សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

04-06-2021 5:57 pm 3287

ប្រធានផ្នែកកិច្ចការបរទេសសហភាពអឺរ៉ុបលោកJosep Borrell បានប្រាប់ឱ្យដឹងថាសហភាពអ៊ឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មថ្មីមួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ទៅលើរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ានិងសកម្មភាពទាំងឡាយណាដែលផលប្រយោជន៍សេដ្ឋកិច្ចដល់របបយោធា ។ នៅក្នុងបទសម្ភាសន៍មួយនាទីក្រុងហ្សាកាតា បន្ទាប់ពីមានកិច្ចប្រជុំជាមួយអ្នកការទូត មកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ លោកBorrell បាននិយាយថា នេះគឺជាលើកទី៣ហើយ នៃការដាក់ទណ្ឌកម្មថ្មីៗពីសហភាពអឺរ៉ុបទៅលើមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានបណ្តេញរដ្ឋាភិបាលស៊ីវិល ដែលបានបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈ។ ជាមួយគ្នានេះលោកមានប្រសាសន៍ថា« ទណ្ឌកម្មលើកទីបីនេះនឹងត្រូវបានរៀបចំអនុម័តក្នុងពេលឆាប់ៗ ដោយសំដៅលើរបបយោធានិងអង្គភាពដែលតែងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់យោធា» ។ ជាមួយគ្នានេះលោកក៏មិនទាន់បានលម្អិតនៅឡើយទេថាទណ្ឌកម្មទាំងនោះជាអ្វីនៅឡើយនោះទេ ដោយលោកគ្រាន់តែប្រាប់ពីគោលដៅនៃទណ្ឌកម្មតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងសន្និសីទដដែលនោះលោក Borrell បានស្នើសុំទៅអ្នកតំណាងមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការបង្ក្រាបនិងត្រឡប់ទៅឥរិយាបទនយោបាយធម្មតាវិញ ដោយគោរពតាមការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ បន្ថែមពីលើនោះលោកចង់ឱ្យអាស៊ានបន្តដឹកនាំកិច្ចប្រឹងប្រែងការទូតជាសកល ដើម្បីស្តារស្ថិរភាពនិងលទ្ធិប្រជាធិបតេយ្យដល់មីយ៉ាន់ម៉ា បើទោះបីកន្លងមកអាស៊ានត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ ហើយអ្នកជំនាញត្អូញត្អែរថាធ្វើកិច្ចការមានលក្ខណៈយឺតយ៉ាវនិងមានឥរិយាបទទន់ភ្លន់ពេកក្នុងការឆ្លើយតបចំពោះព្រឹត្តិការណ៍រដ្ឋប្រហារនេះ។

គួរកត់សម្គាល់ថារដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា បានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយ និងមានរយៈពេលច្រើនឆ្នាំ ក្នុងការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ មួយវិញទៀតបូករួមជាមួយនឹងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិច ក៏ដូចជាសហគមន៍អឺរ៉ុបផងនោះ ធ្វើឱ្យសេដ្ឋកិច្ចចាប់រងសម្ពាធខ្លាំងឡើងៗ។ ដោយឡែកវិបត្តិជនភៀសនៅមីយ៉ាន់ម៉ាក៏កំពុងតែកើនឡើង ខណៈក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនក្នុងប្រទេសភូមាកំពុងងើបឡើងបះបោរប្រឆាំងនឹងរបបយោធា។ ប៉ុន្តែផ្ទុយមកវិញទណ្ឌកម្មរបស់សហគមន៍អ៊ឺរ៉ុបរួមជាមួយប្រទេសមហាអំណាចលោកខាងលិចមិនទាន់មានប្រសិទ្ធភាពបញ្ចុះបញ្ចូលរបបយោធាឱ្យធ្វើតាមការចង់បានររបស់ពួកគេ ដើម្បីស្តារសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ព្រមទាំងដោះលែងអ្នកនយោបាយឬសមាជិកគណបក្សស័ម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ភាគច្រើនកំពុងជាប់ឃុំ។

សូមរំលឹកថាទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺបានបង្កកទ្រព្យសម្បត្តិ ហាមឃាត់ការធ្វើដំណើរលើសមាជិកយោធានិងស៊ីវិលចំនួន ២១ នាក់នៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា។ ការដាក់ទណ្ឌកម្មចុងក្រោយរបស់ប្លុកនេះកាលពីខែមេសាបានកំណត់គោលដៅដាក់សម្ពាធលើក្រុមហ៊ុនមីយ៉ាន់ម៉ាដែលជាសហគ្រាសគ្រប់គ្រងដោយយោធានិងសាជីវកម្មសេដ្ឋកិច្ចមីយ៉ាន់ម៉ា(MEC) ដោយបានរារាំងវិនិយោគិននិងធនាគារអឺរ៉ុបមិនឱ្យធ្វើជំនួញជាមួយពួកគេឡើយ។ កាលពីឆ្នាំ២០១៧កន្លងទៅ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មលើមន្រ្តីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន១៤រូប ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបន្ទាប់ពីជនជាតិកាន់សាសនាមូស្លីមប្រមាណ៧០០.០០០ នាក់ត្រូវបានបណ្តេញចេញពីប្រទេសមីយ៉ាន់ម៉ា៕ ដោយ៖ បឿ សុភា

 

 

 ពាក្យគន្លឹះ  EUមីយ៉ាន់ម៉ាទណ្ឌកម្ម

ព័ត៌មានផ្សេងទៀត

ស៊ុត​២​គ្រាប់​យប់មិញ Ronaldo​ក្លាយ​ជា​កីឡាករ​ស៊ុត​ច្រើនជាងគេ​នៅ​Euro

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រុស្ស៊ីហាមមន្រ្តីជាន់ខ្ពស់កាណាដា៩រូបមិនឱ្យចូលប្រទេសខ្លួនជាការឆ្លើយតបនឹងទណ្ឌកម្ម

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 ចិនស្នើឱ្យអាមេរិកដកទណ្ឌកម្មពីក្រុមហ៊ុនខ្លួនទាំង៥៩ចេញពីបញ្ជីខ្មៅ

 EUគ្រោងបញ្ចូលឈ្មោះក្រុមហ៊ុនអាកាសចរណ៍បេឡារុស្សក្នុងបញ្ជីខ្មៅ

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