បារាំង​បិទ​បញ្ចប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​អ៊ិស្លាម​និយមនៅ​អាហ្វ្រិក​ខាងលិច​

11-06-2021 3:49 pm 120

លោក​អេ ម៉ា​ណូអែល ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា «​ពេលវេលា​បាន​មកដល់​ហើយ ដើម្បី​ចាប់ផ្តើម​ផ្លាស់ប្តូរ​យ៉ាង​ស៊ីជម្រៅ ចំពោះ​វត្តមាន​យោធា​របស់​យើង​នៅ​តំបន់​សា​ហេ​ល​»​។ ការ​ថ្លែង​របស់លោក​ម៉ា​ក្រុង​​យ៉ាង​ដូច្នេះ ចង់​សំដៅ​ទៅរក​ការបិទ​បញ្ចប់​ប្រតិបត្តិការ​មួយ ដែល​ឱ្យ​ឈ្មោះថា Barkhane​នៅ​អាហ្វ្រិក​ខាងលិច​។ Barkhane គឺជា​ប្រតិបត្តិការ​ប្រឆាំងនឹង​ការបះបោរ បានចាប់ផ្តើម​នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៤ ដឹកនាំ​ដោយ​យោធា​បារាំង ប្រឆាំងនឹង​ក្រុម​អ៊ិស្លាម​និយមនៅ​តំបន់​សាហេល​របស់​អា​ហ្វ្រិ​ក​។ ប្រតិបត្តិការ​Barkhane​មាន​កងកម្លាំង​បារាំង​ប្រហែល​៥,០០០​នាក់​ចូលរួម និង​មាន​ទីស្នាក់ការ​កណ្តាល​ជា​អចិន្ត្រៃយ៍​នៅ​N’Djamena​រដ្ឋធានី​នៃ​ប្រទេស​ឆាដ​។ ប្រតិ​បត្ដិកា​រ​នេះ​ត្រូវបាន​ដឹកនាំ​នៅក្នុង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ប្រទេស​ចំនួន​៥ ដែល​សុទ្ធតែ​ធ្លាប់​ស្ថិតក្រោម​នឹម​អាណានិគម​របស់​បារាំង មានដូចជា​ប្រទេស​ប៊ូ​គី​ណាហ្វា​សូ ឆាដ ម៉ាលី ម៉ូ​រី​តានី​និង​នី​ហ្សេ​។ 

​ទីក្រុង​ប៉ារីស​បាន​សាទរ​ចំពោះ​ជ័យជម្នះ​មួយចំនួន ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​សា​ហេ​ល​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ប៉ុន្តែ​ស្ថានការណ៍​នៅតែ​ស្ថិតក្នុង​ភាព​ផុយ​ស្រួយ​។ តែ​បារាំង​ហាក់ដូចជា​មានការ​អាក់​អន់ចិត្ត​ជាមួយនឹង​ការបន្ត​ប្រតិបត្តិការ​ដែល​គ្មាន​សញ្ញា​បិទ​បញ្ចប់ និង​ដូចជា​ធុញទ្រាន់​ចំពោះ​ភាពចលាចល​នយោបាយ​ម្តង​ហើយ​ម្តងទៀត ជាពិសេស​នៅ​ក្នុងប្រទេស​ម៉ាលី ដែល​ទើបតែ​មាន​រដ្ឋប្រហារ​យោធា​ជាថ្មី​។ ក្នុង​រយៈពេល​៩​ខែ​ម៉ាលី​មាន​រដ្ឋប្រហារ​យោធា​ដល់​ទៅ​២​លើក​។ រដ្ឋប្រហារ​លើកចុងក្រោយ​នេះ បានធ្វើឱ្យ​តំណែង​ប្រធានាធិបតី​បណ្តោះអាសន្ន ធ្លាក់​ទៅលើ​ដៃ​របស់លោក​មេបញ្ជាការ​Assimi Goita ក្រោយ​ទទួលបាន​ការអនុម័ត​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រទេស​ម៉ាលី​។ 

​បារាំង​មិន​គាំទ្រ​រដ្ឋប្រហារ​ដដែលៗ​នេះ​ទេ ហើយ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក៏​មិនសូវ​ពេញចិត្ត​ដែរ និង​ហាក់ដូចជា​អស់ជំនឿ​ចិត្ត នៅក្នុង​ការទាញ​ម៉ាលី​ឱ្យ​វិល​មក​ស្ថិតក្រោម​ការដឹកនាំ​បែប​ស៊ីវិល​ប្រកបដោយ​ស្ថេរភាព ដ្បិត​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់តំណែង​របស់លោក​Assimi Goita អឺរ៉ុប​បាន​បញ្ជូន​តែ​មន្ត្រី​ទូត​តូចតាច​មក​ចូលរួម​ជា​តំណាង​ប៉ុណ្ណោះ​។ ប្រជាជាតិ​មួយ​ដែល​គ្មាន​ការ​សាមគ្គីភាព​គ្នា បើទោះបីជា​មាន​ការខិតខំ​ប្រឹងប្រែង​ជួយ​ពី​ប្រទេស​ដទៃ​យ៉ាងណា ក៏​មិនអាច​មាន​ការរីកចម្រើន​ទៅមុខ​លឿន​ឡើយ​។ 

​ម្យ៉ាងទៀត ការចង់​កាត់បន្ថយ​ប្រតិបត្តិការ​នៅ​បរទេស​របស់លោក​ម៉ា​ក្រុង បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​យោធា​របស់ខ្លួន ដែល​មានការ​ហត់នឿយ​នៅក្នុង​ការ​បំពេញបេសកកម្ម​និង​ត្រូវ​រស់នៅ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​។ មាន​ទាហាន​បារាំង​ប្រហែល​៥៥​នាក់​បាន​ស្លាប់​នៅក្នុង​តំបន់ ចាប់តាំងពី​ទីក្រុង​ប៉ារីស​បានធ្វើ​អន្តរាគមន៍​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​បណ្តេញ​ក្រុម​មាន​ទំនាក់ទំនង​ជា​មួយក្រុម​អាល់​កៃ​ដា ដែល​បាន​ដណ្តើម​កាន់កាប់​ទីក្រុង​និង​ទីប្រជុំជន​នានា នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​កាលពី​មួយ​ឆ្នាំមុន​។ ក្រុម​សកម្មប្រយុទ្ធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​អាល់​កៃ​ដា​និង​រដ្ឋ​អ៊ីស្លាម បាន​ពង្រឹង​មូលដ្ឋាន​របស់​ពួកគេ​នៅ​ទូទាំង​តំបន់ ដែល​ធ្វើឱ្យ​ទឹកដី​យ៉ាង​ធំធេង​ពិបាក​នៅក្នុង​ការគ្រប់គ្រង និង​បង្កឱ្យមាន​អំពើហិង្សា​ជាតិ​សាសន៍ ជាពិសេស​នៅ​ក្នុងប្រទេស​ម៉ាលី​និង​ប៊ូ​គី​ណាហ្វា​សូ​។​

​សេចក្តីសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ការពារជាតិ​បារាំង​កាលពី​ថ្ងៃ​ពុធ​។ ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ស៊ីជម្រៅ​នេះ នឹងត្រូវ​បញ្ជាក់​លម្អិត​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ បន្ទាប់ពី​ពិគ្រោះ​យោបល់​ជាមួយ​សហរដ្ឋអាមេរិក បណ្តា​រដ្ឋ​អឺរ៉ុប​ដែល​ពាក់ព័ន្ធ​នៅក្នុង​តំបន់ និង​ប្រទេស​ទាំង​៥​គឺ​ប៊ូ​គី​ណាហ្វា​សូ ឆាដ ម៉ាលី ម៉ូ​រី​តានី​និង​នី​ហ្សេ​។​

