ពលរដ្ឋ​ខ្មែរ​ក្រោមអំពាវនាវ​សុំ​ឲ្យ​ឈប់ហៅ​ខ្លួន​ថា "យួន"​

09-07-2014 8:22 am 2153
ពាក្យស្លោកដែលជនជាតិខ្មែរក្រោមច្រើនប្រើ និងដាក់តាំងបង្ហាញពេលមានកម្មវិធីម្តងៗ

​ប្រជាពលរដ្ឋ​កម្ពុជា ភាគច្រើន​តែងតែ​យល់ថា ខ្មែរ​កម្ពុជា​ក្រោម មាន​រួប​រាង​ស្រដៀង ទៅ​នឹង​ប្រជាជន​វៀតណាម ភាសា​នឹង​សម្លេង​នៃ​ការនិយាយស្តី​នៅតែ​គិត​ប្រដូច​ទៅ​នឹង​ជនជាតិ​វៀតណាម​ដែល ទើបតែនឹង​ចេះ និយាយ​ភាសា​ខ្មែរ ព្រោះ​ពួកគេ​មួយចំនួនឲ្យតែ​ឃើញ​ជនជាតិ​ខ្មែរ​មក​ពី​ភាគ​ខាងក្រោម ពួកគេ​តែងតែ​ហៅថា យួន​ទាំងអស់​។ ហេតុផល​ទាំងអស់នេះ ហើយ​ធ្វើឲ្យ​ពលរដ្ឋ​ខ្មរ​ក្រោមខ្លះ មានការ​អាក់អន់ស្រពន់ចិត្ត​ឥតឧបមា និង​មិន​អាច​ទទួលយកបាន​នូវ​ការចាត់ទុក និង​ការហៅ​បែប​ម៉ាក់​ងាយ ពី​សំណាក់​ប្រជាពលរដ្ឋ​រស់​នៅ​ទឹកដី​កម្ពុជា​។​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​មក​រស់នៅ​លើ ទឹកដី​កម្ពុជា ភាគច្រើន បាន​អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ កុំឲ្យ​ចាត់ទុកថា ពលរដ្ឋ​កម្ពុជា​ក្រោម​ថា ជា​ជនជាតិ​យួន​។ តើ​អ្វីខ្លះ​ជា​ការសុំ​អំពាវនាវ របស់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​? តើ​មាន​មូលហេតុ​អ្វី​បានជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ច្រើន​តែ​ហៅ​ខ្មែរក្រោម​ថា​ជា​ជនជាតិ​វៀតណាម​នោះ​? ជា​បន្ត​សូម​ស្តាប់បទ​យក​ការណ៍ ដែល​រៀបចំ​ដោយ វណ្ណ វុត្ថា​៖

 

​ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម​បើ​និយាយ​ពី​ការបែងចែក​យ៉ាងនេះ ហាក់បីដូចជា ដាច់ដោយឡែក ពី​គ្នា​ខ្លាំងណាស់​។ ប៉ុន្តែ​តាម​ពិត​ខ្មែរ លើ ខ្មែរ​កណ្តាល ខ្មែរ​ក្រោម​ជា​ខ្មែរ​តែ​មួយ មិនមែន​ជា​ជនជាតិ​អ្វី​ក្រៅពី​ខ្មែរ​នោះ​ឡើយ​។ ប៉ុន្តែ​មាន​ប្រជាជន​ខ្មែរ​មួយចំនួន បាន​ចាត់ទុក​ថា​តំបន់​ទាំងបី​នេះ ហាក់បីដូចជា មិនមែន ជា​ទឹកដី​កម្ពុជា​តែ​មួយ​។ ដោយ​អ្នកខ្លះ​បាន​យល់​ច្រឡំ​ថា ពលរដ្ឋ​កម្ពុជា​ក្រោម ជា​ជនជាតិ​វៀតណាម​។​ការចាត់ទុក​បែបនេះ ទើប​ពលរដ្ឋ​កម្ពុជា​ក្រោម មួយចំនួន កាលពី​ពេល​ថ្មីៗ​នេះ បាន​កើតទុក្ខ មិន​សុខចិត្ត ដោយ​បាន​អំពាវនាវ ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​បែងចែក ដាច់​ពី​ជនជាតិ វៀតណាម នឹង​ជនជាតិខ្មែរ ពោល​គឺ​ខ្មែរ​កម្ពុជា​ក្រោម​។

