ពី​សេវាកម្ម​ថ្មី បំផុត ដោយ​ប្រើប្រាស់ មនុស្ស​យន្ត ជា​អ្នក​បម្រើ​សេវាកម្ម វា​មាន​លក្ខណៈ​របៀប​ណា​។​

 

​លោក Lu Dike ម្ចាស់​ភោជនីយដ្ឋាន បានឲ្យដឹងថា មនុស្ស​យន្ត ជា​អ្នក​បម្រើ​សេវាកម្ម និង លើក​ម្ហូបអាហារ ក្នុង​ហាង​របស់លោក ក្នុង​មួយ​គ្រឿង មានតម្លៃ ៦០,០០០​យ័ន ដែល​ស្មើ​ប្រមាណ​ជាង​៩,៧០០​ដុល្លារ​អាមេរិក ។ មនុស្ស​យន្ត​ទាំងនេះ ត្រូវបាន ប្រើ​ប្រព័ន្ធ បញ្ជា​ស្វ័យប្រវត្តិ ដែល​អាច​ធ្វើការ​បម្រើ​ម្ហូបអាហារ ទៅគ្រប់​តុ ក្នុង​ភោជនីយដ្ឋាន ដោយ​ខ្លួន​ពួក​វា​ផ្ទាល់​តែម្តង​។ លើសពីនេះ មនុស្ស​យន្ត​ទាំងនេះ អាចនិយាយបាន ៤០​ឃ្លា ក្នុង​ភាសា​ចិន​កុក​ងឺ ទៀតផង ដូចជា​ឃ្លា “​សូម​រីករាយ ពិសា អាហារ​របស់​អ្នក​” ជាដើម ជា​ហេតុ​ធ្វើឲ្យ ភ្ញៀវ​រីករាយ ពេល​មក ពិសា​អាហារ​នៅទីនេះ​។ មនុស្ស​យន្ត​នីមួយៗ មាន​អាយុកាល​ប្រើប្រាស់​បាន​តែ ៥​ឆ្នាំ ប៉ុណ្ណោះ​។ ដើម្បី​ប្រើប្រាស់​មនុស្ស​នេះ​បាន ត្រូវការ​សាក​ថ្ម រយៈពេល ៤​ម៉ោង ហើយ​វា អាច​ធ្វើ​ការងារ បាន​រយៈពេល​៨​ម៉ោង​។​

 

​មាន​អតិថិជន​ជាច្រើន បាន​សរសើរ នូវ​ការបម្រើ​សេវាកម្ម​របស់ មនុស្ស​យន្ត​ទាំងនេះ ហើយក៏​មាន​អតិថិជន​មួយចំនួន​ចង់​ទិញ មនុស្ស​យន្ត​នេះ ទៅ​ដាក់​ក្នុង​ផ្ទះ​ទៀត​របស់​ពួកគេ​ផង​ដែរ ដើម្បី​ចង់​ឲ្យ​បំរើ​អាហារ​ដល់​ពួកគេ​។​

 

​គួរបញ្ជាក់​ថា ទន្ទឹម​នឹង​ការរីកចម្រើន នៃ​ការប្រើប្រាស់​សេវាកម្ម​មនុស្ស​យន្ត​នេះ ក៏​មាន​សាធារណៈ​មួយចំនួន​បាន​លើកឡើង​ពី​ក្តីព្រួយបារម្ភ​ផងដែរ ទាក់ទង​នឹង​ភាព​អត់​ការងារ​ធ្វើ​របស់​មនុស្ស​ទៅ​ថ្ងៃ​អនាគត​។ ព្រោះ​នៅ​ថ្ងៃ​អនាគត ការបង្កើត​មនុស្ស​យន្ត ជំនួស​ការងារ​មនុស្ស​កាន់​ច្រើនឡើងៗ ពេល​នោះ​ហើយ ដែល​ក្រុមហ៊ុន ឬ​ហាង​មួយចំនួន នឹង​កាត់បន្ថយ​បុគ្គលិក​របស់​ពួកគេ​ជាក់​ជាមិនខាន​។ តើ​លោក​អ្នក​យល់​យ៉ាងណាដែរ សម្រាប់​ការប្រើប្រាស់​មនុស្ស​យន្ត​ជំនួស​កិច្ចការងារ​របស់​មនុស្ស​បែបនេះ​? ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត