អាមេរិក​​បង្កើត​​មនុស្ស​​យន្តអាច​​កំ​ចាត់​​មេរោគ​​អេ​បូឡា​​​

09-10-2014 2:56 pm 3005

​បន្ទាប់​ពី​មាន​ការរីក​រាលដាល​យ៉ាង​កក្រើក​នៅ​តំបន់​អាហ្វ្រិក និង​បន្ត​ចូលមក​ដល់​តំបន់​អឺរ៉ុប​កាលពីពេល​ថ្មី​នេះ អេ​បូឡា ដែល​ជា​ជម្ងឺ​ដ៏​កាច​សាហាវ​បំផុត​ប្រចាំឆ្នាំ​២០១៤ កំពុង​ក្លាយជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង ពី​សំណាក់​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន ពិសេស​ក្នុង​ទ្វីបអឺរ៉ុប​។ ដោយឡែក សម្រាប់​ជា​ការឆ្លើយតប​នឹង បញ្ហា​ដ៏​សែន​គ្រោះថ្នាក់​នេះ រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​មនុស្ស​យន្ត​វៃឆ្លាត​មួយ​ប្រភេទ ដែល​អាច​សម្លាប់​មេរោគ​អេ​បូឡា​នេះបាន យ៉ាង​មាន​ប្រសិទ្ធភាព​។​

 

​បើតាម​គេហទំព័រ​បរទេសមួយ​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៦ តុលា​កន្លងទៅនេះ បានបង្ហាញ​ថា ក្រុមហ៊ុន Xenex គឺជា​ក្រុមហ៊ុន​អាមេរិក​មួយ ដែល​មាន​គំនិត​ច្នៃប្រឌិត​ផលិត​មនុស្ស​យន្ត​វៃឆ្លាត​នេះ ដោយ​បាន​ដាក់ឈ្មោះថា Little Moe ដែល​អាច​បញ្ចេញ​កាំរស្មីអ៊ុ​លត្រា Xenon ដើម្បី​សម្លាប់​មេរោគ​អេ​បូឡា​(Ebola) ដែល​នៅ​បរិវេណ​បន្ទប់ ឬ​ទីតាំង​ណាមួយ​បាន​ក្នុង​រយៈពេល​តែ​២​នាទី​ប៉ុណ្ណោះ​។​ មនុស្ស​​យន្ត​Little Moe មាន​កង់​បី​សម្រាប់ ផ្លាស់​ទី និង​ប្រើ​ឧស្ម័ន​គ្មាន​ជាតិពុល (non-toxic gas) ដើម្បី​ផលិត​កាំរស្មីអ៊ុ​លត្រា ដែល​អាច​កំចាត់​មេរោគ​ផ្សេងៗ​រួមទាំង អេ​បូឡា​បាន​យ៉ាង​ងាយ​។

 

​លោក​Stibich វិជ្ជបណ្ឌិត​ក្នុង​មន្ទីរពេទ្យ Dallas សហរដ្ឋអាមេរិក​បានឲ្យដឹងថា ពន្លឺ​ដែល​បញ្ចេញ​ដោយ​មនុស្ស​យន្ត Little Moe ម្ដងៗ គឺ​មាន​ពន្លឺ​ខ្លាំង​ជាង​ពន្លឺព្រះអាទិត្យ រហូតដល់​ទៅ ជាង​២០០០០​ដង​។ ដូច្នេះ​ទោះបីជា​មេរោគ​នៅ​កន្លៀត​ណា​ក៏​ត្រូវ​វិនាស​ដែរ​។​

 

​វិជ្ជបណ្ឌិត​រូបនេះ បានឲ្យដឹង​ទៀតថា មនុស្ស ឬ​អ្នកជំងឺ​ផ្សេង​នៅក្នុង​បន្ទប់​មិន​ត្រឹមតែ​មិន​មាន​បញ្ហា​នោះទេ តែ​ថែមទាំង​អាច​ចៀសផុត​ពី​ការឆ្លង​មេរោគ​អេ​បូឡា​ថែមទៀត​។ លើសពីនេះ Little Moe អាច​កម្ទេច​មេរោគ​អេ​បូឡា​បាន​ក្នុង​រយៈពេល​តែ​២​នាទី​ប៉ុណ្ណោះ និង​ចំណាយ​៥​នាទី​ដើម្បី​សម្លាប់​មេរោគ​សាហាវ​ផ្សេងៗ​ទៀត​។​

 

​បច្ចុប្បន្ន​មនុស្ស​យន្ត Little Moe ត្រូវបាន​ប្រើប្រាស់​នៅតាម​បណ្ដា​មន្ទីរពេទ្យ​ធំៗ​ចំនួន​២៥០​នៅ សហរដ្ឋអាមេរិក​រួម​ទាំង​មន្ទីរពេទ្យ​មួយ​ឈ្មោះ Dallas  ជា​ទី​ដែល​អ្នក​ជំងឺអេបូ​ឡា​ម្នាក់ កំពុង​សម្រាក​ព្យាបាល ហើយ​ក៏​កំពុងតែ​ប្រើប្រាស់​មនុស្ស​យន្ត​នេះដែរ​។ គួរបញ្ជាក់​ថា មនុស្ស​យន្ត Little Moe ត្រូវបាន​ដាក់​លក់​ក្នុង​តម្លៃ ១០៤០០០​ដុល្លារ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត