World Cup​​៖ កីឡាករ ​Suarez​ របស់​​អ៊ុយ​រ៉ា​​ហ្គាយ ​រង​ការ​ពិន័យ​​ធ្ងន់ធ្ងរ​ជា​​ប្រវត្តិ​សាស្ត្រ ​​ដោយសារ​​ខាំ​​គូ​​ប្រកួត​​

26-06-2014 3:55 pm 3655

កីឡាករ​បាល់ទាត់​នៃ​ក្រុម​ជម្រើស​ជាតិ អ៊ុយ​រ៉ា​ហ្គាយ Luis Suarez ត្រូវបាន​ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់ FIFA សម្រេច​ព្យួរ​ការ​ប្រកួត​​ចំនួន​៩ រយៈពេល​៤​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​ម៉ឺន ហ្វ្រង់ ស្មើរ​ប្រមាណ​ជាង​១១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក បន្ទាប់​ពី​កីឡាករ​រូបនេះ​ បាន​បង្កកំហុស​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​សារ​​បាន​​ខាំ​កីឡាករ Giorgio Chiellini ខ្សែការពារ នៃ​ក្រុម​ជម្រើស​ជាតិ អ៊ីតាលី នៅក្នុង​ការប្រកួត​ស្ថិតក្នុង​ពូ​ល​D នៃ​ការប្រកួត​បាល់ទាត់ World Cup 2014 កាលពី​ថ្ងៃ​អង្គារ កន្លងទៅនេះ​។​

​ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់ FIFA លោក Claudio Sulser បាន​និយាយថា "​ឥរិយាបថ​បែបនេះ មិន​អាច​ត្រូវបាន​អត់ឱន​បានទេ ពិសេស ចំពោះ​ព្រឹត្តិការណ៍  FIFA World Cup ខណៈពេលដែល មាន​ភ្នែក​មនុស្ស​រាប់ពាន់​លាន​នាក់ បាន​ទស្សនា​។​

​គួរបញ្ជាក់​ថា ការដាក់ទណ្ឌកម្ម​នេះ គឺ​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន និង​ចាត់ទុកជា​ប្រវត្តិសាស្ត្រ មួយ​សម្រាប់ ការ​បង្កកំហុស នៅក្នុង​ការ​ប្រកួត​ World Cup ដែល​ត្រូវបាន​ដាក់​ពិន័យ​ព្យួរ​ការប្រកួត​ចំនួន​៩ សម្រាប់​រយៈពេល​៤​ខែ​។ ការពិន័យ​នេះ ក៏​អាច​ប៉ះពាល់​ដល់​អាជីព​របស់​​កីឡាករ​រូបនេះ ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool របស់​ប្រទេស​អង់គ្លេស ក្នុង​ក្របខ័ណ្ឌ Premier League ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ការប្រកួត​World Cup ក្នុង​ឆ្នាំ​១៩៩៤ ក៏​មាន​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ សម្រាប់​កីឡាករ  Mauro Tassotti ​របស់​ប្រទេស​អ៊ីតាលី ដែល​បាន​បង្កកំហុស​អ​ចេតនា ដោយ​ប្រើ​កែងដៃ បុក​ទៅ​លើ​ច្រមុះ របស់​កីឡាករ Luis Enrique របស់​ប្រទេស​អេ​ស្ប៉ា​ញ​​ បណ្តាលឲ្យ​បាក់​ខ្ទង់​ច្រមុះ ហើយ​ត្រូវបាន​ពិន័យ​ព្យួរ​ការប្រកួត​ចំនួន​៨៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត