ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

10-06-2021 2:33 pm 949

​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​មួយគ្រឿង ដឹក​អ្នកដំណើរ​ដែល​រួមមាន​ទាំង​ព្រះសង្ឃ​ជាន់ខ្ពស់​ផង​នោះ បាន​ធ្លាក់​នៅក្បែរ​ទីក្រុង​Mandalay ដែលជា​ទីក្រុង​ធំជាងគេ​ទី​ពីរ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០២១ បណ្តាលឱ្យ​មនុស្ស​១២​នាក់​ស្លាប់​។ ចំណែក​អ្នកបើក​យន្តហោះ​និង​អ្នកដំណើរ​ម្នាក់​ដែល​រងរបួស ត្រូវគេ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធាដែលនៅក្បែរនោះ​។ នេះ​បើតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​រ៉​យ​ទ័រ​។ 

​យន្តហោះ​បាន​ហោះ​ចាកចេញ​ពី​រដ្ឋធានី​Naypyidaw​ឆ្ពោះទៅកាន់​Pyin Oo Lwin​ដែលជា​តំបន់​មួយ​ស្ថិតនៅ​កណ្តាល​ទីក្រុង​Mandalay​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ យន្តហោះ​ដឹក​បុគ្គលិក​យោធា​៦​នាក់​និង​ព្រះសង្ឃ ដើម្បី​ចូលរួម​កម្មវិធី​តាមបែប​ព្រះពុទ្ធសាសនា​មួយ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាលឱ្យ​យន្តហោះ​មួយគ្រឿង​នេះ​ធ្លាក់ មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ តែ​បើតាម​សារព័ត៌មាន​របស់​សិង្ហ​បុរី​CNA ​បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​របស់លោក​Zaw Min Tun​អ្នកនាំពាក្យ​រដ្ឋាភិបាល​យោធា និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ​បាន​បាត់​ការទាក់ទង​នៅពេល​វា​ស្ថិតនៅ​ចម្ងាយ​៤០០​ម៉ែត្រ ​ពីរោងចក្រដែកថែបក្បែរ​ព្រលានយន្តហោះនៅ​Pyin Oo Lwin ហើយ​បាន​សន្មត់​ថា​ការធ្លាក់នេះ គឺ​បណ្តាលមកពី​អាកាសធាតុ​មិនល្អ​។

រដូវ​មូសុង​បាន​បង្កបញ្ហា​ដល់​ការហោះហើរ​តាម​ផ្លូវអាកាស របស់​យន្តហោះ​ពាណិជ្ជកម្ម​និង​យោធា​នា​ពេលកន្លងមក នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ឆ្នាំ​២០១៧​យន្តហោះ​យោធា​មួយគ្រឿង បាន​ធ្លាក់ចូល​សមុទ្រ​អាន់ដាម៉ាន់ ដោយ​បានសម្លាប់​មនុស្ស​ទាំងអស់​នៅក្នុង​យន្តហោះ​ចំនួន​១២២​នាក់ ហើយ​នេះ​ជា​គ្រោះថ្នាក់​មួយ​ក្នុងចំណោម​គ្រោះថ្នាក់​អាកាសចរណ៍ ដែល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។ អាជ្ញាធរ​បាន​ស្តីបន្ទោស លើ​បញ្ហា​អាកាសធាតុ​។ នៅ​ឆ្នាំ​២០១៥ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​Air Bagan​បាន​ហោះ​ចេញពី​ផ្លូវ​រត់ ចំពេល​មាន​អាកាសធាតុ​អាក្រក់​និង​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាលឱ្យ​អ្នកដំណើរ​និង​មនុស្សម្នា​ក់នៅ​លើដី​បាន​ស្លាប់​។

គួរ​កត់សំគាល់ថា ការធ្លាក់​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​លើក​នេះ ចំពេល​ដែល​មី​យ៉ាន់​ម៉ា​ស្ថិតនៅក្នុង​ស​ភាពច្របូកច្របល់​ក្នុងប្រទេស ដែល​បន្សល់ទុក​តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​។ ក្រៅ​តែ​ប្រឈម​នឹង​សម្ពាធ​ដ៏​តានតឹង​នៃ​ការធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ របប​យោធា​មី​យ៉ាន់​ម៉ា​ក៏បាន​និង​កំពុងតែ​ផ្ទុះ​ជម្លោះ​ថ្មី​ជាមួយនឹង​ក្រុម​ជនជាតិភាគតិច​ផងដែរ​។ កាលពី​ខែមេសា​កងទ័ព​ឯករាជ្យKachin​ដែលជា​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​បះបោរ​ប្រឆាំងនឹង​យោធា​ជាច្រើន​ទសវត្ស​មកហើយ​នោះ បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​មី​យ៉ាន់​ម៉ា​ក្នុងកំឡុងពេល​នៃ​ការប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​