កូរ៉េខាង​ជើង​​សំងំ​​ផលិត​​ទូរស័ព្ទ​​ស្មា​ត​​ហ្វូន​​ឲ្យ​ដូច​ទៅ​នឹង​​​iphone

13-11-2014 4:19 pm 3324

បន្ទាប់ពី​មាន​ការច្នៃប្រឌិត​ផលិត​រុក្ខជាតិ​ផ្សិត ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​រួចមក នាពេល​នេះ​ប្រទេស​កូរ៉េខាងជើង ក្រោម​ការគ្រប់គ្រង​ដោយ​មេដឹកនាំ​វ័យក្មេង​គីម ជុង​អ៊ុន បាន​នឹង​កំពុង​តែ​រៀបចំ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​ក្នុង​ការផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូន​។ ជាក់ស្តែង​ខណៈដែល​ពិភពលោក កំពុង​មាន​ការចាប់អារម្មណ៍​ខ្លាំង ទៅលើ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​មានដូចជា iPhone  Samsung ជា​ដើម​នោះ កាលពី​ពេល​ថ្មី​នេះ​ប្រទេស​កូរ៉េខាងជើង ត្រូវបាន​គេ​ដឹងថា ក៏​បាន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូន របស់​ខ្លួន​ឲ្យមាន​ទាំង​គុណភាព និង​បច្ចេកវិទ្យា​ទំនើប ដូច​ប្រភេទ​ស្មា​ត​ហ្វូន​ខាងលើ​នេះ​ផង​ដែរ​។​

 

​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រាប់​ដល់​ទីភ្នាក់ងារ​សារព័ត៌មាន BBC ថា ក្នុង​ដំណើរ​ទៅពិនិត្យ​កន្លែង​ផលិត​ទូរស័ព្ទ​មួយ​ក្នុង​តំបន់​ក្រុង​ព្យុង​យ៉ាង លោក​ជុង​អ៊ុន បាន​ផ្តល់​ការណែនាំ ដល់​ក្រុម​បុគ្គលិក​ការងារ ក្នុង​រោងចក្រ​ផលិត​ទូរស័ព្ទ​នេះ ឲ្យ​ជ្រើសរើស​និង ផលិត​ទូរស័ព្ទ​ណា ដែល​មាន​រូបរាង ពណ៌ និង​គុណភាព ឲ្យ​ត្រូវចិត្ត​អ្នកប្រើប្រាស់​។​

 

​គួរ​បញ្ជាក់ដែរថា កន្លង​មក​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ ធ្លាប់​បាន​បង្កើត​ទូរស័ព្ទ​ផ្ទាល់ខ្លួន ដំបូង​បំផុត ពី​ឆ្នាំ​២០១៣ ដែល​មានឈ្មោះ​ថា Arirang ដែល​ដំណើរការ​ដោយ ប្រព័ន្ធ ប្រតិបត្តិការ ម្យ៉ាង​មាន​លក្ខណៈ ស្រដៀង​នឹង Android របស់​ក្រុមហ៊ុន Google ដែរ​។ បន្ទាប់ខ្លួន​ក៏​បាន​បញ្ចេញ​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយទៀត​ឈ្មោះថា Pyongyang Touch ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ម៉ូ​ដែល​ទំនើប​បំផុត នៅក្នុង​ប្រទេស​កូរ៉េខាងជើង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង  ប្រៀបធៀប វា​ដូចជា iPhone របស់​ក្រុមហ៊ុន​Apple ទើប​នឹង​ចេញ​ថ្មី​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។​

 

​សូម​បញ្ជាក់​ផងដែ​ថា ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូន ម៉ូ​ដែល Arirang និង Pyongyang Touch របស់​កូរ៉េ​ខាងជើង​នេះ គឺ​ផលិត​ឡើង​សម្រាប់​លក់​ឲ្យ​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​តែប៉ុណ្ណោះ​។​ ​អ្នកប្រើប្រាស់ អាច​ទិញ​​យក​មក​ប្រើ ដោយ​ស្របច្បាប់​បាន ព្រោះ​វា​ជា​ទូរស័ព្ទ​ដែល​មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​ការប្រើប្រាស់​ប្រព័ន្ធ អ៊ី​ន​ធើ​ណេត ត្រូវ​បាន​ហាមឃាត់ ទូទាំង​ប្រទេស ប៉ុន្តែ​អាច​ប្រើ​បាន​តែ​ប្រភេទ អ៊ី​ន​ត្រា​ណេត ដែល គ្រប់គ្រង ដោយ​រដ្ឋាភិបាល​។ ដោយឡែក ចំពោះ​បណ្តាញ 3G វិញ ទើបតែ​មាន​ចាប់ពី​ឆ្នាំ​២០១៣​មក  ខណៈ​ដែល​ទូរស័ព្ទ iPhone ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ នាំ​ចូល​ទៅក្នុង ប្រទេស​កូរ៉េខាងជើង​ផងដែរ ក្រោម​ច្បាប់​អន្តរជាតិ​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត