ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

06-06-2021 3:16 pm 188

​ប្រទេស​ថៃ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​អំពើហិង្សា​ដែល​មិនទាន់​បិទ​បញ្ចប់​នៅឡើយ នៅតាម​តំបន់​ជាច្រើន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ចង់ឃើញ​ការអនុវត្ត​ជាក់ស្តែង លើ​ចំណុច​ដែល​បាន​ឯកភាព ដោយ​មេដឹកនាំ​នៃ​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ជាមួយ​របប​យោធា​មី​យ៉ាន់​ម៉ា ដើម្បី​ជួយ​បញ្ចប់​ភាពច្របូកច្របល់​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ​លោក​Tanee Sangrat និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២១​។ 

​លោក​Tanee Sangrat​អំពាវនាវ​ជាថ្មី​ឱ្យ​បញ្ចប់​អំពើហិង្សា ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​និង​អនុវត្ត​ជាក់ស្តែង​នៃ​ចំណុច​ដែល​បាន​ព្រមព្រៀង ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ពោល ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​កាលពី​ខែ​មេសា មេដឹកនាំ​អាស៊ាន​បានចេញ​សេចក្ដីថ្លែងការណ៍​រួមមាន​៥​ចំណុច ដើម្បី​ជួយ​សម្របសម្រួល​បញ្ចប់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​។ កិច្ចប្រជុំ​អាស៊ាន​ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៤​មេសា​ឆ្នាំ​២០២១ សម្រេចបាន​នូវ​ការឯកភាព​គ្នា​លើ​៥​ចំណុច​នោះ​មានដូចជា​៖ 

-​ទី​១ អាស៊ាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​មានការ​អត់ធ្មត់​ខ្ពស់បំផុត​។ 

-​ទី​២ អាស៊ាន​ឯកភាព​ឱ្យ​ចាប់ផ្ដើម​កិច្ចពិភាក្សា​រវាង​គ្រប់​ក្រុម​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្ដិវិធី ដើម្បី​ផលប្រយោជន៍​ប្រជាជន​មី​យ៉ាន់​ម៉ា​។ 

-​ទី​៣ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នឹង​ជួយ​ដល់​ការសម្រុះសម្រួល នៃ​ដំណើរការ​កិច្ច​ចរចា ដោយមាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន​។ 

-​ទី​៤ អាស៊ាន​នឹង​ផ្ដល់ជំនួយ​មនុស្សធម៌ តាមរយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ ស្ដីពី ការគ្រប់គ្រង​គ្រោះមហន្ដរាយ​។​

-​ទី​៥ ប្រេសិត​ពិសេស​និង​គណៈប្រតិភូ​ផ្សេងទៀត​នឹងធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​ជួប​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ 

​ប៉ុន្តែ​គេ​សង្កេតឃើញថា រយៈពេល​ជាង​៤​ខែក្រោយ​រដ្ឋប្រហារ​ដណ្តើម​អំណាច​បាន​ដោយ​ជោគជ័យ​ពី​រដ្ឋាភិបាល​ស៊ីវិល​មក​គ្រប់គ្រង​ទាំងស្រុង និង​រយៈពេល​ជាង​១​ខែក្រោយ​ការ​ឯកភាពគ្នា​លើ​ចំណុច​ទាំង​៥​របស់​អាស៊ាន របប​យោធា​បានបង្ហាញ​សញ្ញា​តិចតួច​បំផុត នៅក្នុង​ការគោរព​តាម​ការ​មូលមតិ​គ្នា​ចំនួន​៥​ចំណុច​នេះ ហើយ​របប​យោធា​នៅតែ​បរាជ័យ​នៅក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុងប្រទេស​។ 

​ការតវ៉ា​ប្រចាំថ្ងៃ​ប្រឆាំងនឹង​យោធា​នៅតែមាន​ជា​ហូរហែ បើទោះបីជា​មិនមែន​លក្ខណ​ទ្រង់ទ្រាយ​ធំ​ដូច​មុន តែ​វា​បាន​ផ្ទុះឡើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បង្ក​ទៅជា​ការបះបោរ​ប្រដាប់អាវុធ ខណៈ​ជម្លោះ​ជនជាតិភាគតិច​ដែលមាន​អាយុ​មួយ​ទសវត្សរ៍​មកហើយ​នោះ​ក៏បាន​ផ្ទុះឡើង​ជាថ្មី​ដែរ​។ ប្រសិនបើ​មី​យ៉ាន់​ម៉ា​នៅតែ​បន្ត​ភាពច្របូកច្របល់​បែបនេះ ថៃ​ដែលជា​ប្រទេស​មាន​ព្រំដែន​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​វែង​ជាង​ប្រទេស​ដទៃ មាន​ការព្រួយបារម្ភ​ថា អាច​នឹង​នាំមក​នូវ​លំហូរ​ជន​ចំណាកស្រុក​ចូល​ប្រទេស​ថៃ​កាន់តែច្រើន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 ថៃ​បដិសេធ​មិនបាន​បង្ឃាំង​វ៉ាក់សាំង​កូវី​ដ​១៩​ទុក​ដូច​ការ​ចោទ​របស់​តៃវ៉ាន់​

 AstraZeneca​កំពុងធ្វើការ​​​ជិតស្និទ្ធ​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​

កូវីដ-១៩៖ថៃស្លាប់កើនដល់៤៣នាក់និងឆ្លងថ្មីចំនួន២.២៩០ករណីក្នុងមួយថ្ងៃ

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

ឃាត់ខ្លួន​មេខ្យល់​ម្នាក់​និង​ពលករ​១៥​នាក់​ក្រោយ​ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​

កូវីដ-១៩៖ថៃស្លាប់៣៥នាក់និងឆ្លងថ្មីចំនួន២.៦៨០ករណីក្នុងមួយថ្ងៃ

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា