អាមេរិក​​នឹងត្រូវ​​អន្ដរជាតិ​​ចំអក​​បើ​​ដោះស្រាយ​​បញ្ហា​​ក្នុង​ក្រុង​​Ferguson​​មិនបាន​

29-11-2014 4:16 pm 2296
ក្រុមបាតុករឈូសគ្រាប់បែកផ្សែងដាក់ប៉ូលិសវិញក្នុងក្រុង​Ferguson​

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ ផេង​នឹង​បញ្ជាក់​ជូន​លោកអ្នក​នូវ​ព្រិត្ដិការណ៍​នៃ​ការតវ៉ា​ក្នុងក្រុង ហ្វឺ​ហ្គួ​សុន សហរដ្ឋអាមេរិក ដែល​បាន​ចាប់ផ្ដើម​ឡើង​ជា​ថ្មី​តាំងពី​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នេះ​។ ប្រជាជន​អាមេរិក​ដើមកំណើត​អា​ហ្រិ្វ​ក បាន​នាំគ្នា​តវ៉ា​ការចេញ​សាលក្រម​របស់​តុលាការ ថា​មិន​ដាក់ទោស​ដល់​ប៉ូលិស​ដែល​បាញ់​សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ ម៉ៃ​ឃើ​ល ប្រោ​ន កាលពី​ថ្ងៃ​ទី​០៩​សីហា​កន្លងមក​។ ស្ថានភាព​តវ៉ា​កាន់តែ​ធ្ងន់​ជាង​មុន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ការប្រមូលផ្ដុំ​បាន​កើតឡើង​ជា​ច្រើន​កន្លែង​ថែម​ទៀត​។ តើ​ការតវ៉ា​ប្រឆាំង​នេះ អាច​រីក​រាលដាល​ខ្លាំង​ជាង​មុន​ដែរឬទេ​? បើសិនជា​អាមេរិក​មិន​បន្ដ​ដោះស្រាយ​បញ្ហា​ឱ្យ​ចប់​ទេតើ​អន្ដរជាតិ​នឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​អាមេរិក​?


​ដើម្បី​ជ្រាប​ពី​ព័ត៌មាន​នេះ​បន្ថែម ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូច​តទៅ​៖

សំឡេង៖


​សំឡេង​ស្រែក​តវ៉ា​របស់​ក្រុមបាតុករ លាយឡំ​ជាមួយ​សំឡេង​ទះដៃ​ស្រែក​រក​យុត្ដិធម៌ ដល់​លោក Michael Brown អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក ដែល​ត្រូវបាន​ប៉ូលិស​ស្បែក​សជន​ជា​អាមេរិក​បាញ់សម្លាប់ ប៉ុន្ដែ​មិន​ត្រូវបាន​តុលាការ​ដាក់ទោស​។​


​បន្ទាប់​ពី​តុលាការ​បាន​ចេញ​សាលក្រម​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ថា មិន​ដាក់ទោស​ដល់​លោក Darren Wilson​ដែល​ជា​អ្នកបាញ់​លោក Michael Brown ក្រុមបាតុករ​បាន​នាំគ្នា​តវ៉ា​ជាថ្មី បន្ទាប់​ពី​ការតវ៉ា​ដំបូង​បាន​ធ្វើ​ង​ឡើង​កាលពី​ខែ​សីហា​។ ពួកគេ​បាន​ស្រែកថា អ​យុត្ដិធម៌​ណាស់​សម្រាប់ Michael Brown ព្រោះ​ត្រូវ​ប៉ូសិល​បាញ់​សម្លាប់​ទាំង​ខ្លួនគ្មាន​អាវុធហើយ ប៉ុន្ដែ​ឃាតករ​បែរជា​មិន​គ្មាន​ទោស​ទៅវិញ​។


​ក្រុមបាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​ជាច្រើន​កន្លែង​មិន​ត្រឹម​តែ​នៅក្នុង​ក្រុង​Ferguson​ប៉ុណ្ណោះ​ទេ គឺ​មាន​នៅក្នុង​តំបន់​ដទៃ​ទៀត​ផង​ដែរ​ក្នុង​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​សាលក្រម​របស់​តុលាការ​។ ពួកគេ​បាន​អះអាង​ទៀតថា ទង្វើ​នេះ​ប្រៀប​ដូចជា​ការរើសអើង​ជាតិ​សាសន៍​ដូច្នេះ​ដែរ ដោយសារតែ​Michael Brown ជា​ជនជាតិ​ស្បែក​ខ្មៅ​។


