នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិថ្ងៃនេះ ពេញ ផេងនឹងធ្វើសេចក្ដីរាយការណ៍ពីសកម្មភាពរបស់ក្រុមអ៊ីស្លាម ISIS ដែលកំពុងតែបន្ដការវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។ បន្ថែមលើនេះ ពេញ ផេងនឹងបញ្ជាក់ជូនលោកអ្នកផងដែរ ពីប្រភពហិរញ្ញវត្ថុរបស់ក្រុមអ៊ីស្លាម ដើម្បីផ្គត់ផ្គង់សកម្មភាពធ្វើសឹករបស់ពួកគេ។ តើហេតុអ្វីបានជាពួកគេមានប្រភពហិរញ្ញវត្ថុមិនចេះរីស្ងួត សម្រាប់ផ្គត់ផ្គង់ផ្នែកស្បឿងអាហារនិងអាវុធ ដែលជាកូនសោសម្រាប់ធ្វើសង្គ្រាម? តើពួកគេអាចរកប្រាក់បានតាមវីធីសាស្ដ្រអ្វីខ្លះ?
ដើម្បីឱ្យច្បាស់ពីព័ត៌មាននេះ ជាបន្ដសូមប្រិយមិត្ដស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេងនៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
សកម្មភាពវាយពង្រីកទឹកដីរបស់ក្រុមអ៊ីស្លាមISIS នៅតែបន្ដឥតឈប់ឈរទាំងនៅក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។ នៅក្នុងប្រទេសអ៊ីរ៉ាក់ពួកគេបានកាន់កាប់តំបន់មួយភាគធំនៅភាគខាងជើងប្រទេស ហើយកាលពីពេលថ្មីៗនេះ ក្រុមអ៊ីស្លាមISISបានរំកិលខ្លួនមកកាន់តែជិតក្រុងបាដាដ ក្នុងគោលបំណងកាន់កាប់រដ្ឋធានីនេះបន្ដទៀត។ ប៉ុន្ដែមិនដូចបំណងទេ ដោយសារតែកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់បានត្រៀមខ្លួនទប់ទល់ពួកគេ ជាមួយជំនួយពីអាមេរិកនិងសម្ព័ន្ធមិត្ដអន្ដរជាតិផ្សេងទៀត ក្នុងយុទ្ធនាការវាយប្រហារតាមជើងអាកាស។ យ៉ាងណាមិញ រដ្ឋាភិបាលអ៊ីរ៉ាក់ក៏ភ័យមិនតិចដែរចំពោះសកម្មភាពវាយលុករបស់ក្រុមអ៊ីស្លាមនេះ។
ងាកទៅចាប់អារម្មណ៍នៅក្នុងប្រទេសស៊ីរីវិញ ទំហំដីមិនតូចទេដែលត្រូវក្រុមអ៊ីស្លាមISISកាន់កាប់។ ក្រៅពីនោះ នៅមានក្រុងមួយទៀតដែលគេកំពុងតែព្រួយបារម្ភថា នឹងត្រូវធ្លាក់ក្នុងដៃក្រុមអ៊ីស្លាមបន្ដទៀតគឺក្រុងកូបានី។ កូបានីជាទីក្រុងមួយរបស់ស៊ីរី ស្ថិតនៅជាប់ព្រំដែននៃប្រទេសទួរគី ហើយវាជាក្រុងរបស់ក្រុមឃឺដ ជាជនជាតិភាគតិចស៊ីរី។ កាលពីខែមុនក្រុមអ៊ីស្លាម បានលុកលុយចូលក្រុងកូបានីជាលើកដំបូង និងបានប្រយុទ្ធជាមួយទាហានឃឺដ ទីបំផុតពួកគេក៏បានកាន់កាប់តំបន់មួយភាគនៃក្រុងនេះ។
