អូស្ដ្រាលី​ត្រូវបាន​ដាក់​សម្ពាធ​ចាត់វិធានការ​កាត់បន្ថយ​ឧស្ម័ន​បំពុលបរិស្ថាន​

13-11-2014 6:08 pm 3130

​កាលពី​ពេល​ថ្មីៗ​កន្លងមកនេះ ប្រទេស​អូស្ដ្រាលី​ត្រូវបាន​ដាក់​សម្ពាធ​ឲ្យ​ចាត់​សកម្មភាព កាន់តែ​ខ្លាំងក្លា​ជាង​នេះ​លើ​ការកាត់បន្ថយ​ឧស្ម័ន​បំពុល​បរិស្ថាន ក្រោយពី​មាន​ការរិះគន់​ដល់​គោលនយោបាយ សេចក្ដីណែនាំ​ផ្ទាល់ ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា Direct Action របស់​រដ្ឋាភិបាល​អូស្ដ្រាលី ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា ជា​គោលនយោបាយ​ឥត​បានការ ។ ហើយ​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អូស្ដ្រាលី​នេះ គឺ​បន្ទាប់ ពី​កិច្ចប្រជុំ​ព្រមព្រៀង​ស្ដីពី​ការកាត់បន្ថយ​ឧស្ម័ន​ពុល​ក្នុង​បរិស្ថាន​រវាង​ចិន​និង​អាមេរិក កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ។ ជាងនេះទៅទៀត កន្លងទៅ​នេះ​អូស្ដ្រាលី​ក៏​បាន​ប្ដេជ្ញា​ចិត្ដ​ផង​ដែរ​ថា នឹង​កាត់បន្ថយ​ឧស្ម័ន​បំពុលបរិស្ថាន​ឲ្យបាន​៥% ទៅទល់​ឆ្នាំ​២០២០​។​

 

​ទន្ទឹមនឹងនោះ លោក​អើរ​វ្រិ​ន ជេ​កសាន​Erwrin Jackson ជា​សាស្ដ្រាចារ្យ​វិទ្យាស្ថាន​បម្រែបម្រួល​អាកាសធាតុ​អូស្ដ្រាលី បាន​និយាយថា កិច្ចព្រមព្រៀង​រវាង​ចិន និង​អាម៉េរិក​នេះ​បាន​បង្ហាញឲ្យឃើញថា អូស្ដ្រាលី​ដើរ​ក្រោយ​គេ​ខ្លាំង​នៅក្នុង​គោលនយោបាយ​កាត់បន្ថយ​ឧស្ម័ន​កាបូន​បំពុល​បរិស្ថាន​នៅក្នុង​ប្រទេស​របស់​ខ្លួន​។​រីឯ​លោក ម៉ា​តធូវ​Matthew England បណ្ឌិត​សាស្ដ្រាចារ្យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នៅ​សកល​វិទ្យាល័យ NSW ប្រទេស​អូស្ដ្រាលី​បាន​និយាយថា សេដ្ឋកិច្ច​អូស្ដ្រាលី​នឹង​រងគ្រោះ​ប្រសិនបើ​គ្មាន​ផែនការ​បង្កើន​ការកាត់បន្ថយ​ឧស្ម័ន​ពុល​កាបូន​ឲ្យបាន​ច្រើន​ជាង​នេះ​ទេ​នោះ​។​

 

គួររម្លឹកថា លើសពីនេះ លោកស្រី គ្រឹះស្ទីន មិ​ល​នី​Christine Milne ជា​មេដឹកនាំ​គណបក្ស​បរិស្ថាន​និយម​អូស្ដ្រាលី ក៏​មាន​ប្រសាសន៍ថា កិច្ចព្រមព្រៀង​រវាង​ចិន និង​អាម៉េរិក គឺជា​ការ​ដាស់​សតិអារម្មណ៍​យ៉ាងខ្លាំង​ដល់​នាយករដ្ឋមន្ដ្រី​អូស្ដ្រាលី​។​សម្រាប់​លោក បៀ​ល ស​ថថិន​Bill Shorten ជា​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​អូស្ដ្រាលី​បាន​ថ្លែង​បន្ថែម​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​សន្ទុះ​បន្ថែមទៀត​ដល់​ការភាក្សា​ជុំវិញ​បញ្ហា​ឡើងកម្ដៅ​ពិភពលោក ហើយ​ថា​បញ្ហា​នេះ គួរតែ​ស្ថិតនៅ​ក្នុង​របៀបវារៈ​នៃ​អង្គប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 ដែល​នឹង​ប្រព្រឹត្ដទៅ​នៅក្រុង​ប្រ៊ីស​ប៊ិន​ប្រទេស​អូស្ដ្រាលី​ចុង​សប្ដាហ៍​នេះ​។​

​សូម​បញ្ចាក់​ថា លោក Greg Hunt រដ្ឋ​មន្ដ្រី​បរិស្ថាន​អូស្ដ្រាលី បាន​គូសបញ្ចាក់ថា រដ្ឋាភិបាល​អូស្ដ្រាលី​បើកចំហ​ចំពោះ​ការចរចា​បន្ដ​ទៀត​ជុំវិញ​រឿងនេះ ក្រោយ​ពី​គណបក្ស​ប្រឆាំង​អូស្ដ្រាលី​ដើរចេញ​ពី​ការចរចា​ជាមួយ​រដ្ឋាភិបាល​ជុំវិញ​ការ​កំណត់​គោលដៅ​ថាមពល​កកើត​ឡើងវិញ​ដែល​ត្រូវ​សម្រេច​ឲ្យបាន​២០%​ទល់​ឆ្នាំ​២០២០៕ (ដោយ៖ ជ័យ សុភា)

ព័ត៌មានផ្សេងទៀត