អ្នក​​វិទ្យា​សាស្ត្រ​​៖ ​ដាក់​​ទូរស័ព្ទ​​ក្នុង​​ហោ​ប៉ៅ​ខោ ​អាច​​ប្រឈម​​នឹង​​ការ​​គ្មាន​​កូន​​

23-06-2014 8:56 am 5155

បុរស​ដែល​តែងតែ​ទុក​ទូរស័ព្ទដៃ នៅ​ក្នុង​ហោ​ប៉ៅ​​ខោ អាច​ប្រឈម​នឹង​ការបាត់បង់​ដោយ​ចៃដន្យ​នូវ​ឱកាស​ក្លាយ​ជា​ឪពុក​ម្នាក់​បាន​។ ការ​បាត់​បង់​ឱកាស​ធ្វើ​ជា​ឪពុក​នេះ ដោយ​​សារ​​​តែ​បុរស​ទាំង​នោះ នឹង​មិន​អាច​មាន​កូន ព្រោះតែ​ទទួលរង​នូវ​ចំហាយ​នៃ​សារធាតុ​វិទ្យុ​សកម្ម​​ដែល​​​​ភាយ​ចេញ​ពី​ទូរស័ព្ទដៃ​។ នេះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ របស់​សកល​វិទ្យាល័យ Exeter ប្រទេស​អង់គ្លេស​។​

​លោក​បណ្ឌិត Fiona Mathew  ប្រធាន​ក្រុម​ដឹកនាំ​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ នៃ​សកល​វិទ្យាល័យ Exeter បានបញ្ជាក់​ថា ការសិក្សា​បាន​​​​ធ្វើឡើង​ជាមួយ​នឹង​ប្រព័ន្ធ​នៃ​ការសិក្សា​ចំនួន​១០ ក្នុង​គោលបំណង ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ពី​តួនាទី សក្តានុពល និង​ការ​ប៉ះ​ពាល់​​​បរិស្ថាន ចំពោះ​ការប្រើប្រាស់​ទូរស័ព្ទដៃ​។​

​ការពិសោធន៍ ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​គ្លីនិក​ផ្នែក​ទារក និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ ដោយ​សិក្សា​លើ​គុណភាព​មេ​ជីវិត​ឈ្មោល​របស់​មនុស្ស តាម​៣​ដំណាក់កាល​ផ្សេងៗ​គ្នា ។ ដំណាក់កាល​ទី​១ គឺ​ចលនា (​សិក្សា​លើ​សមត្ថភាព​របស់​មេជី​វិត​ឈ្មោល ក្នុង​ការផ្លាស់​ទី​ឆ្ពោះទៅ​រក​ស៊ុត​អំប្រ៊ីយ៉ុង​មួយ​) ដំណាក់កាល​ទី​២ លទ្ធភាព​ជោគជ័យ (​សិក្សា​លើ​សមាមាត្រ​នៃ​មេ​ជីវិត​ឈ្មោល​ដែល​នៅរស់​) និង​ការ​ចាប់អារម្មណ៍ (​សិក្សា ចំនួន​នៃ​មេ​ជីវិត​ឈ្មោល​ក្នុង​មួយ​ឯ​កតា នៃ​ទឹកកាម​) ។​

​ក្រោយ​ពី​ការពិសោធន៍ ជា​លទ្ធផល​បាន​បង្ហាញថា ក្នុង​ការត្រួតពិនិត្យ ពី​៥០% ទៅ​៨៥% នៃ​មេ​ជីវិត​ឈ្មោល​មាន​ចលនា​ធម្មតា ស​ម្រាប់​​​អ្នក​មិន​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​។ ទន្ទឹម​នេះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សមាមាត្រ​នេះ បាន​ធ្លាក់ចុះ​ដោយ​ជា​មធ្យម​៨% នៅ​ពេល​​មាន​ការប៉ះពាល់​ទៅ​នឹង​ទូរស័ព្ទ​ដៃ​។ ផលប៉ះពាល់​នេះ ត្រូវបាន​គេ​រកឃើញ ក្នុង​ដំណាក់កាល​ទី​២ គឺ​ការសិក្សា​លើ​សមាមាត្រ​នៃ​មេ​​ជីវិត​​​​ឈ្មោល​ដែល​នៅ​រស់​។

​លោក វេជ្ជបណ្ឌិត Mathew បាន​និយាយថា ឆ្លងកាត់​តាម​ការពិសោធន៍​នេះ ការ​ទុក​ទូរស័ព្ទដៃ នៅ​ក្នុង​ហោប៉ៅ​ខោ មាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មេ​ជីវិត​ឈ្មោល ដែល​មិន​អាចមាន​លទ្ធភាព​បង្ក​កំណើត​បាន ដោយសារ​តែ​ទទួល​រង​នូវ​សារធាតុ​វិទ្យុសកម្ម ដែល​សាយ​ភាយ​ចេញពី​ទូរស័ព្ទដៃ ខណៈពេល​ដែល​មនុស្ស​ប្រុស​ភាគច្រើន តែងតែ​យក​ទូរស័ព្ទដៃ ទុក​ក្នុង​ហោប៉ៅ​ខោ​របស់ខ្លួន​។​

​តែ​​យ៉ាង​ណាក៏ដោយ លោក​វេជ្ជបណ្ឌិត Fiona Mathews បាន​បន្តថា នេះ​ជា​ជំហាន​ដំបូង​នៃ​ការរកឃើញ​ពី ផលប៉ះពាល់​របស់ វិទ្យុ​ស​កម្ម​​​​ទៅលើ ការ​បន្ត​ពូជ របស់​បុរស តែ​ពួកគេ នឹង​ស្រាវជ្រាវ​បន្តទៀត ដើម្បី​បញ្ចេញ​ការសន្និដ្ឋាន​ដ៏​ត្រឹមត្រូវ និង​ច្បាស់លាស់​មួយ​។​

​គួរបញ្ជាក់​ថា បើ​យោង​តាម​ការស្រាវជ្រាវ អោយដឹងថា យុវវ័យ​ភាគច្រើន នៅ​ជុំវិញ​ពិភពលោក​សុទ្ធតែ​មាន​ទូរស័ព្ទដៃ​ប្រើ សឹងតែ​គ្រប់​គ្នា ហើយ​ប្រហែលជា ១៤%​នៃ​ប្តី​ប្រពន្ធ ស្ថិត​ក្នុង​ប្រទេស ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​មធ្យម កំពុងតែ​ប្រឈម នឹង​ការ​គ្មាន​កូន​៕ ដោយៈ​សៅ វិសាល



ព័ត៌មានផ្សេងទៀត