លោកចូ បាយដិន​នាំយក​របៀបរវាៈ​ជាច្រើ​ន​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​

09-06-2021 10:41 am 217

​ក្រោយពេល​ចូល​កាន់តំណែង​តាំងពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ ប្រធានាធិបតី​អាមេរិក​លោកចូ បាយដិន​នឹងធ្វើ​ទស្សនកិច្ច​ទៅក្រៅ​ប្រទេស​លើកដំបូង​ក្នុង​ខែមិថុនា​នេះ​។ ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​បាយ​ដិន គឺមាន​របៀបវារៈ​យ៉ាង​មមាញឹក ដោយ​ត្រូវ​ជួបប្រជុំ​ជាមួយ​ប្រទេស​G7 ជួប​ជា​មួយណា​តូ ជួប​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ចុងក្រោយ​គឺ​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​។ នេះ​គឺជា​ការចាប់ផ្ដើម​របស់​លោក​បាយ​ដិន ដើម្បី​បង្ហាញ​ឱ្យ​ពិភពលោក​ជឿជាក់ថា លោក​នឹង​ស្ដារ​មុខមាត់​អាមេរិក​ឡើងវិញ​ដូច​អ្វី​ធ្លាប់បាន​សន្យា​។ 

​បើ​គ្មាន​ការប្រែប្រួល​ទេ​លោកចូ បាយ​ដិន ប្រធានាធិបតី​អាមេរិក​នឹងមាន​វត្ដ​មាន​ចូលរួម​ដោយផ្ទាល់​នៅក្នុង​កិច្ចប្រជុំ​ជាច្រើន​ក្នុង​ខែមិថុនា ឆ្នាំ​២០២១​នេះ​។ តាមរយៈ​កាលវិភាគ​ដែល​បង្ហាញ​ឱ្យដឹង នៅ​ថ្ងៃទី​១១​និង​១២​មិថុនា លោក​នឹងចូលរួម​កិច្ចប្រជុំ​G7​ជាមួយ​អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ប្រទេស​ជប៉ុន រៀបចំឡើង​នៅ​ក្នុងប្រទេស​អង់គ្លេស​។ បន្ទាប់មក​លោក​នឹង​ឆ្លៀត​ជួប​សួរសុខទុក្ខ​ម្ចាស់​ក្សត្រី​Elizabeth II របស់​អង់គ្លេស​ផងដែរ​។ 

​ក្រោយមកទៀត លោក​បាយដិន​ត្រូវធ្វើ​ដំណើរទៅ​ទីក្រុង​ព្រុច​សែល​ប្រទេស​បែលហ្ស៊ិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ណា​តូ​នៅ​ថ្ងៃទី​១៤​មិថុនា ហើយនឹង​ជួបប្រជុំ​ជាមួយ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​១៥​មិថុនា មុន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៦​មិថុនា​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​។ 

​តាមរយៈ​ការសរសេរ​សារ​ផ្ញើ​ទៅកាន់​សារព័ត៌មាន​Washington Post​មុន​ដំណើរ​ទស្សនកិច្ច​មកដល់ លោកចូ បាយដិន​សង្កត់ធ្ងន់ថា លោក​នឹង​ប្រយុទ្ធ​តតាំង​ចំពោះ​ការកំណត់​ទៅលើ​ប្រជាធិបតេយ្យ​។ លោក​ចោទ​ជា​សំណួ​រថា តើ​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ និង​ស្ថាប័ន​ដែលមាន​ទ្រង់ទ្រាយ​ធំធេង​នៅ​សតវត្ស​ចុងក្រោយ​នេះ​នឹង​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​ប្រឆាំងនឹង​ការគំរាមកំហែង ក៏ដូចជា​សត្រូវ​សម័យថ្មី​បាន​ដែរឬទេ​? លោក​ជឿជាក់ថា​ចម្លើយ​គឺអាច​។ ស្ថិតនៅ​អឺរ៉ុប​ក្នុង​សប្ដាហ៍​នេះ លោក​មានឱកាស​ក្នុង​ការបង្ហាញ​វា​ឱ្យគេ​ឃើញ​ដែរ​។​