តាមពិតទៅពួកគេស្ទើរតែគ្រប់គ្រងបានទាំងស្រុងទៅហើយ ប៉ុន្ដែដោយសារទាហានឃឺដជាអ្នកស្មោះស្ម័គ្រនឹងទឹកដីរបស់ខ្លួន បានតស៊ូមិនខ្លាចស្លាប់ រារាំងក្រុមអ៊ីស្លាម។ បន្ទាប់មកទើបអាមេរិកទម្លាក់ជំនួយជាសព្វាវុធនិងសម្ភារៈផ្សេងទៀតដល់ក្រុមឃឺដ ឱ្យបន្ដសកម្មភាពទប់ស្កាត់ក្រុមអ៊ីស្លាម។ តែវាមិនងាយស្រួលឡើយ ព្រោះក្រុមអ៊ីស្លាមISISនេះ មិនដែលដកខ្លួនដោយខាតបង់ជាដាច់ខាត។ ទីតាំងណាដែលពួកគេវាយចូល តំបន់នោះត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់គេ ទោះបីតិចតួចក្ដី កម្របំផុតដែលពួកគេត្រូវបរាជ័យ។
ឧទាហរណ៍ជាក់ស្ដែងបានឃើញហើយ គឺក្រុងកូបានីនេះផ្ទាល់តែម្ដង ទោះបីអាមេរិកនិងសម្ព័ន្ធមិត្ដអន្ដរជាតិបើកការវាយប្រហារជើងអាកាស ទម្លាក់គ្រាប់បែកលាន់រង្គើមេឃ ព្រមទាំងបានសម្លាប់ពួកគេមួយចំនួនក៏ដោយ តែសកម្មភាពបាញ់ឆ្ពោះទៅមុខរបស់ក្រុមISISនៅតែមាន គ្មានការរាថយឡើយ។ នេះហើយជាក្ដីកង្វល់សម្រាប់អន្ដរជាតិ ព្រោះមិនអាចគំរាមពួកគេបាន ហើយក៏មិនអាចយកគ្រាប់បែកធ្វើជារបាំងឃាំងពួកគេបានដែរ។ ការទម្លាក់គ្រាប់កាន់តែខ្លាំង សកម្មភាពវាយលុកស្ទុះកាន់តែខ្លាំងដែរ។
ងាកចាប់អារម្មណ៍ពីប្រភពដែលធ្វើឱ្យក្រុមអ៊ីស្លាមISIS មានកម្លាំងខ្លាំងក្លាក្នុងការវាយពង្រីកទឹកដី និងប្រឆាំងអន្ដរជាតិវិញម្ដង។ កន្លងមកមានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាក្រុមអ៊ីស្លាមISISមិនខ្លាចការគំរាមរបស់អាមេរិកនិងអន្ដរជាតិ ព្រមទាំងហ៊ានគំរាមបកទៅវិញ ធ្វើឱ្យអន្ដរជាតិស្រងាកចិត្ដមិនស្ទើរទេ ជាពិសេសគឺអាមេរិក។ អ្នកខ្លះបានចោទសួរថា តើពួកគេមានប្រភពហិរញ្ញវត្ថុមកពីណា ដើម្បីផ្គត់ផ្គង់លើស្បៀងនិងអាវុធ ដែលជាកូនសោសម្រាប់ធ្វើសង្គ្រាមនោះ។
សូមបញ្ជាក់ថា ទឹកដីក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់ ជាទឹកដីដែលសំបូរទៅដោយប្រេង។ ទីតាំងដែលក្រុមអ៊ីស្លាមកាន់កាប់បាន ក៏មានទីតាំងជារោងចក្រចម្រាញ់ប្រេងមិនតិចដែរ ដូច្នេះពួកគេអាចប្រើប្រាស់ប្រេងទាំងនោះ លក់យកប្រាក់ធ្វើជាប្រភពហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ការធ្វើសឹក។ ប្រេងដែលពួកគេផលិតបាន គឺបានលក់ទៅឱ្យឈ្មួញកណ្ដាលដោយខុសច្បាប់ ក្នុងនោះមានឈ្មួញនៅក្នុងប្រទេសទួរគីជាដើម។ ក្នុងមួយថ្ងៃពួកគេអាចផលិតប្រេងបាន៥ម៉ឺនបារ៉ែល ហើយចំណូលប្រចាំថ្ងៃពេលខ្លះអាចឈានដល់១លានដុល្លារអាមេរិកឯណោះ ដោយនេះគឺជាទំហំទឹកប្រាក់ដ៏ច្រើនបំផុត។
