«ការគិតនឹងជួយឱ្យជីវិតផ្លាស់ប្តូរនិងមានក្តីសុខ ប្រសិនបើចិត្តមិនព្រមចុះចាញ់»

10-06-2021 5:16 pm 74

ក្នុងសៀវភៅ «ផ្លាស់ប្តូរជីវិតបាន បើចិត្តមិនព្រមចុះចាញ់»មានសរសេរ និងប្រើពាក្យពេចន៍ ងាយយល់ បទពិសោធ៍នៃការជួបរឿងបរាជ័យ បាក់ទឹកចិត្តរបស់បុគ្គលផ្សេងៗជាច្រើនដែលមានការលំបាកក្នុងឆាកជីវិត ដោយពួកគេសុទ្ធសឹងតែអាចក្រោកឈរឡើងវិញបាន។ បន្ទាប់ពីរៀបរាប់អំពីដំណើររឿងរបស់បុគ្គលទាំងនោះហើយ នៅចុងបញ្ចប់នៃមេរៀននីមួយៗអ្នកនិពន្ធបានពន្យល់នូវចំណុចគន្លឹះសំខាន់ព្រមទាំងពាក្យលើកទឹកចិត្តដល់អ្នកអាន ដើម្បីឱ្យកាន់តែងាយយល់ច្បាស់ និងចង់ចាំ។

សៀវភៅមួយក្បាល នេះ មាន៩៩ទំព័រ និង ១៦មេរៀនសំខាន់ៗ សៀវភៅនេះចងក្រង និងរៀបរៀងដោយគ្រឹះស្ថានដាំដើមជីវិត។ គ្រប់មេរៀនអ្នកនិពន្ធសុទ្ធសឹងតែបានលើកទឹកចិត្ត ដាស់តឿន ឱ្យអ្នកអានយល់អំពីតម្លៃនៃជីវិត តាំងចិត្តជំនះឧបសគ្គ និងកុំបណ្តោយឱ្យជីវិតចុះចាញ់ភាពឈឺចាប់ ទុក្ខលំបាកនានាដែលកើតមាន។ ជាមួយគ្នានេះអ្នកនិពន្ធបានបង្ហាញការបង្កើតឆន្ទៈតស៊ូ ដោយក្តីក្លាហាន សំលៀងសេចក្តីក្លាហានក្នុងដៃគ្រប់ពេលវេលា អ្នកនិពន្ធបន្តថា«ក្នុងលោកនេះបើអ្នកមិនក្លាយហាន គ្មានការតស៊ូ អ្នកក៏នឹងក្លាយជាមនុស្សបរាជ័យដ៏កំពូលក្នុងលោកដែរ»។

យើងអាចផ្លាស់ប្តូរជីវិតឱ្យល្អប្រសើរ និងអាចធ្វើឱ្យជីវិតនេះកាន់តែមានសេចក្តីសុខបានជានិច្ច សុំត្រឹមតែមិនបោះបង់កម្លាំងចិត្ត ឬក្តីសង្ឃឹមដោយសារតែហេតុការណ៍អាក្រក់ណាមួយ ដែលកើតឡើងចំពោះមុខ និង មិនបណ្តោយឱ្យការភ័យខ្លាច ឬបរិយាកាសសង្គមធ្វើជាមេដឹកនាំ បញ្ជាលើឆាកជីវិតរបស់យើង។

មនុស្សជោគជ័យ ជាមនុស្សព្យាយមតស៊ូមិនចុះចាញ់ និងជម្នះរាល់ឧបសគ្គលុះត្រាដល់ទីបំផុត បើសិនជាព្យាយាមតស៊ូស្វែងរកគ្រប់មធ្យោបាយ គ្រប់យុទ្ធសាស្ត្រហើយ នៅតែមិនសម្រេចបានតាមគោលការណ៍នោះទេ ដូច្នេះអ្នកបោះបង់វាចោលចុះដោយពុំស្តាយអ្វីទាំងអស់ ហើយចាប់ផ្តើមដកដង្ហើមថ្មី គិតថ្មី រកវិធិសាសស្ត្រថ្មី ញញឹមសាជាថ្មី នោះអ្នកនឹងឃើញនូវភាពជោគជ័យថ្មី ក្តីសង្ឃឹមថ្មីនិងទទួលបាននូវផលប្រយោជន៍ថ្មីក្នុងជីវិតអ្នកមិនខាន។