​លោក​បាយដិ​នក៏បាន​រំលេចពី​ការវិល​ទៅរកទ​ស្សនៈ​ពិភពលោ​កបែប​ប្រពៃណី​របស់​អាមេរិក​វិញ បន្ទាប់ពី​រយៈពេល​៤​ឆ្នាំ​ក្នុងអំឡុងពេល​លោក​ដូណាល់ ត្រាំ​កាន់តំណែង​ប្រធានាធិបតី​។ កាល​លោក​ដូណាល់ ត្រាំ​កាន់អំណាច លោក​បាន​អនុវត្ដ​គោលនយោបាយ​គិត​អាមេរិក​ដំបូង​គេ នោះ​គឺ​មានន័យថា​អ្វីៗ​ត្រូវតែ​អាមេរិក​ទី​១ ដូច្នេះ​ប្រទេស​ផ្សេង​មិន​សំខាន់​ជាង​អាមេរិក​ឡើយ​។ វា​គឺជា​មូលហេតុ​ដែល​កាលនោះ​ធ្វើឱ្យ​លោក​ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ធំៗ ដូចជា​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ទី​ក្រុងប៉ារីស កិច្ចព្រមព្រៀង​នុយក្លែអ៊ែរ​អ៊ីរ៉ង់​ជាដើម​។ លោក​ត្រាំ​បោះសម្ដី​មួយ​ឃ្លា​ថា អាមេរិក​មិនអាច​ធ្វើជា​ប៉ូលិស​ពិភពលោក​បាន​ទៀត​ទេ​។​

​ប៉ុន្ដែ​សម្រាប់​លោកចូ បាយ​ដិន តាំងពី​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត គឺ​លោក​ប្ដេជ្ញា​នឹង​ធ្វើឱ្យ​សហរដ្ឋអាមេរិក​មានមុខ​មាន​មាត់​លើ​ឆាក​អន្ដរជាតិ​ជាថ្មី ឱ្យ​ក្លាយជា​មហាអំណាច​ដូច​មុន បន្ទាប់ពី​ប្រេះឆា​ជាមួយ​សម្ព័ន្ធមិត្ដ​មួយចំនួន​។ អ្នកតាមដាន​ស្ថានការណ៍​ជាច្រើន​បញ្ចេញ​ទស្សនៈ​ថា ប្រសិនបើ​លោក​បាយដិន​ចង់ឱ្យ​អាមេរិក​លេចធ្លោ​ដូច​មុន មាន​ការងារ​ធ្ងន់ៗ​ជាច្រើន​ដែល​ត្រូវ​យកចិត្ដទុកដាក់​ខ្ពស់​។ តួយ៉ាង​គឺ​ការជួសជុល​ទំនាក់ទំនង​រកាំរកូស​រវាង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ដ កើតឡើង​ក្នុងពេល​លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​។ ជាងនេះទៅទៀត​ត្រូវ​បង្ហាញ​ពី​ការយកចិត្ដទុកដាក់​របស់​អាមេរិកទៅ​លើកិ​ច្ច​ព្រមព្រៀង​សំខាន់ៗ និង​ផ្ដល់​តម្លៃ​ដល់​គោលនយោបាយ​ពហុភាគី​និយម មិនមែន​ឯកតោភាគី​និយម​ដូច​លោក​ត្រាំ​ធ្លាប់ធ្វើ​ឡើយ​។ សម្ព័ន្ធភាព​ជាមួយ​អឺរ៉ុប​ដែល​រង្គោះរង្គើ​ដោយសារ​លោក​ត្រាំ លោក​បាយដិន​ត្រូវតែជា​អ្នក​ជួសជុល​ឡើងវិញ​។​

