ការបង្កើន​​ទំនាក់ទំនង​​រវាង​វៀតណាម​​ជាមួយ​​ជប៉ុន​​អាច​ជា​វិធីសាស្ដ្រ​​ព្រួញ​មួយ​​បាញ់​បាន​​សត្វ​ពីរ​

02-08-2014 5:01 pm 2305
រដ្ឋមន្ដ្រីក្រសួងការបរទេសជប៉ុនចាប់ដៃជាមួយរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម

នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ថ្ងៃ​នេះ ពេញ ផេង បាន​លើកយក​ប្រធានបទ​មួយ​ស្ដីពី វៀតណាម​ចង់​ប្រកាស​បង្កើន​ទំនាក់ទំនង​ជាមួយ​ជប៉ុន​។ ក្នុង​ពេល​ថ្មីៗ​នេះ វៀតណាម​បាន​ប្រកាស​ពី​ការបង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជប៉ុន ដើម្បី​អភិវឌ្ឍ​លើ​វិស័យ​មួយចំនួន​។ តើ​ការបង្កើន​ទំនាក់ទំនង​រវាង​ជប៉ុន​ជាមួយ​វៀតណាម ធើ្វ​ឡើង​ក្នុង​គោលបំណង​អ្វី​ឱ្យ​ពិតប្រាកដ​? តើ​អាច​មាន​អ្វី​ជា​អាថ៌កំបាំង​ដែរឬទេ​?

ដើម្បី​ឱ្យបាន​ច្បាស់​ពី​បញ្ហា​នេះ​ជា​បន្ដ​សូម​ប្រិយ​មិត្ដ​ស្ដាប់​កិច្ចសន្ទនា​រវាង​អ៊ុន សុខ​ឡា​ជាមួយ ពេញ ផេង​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍អ​ន្ដ​រ​ជាតិ​ដូចតទៅ​៖
​សំឡេង​៖


១ ឃើញថា​ក្នុង​ពេល​ថ្មីៗ​នេះ​វៀតណាម​បានប្រកាស​ចង់​បង្កើន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ជប៉ុន ទាំង​ផ្នែក​ការទូត​និង​ផ្នែក​ផ្សេង​ទៀត​ដូចជា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។ តើ​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់​ទំ​ង​គ្នា​យ៉ាងណា​ដែរ​ពីមុនមក​?


​បាទ​ជាក់ស្ដែង​ណាស់​វៀតណាម​និង​ជប៉ុន​ក៏​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ដែរ ប៉ុន្ដែ​ប្រទេស​ទាំងពីរ​ហាក់​មិន​ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា​ឡើយ​។ សួរថា​តើ​ហេតុអ្វី​បានជា​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​មិន​ត្រូវ​បាន​លាតត្រដាង​? យើង​អាច​និយាយបាន​ថា ដោយសារ​តែ​ព័ត៌មាន​ទាក់ទង​នឹង​ប្រទេស​ទាំង​ពីរ មិន​ត្រូវ​បាន​ចុះផ្សាយ​ឱ្យបាន​ទូលំទូលាយ ហើយ​ភាគី​ទាំង​ពីរ​ទៀត​សោត ក៏​មាន​ចំណង​មិត្ដភាព​មិន​ដូច​ជា​មួយ​ប្រទេស​ដទៃ​ទៀត​ដែរ​។ ពោល​គឺ​នៅមានកំរិត​ទាប​នៅឡើយ ដូច្នេះហើ​បាន​ជា​ពេល​នេះ​ភាគី​ទាំងពីរ ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​គ្នា​ឱ្យបាន​ជិតស្និទ្ធ​ជាង​មុន ព្រោះ​សុទ្ធតែជា​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ដូចគ្នា​។


២ ​តើ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ទើប​ភាគី​ទាំង​ពីរ​សម្រេច​រឹតចំណង​មិត្ដភា​ពនៅ​ពេលនេះ​?