ក្រៅពីលើកទឹកចិត្តជាសៀវភៅនេះ ក៏តម្រង់ទិសដៅ ឬវិធីគិតដែលអាចជួយឱ្យជិវិត ផ្លាស់ប្តូរនិងមានសេចក្តីសុខ ទៅបានព្រមទាំងជួយជំរុញចិត្តរបស់លោកអ្នកមិនអោយចុះចាញ់ចំពោះបញ្ហាងាយៗឡើយ។ ក្នុងមេរៀនទី៦«អរគុណសេចក្តីទុក្ខ»អ្នកនិពន្ធបានបញ្ជាក់ថា មនុស្សគ្រប់គ្នា តែងតែស្អប់និងខ្លាចសេចក្តីទុក្ខ សុទ្ធតែមានចិត្តគំនិតចង់គេចឱ្យផុតពីក្តីទុក្ខ ចុះហេតុអ្វីបានជាមិនអរគុណសេចក្តីទុក្ខដែលធ្វើឱ្យគេរឹងម៉ាំ? តើអ្នកដឹងទេសេចក្តីទុក្ខទាំងអស់សុទ្ធតែជាមេរៀនបង្ហាញផ្លូវឱ្យពួកគេ ឆ្ពោះទៅរកសេចក្តីសុខ ។

ដូច្នេះគ្រប់ពេលដែលអ្នកមានអារម្មណ៍ឈឺចុកចាប់ អ្នកគួរតែនិយាយថាអរគុណក្តីឈឺចាប់ ឬក៏យ៉ាងហោចណាស់ត្រូវប្រាប់ខ្លួនឯងថាវាជាជោគល្អ ដែលខ្ញុំមានអារម្មណ៍ឈឺចាប់។ សេចក្តីទុក្ខអាចជួយយើងឱ្យស្វែងរកគន្លឺះជោគជ័យ សេចក្តីទុក្ខអាចជួយយើងឱ្យមានសតិបញ្ញា ស្វែងរកឃើញយុទ្ធសាស្ត្រថ្មីៗក្នុងការដឹកនាំជីវិតផ្ទាល់ខ្លួននឹងសង្គម។បើអ្នកជួបនៅសេចក្តីទុក្ខបានន័យថាអ្នកកំពុងមានពន្លឺនៃសេចក្តីសុខហើយ។ ដោយឡែកចំពោះ មេរៀនទី៨ របស់ល្អដែលគ្មានអ្នកណាចង់«សុំ» មេរៀននេះស្តាប់ទៅដូចជាសាមញ្ញាបន្តិចប៉ុន្តែអ្នកនិពន្ធបានសង្កត់ធ្ងន់ណាស់លើចំណុចនេះ ដោយឱ្យអត្ថន័យពាក្យសុំជាពាក្យសំខាន់មួយក្នុងជីវិត។ ពាក្យសុំ ជាពាក្យដែលប្រើនៅពេលយើងចង់បានអ្វីមួយ ហើយពាក្យសុំនេះទៀតសោត គឺយើងចេះប្រើតាំងពីក្មេងមក អ្នកណាក៏ចូលចិត្តសុំដែរ តែមានរឿងម៉្យាងដែលយើងមិនសូវចូលចិត្តប្រើ គឺពាក្យថា«សុំទោស»ដោយគិតថាការសុំទោសដូចជាអន់ពេក ថោកពេក ខ្មាស់អៀនមាត់ណាស់។

ក្នុងទំព័រនេះ អ្នកនិពន្ធបញ្ជាក់ថា ការសុំទោសមិនមែនជារឿងអន់ទេ តែវាអាចបញ្ជាក់អំពីទំនួលខុសត្រូវ លើអ្វីដែលយើងបានប្រព្រឹត្ត។ សព្វថ្ងៃនេះយើងមើលឃើញថា រឿងមុខមាត់ជាបញ្ហាធំដែលមនុស្សឱ្យតម្លៃ ជីវិតដែលគិតតែពីរឿងមុខមាត់ពេកទៅ វាជាជីវិតដែលឈាប់ប៉ះទង្គិចអារម្មណ៍ពីសំណាក់អ្នកដទៃណាស់។ ដូច្នេះវិធីសាស្ត្រដែលផ្លាស់ប្តូរពីការប៉ះពាល់ចិត្ត គឺផ្លាស់ប្តូរការគិតថា ការសុំទោសជារឿងអន់ ការសុំទោសអាចជួយឱ្យយើងរំសាយឬកាត់បន្ថយអារម្មណ៍ខុសៗចេញពីចិត្ត ដើម្បីទទួលបាននូវអារម្មណ៍ធូរស្រាល ក៏អាចជួយព្យាបាលរបួសក្នុងចិត្តបានដែរ។

