អ្នកនយោបាយ​៣​រូប​គាំទ្រ​ចំណាត់ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹកតែ​ស្នើឱ្យ​គោរព​សិទ្ធិមនុស្ស​

09-06-2021 5:53 pm 2104

​បើទោះបីជា​មានប្រតិកម្ម​ខ្លះ​កើតឡើង​ក៏ដោយ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​តម្រូវឱ្យមាន​ការរុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​១​សប្ដាហ៍​។ រហូត​មកដល់ពេលនេះ​គេ​សង្កេតឃើញថា មាន​ការរុះរើ​ជា​បណ្ដើរៗ​ហើយ ខណៈ​ចំណាត់ការ​បែបនេះ​ត្រូវបាន​អ្នកនយោបាយ​ចំនួន​៣​រូប​បង្ហាញ​ការគាំទ្រ ប៉ុន្ដែ​ស្នើ​ឱ្យមាន​វិធានការ​ដែល​សមស្រប​អាច​ទទួលយកបាន និង​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ផងដែរ​។​

​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ជា​ថ្ងៃ​កំណត់​ដែល​សាលា​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយ​ប្រាប់​ឱ្យ​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ ពោលគឺ​រយៈពេល​មួយ​សប្ដាហ៍​ដែល​អាជ្ញាធរ​ទុកពេល​ឱ្យ​ម្ចាស់​ទាំងនេះ​ត្រូវ​រុះរើ​ចេញ​។  បើ​មិន​ធ្វើតាម​សេចក្ដីជូនដំណឹង​សមត្ថកិច្ច​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឬ​បាត់បង់​ណាមួយ​ឡើយ​។​

​ចំពោះ​ឱសានវាទ​នៃ​ការកំណត់​រុះរើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការផ្ដល់​ព័ត៌មាន​បន្ថែម​ពី​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បានទេ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្ដែ​ពុំមាន​ការឆ្លើយតប​។ យ៉ាងណាក៏ដោយ​លោក​ម៉េត មាស​ភក្ដី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា សមត្ថកិច្ច​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល រុះរើ​សំណង់​មិន​រៀបរយ ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី​ជាដើម ដែល​ស្ថិតនៅលើ​ផ្ទៃ​ទឹក​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឬ​បាត់បង់​ណាមួយ​ឡើយ ចំពោះ​អ្នក​ដែល​មិន​គោរព​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​។​

​ចំណាត់ការ​ខាងលើ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ដោយ​លោក​ចាត់ទុកថា​វិធានការ​នេះ​គឺជា​រឿង​ល្អ​មួយ​ចាំបាច់​ត្រូវតែ​ធ្វើ​។ មិនតែប៉ុណ្ណោះ​លោក​អ៊ូ ច័ន្ទ​រ័ត្ន​ថា បញ្ហា​ដែល​បណ្ដោយ​ឱ្យមាន​ការរស់នៅ​លើទឹក មិន​គួរឱ្យ​កើតមាន​ជា​យូរណាស់​មកហើយ តែ​រឿងនេះ​អាច​កើតឡើង​ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន​មិនចេះ​គ្រប់គ្រង ប្រព្រឹត្ត​អំពើពុករលួយ ជាហេតុ​ធ្វើឱ្យមាន​ការតាំង​លំនៅឋាន​នៅ​លើទឹក​ដូច្នេះ​។ ទោះបីជា​យ៉ាងណា​លោក​ថា​វិធានការ​នេះ គួរ​ធ្វើឡើង​ដោយ​សមស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស​...

​សំឡេង​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖

​សម្រាប់​លោក​យ៉ង សាំង​កុមារ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​ក៏​គាំទ្រ​ចំពោះ​វិធាន​រដ្ឋបាល​របស់​អាជ្ញា​ធរ​សាលា​រាជធានី​ភ្នំពេញ​ដូច​លោក​អ៊ូ ច័ន្ទ​រ័ត្ន​ដែរ​។ បើតាម​លោក​យ៉ង់ សាំង​កុមារ ការ​បណ្ដោយឱ្យ​មានការ​រស់នៅ​លើទឹក​បែបនេះ វា​ខូច​សោភ័ណភាព​រាជធានី​ភ្នំពេញ និង​ខូច​ប្រព័ន្ធ​ទឹក​ផងដែរ​។ លោក​ចោទ​ជា​សំណួ​រថា ហេតុអ្វី​នៅតែ​បណ្ដោយ​ឱ្យមាន​ការរស់នៅ​លើទឹក​កើតមាន​បន្ត​? តើ​អ្នកណា​ជា​អ្នក​បណ្ដោយ​ឱ្យមាន​ការរស់នៅ​បែបនេះ​? ទន្ទឹមនឹង​ការ​ចោទសួរ លោក​ថា​បញ្ហា​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​អ្នកទទួលខុសត្រូវ​និង​ដោះស្រាយ​...

