រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ស្ដង់ដារ​អន្ដរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​នឹង​​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២១​មិថុនា​

10-06-2021 10:50 pm 1606

​កម្ពុជា​នឹង​ដាក់​ឱ្យ​ដំណើរការ​ការដ្ឋាន​និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌលគិរី ចាប់ពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ​តទៅ​។ ការសម្រេច​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​នេះ ធ្វើឡើង​បន្ទាប់​ពី​បាន​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​១៤​ឆ្នាំ ដោយ​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មីនើ​រ៉ល​(​ខេ​ម​បូឌា​) លីមីត​ធី​ត Renaissance Mineral (Cambodia) Limited ជា​ក្រុមហ៊ុន​អូស្ដ្រាលី​ទីមួយ ដែល​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ស្ដង់ដារ​អន្ដរជាតិ​។ នេះ​បើ​តាម​សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​ជូន​ជនរួមជាតិ​។​

​តាមរយ​បាយ​ការណ៍​សមិទ្ធិ​លទ្ធភាព​ដែល​បាន​ផ្ដល់ ក្រុមហ៊ុន​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ​៣​តោន​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​៨​ឆ្នាំ​ដំបូង​។ ក្រុមហ៊ុន​រំពឹងថា​នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀត​ក្រោយ​រយៈពេល​ដំបូង​នេះ​។ សម្រាប់​កម្ពុជា​រំពឹងថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្ដ​មណ្ឌលគិរី​នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ​១៨៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកា​ជាតិ​ពី​សួយ​សារ​និង​សារពើពន្ធ​ផ្សេងៗ​ជា​មធ្យម​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ថវិកា​ទាំងនេះ​នឹង​ត្រូវ​យកមក​ប្រើប្រាស់​ក្នុង​ចរន្ដ​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​ជាមួយ​នឹង​ការចាប់ផ្ដើម​នៃ​អាជីវកម្ម​រ៉ែ​មាស​នេះ លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន​បាន​ចាត់ទុកថា ជា​ការបញ្ជាក់​ឱ្យឃើញ​យ៉ាង​ច្បាស់​នូវ​កិច្ចខិតខំ​របស់​កម្ពុជា​នា​ពេល​កន្លងមក​នៅក្នុង​វិស័យ​រ៉ែ ពិតជា​អាច​ទាញ​យក​ធនធានធម្មជាតិ​ក្រោម​ដី​មក​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ​បាន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​លើ​ការការពារ​ផលប្រយោជន៍​បរិស្ថាន​និង​សង្គម​។ បណ្ដា​ក្រុមហ៊ុន​រ៉ែ​ទាំងអស់​នឹង​ត្រូវ​ជំរុញ​ឱ្យ​ប្រើប្រាស់​គំរូ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ការទទួលខុសត្រូវ​បែបនេះ នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រតិ​បត្ដិកា​ររបស់ខ្លួន​។ 

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សង្កត់ធ្ងន់​ដែរ​ថា អាជីវកម្ម​រ៉ែ​ម៉ាស​គឺជា​អាជីវកម្ម​ដែល​ត្រូវការ​ការវិនិយោគ​ប្រក​ប​ដោយ​វិជ្ជាជីវៈ និង​បច្ចេកទេស​ពិតប្រាកដ​។ ដូច្នេះ​មិនមែន​មានន័យថា​គ្រប់​គ្នា​ចេះ​តែ​អាច​ធ្វើ​ការអភិវឌ្ឍ​បាន​នោះទេ ព្រោះ​វា​ត្រូវការ​ដើមទុន​ច្រើន​និង​ជំនាញ​ពិតប្រាកដ​។ ការដាក់ឱ្យ​ដំណើរការ​ឧស្សាហកម្ម​រ៉ែ​មាស​នេះ ក៏​មិនមែន​ជា​ការប្រកាស​លើក​ទឹកចិត្ដ​ឱ្យ​សាធារណ​ជន​ទាំងឡាយ​ចាប់យ​ករបរ​អាជីវកម្ម​រ៉ែ​មាសនេះដែរ ព្រោះ​ថា​វា​ជា​អាជីវកម្ម​មាន​ហានិភ័យ​ខ្លាំង ហេតុនេះ​លោកនាយក​រដ្ឋមន្ដ្រី​សូម​អំពាវនាវ​ឱ្យ​ជនរួមជាតិ​លះបង់​នូវ​បំណង​ចង់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​ខ្នាត​តូច​បន្ដទៅទៀត​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

 អ្នកសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋឡើងវិញផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម

 រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

 ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​

 ​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

 ពុំទាន់​មាន​ករណី​បិទ​ការនាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅ​វៀតណាម​នោះទេ​

 អ្នក​លក់ដូរ​ក្នុង​ផ្សារ អ្នករត់ម៉ូតូឌុប​និង​ដឹកជញ្ជូន​នៅ​ភ្នំពេញ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវី​ដ​

 ហ្វីលីពីន​បិទ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ដោយសារកូ​វីដ​១៩

 ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមិនខ្វះលុយទិញវ៉ាក់សាំងទេ ខ្លាចតែមិនមានវ៉ាក់សាំងសម្រាប់ទិញ

 ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចុះ​១០%​នៅ​ឆ្នាំ​នេះ​