ចំណុចមួយទៀត ក្រុមអ៊ីស្លាមខាងលើបានចាប់មនុស្សជាច្រើននាក់ ជាពិសេសជនជាតិអឺរ៉ុប ព្រោះជនជាតិទាំងនេះ អាចមានតម្លៃសម្រាប់ពួកគេក្នុងការគំរាមទារប្រាក់ពីក្រុមគ្រួសារជនរងគ្រោះ។ ជាក់ស្ដែងពួកគេបានទទួលទឹកប្រាក់ប្រមាណជា២០លានដុល្លារអាមេរិក ពីការចាប់ជំរិតមនុស្សដោយមានអ្នកកាសែតនិងចំណាប់ខ្មាំងនៅតំបន់អឺរ៉ុប។ ប្រសិនបើគ្មានការដោះដូរជាទឹកប្រាក់ទេ ចំណាប់ខ្មាំងដែលចាប់ខ្លួនបាននឹងត្រូវសម្លាប់យ៉ាងឃោឃៅបំផុត។ បន្ថែមលើនេះ ក្រុមអ៊ីស្លាមខាងលើនៅទទួលជំនួយពីបណ្ដាប្រទេសអន្ដរជាតិជាច្រើនទៀត ដែលគាំទ្រពួកគេ។ រីឯយុវជនស្ម័គ្រចិត្ដវិញមានមិនតិចម៉ឺននាក់ទេ ដែលសុខចិត្ដលះបង់ខ្លួនចូលបម្រើជាកងទ័ព។
ដោយសារប្រភពចំណូចដ៏សន្ធឹកសន្ធាប់នេះហើយ ទើបក្រុមអ្នកជំនាញនៅលើពិភពលោក បានចាត់ទុកក្រុមមកពីរដ្ឋអ៊ីស្លាមថា ជាអង្គការក្រុមភេរវករដែលមានប្រាក់ច្រើនបំផុតក្នុងពិភពលោក។ ជាមួយគ្រឹះដ៏រឹងមាំខាងផ្នែកហិរញ្ញវត្ថុ ហើយកងទ័ពក៏មានកម្លាំងមោះមុតថែមទៀត ធ្វើឱ្យប្រទេសដែលប្រឆាំងក្រុមអ៊ីស្លាមISIS ឈឺក្បាលយ៉ាងខ្លាំង ក្នុងការរកវិធីសាស្ដ្រកម្ចាត់ពួកគេ។
បើគិតពីការបើកយុទ្ធនាការទម្លាក់គ្រាប់ប៉ុន្មានខែមកនេះ មានជិត២ពាន់គ្រាប់ហើយ ដោយបានបំផ្លាញទីតាំងសំខាន់ៗមួយចំនួន ហើយទាហានក្រុមអ៊ីស្លាមក៏ស្លាប់ជាច្រើននាក់។ ប៉ុន្ដែសកម្មភាពប្រយុទ្ធក្រុមនេះហាក់គ្មានស្រុតចុះឡើយ ផ្ទុយទៅវិញកាន់តែខ្លាំងជាងមុនទៅទៀត។ អ្វីដែលគេព្រួយបារម្ភបំផុត គឺខ្លាចបណ្ដាញក្រុមអ៊ីស្លាមរបស់គេនៅក្នុងប្រទេសផ្សេងទៀត ធ្វើសកម្មភាពវាយប្រហារ ឬក៏ធ្វើភេរវកម្មបង្កចលាចលនៅលើសាកលលោក។
កន្លងមកមានប្រទេសមួយចំនួន បានរងគ្រោះដោយសារការវាយប្រហារ ក្នុងនោះមាន កាណាដាទើបតែកើតហេតុការណ៍កាលពីថ្ងៃពុធ ទោះមិនទាន់មានភស្ដុតាងច្បាស់លាស់ថាជាសកម្មភាពក្រុមជាដៃជើងរបស់ក្រុមអីស្លាមISIS ប៉ុន្ដែរដ្ឋាភិបាលកំពុងព្រួយបារម្ភ។ ក្រៅពីនោះនៅមានហ្វីលីពីន ឥណ្ឌូនេស៊ីជាដើមក៏កំពុងតែភ័យខ្លាចដូចគ្នា។
ចំណែកឯក្រុមអាល់កៃដានិងក្រុមតាលីបង់វិញ ក៏បានប្រកាសខ្លួនចូលរួមជាមួយក្រុមអ៊ីស្លាមISISដែរ។ ដូច្នេះបើសិនជាពួកគេរួមកម្លាំងគ្នាជាធ្លុងមួយ សកម្មភាពរបស់គេប្រៀបដូចជាសត្វខ្លាដុះស្លាប អាចវាយប្រហារបានទាំងនៅលើអាកាសនិងនៅលើដី។ នោះមហន្ដរាយប្រាដកជាមានដល់ប្រទេសដែលប្រឆាំងពួកគេ។
គួររម្លឹកបន្ដិចថា បច្ចុប្បន្នក្រុមសកម្មប្រយុទ្ធមកពីរដ្ឋអ៊ីស្លាម កំពុងតែធ្វើសកម្មភាពវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់។ សកម្មភាពរុលទៅមុខឥតឈប់ឈរនេះ គឺដើម្បីពង្រីកទីតាំងបង្កើតរដ្ឋអ៊ីស្លាមរបស់ខ្លួនឱ្យកាន់តែធំជាងមុន និងមិនស្ថិតក្រោមការគ្រប់គ្រងឬការគាបសង្គត់ពីនរណាម្នាក់៕(ដោយ៖ពេញ ផេង)