គុណវិបត្តិនៃការទទួលទានអាហារហឹរ!

09-06-2021 5:08 pm 119

និយាយដល់អាហារហឹរអ្នកប្រាកដជាអាចស្មានដឹងហើយថា វាមិនអាចហឹរទៅបានបើសិនគ្មានម្ទេស ឬគ្រឿងទេសហឹរផ្សេងៗចូលទៅផ្សំ។ ម្ទេសគឺជាគ្រឿងផ្សំដ៏ពេញនិយមមួយប្រភេទសម្រាប់បន្ថែមនៅក្នុងអាហារឱ្យកាន់តែមានរសជាតិឆ្ងាញ់មួយបែប ហើយវាត្រូវបានគេប្រើប្រាស់ពាសពេញពិភពលោក។ ព្រោះតែរសជាតិហឹររបស់វាបានធ្វើឱ្យមនុស្សមួយចំនួន ពិសេសមនុស្សចាស់មិនសូវចូលចិត្តប៉ុន្មាននោះទេ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតចូលចិត្តថែមទាំងស្ទើតែខ្វះមិនបាន បើគ្មានរសជាតិហឹរនៅក្នុងរបបអាហារប្រចាំថ្ងៃ។ 

បើតាមការសិក្សារបស់បរទេសជាច្រើនបានឱ្យដឹងថា ទោះបីជាមានរសជាតិហឹរ ប៉ុន្តែប្រសិនបើយើងប្រើវាឱ្យល្មមនៅក្នុងរបបអាហារប្រចាំថ្ងៃវានឹងផ្ដល់នូវរសជាតិឆ្ងាញ់។ ប៉ុន្តែបើទោះបីវាជួយលើករសជាតិអាហារឱ្យឆ្ងាញ់ប៉ុណ្ណា អាហារហឹរដែលមានម្ទេស ឬគ្រឿងទេសហឹរផ្សេងៗចូលទៅផ្សំក៏បានផ្ដល់គុណវិបត្តិដល់សុខភាពរបស់អ្នកបរិភោគផងដែរ ប្រសិនបើទទួលទានច្រើនហួសពេក ឬជាប្រចាំ។ ការចម្អិនអាហារដែលមានជាតិហឹរខ្លាំងសូម្បីតែចុងភៅក៏ត្រូវពាក់ម៉ាស់ដើម្បីការពារការឈ្លក់ ចុះទម្រាំតែទទួលទានចូលសារពាង្គកាយ តើវានឹងមានរឿងអ្វីកើតឡើងចំពោះសុខភាព? ទាំងនេះសុទ្ធតែជាគុណវិបត្តិនៃការទទួលទានអាហារហឹរ៖

១ ក្រហាយទ្រូង

យោងតាមគេហ័ទំព័រសុខភាព INSIDER បានឱ្យដឹងថា ម្ទេស គ្រឿងទេសហឹរ និងអាហារហឹរដទៃទៀតបង្កឱ្យមានការចាល់ជាតិទឹកក្រពះចូលក្នុងបំពង់អាហារដែលបណ្តាលអោយមានអាការៈក្រហាយទ្រូងកើតឡើង។ 

២ ធ្វើឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ

ជាទូទៅគេធ្លាប់តែដឹងថា ខ្ទឹមបារាំង និងខ្ទឹមសគឺជាមូលហេតុដែលបណ្តាលឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ប៉ុន្តែម្ទេសក៏ដូចជាគ្រឿងទេសហឹរ និងអាហារហឹរមួយចំនួនទៀតក៏អាចជាប្រភពនៃបញ្ហានេះផងដែររ។

៣ ធ្វើឱ្យគេងមិនលក់

ដោយសារតែម្ទេស ឬអាហារហឹរត្រូវបានគេដឹងថាអាចបណ្តាលឱ្យមានអាការៈក្រហាយទ្រូង ហើយស្ថានភាពនេះអាចកាន់តែអាក្រក់នៅពេលអ្នកចូលគេង។ ដូច្នេះដើម្បីចៀសវាងបញ្ហានេះសូមព្យាយាមកុំបរិភោគអាហារហឹរខ្លាំងពេក ជាពិសេសនៅពេលយប់។ 

