ក្រោយពីកិច្ចប្រជុំមេដឹកនាំG20 បានបញ្ចប់ទៅ មេដឹកនាំឥណ្ឌា លោកណារិនដ្រាម៉ូឌី បានធ្វើដំណើរទស្សនៈកិច្ចម្ដងទៀត ទៅប្រទេសអូស្ដ្រាលី ក្នុងគោលបំណង ជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក តូនីអាបត(Tony Abot) ដើម្បីពិភាក្សាអំពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ ក្នុងជំនួបនៅថ្ងៃអង្គារទី ១៨ ខែវិច្ឆិកានេះ មេដឹកនាំប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងទ្វេរភាគី ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មនិងបញ្ហាសន្តិសុខ។ បន្ថែមពីនេះទៀត ភាគីទាំងពីរបានបញ្ជាក់យ៉ាង មុតមាំថា នឹងពង្រឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ក្នុងកិច្ចជំនួបនោះដដែល ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងផ្នែកសន្តិសុខ មានដូចជា ការត្រួតពិនិត្យគ្រឿងញៀន ការពារសន្តិសុខសង្គម និងវិស័យទេសចរណ៍ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសទាំងពីរក៏បានព្រមព្រៀង ការពារអស្ថេរភាពក្នុងប្រទេស ជាពិសេសការពារអំពើភេវរកម្មកើតឡើងជាដើម។ចំណែកផ្នែកពាណិជ្ជកម្មវិញគឺមានដូចជាការនាំផលិតផលចេញទៅវិញទៅមក។លោក តូនីអាបត(Tony Abot) បានបង្ហាញក្តីរំពឹងថា ទំនាក់ទំនងរវាងប្រទេសទ្វេភាគី ពោលឥណ្ឌា និង អូស្ដ្រាលី អាចនឹងរីកចំរើនទៅមុខ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិស័យសន្តិសុខ ជាពិសេសផ្នែកការទូតជាដើម។
ជាការកត់សម្គាល់ប្រទេសអូស្ដ្រាលី ធ្លាប់បានចុះកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ច ជាមួយឥណ្ឌាម្តងរួចមកហើយ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរកើនឡើងជាលំដាប់។ លើសពីនេះទៀត ប្រទេសទាំងពីរក៏មានទំនាក់ទំនងគ្នាខាងផ្នែកវិស័យកសិកម្ម និងបច្ចេកវិទ្យាផងដែរ៕ (ដោយ៖លាង ធីតា)