 

​ជា​យុវជន​ម្នាក់ ជា​ជនជាតិ​ខ្មែរ​មក​ពី​ទឹកដី​ភាគ​ខាងត្បួង​ប្រទេស​វៀតណាម ដែល​ខ្មែរ​និយម​ហៅ​ថា​កម្ពុជា​ក្រោម លោក​ខឿន សារ៉ាត់ អាយុ​២៧​ឆ្នាំ បាន​ប្រតិកម្ម​ទៅ​នឹង​ពាក្យ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា ដែល​បាន​ហៅ​កាត់​ថា​យួនៗ​។ ចំពោះ​ពាក្យ​នេះ​លោក​សារ៉ាត់ បើ​ស្ដាប់ និង​លឺ​គេ​ហៅ​រូប​គាត់​នោះ​វា​ស្ទើរតែ​មិន​អាច​រាប់​អស់ ទៅហើយ ដោយសារ​តែ​រូប​គាត់​ជា​ជនជាតិ​ខ្មែរ នៅ​ជាមួយ​វៀតណាម​ផង ហើយ​ការនិយាយស្តី ក៏​ស្រដៀង​ផង​នោះ លោក​សា​រ៉ាត់​បាន​ត្រូវ​គេ​វិនិច្ឆ័យ​ជាបឋម​ថា ជា​ជនជាតិ​វៀតណាម​មិន​ភ្លេច​ហើយ​។​
 

​សម្លេង​លោក​ខឿន សារ៉ាត់​៖ 

 

​ស្ត្រី​វ័យ​ចំណាស់​អាយុ​៥៨​ឆ្នាំ​ប្លាយ ដែល​មាន​ដើមកំណើត ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម និង​បាន​មក​រស់នៅ​ទឹកដី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៩ នោះ​គឺ​អ្នក​មីង​សុំ សា​រ៉េ​ន បាន​រៀបរាប់​ពី​ទុក្ខលំបាក់​នៃ ការធ្វើ​ទុក​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម មកលើ​គ្រួសារ​អ្នក​មីង ក្រៅពី​នោះ​អ្នក​មីង បាន​បញ្ជាក់​ពី​ការចាត់ទុក​ពលរដ្ឋ​កម្ពុជា​ក្រោម​ថា ខ្មែរក្រោម ជា​ជនជាតិ​វៀតណាម ។​

សម្លេង អ្នក​មីង សា​រ៉េ​ន​៖

 

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ អ្នក​មីង​ជាង ផល្លី ដែល​មាន​ដើមកំណើត​ខ្មែរក្រោម នៅ​ខេត្ត​ព្រះ​ត្រពាំង​ដែរ នោះ បាន​មក​រស់នៅ​ភ្នំពេញ​២៤​ឆ្នាំ​ហើយ​នោះ បាន​និយាយ​បង្ហាញ​អារម្មណ៍​ទាំង​ការឈឺចាប់ និង​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការគៀបសង្កត់​មកលើ​ពលរដ្ឋ​ខ្មែរ​ក្រោម ។ អ្នក​មីង​បាន​លើកឡើង​ថា​ខ្មែរក្រោ​មក្តី ខ្មែរ​លើក្តី ខ្មែរ​កណ្តាល​ក្តី​គឺ​ជា​ខ្មែរ​តែមួយ ដូច្នេះ​សូម​ឲ្យ​ប្រជាជន​កម្ពុជា មិនគួរ​ចាត់ទុក​ថា​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ជា​ជនជាតិ​យួន​។

សម្លេង អ្នកស្រីជាង ផល្លី​៖

 

