អាជ្ញាធរខេត្ត​ចំនួន​៧​​ប្រកាស​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​បន្ថែម​​

10-06-2021 5:39 pm 89

​ផ្ដើម​ជាដំបូង​ចេញពី​ខេត្តកំពង់ចាម​មុនគេ ដោយ​ខេត្ត​នេះ​បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ចំនួន​២០​នាក់​បន្ថែមទៀត កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។ អ្នក​វិជ្ជមាន​ថ្មី​ទាំង​២០​នាក់​នោះ មាននៅ​ស្រុក​កំពង់សៀម​២​នាក់ ស្រុក​ស្ទឹងត្រង់​ម្នាក់ ស្រុក​កងមាស​៥​នាក់ ស្រុក​ស្រី​សន្ធរ​២​នាក់ ស្រុក​បាធាយ​២​នាក់ ស្រុក​ព្រៃឈរ​៣​នាក់ ស្រុក​ជើងព្រៃ​៥​នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន​១៥​នាក់​ផងដែរ ។​

​ជា​បន្ដ​គឺ​ខេត្ត​បាត់ដំបង រដ្ឋបាលខេត្ត​នេះ​ក៏បាន​ប្រកាស​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ចំនួន​២៦​នាក់​ផងដែរ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។ អ្នក​ឆ្លង​ថ្មី​ទាំង​២៦​នាក់​នោះ មាន​១៥​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង​ជា​ពលករ​ត្រឡប់មក​ពី​ប្រទេស​ថៃ​ចំនួន​១១​នាក់​។ ជាមួយគ្នា​រដ្ឋបាលខេត្ត​ក៏បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន​១២​នាក់​ផងដែរ​។​

​ដោយឡែក​រដ្ឋបាលខេត្ត​ព្រៃវែង​វិញ​បាន​បន្ត​ប្រកាស​រកឃើញ​មនុសុ្ស​ចំនួន​៤០​នាក់​បន្ថែមទៀត​មាន​វិជ្ជ​មានកូ​វីដ​-១៩ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​។ នៅក្នុង​ចំណោម​អ្នក​ទាំង​៤០​នាក់​នេះ រួមមាន​កម្មក​រោងចក្រ និង​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នក​ឆ្លង​កន្លងមក ហើយ​រកឃើញ​នៅ​ក្នុងស្រុក​ព្រះស្តេច​ច្រើនជាងគេ គឺ​ដល់​ទៅ​១៨​នាក់ ខណៈ​ស្រុក​ពាមរ​ក៍មាន​៦​នាក់​។ ស្រុក​កំពង់ត្របែក និង​ស្រុក​ពារាំង​មាន​៤​នាក់ ខណៈ​ស្រុក​កំចាយ​មារ រកឃើញ​អ្នក​វិជ្ជមាន​៣​នាក់ ស្រុក​ពាម​ជរ​២​នាក់ និង​ស្រុក​ពោធិ៍​រៀង​ក៏​រកឃើញ​២​នាក់​ដែរ ស្របពេល​ស្រុក​មេសាង​មាន​ករណី​ឆ្លង​ថ្មី​ម្នាក់​។ បច្ចុប្បន្ន ខេត្ត​ព្រៃវែង រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ សរុប​៧៨២​នាក់ ក្នុងនោះ​៣១៣​នាក់​ជាសះស្បើយ ៨​នាក់​បាន​ស្លាប់ និង​៤៦១​នាក់ ទៀត​នៅ​បន្ត​ព្យាបាល​។​

​នៅ​ខេត្តសៀមរាប​វិញ រដ្ឋបាលខេត្ត​ក៏​បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ថ្មី​ចំនួន​៤៩​នាក់​ទៀត ដែល​ក្នុងនោះ​ភាគច្រើន​ជា​ករណី​ឆ្លង​សហគមន៍​នៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជី​ក្រែង ដែល​រួមមាន​យោធិន និង​ករណី​ពលករ​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ​កាលពី​នៅ​ថ្ងៃទី​៩ ខែមិថុនា ។ គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៩ ខែមិថុនា ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ចំនួន​២៩៩​នាក់​។ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​១០៣​នាក់ ស្លាប់​២​នាក់ និង​១៩៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​បន្ទាប់មកទៀត​គឺ​ខេត្ត​កោះកុង រដ្ឋបាល​ខេត្ដ​នេះ​បាន​បន្ត​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ចំនួន​៦​នាក់​ទៀត លើ​ពល​ដែល​រស់នៅក្នុង​ឃុំ​បឹង​ព្រាវ ឃុំ​ស្រែអំបិល និង​ឃុំ​ដង​ពែង ស្រុក​ស្រែអំបិល​។ តាម​រដ្ឋបាលខេត្ត ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង​៦​នាក់​នោះ គឺ​សុទ្ធតែជា​ស្ត្រី ក្នុងនោះ​ក៏មាន​ទារិកា​វ័យ​១៨​ខែ​ម្នាក់ និង​ក្មេងស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់​ដែរ​។​

