រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

08-06-2021 1:51 pm 139

​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ដែល​ដើរតួ​ជា​អ្នក​សម្រុះសម្រួល​ជម្លោះ​នៅ​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​នៅ​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២១ ឱ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដោះលែង​អ្នកទោស​និង​ចាប់ផ្តើម​កិច្ចពិភាក្សា​នយោបាយ​ដែល​បាន​ព្រមព្រៀងគ្នា​។ លោក​Vivian Balakrishnan រដ្ឋមន្ត្រី​ក្រសួងការបរទេស​សិង្ហ​បុរី ដែលជា​វិនិយោគិន​សំខាន់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​អាស៊ាន មាន​ប្រសិទ្ធភាព​ទៅបាន​ក៏​អាស្រ័យ​លើ​មី​យ៉ាន់​ម៉ា​ថា ពិតជា​មាន​បំណងប្រាថ្នា​នៅក្នុង​ការចរចា​និង​ការផ្សះផ្សារ​។ លោក​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​សិង្ហ​បុរី​តាម​ទូរស័ព្ទ​ពី​Chongqing​ប្រទេស​ចិន ជា​កន្លែង​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ជួប​សម​ភាគី​ចិន​នៅ​ថ្ងៃ​ចន្ទ​ថា ពិតជា​មាន​ការខកចិត្ត​ចំពោះ​ការរីកចម្រើន​តិចតួច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ 

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​លោកស្រី​Retno Marsudi បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា ឥណ្ឌូនេស៊ី​ពិតជា​សង្ឃឹមថា នឹងមាន​ការជំរុញ​ការអនុវត្ត​ចំណុច​ចំនួន​៥ ដែល​បាន​ព្រមព្រៀង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មេសា ប្រកបដោយ​តម្លាភាព​ជាថ្មី​ម្តងទៀត​។ ដូចគ្នានេះដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​លោក​Hishammuddin Hussein​បាន​និយាយថា អាស៊ាន​ត្រូវតែ​ទទួលស្គាល់ថា ភាព​រីកចម្រើន​នៃ​ការ​មូលមតិ​គ្នា​ក្នុង​កិច្ចប្រជុំ​លើក​មុន​នោះ គឺមាន​ភាពយឺតយ៉ាវ​ណាស់​។ នៅក្នុង​សេចក្តី​សង្ខេបនៃ​ការកត់សម្គាល់ ដែល​បាន​អាន​នៅឯ​កិច្ចប្រជុំ​លោក​បាន​និយាយថា អាស៊ាន​ត្រូវតែ​ធ្វើ​សកម្មភាព​ឱ្យបាន​លឿន ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​និង​បញ្ឈប់​អំពើហិង្សា​។​

​ការអត្ថាធិប្បាយ​របស់​រដ្ឋមន្ត្រី​អាស៊ាន ធ្វើឡើង​បន្ទាប់ពី​ប្រេសិត​ពិសេស​របស់​អាស៊ាន​ចំនួន​២​រូប បាន​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ស្ងាត់ៗ​កាលពី​ថ្ងៃ​សុក្រ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ប្រេសិត​អាស៊ាន​បាន​ជួប​លោក​Min Aung Hlaing​មេដឹកនាំ​យោធា​និង​រដ្ឋមន្ត្រី​ជាច្រើនរូប​ដែល​តែងតាំង​ដោយ​របប​យោធា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៥​ខែមិថុនា អាស៊ាន​បាន​និយាយថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ពិភាក្សា​អំពី​វិធី​ដែល​មី​យ៉ាន់​ម៉ា​នឹង​ឈានដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី ក្នុង​ផលប្រយោជន៍​របស់​ប្រជាជន​របស់ខ្លួន ដោយ​អនុវត្ត​នូវ​ចំនុច​ទាំង​៥​ដែល​បាន​ឯកភាពគ្នា នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​កាលពី​ខែមេសា​ឆ្នាំ​២០២១​។ ចំណុច​ទាំងនោះ​មានដូចជា​៖ 

-​ទី​១ អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​មានការ​អត់ធ្មត់​ខ្ពស់បំផុត​។ 

-​ទី​២ អាស៊ាន​ឯកភាព​ឱ្យ​ចាប់ផ្ដើម​កិច្ចពិភាក្សា​រវាង​គ្រប់​ក្រុម​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្ដិវិធី ដើម្បី​ផលប្រយោជន៍​ប្រជាជន​មី​យ៉ាន់​ម៉ា​។ 

-​ទី​៣ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​ជួយ​ដល់​ការសម្រុះសម្រួល នៃ​ដំណើរការ​កិច្ច​ចរចា ដោយមាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន​។ 

-​ទី​៤ អាស៊ាន​នឹង​ផ្ដល់ជំនួយ​មនុស្សធម៌ តាមរយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ ស្ដីពី ការគ្រប់គ្រង​គ្រោះមហន្ដរាយ​។​

-​ទី​៥ ប្រេសិត​ពិសេស​និង​គណៈប្រតិភូ​ផ្សេងទៀត​នឹងធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ប៉ុន្តែ​គេ​សង្កេតឃើញថា រយៈពេល​ជាង​៤​ខែក្រោយ​រដ្ឋប្រហារ​ដណ្តើម​អំណាច​បាន​ដោយ​ជោគជ័យ​ពី​រដ្ឋាភិបាល​ស៊ីវិល​មក​គ្រប់គ្រង​ទាំងស្រុង និង​រយៈពេល​ជាង​១​ខែក្រោយ​ការ​ឯកភាពគ្នា​លើ​ចំណុច​ទាំង​៥​របស់​អាស៊ាន របប​យោធា​បានបង្ហាញ​សញ្ញា​តិចតួច​បំផុត នៅក្នុង​ការគោរព​តាម​ការ​មូលមតិ​គ្នា​ចំនួន​៥​ចំណុច​នេះ ហើយ​របប​យោធា​នៅតែ​បរាជ័យ​នៅក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុងប្រទេស​។ ការតវ៉ា​ប្រចាំថ្ងៃ​ប្រឆាំងនឹង​យោធា​នៅតែមាន​ជា​ហូរហែ បើទោះបីជា​មិនមែន​លក្ខណ​ទ្រង់ទ្រាយ​ធំ​ដូច​មុន តែ​វា​បាន​ផ្ទុះឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បង្ក​ទៅជា​ការបះបោរ​ប្រដាប់អាវុធ​៕ ​ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

 គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​