តាំងតែពីលោក Ashraf Ghani ប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថាន ប្រកួតប្រជែងបានតំណែងជាប្រធានាធិបតីមក លោកមិនដែលចាប់អារម្មណ៍ថា មានដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅអាស៊ីណាមួយនោះទេ។ ប្រធានាធិបតីថ្មីសម្រាប់ប្រទេសអាហ្វហ្គានីស្ថានម្នាក់នេះ បានមមាញឹកនៅក្នុងការរៀបចំសន្តិសុខនៅក្នុងប្រទេស ដែលមានសន្ទុះយ៉ាងខ្លាំងក្លាពីក្រុមឧទ្ទាមតាលីបង់។
ជាការកត់សំគាល់ អង់គ្លេសបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីប៉ុន្មានថ្ងៃមុន។ ដោយឡែកកងទ័ពរបស់អង្គការណាតូ និងអាមេរិកនិងចាប់ផ្តើធ្វើមាតុភូមិនិវត្តន៍ ចេញពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសកំណើតរបស់ខ្លួនជាបន្តបន្ទាប់នៅដំណាច់ឆ្នាំ២០១៤នេះ។ សកម្មភាពនេះបង្ហាញថាកិច្ចព្រមព្រៀងសន្តិសុខក៏បានបញ្ចប់ ស្ថានភាពសន្តិសុខអាហ្វហ្គានីស្ថានបានប្រសើជាងមុន។
ខណៈមានស្ថានភាពល្អប្រសើច្រើនបើធៀបទៅប៉ុន្មានឆ្នាំមុន លោកបានបង្ហាញភាពជាអ្នកដឹកនាំប្រទេស នៅលើដែនដីមហាសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោកគឺប្រទេសចិន។ លោកនិងគណៈប្រតិភូរបស់លោកមួយចំនួនទៀត បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារទី២៨តុលានេះ។ នៅក្នុងរយៈពេលដល់ទៅបួនថ្ងៃនៅប្រទេសចិន លោកគ្រោងជួបសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់ប្រទេសកុម្មុយនិស្តមួយនេះ ការដែលសំខាន់គឺជំនួបជាមួយមេដឹកនាំចិនលោកXi Jinping។ ជាជំនួបដើម្បីផ្សាភ្ជាប់កាន់តែជិតស្និទរវាងភាគីទាំងពីរ នៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។ ជំនួបលើកដំបូងនៅប្រទេសចិនលោកGhaniមានបំណងទាក់ទាញអ្នកវិនិយោគចិន ឲ្យវាយលុកចូលទីផ្សាសេដ្ឋកិច្ចរបស់ខ្លួន។ ការពិភាក្សាដដែលលោកប្រធានាធិបតីសង្ឃឹមថា នឹងទទួលបានជោគជ័យ ហើយហត្ថលេខានឹងត្រូវចុះជាបន្តបន្ទាប់។
គួបញ្ជាក់ដែរថា ប្រទេសអាហ្វហ្គានីស្ថានស្ថិតនៅមិនឆ្ងាយប៉ុន្មានទេពីប្រទេសចិន ពោលប្រទេសទាំងពីរបានផ្សាភ្ជាប់ជាមួយខេត្តស៊ីនជាំងប្រទេសចិន មានចម្ងាយប្រមាណជាជាង៧០គីឡូម៉ែត្រ។ បើតាមប្រភពព័ត៌មានបង្ហាញថា អាហ្វហ្គានីស្ថានបានយល់ព្រមឲ្យប្រទេសចិន ជីករុករកធនធានរ៉ែ ប្រេង និងទង់ដែងនៅក្នុងប្រទេសនេះរួចទៅហើយ៕
(ដោយអ៊ុន សុខឡា)