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​រីឯ​អ្នកនយោបាយ​មួយរូប​ទៀត គឺ​លោ​កខឿយ ស៊ី​នឿន​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក​ក៏​គាំទ្រ​ដូចគ្នា ប៉ុន្ដែ​អ្វី​ដែលជា​ក្ដីបារម្ភ​គឺ​រយៈពេល​១​សប្ដាហ៍​អាច​រុះរើ​ទាន់ពេល​ឬក៏​អត់​។ ដូច្នេះ​គួរតែមាន​ការចរចា​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ភូមិ​បណ្ដែត​ទឹក ដើម្បី​កំណត់​ពេលវេលា​ឱ្យ​សមស្រប គឺ​មិន​យូរពេក​និង​ឆាប់​ពេក​។ លោ​កខឿយ ស៊ី​នឿន​គូសបញ្ជាក់​បែបនេះ​...

​សំឡេង​លោ​កខឿយ ស៊ី​នឿន​៖

​សូម​រំលឹកថា សាលា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​០២ ខែមិថុនា បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ប្រាប់​ឱ្យ​រុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​ទូក​តូចៗ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យអស់​រយៈពេល​១​សប្តាហ៍​។ សេចក្តីជូនដំណឹង​នេះ​បាន​ធ្វើឡើង​ក្រោម​ហេតុផល​ថា វត្តមាន​របស់​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​ទាំងនោះ ធ្វើឱ្យ​បាត់បង់​ដល់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ចរន្តទឹក ប្រព័ន្ធ​អេកូ​ឡូហ្ស៊ី ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក បំពុល​បរិស្ថាន និង​សោភ័ណភាព​រាជធានី​ភ្នំពេញ​ជាដើម​។ ក៏ប៉ុន្តែ​ក្រោយ​ការជូនដំណឹង ស្ថានទូត​វៀតណាម ក៏ដូចជា​សមាគម​វៀតណាម​នៅ​កម្ពុជា បាន​ប្រតិកម្ម​ទៅនឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​ក្រុង និង​ស្នើសុំ​ពន្យារពេល​អនុវត្ត​វិធានការ​រហូតដល់​អ្នក​រស់នៅ​លើទឹក និង​សំណង់​មិន​រៀបរយ​ទាំងនោះ អាច​រក​ទីតាំង​ថ្មី​បាន​សមរម្យ​នៅលើ​ដីគោក​សិន​៕

​ដោយ​៖ ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 ​តើ​ពលរដ្ឋ​កម្ពុជា​ពិតជា​មិនចេះ​ចិញ្ចឹម​ត្រី​ដូច​​មតិ​មួយចំនួន​លើកឡើង​មែន​ទេ​?​

 អ្នកតាមដាន​សង្គម​ជឿជាក់​លើ​វិធានការ​រុះរើ​ផ្ទះ​បណ្តែតទឹក​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​

 កុំ​ប្រហែស​ជាមួយនឹង​ជំងឺ​កូវី​ដ​-១៩ អ្នកស្លាប់​នៅ​កម្ពុជា​កើន​ដល់​ជាង​៣០០​នាក់​ហើយ​!

 អ្នកវិភាគ​៖ ជម្រះ​​មន្ទិល​សង្ស័យ​រឿង​ទ័ព​​ចិន​​នៅ​​រាម​គួរ​មាន​​ភាគី​​ទី​៣​​ជា​សាក្សី​​

 ​តំណាង​WHO​ប្រចាំ​កម្ពុជា​៖​ការ​រាតត្បាត​កូវី​ដ​១៩​​នៅ​កម្ពុជា​អាច​ធ្ងន់ធ្ងរ​និង​គ្រោះថ្នាក់​​

 កម្ពុជានឹងប្រើប្រាស់បច្ចេកវិទ្យាថ្មីលើកដំបូងសម្រាប់ការបោះឆ្នោតសាកល្បង

 ​តើ​ការ​បូម​ប្រេង​នៅ​កម្ពុជា​នឹង​ទៅជា​យ៉ាងណា​ក្រោយ​​ក្រុមហ៊ុន​KrisEnergy​ប្រកាស​ក្ស័យធន​?​

 ការធ្វើកំណែ​ទម្រង់​​យ៉ាងណាខ្លះ​​ដែល​ធ្វើឱ្យ​ការសាងសង់​ផ្លូវ​​នៅ​កម្ពុជា​​មាន​គុណភាព​ជាង​មុន​?

 ​ប្រធាន​បក្ស​នយោបាយ​១​រូប​បារម្ភ​ពី​ការកើនឡើង​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩

 ​មានតែ​វិធានការ​រដ្ឋបាល​និង​ការចាក់​វ៉ាក់សាំង​ទេ​​ទើប​អាច​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​បាន​?​