​ដោយឡែក​ព្រះតេជព្រះគុណ​ជា វណ្ណដា ព្រះជន្ម​៣៤​ឆ្នាំ​ជា ព្រះសង្ឃ ដែល​បាន​មក​រស់នៅ​លើ ទឹកដី​កម្ពុជា រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ បាន​មាន​ព្រះសង្ឃ​ដីកា​រទាំង​អារម្មណ៍​ក្តុកក្តួល អាក់អន់​ស្រពន់ចិត្តា ចំពោះ​ការចាត់ទុក​របស់​ពល​រដ្ឋ​កម្ពុជា​ដែល​ធ្លាប់​បាន​ចាត់ទុក​ព្រះអង្គ​ជា​ព្រះសង្ឃ​វៀតណាម និង​បាន​ហៅ​ព្រះអង្គ​ថា​លោក​យួន​។ ព្រះអង្គ​បាន​អំពាវនាវ​ថា សូមឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចេះ​ស្រលាញ់គ្នា កុំ​មាន​ការរើសអើង​ថា ជនជាតិ​ខ្មែរ​នៅ​ភាគ​ខាងត្បួង​ប្រទេស​វៀតណាម​ជា​ជន​ជាតិ​វៀតណាម​។ ទង្វើ​បែប​នេះ​អាច​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងអស់ ដែល​រស់នៅ​ក្រោម​អ​នា​និគម​របស់ អាជ្ញាធរ​វៀតណាម ដែល​កំពុង​តែ​រង​ការគាបសង្កត់​ហើយ​នោះ ទទួល​ការរើសអើង​មួយ​ជាន់​ទៀត​។​

សម្លេង​ព្រះតេជព្រះគុណ​ជា វណ្ណដា៖

វា​ជា​ភាពអយុត្តិធម៌​មួយ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ជនជាតិ​ខ្មែរ​ដែល​កើត និង​រស់នៅ​លើ​ដី​កំណើត​ភាគ​ខាងត្បួង​ប្រទេស​វៀតណាម ដោយសារ​តែ​នៅពេលដែល​នៅ​ប្រទេស​វៀតណាម ជនជាតិ​វៀតណាម​បានចាត់ទុក​ជនជាតិ​ខ្មែរ​ជា​ជនជាតិ​ភាគតិច​នៅក្នុង​ប្រទេស​ខ្លួន ហើយ​នៅពេល​ដែល​មក​ដល់​ទឹកដី​កម្ពុជា ជនជាតិខ្មែរ​ក៏​បាន​ចាត់ទុកថា​ជា​ជនជាតិ​យួន​គឺជា​ជនជាតិ​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​។​

ទឹកដី​កម្ពុជា​ក្រោម ដែល​ជា​ទឹកដី​ខ្មែរ​តែ​មួយ​នោះ ត្រូវ​អាណានិគម​បារាំង បាន​កាត់ផ្តាច់​ពី កម្ពុជា ផ្តល់​ទៅឲ្យ​អាជ្ញាធរ​វៀតណាម ធ្វើ​អាណានិគម ចាប់តាំងពី​ថ្ងៃ ចុះហត្ថលេខា នៅ​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ​១៩៤៩ នៅ​ទីក្រុង Toulon នៃ​ប្រទេស​បារាំង បន្ត រហូត​ដល់​សព្វថ្ងៃ​។ ចាប់តាំងពី​ការ បែក​ចែក​របស់ បារាំង ឲ្យ​ទឹកដី​កម្ពុជា​ទៅ​វៀតណាម កាន់កាប់ ទឹកដី​ខ្មែរ​ក្រោម ហាក់បីដូចជា ទឹកដី​មួយ​ផ្សេងទៀត ដែល​មិន​មាន​ជា​ជនជាតិ​កម្ពុជា​នោះទេ​។ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ បាន​ចាត់ទុកថា ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម មិនមែន​ជា​ជនជាតិ​ខ្មែរ​នោះទេ ដោយ​មនុស្ស​មួយចំនួន បាន​ចាត់ទុកថា ឲ្យតែ​ពួកគេ បានឃើញ​ពលរដ្ឋ​ខ្មែរក្រោម និយាយ មិនសូវ​ច្បាស់​នោះ ពួកគេ​ក៏​សន្និដ្ឋានថា ជា​ជនជាតិ​វៀតណាម​តែ​ម្តង​។ អ្វី​ដែល​ជនជាតិខ្មែរ​នៅ​ទឹកដី​កូសាំងស៊ីន​សំណូមពរ​គឺ សាកសួរ​ពួកគេ​ឲ្យបាន​ច្បាស់​សិន តើ​គាត់​ជា​ជនជាតិ​វៀតណាម ឬ​ជា​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​មុន​នឹង​សន្និដ្ឋាន​ថា​គាត់​ជា​ជនជាតិ​អ្វីមួយ​៕​​(ដោយ៖​វណ្ណ វុត្ថា)

ព័ត៌មានផ្សេងទៀត