​ទាក់ទង​នឹង​បញ្ហា​នេះ វា​អាច​ជា​ការឆ្លុះ​បញ្ជាំង​ឱ្យ​ឃើញ​ពី​ចំណុច​មួយចំនួន​គឺ ជប៉ុន​ចង់​បង្កើន​កេរ្ដិ៍ឈ្មោះ​របស់​ខ្លួន​នៅលើ​ឆាក​អន្ដរជាតិ ជាពិសេស​គឺ​នៅក្នុង​តំបន់​អាស៊ី​ដូចគ្នា​។ មិន​ត្រឹមតែ​វៀតណាម​ប៉ុណ្ណោះ​ទេ ក្នុង​ពេល​ថ្មី​នេះ​ជប៉ុន​បាន​​ចុះ​កិច្ចព្រមព្រៀង​​ជាមួយ​​ប្រទេស​ឈី​លី​​ស្ដី​ពី​​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម ហើយ​បាន​​ចុះ​​កិច្ចព្រមព្រៀង​​ជាមួយ​​បារាំង​​ស្ដី​ពី​ ​ការបង្កើន​ទំនាក់ទំនង​លើ​វិស័យ​ការពារ​ជាតិ គឺ​សំដៅលើ​ការពង្រឹង​ផ្នែក​កងទ័ព ដែល​ជា​កូនសោ​ក្នុង​វិស័យ​ការពារជាតិ​។ ដូច្នេះ​ជារួម​ទៅ​ការ​ដែល​ជប៉ុន​មាន​ទំនាក់ទំនង​ជាមូយ​បរទេស ក៏ដូចជា​យល់ព្រម​បង្កើន​ទំនាក់ទំនង​ជាមួយ​វៀតណាម គឺ​ដើម្បី​បង្ហាញ​ពី​អានុភាព និង​ការស្វែងរក​ទីផ្សារ​នៅ​លើ​ឆាក​អន្ដរជាតិ ប្រសើរ​ជាង​បង្ក​ជំ​ម្លោះ ព្រោះ​ការ​មានមិត្ដ​ប្រសើរ​ជាង​មានសត្រូវ​។​


៣ តើ​សកម្មភាព​ដែល​វៀតណាម​ចង់​បង្កើន​ទំនាក់ទំនង​ជាមូយ​ជប៉ុន អាច​ចាត់ទុកថា​យុទ្ធសាស្ដ្រ​ចង់​រួម​ដៃ​ជាមួយ​ជប៉ុន ដើម្បី​ប្រឆាំង​ចិន​ដែរឬទេ ព្រោះ​ប្រទេស​ទាំងពី​សុទ្ធតែ​មាន​ជម្លោះ​ជាមួយ​ចិន​ដូចគ្នា គឺ​វៀតណាម​មាន​ជម្លោះ​​ជាមួយ​ចិន​​នៅ​ដែន​សមុទ្រ​​ចិន​ខាងត្បូង ចំណែកឯ​ជប៉ុន​វិញ​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ដែនសមុទ្រ​ចិន​ខាងកើត​?


​ទាក់ទង​នឹង​ជម្លោះ​ដែន​កោះ ចង់​ឬ​មិន​ចង់​ក៏​ត្រូវតែ​មាន​ដែល​វៀតណាម​ចង់​ស្វែងរក​ការរួម​ដៃ​ពី​ជប៉ុន​។ យើង​អាច​មើលឃើញថា បើទោះបីជា​ភាគី​ទាំង​ពីរ​មិន​បាន​បង្ហាញ​ដោយ​ត្រង់​ក៏ដោយ ប៉ុន្ដែ​ការចង់​រួមដៃគ្នា​ដើម្បី​ប្រឆាំង​ចិន​អាច​នឹង​កើតមាន​។ កន្លង​មក​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង វៀតណាម​និង​ចិន​បាន​ប្រកាស​ចង់​កាន់កាប់​កោះ​មួយ​ចំនួន​នៅ​តំបន់​នោះ គឺ​កោះ ស្ព្រែត​លី និង​កោះ​ប៉ា​រ៉ា​សែ​ល​។ មិនតែប៉ុណ្ណោះ​នៅក្នុង​ដែន​សមុទ្រ​នេះ សំបូរ​ទៅដោយ​ធនធាន​មាន​ប្រយោជន៍​ដូចជា​ប្រេង​ជាដើម ទើប​បណ្ដាល​ឱ្យ​ប្រទេស​ទាំង​ពីរ​ចង់​កាន់កាប់​រៀងៗ​ខ្លួន​។ កាលពីដើមឆ្នាំ​២០១៤​នេះ វៀតណាម​និង​ចិន​បាន​ផ្ទុះ​អំពើហិង្សា​ដាក់​គ្នា​ម្ដង​រួម​មក​ហើយ ដោយ​វៀតណាម​ចោទ​ចិន​ថា​បាន​ពង្រីក​យុទ្ធនាការ​ខួង​ប្រេង​ក្នុង​ដែនទឹក​របស់ខ្លួន ហើយ​ប្រជាជន​វៀតណាម​បាន​នាំគ្នា​ធ្វើបាតុកម្ម រហូត​ឈានដល់​ការ​ដុត​​បំផ្លាញ​រោងចក្រ​ចិន ហើយ​ប្រជាជន​ចិន​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ចេញពី​ប្រទេស​វៀតណាម​។