រឿងរ៉ាវទាំងអស់នេះកើតឡើង ជារឿងធម្មតាតែបញ្ហា គឺមកពីយើងដែលទៅទាញវាយកមកឱបជាប់ដើមទ្រូង ហើយមិនយល់ពីយុទ្ធសាស្ត្រក្នុងការដោះលែងរាល់បញ្ហាអស់ទាំងនោះទៅវិញ ទើបធ្វើឱ្យមេរោគ ដែលជាបញ្ហរបស់អ្នកនោះធ្វើបាបផ្លូវចិត្តអ្នកបាន។ ការសុំទោសកើតឡើងពេលដែលចិត្តយើងមិនជាប់ជំពាក់ជាមួយមុខមាត់ គ្រប់ពេលដែលយើងសុំទោសដោយសុទ្ធចិត្ត អារម្មណ៍យើងក៏ធូរស្រាលបន្តិចម្តងៗ នេះជាវិធីសាស្ត្រដែលព្យាបាលរោគក្តៅចិត្តបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

អ្នកត្រូវដឹងថាគ្រប់បញ្ហាតែងមានដំណោះស្រាយ ក្នុងលោកយើងនេះអ្នកណាមួយកើតមកមិនជួបបញ្ហា តែអ្វីដែរសំខាន់ យល់ដឹងពីការដោះស្រាយបញ្ហា នៅពេលអ្នកបានអានសៀវភៅនេះមួយចប់រួចហើយ ក្តីសង្ឃឹមនៃដំណោះស្រាយនិងកើតឡើងក្នុងជីវិតអ្នក សៀវភៅមួយក្បាលនេះនិងបង្កើតស្នាមញញឹម ព្រមទាំងកសាងនូវសេចក្តីក្លាហានសារជាថ្មីដល់រូបអ្នក។ 

អ្នកត្រូវចាំថា យើងអាចផ្លាស់ប្តូរជីវិតយើងឱ្យប្រសើរ ឬមានក្តីសុខបានជានិច្ច តាមរយៈការមិនបោះបង់ក្តីសង្ឃឹមចំពោះរឿងរ៉ាវ ឬហេតុការណ៍អាក្រក់ដែលកើតឡើង ហើយកុំបណ្តោយឱ្យហេតុការណ៍អាក្រក់ទាំងនោះធ្វើជាម្ចាស់ដឹកនាំជិវិតឱ្យសោះ ត្រូវងើបឡើងតស៊ូប្រយុទ្ធជាមួយរឿងទាំងអស់នោះ ព្រោះឱកាសនៃការមានជីវិតថ្មីហើយល្អ នៅតែមានជានិច្ចដរាបគ្រប់ពេលដែលយើងនៅមានដង្ហើមដក៕

ដោយ៖ភិន សុភី

ព័ត៌មានផ្សេងទៀត

 «គន្លឹះសំខាន់ដែលធ្វើឱ្យការលក់កាន់តែមានប្រសិទ្ធភាព»

 ចង់ឆ្ពោះទៅរកភាពស្ដុកស្ដម្ភនិងមានភាពរឹងមាំខាងហិរញ្ញវត្ថុត្រូវដឹងពី“កូនសោអ្នកមាន”

 វិធីមើលចិត្ដមនុស្សស្រី ជួយបុរសស្វែងយល់ពីស្ដ្រី ហើយស្ដ្រីយល់កាន់តែច្បាស់ពីខ្លួនឯង

 «មុនចាប់ផ្តើមធ្វើអ្វីមួយ ត្រូវតែគិតដល់ពាក្យថាហេតុអ្វី?

 «គម្ពីរតូរ៉ា ប្រភពគំនិតក្នុងការធ្វើជំនួញរបស់ជនជាតិជ្វីប»

 «ត្រៀមខ្លួនធ្វើជាម្ចាស់ធុរកិច្ច តាមការណែនាំរបស់ឪពុកអ្នកមាន»

«មនុស្សស្រីអាក្រក់ មនុស្សប្រុសស្រឡាញ់»

 «គុណភាពជីវិត ល្អឬអាក្រក់អាស្រ័យលើមនុស្សដែលមានក្នុងជីវិតរបស់អ្នក»

 «ក្បួនច្បាប់ដើម្បីប្រែក្លាយជាអ្នកមាន ស្របតាមអ្វីដែលអ្នកប្រាថ្នា»

ធ្វើតាមបេះដូងរបស់អ្នក ផ្លាស់ប្ដូរទស្សនៈចំពោះជីវិតឲ្យល្អឥតខ្ចោះ