​ដោយឡែក​បើ​តាម​ការបកស្រាយ​របស់​តុលាការវិញ ការ​មិន​ចោទប្រកាន់​ដល់​លោក Darren Wilson វ័យ​២៨​ឆ្នាំ ជា​ប៉ូលិស​ល្បាត​ក្នុង​ក្រុង​Ferguson រដ្ឋ Missouri សហរដ្ឋអាមេរិក គឺ​ដោយសារតែ​ការបាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​ខាងលើ គ្រានតែ​ជា​ការការពារ​ខ្លួន​ប៉ុណ្ណោះ ព្រោះថា​លោក Michael Brown បាន​ចូល​មក​ដណ្ដើម​កាំភ្លើង​ពី​លោក ខណៈ​កំពុង​ប្រតាយប្រតប់​គ្នា​។ តុលាការ​បន្ដទៀតថា ស្ថិតក្រោម​ការស៊ើបអង្កេត​កន្លងមក វា​អាច​បញ្ជាក់បាន​ថា​លោក​Darren Wilson​គ្មាន​ទោស​នោះទេ​។


​បើសិនជា​តុលាការ​សម្រេច​បែប​នេះ​ហើយ តើ​ក្រុមបាតុករ​នឹង​តវ៉ា​កាន់តែ​ខ្លាំង​ជាង​មុន​ឬ​យ៉ាងណា​? តើ​វា​អាច​ធ្វើឱ្យ​មាន​ភាពចលាចល​កើតឡើង​ឈានដល់​ហិង្សា​ធ្ងន់ធ្ងរ​ដែរ​ឬទេ​?


​ត្រង់​ចំណុច​នេះ​យើង​អាច​សិក្សា​ទាំងអស់គ្នា​បាន​ថា ដំណាក់កាល​ដំបូង​បន្ទាប់ពី​លោក​Michael Brown ត្រូវ​បាន​បាញ់​ឱ្យ​ស្លាប់​កាលពី​ថ្ងៃ​ទី​០៩​ខែសីហា​កន្លងមក​។ ក្បូន​តវ៉ា​បាន​កើតឡើង​ម្ដង​រួចមកហើយ រហូត​ឈានដល់​ការ​ចល័ត​ទ័ព ព្រមទាំង​មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​ថែមទៀត​ផង​។ នេះ​គឺជា​សារ​មួយ​គូសបញ្ជាក់ថា វា​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ព្រោះ​សាច់ញាតិ ក្រុមគ្រួសារ ប្រជាជន​ក្នុង​សហគមន៍​អាមេរិក​ដើមកំណើត​អា​ហ្រិក រង់ចាំ​ការកាត់ក្ដី​របស់​តុលាការ​។


​ប៉ុន្ដែ​បើ​តុលាការ​ចេញ​សាលក្រម​បែបនេះហើយ ច្បាស់​ណាស់​ថា​ភាពចលាចល​នឹង​កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន​។ ជាក់ស្ដែង​ដូច​ជា​ការតវ៉ា​របស់​ក្រុមបាតុករ​តាំងពី​ថ្ងៃ​ទី​២៤​វិច្ឆិកា រហូតមកដល់​ពេលនេះ នៅ​មិនទាន់​ស្ងប់ស្ងាត់​ឡើយ​ផ្ទុយ​ទៅ​វិញ​មាន​សភាព​កាន់តែ​ខ្លាំង​ជាង​មុន​។ ពួក​គេ​គិត​ថា តុលាការ​រើសអើង​ពួកគេ​ជា​ជនជាតិ​ស្បែក​ខ្មៅ ទើប​គ្មាន​ការសម្រេច​តាម​ការទាមទារ​របស់​គេ​។ សហគមន៍​ដែល​គាំទ្រ​ដល់​ប្រជាជន​អាមេរិក​ដើមកំណើត​អាហ្វ្រិក បាន​ប្រមូល​គូកន​នៅតាម​តំបន់​មួយចំនួន ហើយ​បាន​ចូល​ទៅ​បិទ​ហាង​លក់ទំនិញ​មួយចំនួន​ផង​ដែរ​។ នេះ​គឺជា​ផលប៉ះពាល់​មួយ ព្រោះ​វា​អាច​ធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ជួប​បញ្ហា​។


​លើសពីនេះទៅទៀត បើ​យើង​គិត​ពី​សហរដ្ឋអាមេរិក​វិញ អាមេរិក​ជា​ប្រទេស​មួយ​ដែល​ប្រកាន់ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​។ អាមេរិក​តែងតែ​ប្រកាស​ឱ្យ​អន្ដរជាតិ​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​។ ចុះ​បើ​អាមេរិក​មិន​អាច​រក​យុត្ដិធម៌​ជូន​ដល់​សាច់ញាតិ​ជនរងគ្រោះ​ខាងលើ ព្រមទាំង​ប្រជាជន​ដែល​គាំទ្រ​អស់នោះ អាមេរិក​នឹងត្រូវ​អន្ដរជាតិ​សើច​ចំអក​ថា បាន​តែ​ស្រែក​ដាក់​គេ ប៉ុន្ដែ​រឿង​ខ្លួន​ឯង​ដោះស្រាយ​មិន​ចេញ​។ កន្លងមក​មាន​កូរ៉េខាងជើង​មួយ​ហើយ ដែល​បាន​ចំអក​ឱ្យ​អាមេរិក​ថា ដើរ​ដោះស្រាយ​រឿង​ក្នុង​ផ្ទះ​គេ ប៉ុន្ដែ​ដល់​កើត​រឿង​ក្នុង​ផ្ទះ​ឯក​ដោះស្រាយ​មិនបាន​។ សម្ដី​នេះ កូរ៉េខាងជើង​ចង់​សម្ដៅ​ដល់​ការប៉ះទង្គិច​ក្នុងពេល​តវ៉ា​កាលពី​លើក​មុន​។ កូរ៉េ​ខាងជើង​បាន​និយាយទៀតថា តើ​ការប៉ះទង្គិច​កាលណោះ​មិនមែន​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ទេ​អី​?


