​ក្រសួងមហាផ្ទៃ​ផ្ដើម​ដាក់ចេញ​ជា​វិធានការ​ទប់ស្កាត់​​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​ក្នុង​ពន្ធនាគារ​

10-06-2021 11:27 am 81

​ក្រសួងមហាផ្ទៃ ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅតាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​តាម​រាជធានី​-​ខេត្ត ក្រោយ​រកឃើញ​ជំងឺ​មួយ​នេះ​បាន​ផ្ទុះ​ឆ្លង​រាលដាល​ខ្លាំង​ដល់​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ​មួយចំនួន គួរឱ្យ​ព្រួយបារម្ភ​ដោយសារ​អ្នក​ជាប់ឃុំ​មាន​ភាព​ចង្អៀត​ណែន ខណៈ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ ស្នើឱ្យ​ដោះលែង​អ្នក​ជាប់ឃុំ​មួយចំនួន​ផងដែរ​។ 

​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា បច្ចុប្បន្ន​ជំងឺ​កូវី​ដ​-១៩ បាននិងកំពុង​ឆ្លង​ចូលក្នុង​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​រាជធានី​-​ខេត្ត​មួយចំនួន តាមរយៈ​ការរកឃើញ​វិជ្ជមាន​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​និង​អ្នក​ជាប់ឃុំ​។ ករណីនេះ ក្រសួង​ប្រាប់​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ឱ្យ​យកចិត្តទុកដាក់​សម្រប​សម្រួល​ជាមួយ​មន្ទីរ​សុខាភិបាល​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ផ្តល់​ការគាំទ្រ​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​នាគារ​និង​មណ្ឌល​អប់រំ​កែប្រែ​ដែល​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដោយ​ធ្វើ​ការចាត់ចែង​ព្យាបាល​អ្នកជំងឺ រួមទាំង​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​បន្ថែមទៀត​។​

​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​ដដែល​បាន​គូសបញ្ជាក់ថា ចំពោះ​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​ខេត្ត​ដែល​មិនទាន់​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ការធ្វើ​អនាម័យ​ជាប្រចាំ​នៅតាម​ទីកន្លែង​បំពេញការងារ និង​តាម​បន្ទប់​ឃុំឃាំង​នានា ដោយ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ដោយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល ការ​វាស់​កម្ដៅ​លើ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​និង​អ្នក​ជាប់ឃុំ រួមទាំង​ពិនិត្យ​សុខភាព​មុន​អនុញ្ញាតឱ្យ​ចេញចូល​ពន្ធ​នា​គារ ជាដើម​។ ក្រសួងមហាផ្ទៃ ក៏​ជំរុញ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ដល់​ការរក្សាសន្តិសុខ​និង​សុវត្ថិភាព​នៅតាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​ទាំងអស់​ឱ្យបាន​ល្អប្រសើរ​ផងដែរ ហើយ​ថា ក្នុងករណី​មាន​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅ​មណ្ឌល​អប់រំ​កែប្រែ​ឬ​ពន្ធនាគារ​ណាមួយ​នោះ អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជួយ​ធ្វើ​អន្តរាគមន៍​ឆ្លើយតប​និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​ក្រសួងមហាផ្ទៃ​។​

​ពាក់ព័ន្ធ​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ តាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​តាម​រាជធានី​-​ខេត្ត​មួយចំនួន​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២០ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ស្នើសុំ​តុលាការ និង​រាជរដ្ឋាភិបាល ពិចារណា​ដោះលែង​អ្នកទោស​មនសិកា​រទាំង​អស់ ក្រោម​ហេតុផល​វិបត្តិកូ​វីដ​១៩​។ តែ​សំណើរ​នេះ ត្រូវបាន​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​សួង​យុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើងថា នៅ​កម្ពុជា​មិនមាន​អ្នកទោសនយោបាយ ឬ​អ្នកទោស​មនសិការ​ទេ គឺ​មានតែ​អ្នកនយោបាយ​ដែល​មានទោស​ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ តាម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​តាម​រាជធានី​-​ខេត្ត​មួយចំនួន ក្នុងចំណោម​មណ្ឌល​អប់រំ​កែប្រែ​និង​ពន្ធនាគារ​ទាំងអស់ ជា​ក្ដី​ព្រួយបារម្ភ​ខ្លាំង​ផងដែរ ដោយសារតែ​អ្នក​ជាប់ឃុំ​មាន​ភាព​ចង្អៀត​ណែន ងាយ​នឹង​ឆ្លង​នូវ​ជំងឺ​នេះ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​ទេនោះ​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត

 ក្រសួងមហាផ្ទៃ​៖​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ទាំងអស់​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ការ​ឆ្លងដែន​

 ​លោក​អំ សំអាត​៖​សង្គម​ស៊ីវិល​ព្រួយបារម្ភ​ខ្លាំង​​ករណី​ឆ្លង​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ពន្ធនាគារ​​

 ក្រសួងមហាផ្ទៃ​៖ គ្មាន​ការទិញ​-​លក់​ទីស្ដីការក្រសួង​ដូច​ការចោទប្រកាន់​ឡើយ​

 អតីតមន្រ្តីគណបក្សប្រឆាំង២រូបបានដាក់ពាក្យស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ

 ក្រសួងមហាផ្ទៃស្នើឲ្យពង្រឹងច្រកចេញចូលព្រំដែន និងការលួចនាំជនបរទេសចេញពីតំបន់បិទខ្ទប់

ប្រយ័ត្ន​លេខ​Missed Call​ពី​ក្រៅប្រទេស​ទាំងនេះ ជា​ករណី​លួច​ប្រាក់​ពី​គណនី​ទូរស័ព្ទ​ទេ​!

 ក្រសួងមហាផ្ទៃ​សោកស្តាយ​ចំពោះ​អធិការ​ស្រុក​សៀម​ប៉ាង​ដែល​ព្រមាន​ប៉ូលីស​ស្រី​រឿង​បំបៅកូន​

 លោក​អ៊ូ ច័ន្ទ​រ័ត្ន​​ផ្ដើម​ដាក់សំណើរ​​គណបក្ស​កែ​ទម្រង់​កម្ពុជា​ទៅ​ក្រសួងមហាផ្ទៃ​​

ក្រសួងមហាផ្ទៃផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០

ទីបំផុតជនជាតិចិន​ជានិពន្ធនាយក​សារព័ត៌មាន​Angkor Today​ត្រូវបណ្ដេញ​ចេញពីកម្ពុជា