​ចំពោះ​កិច្ច​ជំនួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​១៦​មិថុនា​នេះ ក៏មាន​រំលេច​នូវ​របៀបវារៈ​ជាច្រើន​ផងដែរ​។  តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​កាលពី​ខែ​ឧសភា លោក​បាយដិន​គ្រោង​ជជែក​ពី​ការស្ដារ​ទំនាក់ទំនង​អាមេរិក​-​រុស្ស៊ី​ឡើងវិញ ពិភាក្សា​ពី​បញ្ហា​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន រួម​នឹង​ភាព​ប្រទាំង​ប្រទើស​មួយចំនួនទៀត​។ លោក​បាយដិន​ធ្លាប់បាន​បន្ទោស​រុស្ស៊ី​ពាក់ព័ន្ធ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ការជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​នៅ​អាមេរិក និង​ហេតុការណ៍​ថ្មី​ចុងក្រោយ​គឺ​ចោទថា​រុស្ស៊ី​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ប្រឆាំង​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក​។ ទាំងអស់នេះ​គឺជា​រឿង​ដែល​ត្រូវ​លើកយក​មក​តទល់​ជាមួយ​លោកពូ​ទីន​ដោយផ្ទាល់ ហើយ​ទោះបី​មិនទាន់​ដឹង​ពី​លទ្ធផល​យ៉ាងណា ប៉ុន្ដែ​មន្ដ្រី​អាមេរិក​នាំគ្នា​ដាក់​ក្ដី​រំពឹងថា រុស្ស៊ី​នឹង​ព្រម​ស្ដារ​ចំណងមិត្ដភា​ពធ្លាក់​ដុនដាប​ឱ្យ​ល្អជាង​មុន​។​

​សរុបមក ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​របស់​ប្រធានាធិបតី​វ័យ​៧៨​ឆ្នាំ លោកចូ បាយ​ដិន ចង់​ឬ​មិន​ចង់វា​ដល់ពេល​ហើយ​ដែល​លោក​ត្រូវតែ​បង្ហាញ​ឱ្យ​អន្ដរជាតិ ពិសេស​អ្នកគាំទ្រ​រូបលោក​បានឃើញ​ពី​ការសន្យា​។ នេះ​គឺជា​ការចាប់ផ្ដើម​ក្នុង​ជំហាន​ដំបូង ដើម្បី​បំពេញ​មុខមាត់​អាមេរិក​ដែល​បាត់បង់​កន្លងមក​។ បណ្ដា​មេដឹកនាំ​អន្ដរជាតិ​ក៏​កំពុង​តាម​សម្លឹង​មិន​ដាក់​ភ្នែក ព្រោះ​ចង់ដឹងថា​តើ​លោកចូ បាយដិន​អាចធ្វើ​បានល្អ​កម្រិតណា​៕

​ដោយ​៖​ពេញ ផេង 

ព័ត៌មានផ្សេងទៀត

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 ហេតុអ្វី​ជំងឺ​កូ​វីដ​​នៅតែ​ឆ្លង​បាន នៅក្នុង​ប្រទេស​​ដែល​ចាក់​វ៉ាក់សាំង​​បាន​ច្រើន​ហើយ​?

 ជម្លោះ​អុីស្រាអែល​-​ប៉ាឡេ​ស្ទីន ជា​កំហឹង​ប្រវត្ដិសាស្ដ្រ​ដែល​ពិបាក​ដោះស្រាយ​បំផុត​

 បើ​អាមេរិក​-​ចិន​នៅតែ​ទាស់​គ្នា​ស្ថានភាព​ពិភពលោក​នឹង​កាន់តែ​ផុយស្រួយ​

 ក្រោយ​ការប្រកាស​ដកទ័ព អាមេរិក​និង​អា​ហ្វ​ហ្គានី​ស្ថាន​បង្ហាញ​ការប្ដេជ្ញា​ចិត្ដ​យ៉ាងណាខ្លះ​?

 លោកចូ ​បាយដិន​បើកទ្វារ​ទទួល​ជនភៀសខ្លួ​ន​រហូតដល់​៦២,៥០០​នាក់​ក្រោយ​រង​ការរិះគន់​

 គេច​មិន​រួច អាស៊ាន​ចាប់ផ្ដើម​ឈឺឆ្អាល​កាន់តែខ្លាំង​នឹង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​

 សមយុទ្ធ​ដែល​ចិន​គ្រោង​ធ្វើជា​ទៀងទាត់ ជា​សេណា​រី​យ៉ូមួ​យចង់​ក្ដោបយ​កកោះ​តៃវ៉ាន់​?

 ហេតុអ្វី​ពេលនេះ​​អាមេរិក​​មិនអាច​ចែកចាយ​​វ៉ាក់សាំង​កូវី​ដ​​ទៅកាន់​ពិភពលោក​​ដូច​ចិន​?

 ទំនាក់ទំនង​អាមេរិក​-​ចិន​​ប្រែប្រួល​ខ្លះ​ទេ ក្រោយ​លោក​ចូ បាយដិន​​ចូល​កាន់​តំណែង​?