លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

10-06-2021 5:25 pm 999

យោងតាមរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋGlobal New Light of Myanmar នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនាថាករណីអំពើពុករលួយថ្មីៗត្រូវបានរបបយោធារកឃើញនិងប្តឹងប្រឆាំង អតីតមេដឹកនាំស៊ីវិលលោកស្រីអ៊ុងសានស៊ូជីនិងអតីតមន្រ្តីដទៃទៀតមកពីរដ្ឋាភិបាលរបស់លោកស្រី។ ស្ថាប័នសារព័ត៌មានរដ្ឋដដែលបានដកស្រង់សម្តីរបស់គណៈកម្មការប្រឆាំងអំពើពុករលួយថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវសម្រាប់មូលនិធិ Daw Khin Kyi Foundation ដែលមានលោកស្រីស៊ូជីធ្វើជាប្រធាន។ ជាមួយគ្នានេះសំណុំរឿងត្រូវបានលើកយកមកប្រឆាំងនឹងលោកស្រីស៊ូជីនិងមន្រ្តីជាច្រើនទៀតមកពីរដ្ឋធានីណៃពិដោរនៅឯប៉ុស្តិ៍ប៉ូលិសកាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានReuterចេញផ្សាយកាលពីថ្ងៃទី១០មិថុនានេះ។

ប្រភពដដែលបន្តថា លោកស្រីស៊ូជីត្រូវបានគេរកឃើញថាមានពិរុទ្ធភាពពីបទប្រព្រឹត្តអំពើពុករលួយលើការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវរបស់មូលនិធិខ្លួន ដោយប្រើឋានៈជាមេដឹកនាំអាងអំណាច។ ដូច្នេះលោកស្រីត្រូវបានចោទប្រកាន់ស្ថិតក្រោមច្បាប់ប្រឆាំងអំពើពុករលួយ ដែលច្បាប់នោះអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់១៥ ឆ្នាំចំពោះអ្នកដែលត្រូវបានរកឃើញថាមានពិរុទ្ធ។ ជាមួយគ្នានេះផងដែរទីភ្នាក់ងារព័ត៌មានReuterមិនអាចទាក់ទង មេធាវីរបស់លោកស្រីស៊ូជីភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ។

ករណីទាំងនេះគឺជាករណីថ្មីចុងក្រោយបង្អស់នៃបណ្តុំការចោទប្រកាន់ដែលរបបយោធាធ្វើការចោទទៅលើមេដឹកនាំជាប់ឆ្នោតលោកស្រីស៊ូជី។ ព្រមជាមួយគ្នានេះកន្លងមកលោកស្រីស៊ូជីបានរងការចោទប្រកាន់ជាច្រើនមកហើយមានដូចជាការលួចនាំចូលវិទ្យុទាក់ទងខុសច្បាប់ walkie-talkie ដែលអ្នកគាំទ្រលោកស្រីដោយថាករណីទាំងនេះគឺជាហេតុផលនយោបាយ។ 

គួរកត់សម្គាល់ថាកងទ័ពបានផ្តួលរំលំលោកស្រីស៊ូជីដោយនិយាយថាគណបក្សរបស់លោកស្រីបានចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតខែវិច្ឆិកាដែលជាការចោទប្រកាន់មួយដែលត្រូវបានបដិសេធដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតមុននិងអ្នកឃ្លាំមើលអន្តរជាតិ ក៏ដូចជាការចោទប្រកាន់មុន ៗ ក្នុងការទទួលយកប្រាក់មាស ស៊ីសំណូក និងកិបកេងសន្លឹកឆ្នោត។

គួររំលឹកថារបបយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលលោកស្រីអ៊ុង សានស៊ូជីកាលពីថ្ងៃទី ១កុម្ភៈ គិតរហូតមកទល់នឹងបច្ចុប្បន្ននេះមានរយៈពេល៥ខែមកហើយ។ ចាប់តាំងពីពេលនោះមកប្រទេសមីយ៉ាន់ម៉ាទាំងមូលប្រឈមនឹងការធ្វើបាតុកម្មជារៀងរាល់ថ្ងៃ។ កងទ័ពបានបរាជ័យក្នុងការបង្កើតការគ្រប់គ្រង ហើយការកូដកម្មរាល់ថ្ងៃធ្វើឱ្យសេដ្ឋកិច្ចមីយ៉ាន់ម៉ារាំងស្ទះ ខណៈទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចក៏បានកំណត់គោលដៅដាក់សម្ពាធមកលើសេដ្ឋកិច្ចរបស់យោធាផងដែរ៕ ដោយ៖ បឿ សុភា

 

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​