៤ ធ្វើឱ្យបាត់បង់ចំណង់អាហារ

ការសិក្សាខ្លះបានរកឃើញថា អាហារហឹរអាចទប់ស្កាត់ចំណង់អាហារ។ បញ្ហានេះបានធ្វើឱ្យមនុស្សជាច្រើនពិសេសសុភាពនារីហាក់មានអារម្មណ៍ពេញចិត្ត ព្រោះវាជួយឱ្យគអាចស្រកទម្ងន់តាមចិត្តប្រាថ្នា។ បើទោះបីជាការទទួលទានអាហារហឹរអាចជាវិធីងាយស្រួលក្នុងការសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែវាមិនត្រូវបានគេណែនាំឱ្យបរិភោគរាល់ថ្ងៃនោះទេ ហើយវាក៏មិនមែនជាវិធីសាស្រ្តសម្រកទម្ងន់ដ៏ត្រឹមត្រូវនោះដែរ ព្រោះបើហួសប្រមាណការបាត់បង់ចំណង់អាហារអាចក្លាយជាបញ្ហាធ្ងន់ធ្ងរចំពោះសុខភាពកាន់តែខ្លាំង។

៥ ធ្វើឱ្យរលាកក្រពះ

ជំងឺរលាកក្រពះកើតឡើងនៅពេលដែលស្រទាប់ក្រពះរបស់អ្នករលាក ហើយវាអាចបណ្តាលមកពីការបរិភោគអាហារហឹរ។ រោគសញ្ញាជំងឺនេះរួមមាន៖ចង្អោរក្អួត និងមានអារម្មណ៍ឆ្អែតក្នុងពោះផ្នែកខាងលើក្រោយពេលបរិភោគរួច។ ដូច្នេះបើស្រលាញ់សុខភាព នឹងមិនចង់ឱ្យក្រពះមានផលប៉ះពាល់នោះ សូមព្យាយាមកាត់បន្ថយបរិមាណអាហារហឹរដែលអ្នកញ៉ាំជារៀងរាល់ថ្ងៃ។ 

ក្រៅពីចំណុចខាងលើ ការទទួលទានអាហារហឹរក៏បានបង្កផលរំខានមួយចំនួនទៀតដល់សុខភាព។ ប៉ុន្តែអ្នកនៅតែអាចទទួលទានអាហារហឹរបានជាធម្មតាដោយមិនមានហានិភ័យ បើសិនអ្នកបរិភោគក្នុងបរិមាណសមល្មមមិនច្រើនពេក នឹងមិនជាប្រចាំ។

គួរជម្រាបថា ទោះបីជាមានគុណវិបត្តិច្រើនក៏ពិតមែន ប៉ុន្តែអាហារហឹរក៏បានផ្ដល់នូវគុណសម្បត្តិបានមួយចំនួនផងដែរដូចជា៖ ជួយឱ្យស្រកទម្ងន់ បង្ការជំងឺសរសៃឈាមបេះដូង បង្កើនល្បឿនក្នុងការរំលាយអាហារ ជួយប្រឆាំងនឹងកោសិកាមហារីក ធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង កាត់បន្ថយការរលាកនៅក្នុងពោះវៀន និងជួយបំបាត់ការឈឺចាប់បានខ្លះផងដែរ៕

ដោយ៖ស៊ូ សូរិយា ប្រែសម្រួលពី៖insider

ព័ត៌មានផ្សេងទៀត

 គុណសម្បត្តិ និងគុណវិបត្តិរបស់គ្រាប់ជីចំពោះសុខភាព និងសម្រស់

«ផ្កាក្រចក»បង្ហាញប្រាប់អ្វីខ្លះពាក់ព័ន្ធនឹងបញ្ហាសុខភាព?

 សញ្ញា៩យ៉ាងបង្ហាញថារាងកាយកំពុងខ្វះជាតិទឹក

 រោគសញ្ញាទូទៅនៃជំងឺធ្លាក់ទឹកចិត្ត

គួរថែរក្សាសុខភាពបែបណា ពេលអាកាសធាតុក្តៅខ្លាំង?

 ត្អើកបណ្ដាលមកពីអ្វី?

 ហេតុអ្វីបានជាមនុស្សភាគច្រើនគេងស្រមុក ហើយគួរដោះស្រាយបែបណា?

 គេងមិនបានគ្រប់គ្រាន់ផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

វិធី​ការពារ​កុំអោយ​កើតមាន​ជម្ងឺ​ដុះសាច់ច្រមុះ​