​បញ្ហា​ចំពោះ​មុខ​មួយ​នេះ បើ​អាមេរិក​មិន​រក​វិធីសាស្ដ្រ​ដោះស្រាយ​ឡើងវិញ​ទេនោះ ប្រជាជន​អាមេរិក​ស្បែក​ខ្មៅ​ទាំងអស់នោះ​នឹង​ធ្វើ​ការតវ៉ា​កាន់តែ​ខ្លាំង​ជាង​មុន​។ បើ​អាមេរិក​ចាប់ខ្លួន​អ្នក​តវ៉ា អាមេរិក​ត្រូវ​ប្រឈម​នឹង​បញ្ហា​បន្ដទៀត​។ បញ្ហា​នោះ​ត្រង់​ថា ក្រុមបាតុករ​នឹង​មាន​កំហឹង​កាន់តែខ្លាំង ហើយ​អាច​ឈាន​ដល់​ការប្រើ​ហិង្សា​ធ្ងន់ធ្ងរ​។ មួយទៀត អាមេរិក​អាច​ត្រូវ​ប្រទេស​ដទៃ​លើ​សាកលលោក ចោទ​ថា​រំលោភ​សិទ្ធិមនុស្ស មិន​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ​ហើយ​ធ្វើឱ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ​។


​ក្នុងករណី​ដែល​ការតវ៉ា​កាន់តែខ្លាំង អាមេរិក​នឹង​ខាតបង់​កាន់តែខ្លាំង ជាពិសេស​គឺ​ការធ្វើ​ពាណិជ្ជកម្ម​។​រីឯ​សណ្ដាប់ធ្នាប់​សាធារណៈ​វិញ​ក៏​មាន​ភាព​អាណាធិបតេយ្យ​ដែរ​។ រឿង​ដែល​ធ្ងន់ធ្ងរ អាមេរិក​អាច​ថយកម្លាំង​ទប់ទល់​នឹង​ប្រទេស​ជា​ដៃគូរ​ប្រកួតប្រជែង​ដទៃទៀត ដូចជា​ចិន ហើយ​គូរ​ជម្លោះ​ដែល​មើលមុខ​គ្នា​មិន​ចំ​នោះ​នៅ​មាន​រុស្ស៊ី​មួយទៀត ព្រមទាំង​កូរ៉េខាងជើង​ផងដែរ​។ ប្រទេស​ទាំង​នេះ​ច្បាស់​ជា​វាយ​មក​ដាក់​អាមេរិក​ថា​ជា​ប្រទេស​មហាអំណាច ប៉ុន្ដែ​ដោះស្រាយ​រឿង​មួយ​នេះ​មិន​បាន​។


​បើសិន​ជា​បែប​នេះ​មែន ឥទ្ធិពល​អាមេរិក​ទៅលើ​ប្រទេស​ក្នុង​ឆាក​អន្ដរជាតិ​ក៏​ថយ​ចុះ​ដែរ ហើយ​វា​ជា​ឱកាស​មួយ​ដែល​គូរ​ប្រជែង​របស់​អាមេរិក អាច​ក្ដាប់​យក​ការគ្រប់គ្រង​ក្នុង​ឆាក​អន្ដរជាតិ​បាន​។
​ជារួម​ទៅ​ជុំវិញ​ករណី​បាញ់សម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ Michael Brown​ខាងលើ បើ​អាមេរិក​មិន​ដោះស្រាយ​ជា​ថ្មី​ទេ ការតវ៉ា​នឹង​រីក​សុះសាយ​កាន់តែខ្លាំង​។ វា​ក៏​ជា​ចំណុច​ឱ្យ​អាមេរិក​រៀនសូត្រ​ពី​ការតវ៉ា​របស់​ប្រជាជន​ខ្លួន​ផងដែរ ថា​គួរ​ដោះស្រាយ​ដោយ​របៀប​ណា ដើម្បី​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ កុំឱ្យ​ដូច​ពាក្យ​ដែល​លើកឡើង​ថា ដើរ​ពន្លត់ភ្លើង​ក្នុងផ្ទះ​គេ​បាន ប៉ុន្ដែ​ភ្លើង​ឆេះ​ក្នុងផ្ទះ​ឯង​ពន្លត់​មិន​បាន​នោះ​៕​(​ដោយ​៖​ពេញ ផេង​)

 

 

 

ព័ត៌មានផ្សេងទៀត