ក្រសួងសុខាភិបាល​​​ច្រាន​ចាល​ព័ត៌មាន​ថាកូ​វីដ​១៩​ជា​បាក់តេរី​ធ្វើឲ្យ​កកឈាម​ស្លាប់​​​

11-06-2021 10:22 am 106

​ក្រសួង​សុខាភិបាល ប្រកាស​ច្រានចោល​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត ដែលថា​វីវុស​កូវី​ដ​-១៩ ជា​បាក់តេរី ដែល​ត្រូវបាន​ប៉ះពាល់​នឹង​វិទ្យុ​សកម្ម និង​បញ្ចូល​ឈាម​បណ្តាលឲ្យ​ស្លាប់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​យប់​ថ្ងៃទី​១០ ខែមិថុនា​។ 

​ក្រសួងសុខាភិបាល​បាន​ច្រានចោល​ទាំងស្រុង​នូវ​អត្ថបទ​ព័ត៌មាន ដែល​បាន​ចែកចាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នា​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែមិថុនា​ថា ប្រទេស​សឹង្ហ​បុរី បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក ដែល​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព ដែលមាន​ជំងឺ​កូវី​ដ​-១៩ រកឃើញថា កូវី​ដ​-១៩ មិនមែនជា​វីរុស​ទេ ប៉ុន្តែ​ជា​បាក់តេរី​ដែល​ត្រូវបាន​ប៉ះពាល់​នឹង​វិទ្យុសកម្ម និង​បញ្ចូល​ឈាម​បណ្តាលឲ្យ​ស្លាប់​មនុស្ស​។ បាក់តេរី​នេះ​ក៏​អាច​បណ្តាលឱ្យ​ឈាម របស់​មនុស្ស​មានការ​កកឈាម និង​បណ្តាលឱ្យ​កំណក​ឈាម ធ្វើឱ្យ​មនុស្ស​ពិបាក​ដកដង្ហើម ព្រោះ​ខួរក្បាល​បេះដូង និង​សួត​មិនអាច​ទទួលបាន​អុកស៊ីហ្សែន ធ្វើឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ឆាប់រហ័ស និង​មាន​សរសេ​រដាក់​ប្រភព​ថា​៖​ក្រសួងសុខាភិបាល​សិង្ហ​បុរី​ទៀតផង​នោះ គឺជា​ព័ត៌មាន​មិន​ពិត​ក្លែងបន្លំ និង​បំពុលសង្គម​នៅ​ក្នុងដំណាក់កាល ដែល​បណ្តា​ប្រទេស​នៅលើ​សកលលោក បាន​នឹង​កំពុង​រងគ្រោះ​ដោយ​ការ​រាតត្បាត​ពី​វីរុស​កូវី​ដ​-១៩»​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា រហូត​មកដល់ពេលនេះ សូម្បីតែ​អង្គការ​សុខភាព​ពិភពលោក ក៏​នៅតែ​ពន្យល់ថា​ជំងឺ​កូវី​ដ​-១៩ ជា​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូវី​ដ​-១៩ (​មិនមែន​ដោយ​បាក់តេរី​នោះឡើយ​) ដែល​គេ​មិនទាន់មាន​រកឃើញ​ឱសថ​សម្រាប់​ព្យាបាល​ជាក់លាក់​ណាមួយ​នោះឡើយ​។​

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា សូមកុំ​បន្ត​ចែកចាយ​នូវ​អត្ថបទ​ព័ត៌មាន ដែលមាន​ខ្លឹមសារ​ដូច​បាន​ជម្រាបជូន​ខាងលើ​ឱ្យសោះ ដែល​ធ្វើឲ្យមាន​ការភ័ន្តច្រឡំ និង​ច្របូកច្របល់​សាធារណៈមតិ​។ 

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​សូម​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ដោយ​ក្រសួង​សុខាភិបាល ដើម្បី​បាន​ជៀស​ផុតពី​ការឆ្លង​វីរុស​កូវី​ដ​-១៩ ព្រមទាំង​ជំរុញ​លើកទឹកចិត្ត​ខ្លួនឯង និង​អ្នកដទៃ ឱ្យ​បន្ត​ការទទួលខុសត្រូវ​របស់ខ្លួន​លើ​កិច្ចការពារ​ជំងឺដ៏​កាច​សាហាវ​នេះ​។​

​ត្រូវ​រៀន​រស់នៅ​ជាមួយនឹង​វត្តមាន​វីរុស​កូវី​ដ​-១៩ ឱ្យ​ស្របតាមរ​បត់​នៃ​ការរស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ៣​ការពារ និង​៣​កុំ និង​នាំគ្នា​ស្ម័គ្រចិត្ត​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូដ​-១៩ នៅពេល​ដល់​វេន​ដែល​ត្រូវ​ចាក់ ឲ្យបាន​គ្រប់គ្នា​សម្រាប់​បុគ្គល​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​៕ ដោយ វណ្ណ យ៉ា​រី​

ព័ត៌មានផ្សេងទៀត

ព្រឹត្តិការណ៍​«​បៃតង​សង្ក្រាន្ត​»​​​ត្រូវ​លើក​ពេល​ដោយសារកូ​វីដ​-១៩​រាលដាល​ខ្លាំង​​

អភិបាលខណ្ឌ​៖​​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​​ពីរ​នាក់​នៅ​ខណ្ឌឫស្សីកែវ​​

 ទូត​ខ្មែរ​ប្រាប់​ពលរដ្ឋ​កំពុង​នៅ​វៀតណាម​​​កុំ​រំលោភ​វិធានការ​ការពារកូ​វីដ​១៩​អាច​ជាប់ពន្ធនាគារ​​​

 វិធានការ​ណែនាំ​សម្រាប់​ម្ចាស់​រៀបចំ​កម្មវិធី​ចន្លោះពេល​កូវី​ដ​-១៩​រាតត្បាត​

 ក្រសួងសុខាភិបាល​ជំរុញ​អភិបាលខេត្ត​ពង្រឹង​ការគ្រប់គ្រង​ចត្តា​ឡីស័​ក​ពិសេស​អ្នក​មកពីថៃ​

ក្រសួងសុខាភិបាល​ប្រកាស​ពី​ការធ្វើ​ចត្តា​ឡីស័​កនៅ​សណ្ឋាគារ​សុខា​ឥតគិតថ្លៃ​

ក្រសួងសុខាភិបាល​​ណែនាំ​ឲ្យ​ពលរដ្ខ​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុងឱកាស​ពិធី​បុណ្យអុំទូក​ខាងមុខ​​

 ក្រសួងសុខាភិបាល​​ណែនាំ​ពី​វិធានការ​ការពារកូ​វីដ​-១៩​ សម្រាប់​សាសនិក​ឥស្លាម​​

កម្ពុជា​ផ្អាក​ជើងហោះហើរ​​មកពី​ប្រទេស​ហ្វីលីពីន​ចាប់​ពីថ្ងៃ​១៣​សីហា​តទៅ​​

 កូវី​ដ​-១៩​​៖​កម្ពុជា​មាន​អ្នក​ជាសះស្បើយ​៣​នាក់​បន្ថែម​​ខណៈ​អ្នក​ឆ្លង​ថ្មី​មានតែ​ម្នាក់​​