​បើតាម​លោក​ម៉ា​ក្រុង កងកម្លាំង​ពិសេស​បារាំង​រាប់រយ​នាក់ នឹង​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងទៀត នៅក្នុង​ក្រុមការងារ​មួយទៀត​មាន​ឈ្មោះថា​Takuba Task Force​ដឹកនាំ​ដោយ​បារាំង​ដែរ មាន​តួនាទី​ផ្តល់​ការប្រឹក្សា ជំនួយ​និង​អម​កងកម្លាំងប្រដាប់អាវុធ​ម៉ាលី ដោយមាន​ការសម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​នៅ​អាហ្វ្រិក​ខាងលិច​ទាំង​៥​និង​មាន​តួអង្គ​អន្តរជាតិ​ដទៃទៀត ប្រយុទ្ធ​ជា​មួយក្រុម​សកម្មប្រយុទ្ធ​នៅ​សា​ហេ​ល​។ លោក​ម៉ា​ក្រុង​បន្តថា បណ្តា​ប្រទេស​ជាច្រើន​ទៀត​នឹង​ត្រូវបាន​ស្នើឱ្យ​ចូលរួម​ជា​កម្លាំង រាប់បញ្ចូល​ទាំង​សហរដ្ឋអាមេរិក​ផងដែរ ដែល​រហូត​មកដល់ពេលនេះ​បានផ្តល់​ការគាំទ្រ​ខាង​ភស្តុភារ​និង​ចារកម្ម​នៅក្នុង​តំបន់​សា​ហេ​ល​តែប៉ុណ្ណោះ​៕ ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត

វិវាទ​ដីធ្លី​នៅ​ខេត្ត​កណ្តាល​បាន​ឈាន​ទៅ​ដល់​ការផ្ទុះអាវុធ និង​បិទ​ផ្លូវ​ជាតិ​លេខ​៥១

លោក​Deschamps​ ប្រាប់​ហេតុផល​ដែល ​Benzema​ជាប់​ឈ្មោះ​ក្នុង​ជម្រើសជាតិ​បារាំង​វិញ​

ជប៉ុន​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​លើកដំបូង​ជាមួយ​អាមេរិក​និង​បារាំង​

 បារាំងថាអឺរ៉ុបគួរតែគូសបន្ទាត់ក្រហមឲ្យបានច្បាស់ត្រៀមទប់ទល់ល្គឹកណារុស្ស៊ីហ៊ានឈ្លានពាន

បារាំង​បញ្ជាក់​ពី​ចំនួន​អ្នក​ឆ្លងកូវី​ដ​ថ្មី​កើន​ដល់​ជាង​៤​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​

បារាំង​កត់ត្រា​ចំនួន​អ្នក​ឆ្លងកូវី​ដ​ថ្មី​ជាង​៤​ម៉ឺន​នាក់​ក្នុងពេល​២៤​ម៉ោង​

ចិន​ព្រមាន​មិនឲ្យ​សមាជិកសភា​បារាំង​ធ្វើដំណើរ​ទៅជួប​មន្ត្រី​តៃវ៉ាន់​

ទូត​ខ្មែរ​នៅ​បារាំង​​ឆ្លើយតប​​ការចុះផ្សាយ​​របស់​កាសែត​​Le Monde​​ពាក់ព័ន្ធ​នឹង​​រមណីយដ្ឋាន​អង្គរ​

អ្នករស់នៅ​និង​ប្រកប​អាជីវកម្ម​លើ​ឆ្នេរ​ពយ​យាយ​ម៉ី​និង​ឆ្នេរ​តា​បារាំង​តម្រូវឲ្យ​រើ​ចេញជា​កំហិត​

បារាំង​​សម្រេច​បិទ​ព្រំដែន​​ជាមួយ​​ប្រទេស​​មិនមែន​​សមាជិក​​អឺរ៉ុប​