​បើ​យើង​និយាយ​ពី​ជប៉ុន​វិញ ក៏​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ចិន​លើ​បញ្ហា​ដែន​កោះ​ក្នុង​សមុទ្រ​ចិន​ខាងកើត​ដែរ ដោយ​ចង់​កាន់កាប់​កោះ​សេន​ការគុ ឬ​ទាវ​យូ រៀងៗ​ខ្លួន​ផង​ដែរ​។ កន្លង​មក​ការបញ្ចេញ​ធ្មុង​ដាក់គ្នា បាន​កើតឡើង​ជា​បន្ដបន្ទាប់ ជាពិសេស​នៅពេល​ដែល​ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែនអាកាស​នៅ​សមុទ្រ​ចិន​ខាងកើត​។ កាលណោះ​ជប៉ុន​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ដោយ​លើកឡើង​ថា ទង្វើ​របស់​ចិន​គឺ​ល្មើស​នឹង​ច្បាប់​អន្ដរជាតិ ហើយ​បញ្ហា​នេះ បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​អន្ដរជាតិ​ម្ដង​រួម​មក​ហើយ​។ ស​រុម​មក ទោះ​បី​ជា​បញ្ហា​ទាំងអស់​នេះ បាន​ស្ងាត់​ទៅ​វិញ​មែន ប៉ុន្ដែ​ភាគី​ទាំងអស់​មិន​ទាន់​ចុះចាញ់​គ្នា​ឡើយ ផ្ទុយទៅវិញ​កំពុងតែ​រក​មធ្យោបាយ​និង​ចំណុចខ្សោយ​ដើម្បី​វាយប្រហារ​គ្នា​ទៅវិញ​ទេ​។ ដូច្នេះ​មូលហេតុ​ដែល​វៀតណាម​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​ជប៉ុន ឬ​ជប៉ុន​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​វៀតណាម​អាច​និយាយបាន​ថា ជា​វិធីសាស្ដ្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ទី​មួយ​វៀតណាម​និង​ជប៉ុន​អាច​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជាមួយគ្នា និង​ទី​ពីរ​វៀតណាម​និង​ជប៉ុន​អាច​រួមដៃគ្នា​ជា​ធ្លុង​មួយ ហើយ​នៅពេល​ដែល​អំណោយផល អាច​វាយបក​ទៅ​ចិន​ដែល​ជា​គូសត្រូវ​រួម​។


៤​ដូច្នេះ​ប្រសិនបើ​ជា​ការ​សហការ​គ្នា​ដើម្បី​ប្រឆាំង​ចិន តើ​អាច​នឹង​បង្ក​ជា​ផល​លំបាក​អ្វីខ្លះ​ដល់​ប្រទេស​ចិន​?


​ត្រង់​ចំណុច​នេះ​យើង​អាច​យល់​បាន​ថា ការ​រួមដៃគ្នា​វា​ប្រសើរ​ជាង​មាន​តែ​ម្នាក់ឯង ចង្កឹះ​មួយ​គេ​កាច់​បាក់ ប៉ុន្ដែ​បើ​ចង្កឹះ​ច្រើន​គេ​មិន​ងាយ​កាច់​បាក់​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ចិន​នឹង​ប្រឈម​បញ្ហា​កាន់តែ​ធំ​ជាង​មុន នៅពេលដែល​វៀតណាម​និង​ជប៉ុន​រួម​ដៃ​ជាមួយ​គ្នា​ព្រោះថា គ្រាន់តែ​វៀតណាម​ម្នាក់ឯង ឬក៏​ជប៉ុន​ម្នាក់ឯង ធ្វើឱ្យ​ចិន​ឈឺ​ក្បាល​ទៅ​ហើយ ចុះ​បើ​ប្រទេស​ទាំង​ពីរ​រួម​គ្នា​វិញ វា​មិន​ងាយស្រួល​ឡើយ​។ ប៉ុន្ដែ​ចិន​មិន​ដែល​ភ្លេចខ្លួន​ឡើយ ហើយ​ការប្រកាស​ពី​ទំនាក់ទំនង​ភាគី​ទាំងពីរ ចិន​បាន​ដឹង​មុន​ជា​ស្រេច​និង​បាន​ត្រៀម​ខ្លួន​ជានិច្ច ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ដោយ​យថាហេតុ​៕​(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត