AstraZeneca​កំពុងធ្វើការ​​​ជិតស្និទ្ធ​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​

11-06-2021 11:04 am 128

​នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រុមហ៊ុន​ផលិត​ឱសថ​AstraZeneca​បាន​និយាយថា​ «យើង​កំពុងតែធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នីមួយៗ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​មេ​រោគកូ​វីដ​-១៩​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន​»។ បើតាម​ប្រភពពី​សារព័ត៌មាន​រ៉​យ​ទ័​រថា ការ​ចែកចាយ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍ រួមទាំង​ប្រទេស​ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។ ក្រុមហ៊ុន​AstraZeneca​មិនបាន​ឆ្លើយតប​លម្អិត ចំពោះ​សំណួរ​ពាក់ព័ន្ធ​នឹង​ភាពយឺតយ៉ាវ នៅក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​រោងចក្រ​ក្នុងប្រទេស​ថៃ និង​កម្រិត​ផលិតកម្ម​នា​ពេលអនាគត​ដែល​រំពឹងទុក​នោះទេ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​AstraZeneca ធ្វើឡើង​បន្ទាប់ពី​មាន​ការពន្យា​រពេល​ក្នុង​ការបញ្ជាទិញ​វ៉ាក់សាំង​ពី​រោងចក្រ​នៅ​ប្រទេស​ថៃ​។ ប្រទេស​ម៉ាឡេស៊ី​ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​-១៩​ចំនួន​៦១​ម៉ឺន​ដូស ពី​រោងចក្រ​នៅ​ប្រទេស​ថៃ​ក្នុង​ខែមិថុនា​នេះ និង​១,៦​លាន​ដូ​សនៅ​ចុងឆ្នាំ​២០២១​នេះ ទំនងជា​ត្រូវ​ពន្យារ​ពេល​ឬក៏​ទទួល​បានដែរ​តែ​មិន​គ្រប់​តាម​ចំនួន​ដែល​បានកំណត់​។ នេះ​បើតាម​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ​ម៉ាឡេស៊ី​លោក​Khairy Jamaluddin​និយាយ​នៅ​ថ្ងៃ​ពុធ​។ ទីប្រឹក្សា​ប្រធានាធិបតី​ហ្វីលីពីន​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ការ​ចែកចាយ​ជា​លើកដំបូង​នៃ​វ៉ាក់សាំង​កូវី​ដ​-១៩​ទៅកាន់​ប្រទេស​ហ្វីលីពីន ដែលមាន​ចំនួន​១៧​លាន​ដូសនោះ ត្រូវបាន​កាត់បន្ថយ​និង​ពន្យា​រពេល​អស់​ជាច្រើន​សប្តាហ៍​។ នៅ​សប្តាហ៍​នេះ​តៃវ៉ាន់​ជា​ប្រទេស​ចុងក្រោយ​បំផុត​ក្នុង​តំបន់ ដែល​បាន​ព្រមាន​ថា​ពួកគេ​អាច​នឹងមាន​ការពន្យារ​ពេល​ក្នុង​ការទទួលបាន​វ៉ាក់សាំង​AstraZeneca ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ​។ 

​ថៃ​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​AstraZeneca​របស់​អង់គ្លេស ដើម្បី​ផលិត​វ៉ាក់សាំង​ការពារ​មេ​រោគកូ​វីដ​-១៩​នៅក្នុង​ប្រទេស​ថៃ​ផ្ទាល់ ក្នុង​បំណង​ផ្គត់ផ្គង់​ដល់​ប្រទេស​ថៃ​ខ្លួនឯង​និង​ប្រទេស​នានា ជាពិសេស​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រុមហ៊ុន​AstraZeneca​មាន​ផែនការ​ចែកចាយ​វ៉ាក់សាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​២០០​លាន​ដូស ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Siam Bioscience​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ព្រះមហាក្សត្រ​ថៃ​។ ក្រុមហ៊ុន​Siam Bioscience បាន​និយាយ​នៅ​ខែមករា​ថា តាម​ការរំពឹងទុក​ខ្លួន​មាន​សមត្ថភាព​ផលិត​វ៉ាក់សាំង​កូវី​ដ​-១៩ បាន​ចំនួន​២០០​លាន​ដូ​សនៅក្នុង​មួយឆ្នាំ និង​ជា​មធ្យម​១៥​ទៅ​២០​លាន​ដូស​ក្នុង​មួយខែ​។ ទាំង​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ​និង​ក្រុមហ៊ុន​AstraZeneca មិនបាន​បង្ហើប​ពី​គោលដៅ​ផលិតកម្ម​សរុប​ឡើយ​។​

​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​រឿង​ថ្មី​ទេ​ដែលមាន​ភាពរអាក់រអួល មិនអាច​ផ្គត់ផ្គង់​វ៉ាក់សាំង​តាម​ការបញ្ជាទិញ​របស់​អតិថិជន ពោល ក្រុមហ៊ុន​AstraZeneca​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ក៏​ធ្លាប់​ជួបប្រទះ​បញ្ហា​នេះដែរ​។ កិច្ចព្រមព្រៀង​ក្នុង​ការបង្កើត​ផលិតកម្ម​នៅ​តៃវ៉ាន់​មិន​បានសម្រេច ហើយ​AstraZeneca​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់ ពី​សំណាក់​សហភាព​អឺរ៉ុប ជុំវិញ​កិច្ចសន្យា​ផ្គត់ផ្គង់​ផងដែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា

ព័ត៌មានផ្សេងទៀត

កូវីដ-១៩៖ថៃស្លាប់កើនដល់៤៣នាក់និងឆ្លងថ្មីចំនួន២.២៩០ករណីក្នុងមួយថ្ងៃ

ឃាត់ខ្លួន​មេខ្យល់​ម្នាក់​និង​ពលករ​១៥​នាក់​ក្រោយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​

កូវីដ-១៩៖ថៃស្លាប់៣៥នាក់និងឆ្លងថ្មីចំនួន២.៦៨០ករណីក្នុងមួយថ្ងៃ

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

អគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំ​ប្រទេស​ថៃ​បាន​ស្លាប់​ដោយ​ពុំទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​

ថៃ​រឹតបន្តឹង​ព្រំដែន​ក្រោយ​រក​ឃើញកូ​វីដ​១៩​ទម្រង់​ថ្មី​មាន​ប្រភពពី​អាហ្វ្រិក​ខាងត្បូង​

 រដ្ឋាភិបាលថៃពិចារណាដោះលែងអ្នកទោស៥ម៉ឺននាក់ខណៈករណីកូវីដផ្ទុះខ្លាំងក្នុងពន្ធនាគា

ថៃ​រកឃើញ​មនុស្ស​ជិត​១០,០០០​នាក់​ទៀត​ឆ្លងកូវី​ដ​១៩​ភាគច្រើន​ជា​អ្នកទោស​

 ថៃរកឃើញអ្នកទោស​ជិត​៣០០០​​នាក់បាន​ឆ្លង​វីរុស​កូវី​ដ​១៩

ប៉ូលិស​ថៃ​ចាប់ខ្លួន​អ្នកកាសែត​ដែល​រត់គេច​ពី​ការបង្ក្រាប​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា​