ប្រទះ​ឃើញ​សត្វ​ត្មាត​៦១​ក្បាល​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​កាលពី​ចុងខែ​មុន​

11-06-2021 3:01 pm 80

​សត្វ​ត្មាត​ចំនួន​៦១​ក្បាល​ត្រូវបាន​អ្នកជំនាញ​ប្រទះឃើញ​នៅ​អាហា​រដ្ឋា​ន​ត្មាត​ក្នុងភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្ត​ព្រះវិហារ នៅពេល​ផ្តល់​ចំណី​ប្រចាំខែ​កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១​កន្លងទៅ​។ ក្នុងចំណោម​វត្ត​មាន​សត្វ​ត្មាត​ចំនួន​៦១​ក្បាល​ក្នុងនោះ​រួមមាន ត្មាត​ផេះ​៤០​ក្បាល ត្មាត​ភ្លើង​២​ក្បាល និង​ត្មាត​ត្នោត​១៩​ក្បាល​។​

​លោក​នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថានបាន​ឱ្យដឹង​នៅ​អំឡុង​ពេល​ចុះ​ទៅ​ជំរឿន​សត្វ​ត្មាត​កាលពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា​នៅ​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្ត​ព្រះវិហា​រថា ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ចំនួន​៤​រួមមាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS), អង្គការ​BirdLife International, អង្គការ​WWF និង​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​(ACCB) ដើម្បី​ឱ្យ​ដឹង​ពិតប្រាកដ​នៃ​ចំនួន​សត្វ​ត្មាត​ដែល​ជា​សត្វ​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ម្យ៉ាង​នេះ​ជា​ការអង្កេត​តាមដាន​ជីវៈចម្រុះ​នៅក្នុង​តំបន់ការពារធម្មជាតិ នៅ​កម្ពុជា​ដើម្បី​ដឹង​ថា​តើ​នៅក្នុង​តំបន់ការពារធម្មជាតិ​មាន​វត្តមាន​សត្វព្រៃ ជីវៈចម្រុះ​អ្វីខ្លះ​ដើម្បី ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​ការពារ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ថែរក្សា​ឱ្យបាន​នូវ​ជីវៈចម្រុះ​ដែល​កម្ពុជា​មាន​។​

​អ្នកនាំពាក្យ​ដដែល​ឱ្យដឹង​បន្ថែម​ថា ជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវបាន​រៀបចំ​នៅ​ទីតាំង​៤​កន្លែង​ផ្សេងៗ​គ្នា​រួម​មាន ទី​តាំងទី​១.​ធ្វើឡើង​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ស្ថិតនៅក្នុង​ភូមិ​ដង​ផ្លិត ឃុំ​ឆែប​២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS)​។ ទី​តាំងទី​២.​ធ្វើឡើង​នៅក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ក្នុង​ខេត្ត​ស្ទឹងត្រែង រៀបចំ​ដោយ​អង្គការ​BirdLife International​។ ទី​តាំងទី​៣.​ធ្វើឡើង​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​ខេត្ត​មណ្ឌលគិរី រៀបចំ​ដោយ​អង្គការ​WWF និង​ទីតាំងទី៤.ធ្វើឡើងនៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ខេត្ត​រតនគិរី​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ​(ACCB)​។ 

ជាមួយ​គ្នា​លោក​នេត្រ ភ​ក្ត្រា ក៏​បាន​ថ្លែង​បញ្ជាក់ថា នៅក្នុង​ខេត្ត​ព្រះវិហារ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​WCS​អនុវត្ត​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការពារធម្មជាតិ​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម​មួយខែ​២​ដង​ដល់​សត្វ​ត្មាត និង​ការពារ​សំបុក​ពង​កូន​អភិវឌ្ឍន៍​នូវ​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​នៅក្នុង​ខេត្ត​ព្រះវិហារ​។ ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា ឆ្នាំ​២០២១ គឺ​មាន​ការរៀបចំ​ការ​ផ្តល់​ចំណី​បន្ថែម​តាម​រយៈ​ការធ្វើ​“​អាហា​រដ្ឋា​ន​ត្មាត​” ចំនួន​១០​ដង​ដើម្បី​តាមដាន​ចំនួន​សត្វ​ត្មាត​។ 

​សូមបញ្ជាក់​ថា សត្វ​ត្មាត​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក តែ​នៅ​មាន​វត្តមាន​នៅ​កម្ពុជា​រួមមាន ត្មាត​ផេះ ត្មាត​ភ្លើង និង​ត្មាត​ត្នោត ហើយ​សត្វ​ត្មាត​ទាំងនោះ​មាន​វត្តមាន​នៅ​ភូមិ​ដង​ផ្លិត​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​។ សត្វ​ត្មាត​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​មាន​តែ​បី​ប្រភេទ​គឺ ទី​១.​ត្មាត​ភ្លើង​, ទី​២.​ត្មាត​ត្នោត និង​ទី​៣.​ត្មាត​ផេះ​។ សត្វ​ត្មាត​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ពី​ផែនដី មាន​វត្តមាន​នៅ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ក្រចេះ នៃ​ប្រទេស​កម្ពុជា​។ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ធ្វើ​ជំរឿន​សត្វ​ត្មាត​ចំនួន​៥​ដង​ក្នុង​មួយឆ្នាំ​។ តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២០ ចំនួន​សត្វ​ត្មាត​ច្រើន​បំផុត​មាន​ត្រឹម ១២៩​ក្បាល​ប៉ុណ្ណោះ​ក្នុងប្រទេស​កម្ពុជា​។ ពួក​វា​រស់នៅ​ជា​ហ្វូង​ហើយ​ស៊ី​សាកសព​ជា​អាហារ​។​

​សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់​ពូជ​នៅ​លើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មាន​ការធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ​ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។ 

​ជុំវិញ​បញ្ហា​នេះ​លោក​នេត្រ ភ​ក្ត្រា បានឱ្យដឹងថា មូលហេតុ​ដែល​នាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការធ្លាក់​ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។ ជាក់ស្ដែង​ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅ​ក្នុង ឬ​ជុំវិញ​ប្រភព​ទឹក​មួយ​ចំនួន ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ ដោយសារ​តែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាកសព​សត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​។​


​សំឡេង​លោក​នេត្រ ភ​ក្ត្រា​៖

ជា​ការឆ្លើយតប​ទៅនឹង​ការធ្លាក់ចុះ​នូវ​នៃ​ចំនួន​សត្វ​ត្មាត​នេះដែរ លោក​នេត្រ ភ​ក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។ បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ​ដោយហេតុថា សត្វ​ត្មាត​ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន​ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេង​ទៀត​ជា​អាហារ ហើយ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស ដោយ​វា​ជា​ការថែរក្សា​មរតក​ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល​ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសច​រស ម្រាប់​ទេសចរណ៍ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត

ក្រសួងបរិស្ថានដឹកនាំអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ

​ធ្លាប់ជា​ពលរដ្ឋ​ចូល​ព្រៃ​កាប់​ឈើ​លក់​​តែ​បែរ​ងាក​មក​ចាប់​របរ​កសិកម្ម​ដាំ​បន្លែ​វិញ​​

 ​អន្ទាក់​៥​ប្រភេទ​​កំពុង​គំរាមកំហែង​ជីវិត​សត្វ​និង​មនុស្ស​​

 ​ក្រសួងបរិស្ថាន​​ចង់ឃើញ​ភូមិ​-​ឃុំ​-​ស្រុក​​ដទៃទៀត​យក​ស្រុក​បន្ទាយស្រី​ធ្វើជា​គំរូ​​

 ក្រោយ​យក​មក​ពី​ប៉ា​គី​ស្ថាន​ពេលនេះ​ដំរី​ខា​វ៉ាន់​បន្សាំ​ខ្លួន​រស់នៅ​កម្ពុជា​បាន​ហើយ​

ដំរីព្រៃមួយហ្វូងត្រូវគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

រកឃើញដើមឈើថ្មីជិតផុតពូជពីរប្រភេទក្នុងដែនជម្រកសត្វព្រៃកែវសីមា

 ​ក្រសួង​បរិស្ថាន​៖​១០​ខែ​ឆ្នាំនេះ​បង្ក្រាប​​បទល្មើស​ធនធាន​ធម្មជាតិ​ជាង​៦​ពាន់​ករណី​​

 ​​បទល្មើស​បរបាញ់​សត្វ​ដំរីព្រៃ​​​មាន​ការធ្លាក់ចុះ​​យ៉ាងខ្លាំង​​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ​​​

 ​កំណើនប្រជាជន​​និង​ការអភិវឌ្ឍន៍​​ធ្វើឱ្យ​កម្ពុជា​មាន​បញ្ហា​ទឹក​កខ្វក់​​