​ខេត្ត​ឧត្តរមានជ័យ មាន​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ចំនួន​៥​នាក់​ទៀត ក្នុងនោះ​៤​នាក់​ជា​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស្រី​សន្ធរ និង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​ទើប​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ម្នាក់ទៀត​ជា​ករណី​លាប់​ជំងឺ គឺ​យុវជន​វ័យ​២១​ឆ្នាំ រស់នៅ​ភូមិ​ពពេល ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។ បច្ចុប្បន្ន ខេត្ត​ឧត្ដរមានជ័យ មាន​ករណី​វិជ្ជ​មានកូ​វីដ​-១៩ ចំនួន​១០១​នាក់ ក្នុងនោះ​៩៦​នាក់​ជា​ករណី​នាំចូល​។ អ្នក​ជាសះស្បើយ​មាន​ចំនួន​៣០​នាក់ និង​អ្នក​កំពុង​ព្យាបាល​មាន​ចំនួន​៧១​នាក់​។​

​ចុងក្រោយ​គឺ​ខេត្ត​បាត់ដំបង មនុស្ស​ចំនួន​២៦​នាក់​ទៀត​មាន​តេស្ត​វិជ្ជ​មានកូ​វីដ​-១៩​ក្នុង​ខេត្ដ​បាត់ដំបង ដោយ​១១​នាក់​ជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​។ ជាមួយគ្នានេះ ក៏មាន​អ្នកជំងឺ​១២​នាក់​បាន​ជាសះស្បើយ​ផងដែរ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ទាំង ២៦​នាក់​នោះ​មាន​ពលរដ្ឋ​រស់នៅ​ស្រុក​កំរៀង សំពៅ​លូន ភ្នំព្រឹក ថ្មគោល មោងឫស្សី ប​វេស​គាស់ក្រឡ និង​ក្រុង​បាត់ដំបង​។ ពលរដ្ឋ​ម្នាក់ទៀត​ជា​អ្នកក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។ គិត​ត្រឹម​ថ្ងៃទី​៩ មិថុនា ខេត្តបាត់ដំបង​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​សរុប​៤៦៩​នាក់ ក្នុងនោះ​១៧៤​នាក់​បាន​ជាសះស្បើយ ២​នាក់​ស្លាប់ និង​២៩៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។​

​បន្ទាប់ពី​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​តាម​បណ្ដារ​ខេត្ត​របស់ខ្លួន​ជា​បន្តបន្ទាប់​ស្ទើ​មិនដាច់​មួយថ្ងៃ រដ្ឋបាលខេត្ត​ទាំង​០៧​ខាងលើ​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​រៀងៗ​ខ្លួន​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្លួន និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​«៣​កុំ ៣​ការពារ​»​។ បន្ថែម​លើ​នេះ​ត្រូវ​កែប្រែ​ទម្លាប​នៃ​ការរស់នៅ​សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធានការ ការណែនាំ​របស់​ក្រសួងសុខាភិបាល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ការពារ​ខ្លួន​និង​គ្រួសារ និង​សង្គមជាតិ ឈានទៅ​កាត់ផ្ដាច់​ការចម្លង​ជំងឺ​នេះ​ឱ្យបាន​៕ ដោយ​៖​វណ្ណ យ៉ា​រី

ព័ត៌មានផ្សេងទៀត

 ខេត្តសៀមរាប​​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ចំនួន​៥​នាក់​ទៀត ​សរុប​កើន​ដល់​១០៣​នាក់​​

 រដ្ឋបាល​ខេត្តសៀមរាប​​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ចំនួន​៣​នាក់​បន្ថែមទៀត​​