តើ​ជោគវាសនា​​របស់​ក្រុម​ព័រទុយហ្កាល់​​អាច​ដូចគ្នា​​និង​អេ​ស្ប៉ា​ញ​ អង់គ្លេស​​ដែររឺទេ​?

23-06-2014 2:02 am 4080

ការប្រកួត ​​World Cup កំពុងតែ​ដំណើរការ​ទៅ​​ជា​បន្តបន្ទាប់ ​ដើម្បី​ស្វែងរក​​ក្រុម​​ឆ្លង​ទៅ​​វគ្គ​១៦​​ក្រុម​​ចុងក្រោយ​។ ​យ៉ាងណាមិញ ​ជា​លទ្ធផល​​នៃ​ការប្រកួត​​កាល​ពី​​យប់​មិញ​ ដែល​មាន​ក្រុម​​ជម្រើស​ជាតិ​ ប៊ែល​ហ្សិក ជា​មួយ​រុស្សី​​ ក្រុម​កូរ៉េខាងត្បូង​ ជាមួយ​អាល់​ហ្សេ​រី​ និង ​ក្រុម​ចុង​ក្រោយ​​ព័រទុយហ្កាល់​​ប្រកួត​ជា​មួយ​​អាមេរិក​។​ ជា​លទ្ធ​ផល បី​ប្រកួត​​យប់មិញ​នេះ​ ព័រទុយហ្កាល់ ​ស្មើរ​ជាមួយ ​អាមេរិក​៖​២-២ ​ប៊ែល​ហ្សិ​កឈ្នះរុស្សី​​១-០ ​និងកូរ៉េខាងត្បូងចាញ់​ អាល់​ហ្សេ​រី ​ក្នុង​លទ្ធផល​ ២-៤​។​

​ជា​ការកត់​សម្គាល់ ការ​ទាត់​ស្មើ​២-២ ​រវាង​ព័រទុយហ្កាល់ និង​អាមេរិក​ គួបផ្សំ​នឹង​លទ្ធផល​​ម្សិលមិញ​នេះ​ រវាង​អាល្លឺម៉ង់ ​និង​ហ្កា​ណា ២-២ ដែរនោះ បាន​ធ្វើ​ឲ្យ​ពិន្ទុ​​ក្នុង​ពូល​G​ ដែល​ទទួល​បាន​គឺ​ អាល្លឺម៉ង់​៤​, អាមេរិក​៤​, ហ្កា​ណា​១, ​ព័រទុយហ្កាល់​១​។​​ក្នុង​ពូ​ល​G​នេះ ​នៅសល់​​មួយ​ប្រកួត​ម្នាក់។​ ប្រសិនបើ​​អាមេរិក​ ទាត់​ស្មើ​​ជាមួយ​អាល្លឺម៉ង់  ក្នុង​ការប្រកួត​​ថ្ងៃទី​២៦​​មិថុនា​ខាង​មុខ​ គឺ​ក្រុម​ទាំង​ពីរ​​នឹង​បាន​ឡើង​​ទៅ​វគ្គ​១៦​​ក្រុម​​ដូចគ្នា​ បើទោះជាព័រទុយហ្កាល់​​ឈ្នះ​ហ្កា​ណា ​ឬ​ហ្កា​ណា​ឈ្នះ​​ក៏ដោយចុះ​។

សម្រាប់​ព័រ​ទុយហ្កាល់ ​បើ​គេ​ចង់បាន​​ទៅ​ប្រកួត​​នៅ​វគ្គ​បន្ត​ គឺ​គេ​ត្រូវ​តែ​ឈ្នះ​​ហ្កា​ណា​​ឲ្យ​បាន​ច្រើន​​គ្រាប់​បំផុត ​ហើយ​អាមេរិក​​ត្រូវតែ​ចាញ់​​អាល្លឺម៉ង់ ​និង​ចាញ់​​ច្រើន​គ្រាប់​​ទៀត​។ ​លទ្ធភាព​នោះ​​លំបាក​ ឬ​ស្ទើរតែ​មិនអាច​កើត​​មាន​ឡើយ​។ ​​ក្តីសង្ឃឹម​របស់​​ព័រទុយហ្កាល់​ ឬ​ហ្កា​ណា​​គឺ​ស្ថិតនៅ​លើ​ក្រុម​​អាល្លឺម៉ង់​ ថា​តើ​គេ​យក​ឈ្នះ​​អាមេរិក​បាន​​ឬ​អត់​? ​ប៉ុន្តែ​ក្តីសង្ឃឹម​នេះ​ ហាក់ដូចជា​មាន​ការលំបាក​​ខ្លាំងណាស់​ សម្រាប់​ព័រទុយហ្កាល់​។​​ តើ​ជោគវាសនា​​របស់​ក្រុម​ព័រទុយហ្កាល់​ អាច​ដូច​គ្នា​នឹង​​អេ​ស្ប៉ា​ញ អង់គ្លេស ​ដែររឺទេ​?​(ដោយ៖ឆេង សូរិយា)

ព័ត៌មានផ្សេងទៀត