ឥណ្ឌា​​​បញ្ជូន​​​ផ្កាយ​រណប​​ទៅ​​ដល់​​ភព​ព្រះ​​អង្គារ​​កក្រើក​​ពេញ​​ពិភព​លោក​​

16-10-2014 4:15 pm 3416

​កាលពី​ពេល​ថ្មី​នេះៗ ប្រទេស​ឥណ្ឌា​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន​នៅ​ទូទាំង​ពិភពលោក​។ ភាព​ភ្ញាក់ផ្អើល ដែល​បង្កឡើង​ដោយ​ប្រទេស​យក្ស​ផ្នែក​បច្ចេក​វិទ្យា​​នេះ គឺ​បាន​សម្រេច នូវ​សមិទ្ធិផល ដ៏​អស្ចារ្យ​មួយ ដោយ​បង្ហោះ​ផ្កាយរណប របស់ខ្លួន ជា​លើកដំបូង​បាន​ដោយ​ជោគជ័យ ទៅដល់​ភព​ព្រះ​អង្គារ កាលពី​ចុង​ខែ​កញ្ញា កន្លងទៅនេះ​។​

 

​ផ្កាយរណប​របស់​ឥណ្ឌា​នេះ មានឈ្មោះ​ហៅ​កាត់​ថា MOM (Mars Orbiter Mission) បាន ហោះ​ចូលក្នុង គន្លង​របស់​ភព​ព្រះ​អង្គារ បន្ទាប់ពី​ធ្វើ​ដំណើរ ចេញ​ពី​ភពផែនដី អស់​រយៈពេល ជិត​មួយ​ឆ្នាំ​។​ អ្វី​ដែល​​​​អស្ចារ្យ​នោះ​ត្រង់​ថា ការហោះ ចូល​គន្លង របស់​ភព​ក្រហម​នេះ គឺ​មាន​ប្រទេស​មហាអំណាច​មួយចំនួន មាន​ការលំបាក​នឹង​សម្រេច ណាស់ ក្នុង​ការ​ចូល​ទៅ​ដល់​គន្លង​នៃ​ភព​ព្រះអង្គា​រ៍នេះ ប៉ុន្តែ​បែរជា​ឥណ្ឌា​អាចធ្វើ​បាន ក្នុង​លើក​ទី​មួយ​របស់​ខ្លួន គួរឲ្យ​សរសើរ​ទៅវិញ​។​

 

​សម្រាប់​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គេ​សង្កេតឃើញ វត្តមាន​នាយករដ្ឋមន្ត្រី ក្នុង​ស្ថានីយ​អវកាស នា​ទីក្រុង Bangalore ដើម្បី​ចូលរួម​អបអរ ដោយ​មានប្រសាសន៍ថា​៖ “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ ដល់​បណ្តា ជនជាតិ និង​ប្រទេស​ឥណ្ឌា ទាំងមូល​។ ទីបំផុត ប្រវត្តិសាស្ត្រ​បាន​កើតឡើង​ហើយ​នា​ថ្ងៃនេះ​”​។​

 

​ទន្ទឹមនឹងនេះ​ដែរ ឥណ្ឌា​គឺជា​ប្រទេស ដំបូងបង្អស់ ក្នុង​ទ្វីប​អាស៊ី ដែល​អាច​ហោះ​ទៅដល់  ភព​ព្រះ​អង្គារ នេះ​បាន ហើយក៏​ជា​ប្រទេស​ទី​បួន​ដែរ នៅលើ​ពិភពលោក បន្ទាប់​ពី សហរដ្ឋអាមេរិក​, រុស្សី និង​សហភាព អឺរ៉ុប ខណៈ​ប្រទេស​ចិន និង​ជប៉ុន ធ្លាប់​ធ្វើ​ការសាកល្បង​ដែរ ប៉ុន្តែ​បរាជ័យ​។​

 

​ភាព​ជោគជ័យ​នេះ ឥណ្ឌា បាន​ចំណាយ​ថវិកា តែ​ប្រមាណ​ជិត​៧០ លាន​ដុល្លារ អាមេរិក ហើយ​ផ្កាយរណប​នេះ នឹង​អង្កេត​ភព​ព្រះ​អង្គារ ក្នុង​រយៈពេល​យ៉ាងតិច ៦ ខែ ដើម្បី​សិក្សា​ពី សមាសភាព​ផ្សំ​នៃ​ដី និង​ការបញ្ចេញឩ​ស្ម័ន របស់​វា​ជាដើម​។​

 

​គួរបញ្ជាក់​ថា ភព​ព្រះ​អង្គារ​ជា​ភព​មួយ​ដែល នៅ​ឆ្ងាយ ពី​ព្រះអាទិត្យ បន្ទាប់​ពី​ភពផែនដី និង​មាន​ទំហំ​តូច​ជាង ផែនដី​យើង ៣ ទៅ ៤ ដង​។ បច្ចុប្បន្ន​ភព​ព្រះ​អង្គារ គ្រាន់តែ​ជា​ដុំ​ដីក្រហម​មួយ ដែល​ចាត់ទុក ជា​វត្ថុ​គ្មាន​ជីវិត​នៅ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​តែប៉ុណ្ណោះ​។

 

យ៉ាង​ណា​ក៏ដោយ​​ កាលពី​ឆ្នាំ​២០១២ ក្រុម​អ្នក វិទ្យាសាស្ត្រ​របស់​អាមេរិក បាន​បង្ហាញ​នូវ​គ្រោងការ​ជាច្រើន ក្នុងការ ធ្វើឲ្យ​ភព​អង្គាររស់​ឡើងវិញ​ដែល​ត្រូវ​ចំណាយ​ពេល​រាប់រយឆ្នាំ ដូចជា​ការនាំ មនុស្ស​ទៅ​រស់នៅ​ភព​អង្គារ បង្កើត​ម៉ាស៊ីន បំ​លែង​ប្រព័ន្ធបរិយាកាស​នៅ​លើ​ភព​អង្គារ ដើម្បី​បំលែង​ប្រតិកម្ម​ធ្វើឲ្យ ខ្យល់​នៅ​ទីនោះ​មាន​ភាព​បរិសុទ្ធ​ឡើងវិញ និង​ការដាំដុះ​ដំណាំ​។​ចំពោះ​គម្រោង​នៃ​ការបង្ក​កំណើត​ថ្មី​ដល់​ភព​ព្រះ​អង្គារ​នេះ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​បង្ហើប​ថា អាច​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆ្នាំ​២០២០​ខាងមុខ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត